លោក ហ៊ុន សែន ដែលអង្គការសិទ្ធិមនុស្សចាត់ទុកជាមេដឹកនាំផ្ដាច់ការ អាចរក្សាអំណាច តាំងពី១៩៨៥ មកទល់ពេលបច្ចុប្បន្ននេះ តាមរយៈការបង្កើត ក្រុមកងសន្តិសុខដើម្បីអនុវត្តបទបញ្ជានិងគំនិតរបស់លោក។ លោក ហ៊ុន សែន ធ្វើដូច្នោះបាន ដោយសារតែការលើកតម្កើងកងកម្លាំងយោធាស្មោះត្រង់នឹងលោក ជាជាងតាមរយៈការដំឡើងឋានៈតាមបែបរដ្ឋបាល របស់ស្ថាប័នយោធា អាវុធហត្ថ និង ប៉ូលិស។ អង្គការសិទ្ធមនុស្សរកឃើញថា ក្នុងចំណោមមន្ត្រីយោធា ១២រូប ដែលជួយឲ្យលោក ហ៊ុន សែន អាចរក្សាអំណាចបាននោះ មានលោក ចាប ភក្តី ជាមេបញ្ជាការនៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ម្នាក់ផងដែរ។
លោក ចាប ភក្តី មានដើមកំណើតនៅខេត្ត ព្រៃវែង។ លោកជាមនុស្សស្និទ្ធនឹង លោក គន់ គីម មន្ត្រីយោធាជាន់ខ្ពស់និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលជាអ្នកលើកតម្កើងលោក ចាប ភក្តីនៅក្នុងតួនាទីជាយោធា។ លោកបានក្លាយជាមន្ត្រីសំខាន់ម្នាក់ក្នុងវិស័យយោធា ក្រោយការបោះឆ្នោត ឆ្នាំ ១៩៩៣ មេបញ្ជារងនៃកងអន្តរាគមន៍ទី១។ កងអន្តរាគមន៍ទី១នេះ ក្រោយមកបានប្រែក្លាយឈ្មោះទៅជា កងពលតូចទ័ពពិសេសឆត្រយោង ៩១១។ ក្រុមពិសេសនេះ ត្រូវបានបង្ហាត់បង្រៀនដោយ ប្រទេសបារាំង កូរ៉េខាងត្បូង និង ឥណ្ឌូណេស៊ី។
ពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ ១៩៩៧ លោក ចាប ភក្តី និងលោក ហ៊ុន សែន បានប្រើប្រាស់ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ ជាអង្គភាពដែលលោក ហ៊ុន សែន ទុកចិត្តជាទីបំផុត ក្នុងការជួយជ្រោមជ្រែងធ្វើរដ្ឋប្រហារឆ្នាំ ១៩៩៧។ អង្គភាពនេះ បានជួយលោក ហ៊ុន សែន ក្នុងការធ្វើរដ្ឋប្រហារនៅឆ្នាំ ១៩៩៧ ដើម្បីវាយទម្លាក់អាវុធរបស់យោធាស្មោះត្រង់នឹងរាជានិយម គណបក្សហ្វ៊ុនស៊ិនប៉ិច។ ដោយទទួលបញ្ជាផ្ទាល់ពីលោក គន់ គីម លោក ចាប ភក្តី បានបើកប្រតិបត្តិការវាយលុកបន្ទាយរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅភាគខាងលិច នៃរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧។ កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានវាយលុកលើបន្ទាយ តាំងក្រស៊ាំង ជាទីបញ្ជាការសំខាន់បំផុតរបស់គណបក្សហ្វ៊ុនស៊ិចប៉ិច និងទីតាំងគណបក្សហ្វ៊ុនស៊ិនប៉ិចផ្សេងទៀតនៅព្រមានយន្តហោះពោធិចិនតុង ជាទីកន្លែងដែលអតីត លោក ញ៉ឹក ប៉ុនឆៃ ដែលកាលណោះជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួនទៀតកំពុងស្នាក់នៅ។ ក្រោយការវាយប្រហារនៅក្នុងនិងជុំវិញរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ និង៦កក្កដាមក កងពលតូចទ័ព ពិសេសឆត្រយោង៩១១ បានទទួលបញ្ជាពីលោក ហ៊ុន សែន ឲ្យបោសសំអាតទាំងអស់នូវកម្លាំងអានាធិបតេយ្យ និងកម្ចាត់ចោលទាំងអស់។ កងពលតូចទ័ព ពិសេសឆត្រយោង៩១១បានចាប់ខ្លួន មន្ត្រី ហ្វ៊ុនស៊ិនប៉ិច យ៉ាងហោចណាស់ ៤០នាក់ រួមមានកង អង្គរក្ស និងយោធា។ អ្នកទាំងនោះរួមមានមន្ត្រីជាន់ខ្ពស់ ប្រមាណ៨នាក់ ដែលក្រោយការចាប់ខ្លួនត្រូវបានគេធ្វើឃាត ដោយកងពលតូចទ័ព ពិសេសឆត្រយោង៩១១ និងដោយកងទ័ពស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ របាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃខែសីហា ឆ្នាំ១៩៩៧បង្ហាញថា មនុស្សប្រមាណចាប់ពី ៤០ ទៅ៦០នាក់ ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់ក្នុងពេលរដ្ឋប្រហារ។ មន្ត្រីអង្គការសហប្រជាជាតិ បានសាកសួរសាក្សី ជាអតីតទាហានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ឲ្យដឹងថា ពួកគេត្រូវធ្វើទារុណកម្មដោយខ្សែក្រវ៉ាត់ ជ្រុងជើងតុ បន្ទះឈើ ទាត់ដោយស្បែកជើង និងឲ្យជង្គង់ វាយចំមុខ និងខ្លួនប្រាណជាដើម។ ក្រោយការដឹកនាំកងទ័ពស្មោះនឹងគណបក្សប្រជាជនកម្ពុជា វាយប្រហារទម្លាក់កងកម្លាំងស្មោះត្រង់នឹង គណបក្សហ្វ៊ុនស៊ិនប៉ិចមក លោក ចាប ភក្តី ត្រូវបានដំឡើងតួនាទីសំខាន់មួយក្នុងជួរគណបក្សប្រជាជនកម្ពុជា។
លោក ចាប ភក្តី បានក្លាយជាសមាជិកនៃគណៈកម្មការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ ២០០៥។ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ បន្តជាអង្គភាពមួយដែលលោក ហ៊ុន សែន ប្រើប្រាស់ដើម្បីបង្ក្រាបកម្លាំងបាតុកម្មកម្មករនិងគណបក្សប្រឆាំង។ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ មានមហាបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ គាប់ជួនពេលនោះ កម្មករក៏បានទាមទារតវ៉ាដើម្បីដំឡើងប្រាក់ខែបន្ថែម និងលក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ របាយការណ៍អង្គការសិទ្ធិមនុស្សឲ្យដឹងថា ដើម្បីបង្ក្រាបនឹងការងើបតវ៉ារបស់កម្មករ កម្លាំង កងពលតូចទ័ព ពិសេសឆត្រយោង៩១១ បានជ្រើសរើសកម្លាំងបន្ថែម តាមបណ្ដាខេត្ត