អ្នកជំនាញ​ប្រព័ន្ធផ្សព្វ​ផ្សាយរិះគន់​ការ​បង្កើន​ចំនួន​រដ្ឋលេខាធិការ​ក្នុង​ក្រសួង​ព័ត៌មាន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​បង្កើន​ចំនួន​រដ្ឋលេខាធិការ​ច្រើន​លើសលុប​ក្នុង​ក្រសួង​ព័ត៌មាន ដែល​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​នៅតែ​មិន​អាច​ជំរុញ​ឲ្យ​ស្ថានភាព​សេរីភាព​សារព័ត៌​មានបាន​ល្អ​ប្រសើរ​ដដែល។ កា​រិះគន់​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល បាន​តែង​តាំង​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។

រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​តាំង​ពី​ដើម​អាណត្តិ​ដល់​ចុង​អាណត្តិ​ទី​៦​នេះ កាន់តែ​បង្កើន​ចំនួន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ដែល​មាន​តួនាទី​ចាប់ពី​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​តាម​ក្រសួង​នីមួយៗ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​សង្គម​ស៊ីវិល មើល​ឃើញ​ថា គ្មាន​ភាព​ចាំបាច់ និង​ចាយ​លុយ​ជាតិ​ដែល​ពលរដ្ឋ​ខំ​បង់ពន្ធ​ខ្ជះខ្ជាយ ដើម្បី​គ្រាន់តែ​ជា​ការ​ពង្រឹង​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ​។ ការ​លើកឡើង​បែបនេះ​ដោយសារតែ​រដ្ឋាភិបាល ទើប​តែងតាំង​ប្រធាន​ក្លឹប​អ្នកកាសែត កម្ពុជា លោក ប៉ែន បូ​ណា ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ក្រសួង​មួយ​នេះ​មាន​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​រាប់​សិប​នាក់​ទៅ​ហើយ។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ( API ) លោក ឡាំ សុជាតិ ថ្លែង​ថា ការតែងតាំង​សមាជិក​រដ្ឋាភិបាល កាន់តែ​ច្រើន ដូច្នេះ​ជា​ការ​ចំណាយ​ថវិកាជាតិ​ដែល​ពលរដ្ឋ​ខំ​បង់ពន្ធ ក៏​កាន់តែ​ច្រើន​ដែរ ប៉ុន្តែ​លោក​បារម្ភ​ថា ពួកគេ មិនអាច​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ​ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​បាន​ឡើយ​។ លោក​បន្ត​ថា ករណី​លោក ប៉ែន បូណា ដែល​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​ផង ធ្វើ​ការ​ងារ​នៅ​ក្រុមហ៊ុន​ទូរទស្សន៍​ផង ហើយ​ឥឡូវ​តែងតាំង​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន អាច​នឹង​ធ្វើ​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍។

លោក ឡាំ សុជាតិ៖ «យើង​ឃើញថា ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ការតែងតាំង​មន្ត្រីរាជការ​ថ្មី​ច្រើន ប៉ុន្តែ​យើង​មិនបាន​យល់​ពី​មន្ត្រី​ចូលនិវត្តន៍​និង​មន្ត្រី​ដែល​ចូល​ថ្មី​វា​សមតុល្យ​នឹង​ការងារ​ដែល​ត្រូវការ​ហើយ​សមតុល្យ​នឹង​ប្រាក់ខែ​ដែល ប្រជាពលរដ្ឋ​បង់ពន្ធ​ទៅ អាច​ធ្វើការ​ពេញដៃពេញជើង​អត់​។​បើ​ឡើង​តែ​ប្រាក់ខែ និង​ចំនួន​មន្ត្រី​ហើយ​ការងារ​អត់​ធ្វើ​ទេ វា​ជា​សញ្ញា​សួរ។ បើសិន​ជា​គាត់​ដូច​លោក បូណា ដែល​គាត់​ជា​អ្នក​សារព័ត៌មាន​យូរ​ឆ្នាំ​ហើយ អីចឹង​គាត់​មាន​ជំនាញ​វិជ្ជាជីវៈ ដូច្នេះ​បើ​គាត់​ជួយ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន វិជ្ជាជីវៈ​សារព័ត៌មាន កុំ​ឲ្យ​មានការ​រឹតត្បិត ។ គាត់​ដឹង​ច្បាស់​ណាស់​ថា ស្អី​ជា​សេរីភាព​សារព័ត៌មាន ស្អី​ជា​វិជ្ជាជីវៈ​សារព័ត៌មាន វា​ជា​ចំណុច​ល្អ​ដែរ ប៉ុន្តែ​យើង​ក៏​មាន​ការ​សង្កេត​ឃើញ​ថា បុគ្គល​ក្នុង​រដ្ឋាភិបាល​ច្រើន​ថា គាត់​ខ្លួនឯង​មាន​សម្ពាធ​រឹតត្បិត ឬ​ការងារ​របស់​គាត់​ដូចជា​ប្តូរ​មុខសញ្ញា ឬ​ប្តូរ​យុទ្ធសាស្ត្រ​ឲ្យ​អ្នកចេះ​ទៅ​គ្រប់​គ្រង​អ្នកសារព័ត៌មាន​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល អាច​លំបាក​ដែរ»។

