មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបញ្ហាសង្គម សម្ដែងក្ដីបារម្ភក្រោយពេលក្រុមប្រទេសមាននិន្នាការកុម្មុយនិស្តរួមមាន ចិន (China) រុស្ស៊ី (Russia) និង គុយបា (Cuba) បានជាប់ឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិថ្មីនេះ។ ពួកគេថា ការកាន់កាប់តំណែងកំពូលផ្នែកសិទ្ធិមនុស្សរបស់ប្រទេសទាំងនោះ នឹងរឹតធ្វើឲ្យក្រុមប្រទេសតូចតាចដែលរំលោភសិទ្ធិមនុស្ស ដូចជា កម្ពុជា បង្កើនករណីរំលោភបំពានសិទ្ធិមនុស្សនៅក្នុងស្រុក ដោយសារតែមានប្រទេសកុម្មុយនិស្តទាំងនោះ ចាំជួយការពារនៅលើឆាកអន្តរជាតិ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ព្រួយបារម្ភចំពោះដំណើរវិវត្តថ្មី សម្រាប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោកថា ក្រុមប្រទេសកុម្មុយនិស្តទាំងនេះ មិនអាចធ្វើជាតំណាងការពារវិស័យសិទ្ធិមនុស្សរបស់ពិភពលោកបានទេ ព្រោះក្នុងប្រទេសរបស់ពួកគេ ក៏សុទ្ធតែពោរពេញដោយអំពើរំលោភសិទ្ធិមនុស្សស្រាប់៖ « ប្រព័ន្ធនៃការដឹកនាំតាមបែបប្រជាធិបតេយ្យ កំពុងតែមានហានិភ័យខ្លាំង ហើយបែរជារដ្ឋកុម្មុយនិស្តទាំងអស់នេះ ទៅជាបានជាសមាជិករបស់អង្គការសហប្រជាជាតិ ខាងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ទៅទៀត។ យើងឃើញហើយ ជាធម្មតាប្រទេសបណ្ដាកុម្មុយនិស្តទាំងអស់នេះ គាត់មានការរំលោភបំពានទៅលើសិទ្ធិរបស់ពលរដ្ឋគាត់រួចទៅហើយ តើគាត់ជួយលើកស្ទួយ និងការពារគោរពសិទ្ធិមនុស្សអីដោយរបៀបម៉េច ? អ៊ីចឹង យើងមានការព្រួយបារម្ភមែនទែននៅក្នុងរឿងនេះ » ។
កាលពីថ្ងៃទី១៣ តុលា សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ នៅទីក្រុងញ៉ូវយក បានរៀបចំឲ្យមានការបោះឆ្នោតជាសម្ងាត់ជ្រើសរើសសមាជិកចំនួន១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិថ្មីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ តំណាងកម្ពុជា និងជាលេខាធិការទី១ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក សុខ សុភា បានចូលរួមក្នុងការបោះឆ្នោតនេះ ក៏ប៉ុន្តែ ពុំមានការបញ្ជាក់ថា តើកម្ពុជាបោះឆ្នោតឲ្យប្រទេសណាមួយនោះទេ ដើម្បីធ្វើជាតំណាងសម្រាប់ប្រទេសមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ជុំវិញរឿងនេះបានទេ ដោយសារតែលោកពុំលើកទូរស័ព្ទ កាលពីថ្ងៃទី១៥ តុលា។ ដោយឡែក សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ក៏មិនអាចទាក់ទងបានដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានដែរ ដោយសារតែលោកពុំលើកទូរស័ព្ទកាលពីថ្ងៃដដែល។
យ៉ាងណា កាលពីពេលថ្មីៗ នេះ កម្ពុជាបាននាំចេញករណីរំលោភបំពានសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ ទៅដល់បេះដូងនៃទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។ កាលនោះ តំណាងកម្ពុជា លោក អាន សុខឿន បានរារាំងមិនឲ្យព្រះអង្គ លួន សុវ៉ាត អាចថ្លែងការណ៍បាន ដោយមានការគាំទ្រពីក្រុមប្រទេសប្លុកកុម្មុយនិស្តទាំងនោះ។ ក៏ប៉ុន្តែ ទង្វើរបស់លោកបានទទួលនូវភាពអាម៉ាស់ និងបរាជ័យក្រោយមានអន្តរាគមន៍ពីក្រុមប្រទេសនិយមប្រជាជាតិ ដែលទីបំផុតទៅព្រះអង្គ លួន សុវ៉ាត នៅតែអាចថ្លែងការណ៍បាន។