ហើយចាប់ផ្ដើមទទួលបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន។ បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនិងបាតុកម្មរបស់កម្មករមក លោក ហ៊ុន សែន បានកំណត់កាលបរិច្ឆេទដើម្បីបញ្ចប់កូដកម្ម និងបាតុកម្មផ្សេងៗទៀត។ អាជ្ញាធររបបលោក ហ៊ុន សែន ថែមទាំងព្រមានថា ប្រសិនបើបាតុកម្មមិនបញ្ចប់តាមការកំណត់នោះទេ អាជ្ញាធរលោកនឹងពង្រាយកម្លាំងដើម្បីបង្ក្រាបបាតុកម្មកម្មករដោយចាត់ទុកថា បាតុកម្មទាំងនោះជាបាតុកម្មខុសច្បាប់។ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានដាក់ជាលើកដំបូងឲ្យធ្វើសកម្មភាពបង្ក្រាបបាតុកម្ម។ កងកម្លាំងនេះ ត្រូវបានដាក់នៅទីបញ្ជាការរបស់ខ្លួននៅក្បែររោងចក្រកាត់ដេរ សំលៀកបំពាក់ យ៉ាកជិន (Yakjin Garment Factory)ជារោងចក្រដែលមានម្ចាស់ជាជនជាតិកូរ៉េ។ សាច់ញាតិរបស់លោក ចាប ភក្តី ឈ្មោះ ចាប សុភ័ណ្ឌ ត្រូវបានដាក់ឲ្យត្រួតត្រាសភាពការណ៍នៅតំបន់នោះ។ ការតវ៉ារបស់កម្មករធ្វើឡើងដោយអហិង្សា និងសន្តិភាព រហូតដល់កងពលតូចទ័ព ពិសេសឆត្រយោង៩១១ ដែលបំពាក់ដោយអាវុធវែង និងអាវុធផ្សេងៗទៀត បានប្រឈមមុខនឹងហ្វូងកម្មករ ព្រះសង្ឃ និងព្យាយាមធ្វើព្រងើយមិនស្ដាប់សំណើរបស់ក្រុមអង្គការសិទ្ធិមនុស្សដែលបានអង្វរឲ្យបន្ថយស្ថានការណ៍តានតឹង។ កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានវាយប្រហារកម្មករ និងអ្នកសង្កេតការណ៍ នឹងបំពង់ដែក កាំបិត ជំពាមកៅស៊ូ និងដំបង។ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ ក៏បានចាប់ខ្លួន មន្ត្រីអង្គការសិទ្ធិមនុស្ស៤នាក់ និងកម្មករ ៣នាក់។ ពួកគេរងការវាយប្រហារពេលចាប់ខ្លួន ទោះបីពួកគេមិនបានចូលរួមបាតុកម្មក៏ដោយ។ ក្រោយការចាប់ខ្លួន មន្ត្រីសិទ្ធិមនុស្ស និងកម្មករ ត្រូវបានឃុំខ្លួនដោយមិនឲ្យទាក់ទងមនុស្សខាងក្រៅកន្លែងឃុំខ្លួន មុនពេលពួកគេត្រូវបាននាំខ្លួនទៅតុលាការនិងប៉ូលិស។ យ៉ាងហោចណាស់ក៏មាន មន្ត្រីសិទ្ធិមនុស្សនិងកម្មករ ឋិតក្នុងចំណោមមនុស្ស ២៥នាក់ដែលត្រូវបានកាត់ទោសពីបទជាប់ពាក់ព័ន្ធនឹងការតវ៉ានិងបាតុកម្ម កាលពីចុងឆ្នាំ២០១៣ និង២០១៤។
ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ ដែលត្រូវបានកងពលតូចទ័ព ពិសេសឆត្រយោង៩១១ ចាប់ខ្លួន ហើយធ្វើទារុណកម្មនោះ អះអាងប្រាប់អាស៊ីសេរីថា លោក ចាប ភក្តី ជាអ្នកទទួលខុសត្រូវចំពោះការចាប់ខ្លួន និងអំពើទារុណកម្ម ពីព្រោះមន្ត្រីយោធាដែលឃាត់ខ្លួនលោក បញ្ជាក់ថា ពួកគេបានទទួលបញ្ជាពីថ្នាក់លើ៖ "ចាប់ខ្លួនខ្ញុំទៅគឺ កងពលតូចលេខ ៩១១។ បន្ទាប់មកគេធាក់ខ្ញុំ ហើយបណ្តើរដល់បន្ទាយឆត្រយោង ៩១១ ធ្វើឲ្យចង្កេះខ្ញុំងើបអត់រួច។ ហើយក្បាលខ្ញុំឈាមរហាច។"
