អង្គការលីកាដូ (LICADO) នៅថ្ងៃទី២៤ ខែឧសភា ចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញថា ស្ថាប័នទទួលពាក្យបណ្ដឹងផ្ទៃក្នុងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានទទួលយកពាក្យបណ្ដឹងរបស់អង្គការលីកាដូ ពាក់ព័ន្ធនឹងក្រុមហ៊ុនឯកជនមួយចំនួនរំលោភសិទ្ធិមនុស្ស។ អង្គការលីកាដូជំរុញឱ្យកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ស៊ើបអង្កេតលើក្រុមហ៊ុនឯកជនដែលជាដៃគូអនុវត្តគម្រោងរបស់ខ្លួនទាំងនោះ។
អង្គការលីកាដូបារម្ភថា ការខកខានក្នុងតាមដាន និងវាយតម្លៃលើក្រុមហ៊ុនឯកជនមួយចំនួនដែលជា«ដៃគូ»សហការក្នុងគម្រោងវិនិយោគិនការអភិវឌ្ឍន៍ប្រកបដោយចរីភាព (SDG Investor Platform) ក្រោមការគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បង្កឱ្យមានបញ្ហាការរំលោភសិទ្ធិមនុស្សនៅតាមសហគមន៍។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែឧសភា ថា គោលបំណងនៃការដាក់ពាក្យបណ្ដឹងនេះគឺដោយសារតែអង្គការលីកាដូរកឃើញថា ពលរដ្ឋរស់នៅតាមសហគមន៍មូលដ្ឋានមួយចំនួនរងគ្រោះដោយសារក្រុមឯកជន។ លោកបន្តថា ក្រុមហ៊ុនឯកជនទាំងនោះមួយចំនួនត្រូវបានគម្រោងវិនិយោគរបស់ភ្នាក់ងារអង្គការសហប្រជាជាតិជួយផ្សព្វផ្សាយជាសាធារណៈនៅលើផែនទីវិនិយោគិនSDG។
លោក អំ សំអាត៖«រឿងរកឃើញរឿងហ្នឹងវាមានបញ្ហាច្រើនដែលទាក់ទងរងការបណ្ដេញចេញ រងអំពើហិង្សា និងទណ្ឌកម្មផ្លូវច្បាប់ជាដើម។ សម្រាប់បងប្អូនប្រជាពលរដ្ឋអ៊ីចឹង ដោយសារតែរឿងនេះយើងផ្ដោតអារម្មណ៍តែទៅលើកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិUNDPដែលជាគម្រោងទាក់ទងនឹងវិនិយោគិនយើងទុកឱ្យស្ថាប័ននេះធ្វើឱ្យសិក្សា និងធ្វើសិក្សាឱ្យបានឆាប់»។
ពាក្យបណ្ដឹងដែលអង្គការលីកាដូបានដាក់កាលពីខែមីនា ដោយបានប្ដឹងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បរាជ័យក្នុងការអនុវត្តវិធានការយកចិត្តទុកដាក់ និងការប្រកាន់ខ្ជាប់នូវគោលនយោបាយបរិស្ថាន និងសង្គមនៅពេលបង្កើតផែនទីវិនិយោគិនSDGសម្រាប់កម្ពុជា។ ពាក្យបណ្ដឹងនោះបង្ហាញថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជ្រើសរើសក្រុមហ៊ុនឯកជន និងចាត់ទុកក្រុមហ៊ុនទាំងនោះជាដៃគូសម្រាប់អនុវត្តគម្រោងរបស់ខ្លួនដោយផ្ដល់នូវការគាំទ្រផ្នែកកេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុនទាំងនោះ។ ក្នុងនោះមានក្រុមហ៊ុនមួយចំនួន ជាប់ពាក់ព័ន្ធនឹងការបង្ខំឱ្យលក់ដី ការបណ្ដេញពលរដ្ឋចេញដោយបង្ខំ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារមួយចំនួន និងលើដីមួយចំនួនរបស់ជនជាតិដើមភាគតិច ពលកម្មកុមារ ការជួញដូរមនុស្ស និងការរំលោភបំពានសិទ្ធិមនុស្សជាច្រើនផ្សេងទៀត។ ទោះយ៉ាងណាអង្គការលីកាដូមិនបានបង្ហាញ ឈ្មោះរបស់ក្រុមហ៊ុនដែលជាប់ព័ន្ធនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ អង្គភាពអនុលោមភាពសង្គម និងបរិស្ថាន(SECU) ដែលជាស្ថាប័នទទួលពាក្យបណ្ដឹងផ្ទៃក្នុងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចេញលិខិតមួយកាលពីថ្ងៃទី៩ ខែឧសភា ទទួលយកពាក្យបណ្ដឹងពាក់ព័ន្ធនឹងគម្រោងដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ហើយនិងបន្តស៊ើបអង្កេតលើបញ្ហានេះ។
ទោះជាយ៉ាងណាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជាបានលើកឡើងក្នុងលិខិតដដែលនោះដោយបដិសេធថា ខ្លួនមិនបានចូលរួមភាពជាដៃគូហិរញ្ញវត្ថុជាមួយអង្គភាពណាមួយនោះទេ ដូច្នេះមិនតម្រូវឱ្យមានដំណើរការស៊ើបអង្កេតយ៉ាងល្អួតល្អិតពាក់ព័ន្ធនឹងអង្គភាពដែលជាដៃគូក្នុងគម្រោងផែនទីវិនិយោគិនSDGឡើយ។
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជាសុំមិនបកស្រាយជុំវិញបញ្ហានេះឡើយ។
អង្គការលីកាដូបានបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការលីកាដូបានលើកឡើងពី ក្ដីការព្រួយបារម្ភពាក់ព័ន្ធនឹងគម្រោងផែនទីវិនិយោគិនSDGដោយផ្ទាល់ជាមួយការិយាល័យរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ប៉ុន្តែស្ថាប័ននេះ មិនបានដោះស្រាយបញ្ហាទាំងនេះអស់ជាងមួយឆ្នាំមកហើយ មុនពេលដែលពាក្យបណ្ដឹងត្រូវបានធ្វើឡើង។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅប្រទេសកម្ពុជា (Sustainable Development Goals) គឺជាគម្រោងមួយរបស់អង្គការសហប្រជាជាតិដើម្បីដែលមានរបៀបវារៈចំនួន១៧គោលដៅ រួមមានដូចជាបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុ ព្រមទាំងសុខុមាលភាពមាំមួនជាដើម។ ប៉ុន្តែតាមរយៈការជ្រើសសម្រាប់ជាដៃគូនៅលើថ្នាលវិនិយោគិនការអភិវឌ្ឍន៍ប្រកបដោយចរីភាព (SDG Investor Platform) របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបរាជ័យក្នុងការអនុលោមតាមបទដ្ឋានមួយចំនួន ដែលការពារសុខភាព សុវត្ថិភាព និងសន្តិសុខដល់សហគមន៍ ការបណ្ដេញចេញ និងការតាំងទីលំនៅថ្មី និងជនជាតិដើមភាគតិច។
ជុំវិញរឿងនេះ លោក អំ សំអាត រំពឹងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជាគោរពតាមគោលការណ៍របស់ខ្លួនឡើងវិញជាពិសេសជំរុញឱ្យមានការស៊ើបអង្កេតឱ្យបានម៉ត់លើក្រុមហ៊ុនឯកជនដែលជាប់ពាក់ព័ន្ធនឹងការបង្ខំឱ្យពលរដ្ឋលក់ដី និងបណ្ដេញពលរដ្ឋចេញដោយបង្ខំដើម្បីធានាដល់ការលើកកម្ពស់សិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