នេះជាឧទាហរណ៍ជាក់ស្តែងនៃគ្រោះថ្នាក់ដែលក្រុមប្រទេសមាននិន្នាការកុម្មុយនិស្ត តែងតែព្យាយាមជួយការពារមុខមាត់ឲ្យគ្នា ដើម្បីបិទបាំងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន។ ឥឡូវនេះ ក្រុមប្រទេសកុម្មុយនិស្តទាំងនេះ មានដូចជា ចិន រុស្ស៊ី និងគុយបា បានឈ្នះឆ្នោតកាន់កាប់កៅអីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិថ្មីនេះ។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រទេសទាំងនឹងជួយចាំការពារផលប្រយោជន៍ និងបិទបាំងអំពើរំលោភសិទ្ធិមនុស្សឲ្យក្រុមប្រទេសដែលមាននិន្នាការកុម្មុយនិស្ត ឬផ្ដាច់ការដូចគ្នា៖ « យើងមានសង្ឃឹមតិចតួចណាស់ដោយសារតែជាធម្មតាអ្នកដែលបានទៅក្នុងតួនាទីហ្នុង គឺច្បាស់ណាស់ ច្បាស់ជាគាត់ទៅការពារមេដឹកនាំរបស់បណ្ដាប្រទេសរំលោភសិទ្ធិមនុស្សហើយ។ អ៊ីចឹង ចង់មិនចង់ ជៀសមិនផុតទេ វាអាចបន្ថែមនូវសំឡេងសម្រេចណាមួយនៅពេលដែលអង្គការសហប្រជាជាតិធ្វើកិច្ចអន្តរាគមន៍ ទៅលើបណ្ដាប្រទេសដែលកំពុងតែទទួលរងការរំលោភសិទ្ធិមនុស្សអីជាដើមទាំងអស់នេះ » ។
រីឯអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី លើកយកករណីតំណាងកម្ពុជាព្យាយាមរារាំងមិនឲ្យព្រះអង្គ លួន សុវ៉ាត មិនឲ្យថ្លែងការណ៍នៅឯសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញបញ្ហាកម្ពុជា ដោយមានប្រទេសចិន និងគុយបា បានចេញមុខការពារតំណាងកម្ពុជា ធ្វើជាឧទាហរណ៍។ លោកថា នៅពេលដែលប្រទេសកុម្មុយនិស្តទាំងនេះ កាន់តំណែងជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៀត នោះសណ្ដាប់ធ្នាប់ផ្នែកសិទ្ធិមនុស្សរបស់ពិភពលោក នឹងមានការប្រែប្រួល៖ «... មតិអន្តរាគមន៍របស់ព្រះតេជព្រះគុណ លួន សុវ៉ាត ក៏ឃើញមានប្រទេសគុយបា ប្រទេសចិនគាំទ្រភាគីកម្ពុជាដែរ។ នេះហើយជាសញ្ញាបង្ហាញឲ្យឃើញច្បាស់ណាស់យើងឃើញឧទាហរណ៍ស្រេចហើយថា សូម្បីតែនៅក្នុងកៅអីអង្គការសហប្រជាជាតិ នៅតែមានការរំលោភបំពានទៅលើសិទ្ធិក្នុងការបញ្ចេញមតិ ចុះទម្រាំប្រទេសដែលកាន់លទ្ធិកុម្មុយនិស្តក្លាយទៅជាតួអង្គសំខាន់ក្នុងរឿងសិទ្ធិមនុស្សរបស់ពិភពលោកនោះ គឺបែបបទឬក៏របៀបរបបរបស់ពិភពលោកផ្នែកខាងសិទ្ធិមនុស្សនឹងមានការប្រែប្រួលហើយ » ។
យ៉ាងណាក៏ដោយ បើទោះបីជាមានការប្រែប្រួលបែបនេះក៏ដោយ សម្រាប់នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត លោកនៅតែមានសង្ឃឹមថា ស្មារតីនិងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអាចរក្សាលំនឹងបានដដែល ដោយសារតែនៅមានអ្នកជំនាញការសិទ្ធិមនុស្សជាច្រើនទៀតរបស់អង្គការសហប្រជាជាតិចាំចូលរួមនៅក្នុងដំណើរការនេះ៖ « ខ្ញុំនៅតែយល់ថា នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ នៅតែមានក្រុមអ្នកជំនាញជាច្រើន ដែលមកពីខាងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ បញ្ហានេះ បើសិនជា ការលើកឡើងរបស់អ្នកជំនាញច្រើន នោះវានឹងនៅតែជាការការពារទៅដល់ស្មារតី ឬក៏គោលការណ៍នៃយន្តការសិទ្ធិមនុស្សដដែលនេះទេ » ។
ប្រទេសចិនធ្លាប់ត្រូវបានបោះឆ្នោតឲ្យក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ជាច្រើនដងរួចមកហើយ កាលពីឆ្នាំ២០០៦ ឆ្នាំ២០០៩ ឆ្នាំ២០១៣ និងឆ្នាំ២០១៦ កន្លងទៅ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានសមាជិកសរុប ៤៧ប្រទេសតំណាងឲ្យប្រទេសនានាមកពីតំបន់ផ្សេងៗនៅលើពិភពលោក។ កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សានេះ ដោយសារតែយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ អនុញ្ញាតឲ្យប្រទេសដែលរំលោភសិទ្ធិមនុស្សអាក្រក់បំផុត អាចធ្វើជាតំណាងនៅក្នុងក្រុមប្រឹក្សានេះបាន តាមរយៈការបោះឆ្នោត។ នៅមុនការបោះឆ្នោតនេះ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យរដ្ឋសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់ដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ មុនពេលដែលស្ថាប័ននេះមិនអាចកែលម្អបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។