លោក វ៉ន ពៅ បន្តទៀតថា លោកមិនបានចូលរួមបាតុកម្មនឹងកម្មករនោះទេ ប៉ុន្តែលោកបានព្យាយាមដោះស្រាយបញ្ហារបស់កម្មករកុំឲ្យមានអំពើហិង្សាតែប៉ុណ្ណោះ៖ "ខ្ញុំគិតថា វាជារឿងអយុត្តិធម៌បំផុតដែលក្នុងនាមយើងជាខ្មែរ យើងឃាត់កុំឲ្យខ្មែរនិងខ្មែរប្រើអំពើហិង្សានឹងគ្នាបែរជាគេចោទខ្ញុំថា ជាមេដឹកនាំបាតុកម្ម ។ ហើយគេយកយើងទៅធ្វើទារុណកម្ម ។ ខ្ញុំគិតជារឿងអយុត្តិធម៌។ "
កាលពីឆ្នាំ២០១៤ កម្មករនឹងមន្ត្រីសិទ្ធិមនុស្ស ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារប៉ុន្តែទោសទាំងនោះត្រូវបានព្យួរវិញ។ អង្កការសិទ្ធិមនុស្សអះអាងថា សវនាការរបស់មន្ត្រីសិទ្ធិមនុស្សនិងកម្មករ ជាកិច្ចខំប្រឹងប្រែងជាប្រព័ន្ធរបស់អាជ្ញាធរលោកហ៊ុន សែន ដើម្បីបិទបាំងការប្រើប្រាស់កម្លាំងហួសហេតុរបស់ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ និងអាជ្ញាធរផ្សេងទៀតក្នុងការបង្ក្រាបបាតុកម្ម និងកូដកម្ម។ ចំណែកមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមេបញ្ជាការមិនត្រូវបានកាត់ទោស និងដាក់វិន័យចំពោះការបាញ់សម្លាប់ និងសកម្មដទៃផ្សេងទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ ត្រូវបានកោតសរសើរដោយកងយោធពលខេមរភូមិន្ទថា ជាអង្គភាពគំរូ សម្រាប់ឆ្នាំ ២០១៤ ក្នុងការចូលរួមអនុវត្តរាល់បញ្ជារបស់លោក ហ៊ុន សែន ដើម្បីការពារសន្តិសុខនិងសុវត្ថិភាពរាជធានីភ្នំពេញ។ កាលពីខែ សីហា ឆ្នាំ២០១៥ កងកម្លាំង ៩១១ បានបង្កើតវិធីមួយស្រដៀងគ្នាទៅនឹង កម្មវិធីមួយដែលត្រូវបានបង្កើតឡើង កាលពីទសវត្សរ៍ ឆ្នាំ ១៩៨៦ ក្នុងសម័យរដ្ឋកម្ពុជាឈ្មោះថា ក្រុមប៉ូលិសបង្ក្រាប អេបី (A3)។ ក្រុមនេះ ទទួលបានការបណ្ដុះបណ្ដាលឲ្យក្លាយជាកងអន្តរាគមន៍ពិសេស ដែលមានសមត្ថភាពក្នុងការប្រើប្រាស់អាវុធ និងការបាញ់ស៊ីប ដើម្បីចូលរួមនឹងយោធាដទៃផ្សេងទៀត ដើម្បីទប់ទល់នឹងស្ថានការណ៍មួយចំនួន ដែលអាជ្ញាធរ ហ៊ុន សែន អះអាងថា បានបង្កឡើងដោយក្រុមអមិត្តប្រឆាំងនឹងរបប ហ៊ុន សែន រួមនឹងសមាសភាពប្រឆាំងរបបលោកហ៊ុនសែនផ្សេងទៀត នៅពេលណាដែលមន្រ្តីប៉ូលិសធម្មតាមិនអាចទប់ស្កាត់បាន។ លោក ចាប