កាលពី​ថ្ងៃទី​៣ ខែធ្នូ ព្រះមហាក្សត្រ តាម​ការ​ស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​អតីត​និពន្ធ​នាយក​នៃ​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ខ្មែរ​(RFI) និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។ បច្ចុប្បន្ន​នេះ លោក ប៉ែន បូណា ក៏​ជា​និពន្ធ​នាយក​ព័ត៌មាន​នៅ​ក្រុមហ៊ុន​ទូរទស្សន៍ ភី.អិន.អិន (PNN )​របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះសម្បែង​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយតប​ពី​លោក ប៉ែន បូណា បានទេ ដោយ​លោក​ប្រាប់​ថា មិនទាន់​ចង់​និយាយ​អំពី​បញ្ហា​នេះ។ ទោះជា​យ៉ាងណា លោក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក​មាន​បីតិ​សោមនស្ស​ឥតឧបមា​ដោយ​បាន​ទទួល​ការ​ប្រទាន​ព្រះ​ពរ និង​ពរជ័យ​ដ៏​មហា​ប្រសើរ​ពី​អង្គ​ព្រះមហាក្សត្រ និង​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ព្រមទាំង​ពាក្យពេចន៍​សាទរ​ពី​ក្រុម​ការងារ បងប្អូន និង​មិត្តភ័ក្ដិ​របស់​លោក។

នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​អ្នកសារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល ទទួល​បាន​ការតែងតាំង​ជា​មន្ត្រីជាន់ខ្ពស់​ជា​បន្តបន្ទាប់​នេះ​។ ថ្មីៗ​នេះ និពន្ធ​នាយក​វិទ្យុ​បារាំង កញ្ញា អ៊ឹម រចនា ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ដែរ​។ ក្រៅ​ពី​នេះ កន្លងមក អ្នកសារព័ត៌មាន​មួយ​ចំនួនទៀត​ដែល​មកពី​ទូរទស្សន៍​បាយ័ន​របស់​កូនស្រី​លោក ហ៊ុន សែន ទូរទស្សន៍​ស៊ីធីអិន (CTN) របស់​លោក​ឧកញ៉ា គិត ម៉េង និង​កាសែត​ខ្មែរ​ថាមស៍ និង​ទូរទស្សន៍​ហង្ស​មាស រួម​ទាំង​លោក ឆាយ សុផល ជា​គ្រូបង្រៀន​ផ្នែក​ព័ត៌មាន និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ខ្លឹមសារ​សរសើរ​អ្នក​នយោបាយ​បក្ស​កាន់អំណាច ក៏​ទទួល​បានការ​តែងតាំង​តួនាទី​ក្នុង​ក្រសួង​ព័ត៌មាន​និង​ស្ថាប័ន​ផ្សេងទៀត​ដែរ។ មនុស្ស​ដែល​ទទួល​បាន​ការតែងតាំង​មួយចំនួន ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​ស្និទ្ធស្នាល​និង​តែងតែ​ដើរ​ផឹកស៊ី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ដើរ​ជាមួយ​កូនចៅ​មន្ត្រី​កំពូលៗ​របស់​បក្ស​កាន់អំណាច​។ ក្រោយ​ទទួល​បាន​តួនាទី គេ​សង្កេត​ឃើញ​ថា មនុស្ស​មួយចំនួន មិនបាន​បំពេញ​តួនាទី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​ឡើយ ។ ផ្ទុយ​ទៅវិញ បេសកកម្ម​របស់​ពួកគេ តែងតែ​ផ្សព្វផ្សាយ​នូវ​គំនិត​បន្លាច ឬ​ព្យាយាម​ប្តូរ​នូវ​របៀប​គិត​និង​ការ​បំពេញ​ការងារ​វិជ្ជា​ជីវៈ​របស់​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ ឬ​ឈាន​ដល់​ហាមឃាត់​មិន​ឲ្យ​ចេញផ្សាយ​អត្ថបទ​ដែល​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ជាដើម។

នាយិកា​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ចូលរួម​អបអរសាទរ ជាមួយនឹង​ក្តី​បារម្ភ​ថា លោក ប៉ែន បូណា មិន​អាច​ប្រើ​សមត្ថភាព​និង​សិទ្ធិអំណាច ក្នុង​ការ​លើកស្ទួយ​និង​ការពារ​ដល់​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​ពិត ឬ​ព័ត៌មាន​ក្តៅៗ នៅក្នុង​សង្គម​ជូន​ដល់​សាធារណជន និង​រដ្ឋាភិបាល​។ យ៉ាងណា​ក៏​ដោយ​ចុះ អ្នកស្រី​នៅតែ​ជំរុញ​និង​សង្ឃឹមថា លោក ប៉ែន បូណា ដែល​ធ្លាប់​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​រូប ជួយ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ។។

