សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ​ថ្កោលទោស​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ដោយ ចេង ម៉េងជូ
2016.04.29
ប៊្រែដ អាដាម ៦២០ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
RFA/Yun Samean

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថ្កោលទោស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចំពោះ​ចំណាត់ការ​របស់​អង្គភាព​នេះ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៩​នាក់ ក្នុង​នោះ​ក៏​មាន​បុគ្គលិក​អង្គការ​សហប្រជាជាតិ មួយ​រូប​ផង ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ។

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កំពុង​គំរាមកំហែង​ដល់​បេសកកម្ម​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​តំណាង​រដ្ឋាភិបាល។

អង្គការ​សង្គម​ស៊ីវិល​ជិត ៣០ ដែល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​ឧបករណ៍​នយោបាយ​មក​គំរាមកំហែង​អង្គការ​សង្គម​ស៊ីវិល។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ពេល​នេះ គឺ​នៅ​ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​សាកសួរ​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៨​នាក់ អស់​រយៈពេល ២​ថ្ងៃ ហើយ​សម្រេច​ឃុំ​ខ្លួន ៥​នាក់។ ក្នុង​ចំណោម ៥​នាក់​នោះ ៤​នាក់​សុទ្ធសឹងតែ​ជា​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​ម្នាក់​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា បញ្ជូន​ទៅ​តុលាការ ដោយ​មិន​បាន​បញ្ជាក់​ពី​បទ​ចោទ។ រី​ឯ​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ដែល​មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​ចេញ​ដីកា​នាំ​ខ្លួន។

​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ថា សមាគម​អាដហុក គ្រាន់តែ​ផ្ដល់​ជំនួយ និង​ការពារ​ជនរងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ចំណាត់​ការ​ដោយ​បំពាន​ច្បាប់​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​លើ​មន្ត្រី​ជា​ច្រើន​រូប​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក គឺ​ជា​ចេតនា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​កម្ទេច​អង្គការ​នេះ​ចោល៖ «ការ​ស៊ើប​អង្កេត​នេះ ច្បាស់​ណាស់​គឺ​ធ្វើ​ឡើង​សំដៅ​កម្ទេច​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​អាដហុក ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ត្រូវ​បាន​គេ​ដៅ ដោយសារ​តែ​អង្គការ​នេះ​បាន​រិះគន់​រដ្ឋាភិបាល​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក ហ៊ុន សែន បាន​រង់ចាំ​អស់​ជា​យូរ​មក​ហើយ​ក្នុង​ការ​ចាត់ការ​លោក ធន សារាយ ដែល​ជា​ប្រធាន​អង្គការ​នេះ។ លោក ហ៊ុន សែន ស្អប់​លោក ធន សារាយ ព្រោះ​លោក ធន សារាយ បាន​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​៨០ មក​ធ្វើ​ជា​បុគ្គល​ឯករាជ្យ ដោយ​បាន​បង្កើត​អង្គការ​អាដហុក ក្នុង​សម័យ​អ៊ុនតាក់ ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ ដូច​ក្រុម​ការងារ​របស់​គាត់​ដែរ»

​បន្ថែម​លើ​នេះ លោក ប្រ៊ែដ អាដាម លើក​ឡើង​ថា ការ​សម្រេច​ឃាត់​ខ្លួន​លោក នី ចរិយា ដែល​បច្ចុប្បន្ន​កាន់​តំណែង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ជា​លេស​របស់​រដ្ឋាភិបាល​ដើម្បី​អាច​គ្រប់គ្រង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ពួកគេ​កំពុង​ស៊ើប​អង្កេត​អតីត​បុគ្គលិក​របស់​អង្គការ​អាដហុក គឺ​លោក នី ចរិយា ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឯករាជ្យ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ចាញ់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ដូច្នេះ​ពួកគេ​ត្រូវ​កម្ចាត់​បញ្ហា​នេះ ហើយ​ពួកគេ​កំពុង​ប្រើប្រាស់​រឿង​នេះ​ធ្វើ​ជា​លេស​ក្នុង​ការ​កម្ចាត់​បញ្ហា​នេះ ដើម្បី​អាច​ឲ្យ​ពួកគេ​គ្រប់គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»

​លោក ប្រ៊ែដ អាដាម ចាត់​ទុក​ថា ទង្វើ​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ព្យាយាម​កម្ចាត់​អង្គការ​សង្គម​ស៊ីវិល ថា​នឹង​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ៖ «លោក ឱម យ៉ិនទៀង នឹង​ប្រព្រឹត្ត​ទោស​កំហុស​ដ៏​ធំ​មួយ។ ការិយាល័យ​អង្គការ​សហប្រជាជាតិ ក្នុង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​គ្រប់​ប្រទេស​ទាំង​អស់​លើ​ពិភពលោក បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​មាន​អភ័យឯកសិទ្ធិ។ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​ចាប់​ខ្លួន​បុគ្គលិក​អង្គការ​សហប្រជាជាតិ ខ្ញុំ​សង្ស័យ​ថា អង្គការ​សហប្រជាជាតិ​នឹង​ដក​ការិយាល័យ​ចេញ​ពី​កម្ពុជា។ មាន​ន័យ​ថា គ្រប់​កម្មវិធី​អភិវឌ្ឍន៍​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ​នឹង​ស្ថិត​ក្នុង​ហានិភ័យ ដូចជា​អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​សហប្រជាជាតិ​ស្ដីពី​ជំងឺ​អេដស៍ (UNAIDS) យូ.អិន.ឌី.ភី (UNDP) យូនីសេហ្វ (UNICEF) អង្គការ​ទាំង​អស់​នេះ នឹង​ត្រូវ​ពិចារណា​ឡើង​វិញ​ថា តើ​ត្រូវ​នៅ​កម្ពុជា ឬ​យ៉ាង​ណា? ដូច្នេះ ប្រសិនបើ​លោក ឱម យ៉ិនទៀង ប្រព្រឹត្ត​កំហុស​នេះ នោះ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ហើយ​គាត់​ចង់​បង្កើត​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ គឺ​សារព័ត៌មាន​នៅ​លើ​ពិភពលោក​នឹង​ផ្សព្វផ្សាយ​ពី​រឿង​នេះ​នៅ​លើ​ទំព័រ​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​នោះ​នឹង​ក្លាយ​ជា​កំហុស​ដ៏​អាក្រក់​បំផុត»

​ខណៈ​សំណុំ​រឿង​នេះ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅ​តុលាការ​ហើយ  សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​មួយ​របស់​កម្ពុជា លើក​យក​បញ្ហា​ស្ដីពី​ការ​គំរាមកំហែង​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ ទៅ​ជជែក​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។