ភក្តី បានបន្តប្រកាសពីភាពស្មោះត្រង់នឹងលោក ហ៊ុន សែន។ នៅឯពិធីនៃការបង្កើត កងពលតូចទ័ព ពិសេសឆ័ត្រយោង៩១១ មួយកាលពីឆ្នាំ ២០១៥ លោក ចាប ភក្តី រៀបរាប់ថា លោក ហ៊ុន សែន ជាអ្នកបង្កើតអង្គភាពនេះឡើង ហើយអះអាងថា អង្គភាពនេះមានបេសកម្មដើម្បី ការពារសន្តិសុខសង្គម និងរបៀបរៀបរយសង្គម ដើម្បីបន្តឲ្យមានការអភិវឌ្ឍន៍។ លោក ហ៊ុន ម៉ាណែត ក៏បញ្ជាក់ឡើងវិញដែរថា អង្គភាពនេះមានសារសំខាន់ដើម្បីការពារអស្ថិរភាពសង្គម។
របាយការណ៍អង្គការសិទ្ធិមនុស្សរកឃើញទៀតថា ពេលបើកវគ្គបណ្ដុះបណ្ដាល សង្គ្រាមយុទ្ធសាស្ត្រមួយ កាលពីខែសីហា ឆ្នាំ២០១៧ ក្រុមលោក ចាប ភក្តី បានប្ដេជ្ញាប្រឆាំងដាច់ខាតនឹងការញុះញង់ដោយមនុស្សអគតិមួយចំនួន ដែលចង់បង្កើតបដិវត្តន៍ និងគាំទ្រលោក ហ៊ុន សែន ជារៀងរហូត។ កាលពីខែ កញ្ញា កងពលតូចទ័ព ពិសេសឆ័ត្រយោង៩១១ បានថ្កោលទោស លោក កឹម សុខា ថាជាជនក្បត់ជាតិ និងទាមទារឲ្យចាប់ខ្លួនលោក។ លោក ចាប ភក្តី ធ្លាប់ប្រកាសថា លោក សម រង្ស៊ី ជាបីសាចសុទ្ធសាធ។ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ក៏បានប្រកាសគាំទ្រសាលដីកា ការរំលាយគណបក្សសង្គ្រោះជាតិ និងគាំទ្រវិធានការរបស់លោក ហ៊ុន សែន ប្រឆាំងនឹងគម្រោងបដិវត្តន៍ពណ៌ ដែលរបបលោកហ៊ុនសែនអះអាងថា ជាបដិវត្តន៍ធ្វើឡើងដើម្បីបម្រើប្រយោជន៍បរទេស។
នាយកអង្គការសិទ្ធិមនុស្ស យូមែនរ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ប្រែដ អាដាម (Brad Adams) ដែលតាមដាន និងកត់ត្រាទុកករណីរំលោភសិទ្ធិមនុស្ស និងឃុំឃាំងមនុស្សខុសច្បាប់របស់ លោក ចាប ភក្តី មានប្រសាសន៍ថា កងពលតូចទ័ព ពិសេសឆត្រយោង៩១១ត្រូវបានប្រើប្រាស់ដោយផ្ទាល់តាមបញ្ជារបស់លោក ហ៊ុន សែន ដើម្បីការពាររបបលោក ហ៊ុន សែន។ លោក ប្រែដ អាដាម ស្នើឲ្យរបបលោក ហ៊ុន សែន បញ្ចប់ដំណែងលោក ចាប ភក្តី និងស្នើឲ្យសហគមន៍អន្តរជាតិដាក់ លោក ចាប ភក្តី ក្នុងបញ្ជីខ្មៅដើម្បីបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឲ្យចូលប្រទេសសេរី រួមទាំងត្រូវបានស៊ើបអង្កេតករណីអំពើរំលោភសិទ្ធិមនុស្ស៖ "លោក ចាប ភក្តី មិនបានបំរើប្រទេសជាតិនោះទេ។ លោកធ្វើការងារដើម្បីបម្រើផលប្រយោជន៍បុគ្គល។ លោកបានក្លាយជាបុគ្គលដ៏មានទ្រព្យសម្បត្តិហូរហៀរម្នាក់។ លោកស្នាក់នៅផ្ទះដ៏ប្រណិតមួយ ដែលលោកមិនគួរមានសមត្ថភាពដើម្បីទិញផ្ទះនោះទេ ដោយសារតែប្រាក់ខែយោធានោះតិចតួចណាស់ ?"