អ្នកស្រី ឆន សុគន្ធា៖ «​កន្លងមក​យើង​ឃើញ​ហើយ​ថា នៅ​ពេល​ដែល​អ្នកសារព័ត៌មាន មាន​បញ្ហា គាត់​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​យើង​ឃើញ​ថា មាន សមាគម ឬ​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ក្នុង​ការ​លើកកម្ពស់​វិស័យ​សារព័ត៌មាន ឬក៏​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​កម្ពុជា ជួយ​ជ្រោមជ្រែង​គ្នា បាន​ច្រើន ជាង​ខាង​ក្រសួង​ព័ត៌មាន។ នេះ​គឺជា​ការ​មើល​ឃើញ​របស់​ខ្ញុំ។ ពេលខ្លះ​អាច​គាត់​ចូល ទៅកាន់​តួនាទី ឬ​កាន់​តំណែង​ធំ​ទៅ គាត់​ឃើញ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​សង្គម ឬ​បញ្ហា​ដែល​កើត​ឡើង​ដល់​អ្នក​សារព័ត៌មាន គាត់​អាច​អត់​ហ៊ាន​និយាយ​ដែរ​បញ្ហា ហ្នឹង»។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

គិត​មក​ទល់​ពេល​នេះ ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​កើនឡើង​រហូត​ដល់​រាប់រយ​នាក់។ បើ​គិត​តួនាទី​ត្រឹម​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ក្នុង​ក្រសួង​នីមួយៗ​ទាំង ២៨​ក្រសួង គឺ​មាន​ពី ១០​រូប ទៅ​២០​រូប ប៉ុន្តែ​សម្រាប់​ក្រសួង​ព័ត៌មាន​វិញ គឺ​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ ប្រហែល​មិន​តិច​ជាង​១​រួយ (១០០)​នាក់​ឡើយ ព្រោះ​ក្រសួង​មួយ​នេះ តែងតាំង​មួយ​លើកៗ​ទាំង​ក្រុមៗ​តែម្តង​។ មន្ត្រី​ទាំងអស់​នេះ សុទ្ធតែ​ទទួល​ប្រាក់ខែ​ចេញពី​ថវិកាជាតិ ដែល​ភាគច្រើន​លើសលប់ បាន​ពី​ការ​បង់ពន្ធ​របស់​រាស្ត្រ​ខ្មែរ និង​ខ្ចី​បំណុល​បរទេស​។​ថ្មីៗ​នេះ លោក ហ៊ុន សែន ប្រកាស​ថា ត្រី​ណា​មក​មុន​ចាប់​ស៊ី​មុន ដោយ​មិន​ចាំបាច់ រង់​ចាំ​ត្រី​ធំ ឬ​តូច​នោះ​ទេ ដោយ​លោក​សំដៅលើ​អ្នកនយោបាយ​ប្រឆាំង ឬ​បុគ្គល​ណា​ដែល​ចុះចូល​លោក គឺ​លោក ទទួល​យក​ទាំងអស់ ហើយ​ផ្តល់​តួនាទី​ជា​កាដូ​ដើម្បី​ប្តូរ​គំនិត​ពី​ការរិះគន់​មក​ការ​លើក​សរសើរ​ការដឹកនាំ​របស់​លោក​វិញ​។ ថ្មី​ដ្បិតតែ​លោក ហ៊ុន សែន បញ្ចូល​អ្នកថ្មី​ជា​មន្ត្រីជាន់ខ្ពស់​របស់​លោក​ក្តី ប៉ុន្តែ​គេ​កម្រ​ឃើញ​លោក ហ៊ុន សែន ដក​មន្ត្រី​ចាស់ៗ និង​មន្ត្រី​ដែល​អសកម្ម ឬ​មន្ត្រី​គ្រាប់​ល្ពៅ​របស់​លោក​ចោល​ណាស់​។ អ្នកឃ្លាំមើល​យល់​ថា ការ​បង្កើន​ចំនួន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដ៏​ច្រើន​ស្អេកស្កះ​បែបនេះ គ្រាន់តែ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ បង្កើន​អតិផរណា​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​គ្មាន​ការ​ទទួលខុសត្រូវ​ក្នុង​តួនាទី​ច្បាស់លាស់ ដែល​ពាក្យ​ខ្មែរ ពោល​ថា មនុស្ស​ច្រើន អន្សម​ខ្លោច មនុស្ស​ដូច​ខ្មោច អន្សម​ឆៅ តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។