ភស្តុតាងចុងក្រោយបង្ហាញឲ្យច្បាស់ថា កងពលតូចទ័ព ពិសេសឆត្រយោង៩១១ពិតជាត្រូវបានប្រើប្រាស់ដើម្បីរក្សាអំណាចរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន បានចេញអនុក្រឹត្យតម្រូវឲ្យ អង្គភាពចំនួន៥រួមមាន កងពលតូចទ័ព ពិសេសឆត្រយោង៩១១ឲ្យឋិតនៅក្រោមការត្រួតត្រារបស់លោកកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលទើបកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក។
អាស៊ីសេរីមិនទាន់អាចទាក់ទងលោក ចាប ភក្តី បានដើម្បីឆ្លើយតបនឹងរបាយការណ៍អង្គការសិទ្ធិមនុស្សបាននៅឡើយទេ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយសារទូរស័ព្ទរបស់ កងពលតូចទ័ព ពិសេសឆត្រយោង៩១១គ្មានអ្នកទទួល។ ប៉ុន្តែមន្ត្រីនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ចាត់ទុករបាយការណ៍អង្គការសិទ្ធិមនុស្សដែលស្រាវជ្រាវរកឃើញថា ចាប ភក្តី មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងប្រព្រឹត្តបទឧក្រិដ្ឋផងដែរនោះថា ជារបាយការណ៍ឧទ្ទាម៖ រាជរដ្ឋាភិបាលយល់ឃើញថា មន្ត្រីទាំងនោះ ជាមន្រ្តីដែលមានគុណភាពក្នុងការបម្រើពលរដ្ឋ។ លោកគ្មានអ្វីឆ្លើយតបនឹងរបាយការណ៍នោះទេ។"
របាយការណ៍ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញកាលពីខែមិថុនា បានលាតត្រដាងឲ្យឃើញថា កម្ពុជាកាន់តែប្រែក្លាយទៅរករបបផ្ដាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់ទាំង១២រូប ក្នុងជួរកងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាខ្នងបង្អែកនៃរបបនយោបាយមួយពោរពេញទៅដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងមានចរិតផ្ដាច់ការនិយម។ អង្គការនេះ ជំរុញឲ្យបញ្ឈប់ជាបន្ទាន់នូវវប្បធម៌និទ្ទណ្ឌភាព តាមរយៈការបើកការស៊ើបអង្កេតលើឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំង១២រូបរបស់លោក ហ៊ុន សែន ដែលក្នុងនោះមានលោក ចាប ភក្តីម្នាក់ដែរ ដើម្បីយកទៅកាត់ទោសតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ។ ចំពោះការឃុបឃិតគ្នារវាងមន្រ្តីថ្នាក់ដឹកនាំរបបលោក ហ៊ុន សែន និង យោធាដើម្បីបន្តអំណាចនេះ សភាអាមេរិក កាលពីថ្ងៃទី២៦ ខែ កក្កដា ក៏បានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដាក់ទណ្ឌកម្មក្បាលម៉ាស៊ីន ដឹកនាំរបបលោក ហ៊ុន សែន ទាំងអស់ដែលចូលដៃ ក្នុងការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ អ្នកដែលត្រូវដាក់ទណ្ឌកម្មនោះរួមមាន លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ជាអគ្គបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន លោក ជួន សុវណ្ណ អតីតស្នងការរាជធានីភ្នំពេញ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីយោធានិងមន្រ្តីរបបលោក ហ៊ុន សែន សំខាន់ៗមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។