HRW អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា បញ្ឈប់​ការ​ដាក់​ខ្នោះ​ច្រវាក់​លើ​អ្នក​មាន​សតិ​មិន​គ្រប់

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក បញ្ឈប់​ការអនុវត្ត​អំពើ​ដាក់​ខ្នោះ​ច្រវាក់​លើ​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ឬ​សតិ​មិន​គ្រប់​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​នៅមុន​ពេល​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១០ តុលា ខាងមុខនេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​តាមរយៈ​ការសិក្សា​របស់​ខ្លួន​នៅ​ក្នុង ១១០​ប្រទេស ថា មាន​ភស្តុតាង​គ្រប់គ្រាន់​នៃ​ការអនុវត្ត​អំពើ​ដាក់​ខ្នោះ​ច្រវាក់​លើ​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅ​ក្នុង​ប្រទេស​ប្រមាណ​ជាង ៦០​ប្រទេស ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង។

ការ​រក​ឃើញ​នេះ ចេញផ្សាយ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​នេះ ដាក់​ចំណងជើង​ថា «​អំពើ​ដាក់​ខ្នោះ​ច្រវាក់​លើ​មនុស្ស​មាន​ពិការភាព​ផ្លូវចិត្ត​នៅ​ទូទាំង​ពិភពលោក​» ផ្សាយ​កាលពី​ថ្ងៃ​ទី​០៦ តុលា​។ បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ទូទាំង​សាកលលោក មនុស្ស​ប្រមាណ​ជិត ៨០០​លាន​នាក់ (៧៩២​លាន​នាក់​) ឬ ម្នាក់​ក្នុងចំណោម​១០​នាក់ កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​។ ក៏ប៉ុន្តែ អង្គការ​នេះ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ចំណាយ​ថវិកា​តិច​ជាង ២% នៃ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​ទៅលើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​។ របាយការណ៍​បញ្ជាក់​ថា រដ្ឋាភិបាល​ស្ទើរ​តែ​ទាំងអស់​មិនបាន​ផ្តល់​ប្រាក់​ជួយឧបត្ថម្ភ​ដល់​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដើម្បី​ឲ្យ​ពួកគេ​អាច​រក​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​បាន​ឡើយ​។ ជា​លទ្ធផល​នៃ​កង្វះ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បែបនេះ ក្រុម​គ្រួសារ​ជាច្រើន មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​ជម្រើស​អ្វី ក្រៅតែ​ពី​ការ​ដាក់​ខ្នោះ​ច្រវាក់ ឬ​បង្ខាំង​សាច់ញាតិ​របស់​ពួកគេ​ដែល​មាន​ជំងឺផ្លូវ​ចិត្ត ឲ្យ​នៅ​ក្នុង​ផ្ទះ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ថា អ្នកជំងឺ​អាច​រត់ចោល​ផ្ទះសម្បែង ឬ​ទៅ​ធ្វើបាប​អ្នកដទៃ​នៅ​ខាងក្រៅ។

Together, we can help end the inhumane practice of chaining men, women, & children with a mental health condition in 60 countries. <br/> <br/>Join our global movement to & restore dignity:

នៅ​កម្ពុជា​តាមរយៈ​ការស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៣ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញ​ថា មនុស្ស​ដែល​មាន​ពិការភាព ឬ​មាន​បញ្ហា​ផ្នែក​សុខភាព​ផ្លូវចិត្ត ត្រូវ​បាន​បង្ខាំង​ខ្លួន ដែល​ជា​រឿយៗ​ធ្វើឡើង​តាមរយៈ​ការ​ដាក់​ខ្នោះ​ច្រវាក់ នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាដើម​។ ក្រៅពីនោះ ក៏​មាន​ការ​បង្ក្រាប​លើ​ជនអនាថា​នៅ​តាម​ទីសាធារណៈ នៅ​មុន​ពេល​ដែល​មាន​រៀបចំ​កិច្ចប្រជុំ​កម្រិត​អន្តរជាតិ​ម្តងៗ​។ បន្ថែម​ពីលើ​នេះ​ទៀត កាលពី​ខែ​មិថុនា ក្រសួង​មហាផ្ទៃ បាន​ធ្វើ​សេចក្តី​ព្រាងច្បាប់​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​អង្គការ​នេះ​ថា នឹង​រឹតតែ​ធ្វើ​ឲ្យ​មានការ​រើសអើង​កាន់តែ​ខ្លាំង​ប្រឆាំង​នឹង​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​នៅ​ក្នុង​សង្គម​។ ជាក់ស្ដែង មាត្រា​២៥ នៃ​សេចក្តី​ព្រាងច្បាប់​នេះ តម្រូវ​ឲ្យ​អ្នកមើល​ថែទាំ ឬ​អាណាព្យាបាល​របស់​បុគ្គល​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ដើរ​ចេញ​តាម​ទីធ្លា​សាធារណៈ​ដោយ​សេរី​នោះ​ទេ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ការ​រឹតត្បិត​សិទ្ធិ និង​សេរីភាព​នៃ​ការ​ដើរ​ហើរ​របស់​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​តាមរយៈ​សេចក្ដី​ព្រាងច្បាប់​ដ៏​ទូលំទូលាយ​បែបនេះ អនុញ្ញាត​ឲ្យ​រដ្ឋអំណាច​បង្កើន​ការ​រំលោភបំពាន និង​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ថែម​ទៀត។

អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក តូច ចាន់នី មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បានទេ ដោយសារតែ​លោក​ពុំ​លើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ តុលា​។ យ៉ាងណា នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៨ មេសា លោក តូច ចាន់នី ធ្លាប់​លើកឡើង​ពី​ការ​លំបាក​ជុំវិញ​ការគ្រប់គ្រង​ជនអនាថា​ដែល​រស់​នៅ​តាម​ទីសាធារណៈ ដែល​លោក​ថា ពួកគេ​ព្យាយាម​គេច​វេស មិន​ចង់​រស់នៅ​ក្នុង​មណ្ឌល​ដែល​មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​៖ «​ជនអនាថា​របស់​យើង ក្រុម​គោលដៅ​របស់​យើង ក្រុម​ជនរងគ្រោះ​របស់​យើង​នេះ មិន​ព្រម​ទទួល​សេវា​ដែល​រដ្ឋាភិបាល ឬ​ក្រសួង​បាន​រៀបចំ​ឲ្យ​ទេ​។ នេះ​ជា​បញ្ហា​។ អ៊ីចឹង យើង​យក​គាត់​ទៅ​ដាក់​ទៅ​ប្រមូល​ផ្តុំ ទៅ​បណ្ដុះបណ្ដាល​គាត់​អី​ហើយ ទីបំផុត​គាត់​អត់​ទទួល​ទេ ដោយសារ​គាត់​នៅ​ជា​ជនអនាថា គាត់​រក​ចំណូល​បាន​ច្រើនជាង​អ្វី​ដែល​គាត់​ទៅ​រស់នៅ​ក្នុង​មណ្ឌល​ដែល​យើង​យក​គាត់​ទៅ​អប់រំ​ណែនាំ​។ អ៊ីចឹង តាម​ការស្រាវជ្រាវ តាម​ការពិនិត្យ​កន្លងមក ជនអនាថា​ខ្លះ គាត់​មាន​លុយ​ក្នុង​ខ្លួន​គាត់​រាប់​លាន​។ នៅ​រាជធានី​ភ្នំពេញ ខ្ញុំ​ឆែក​បាន ឃើញ​គាត់​មាន​លុយ​រាប់​លាន​។ នេះ​ជា​បញ្ហា​។ អ៊ីចឹង​ទេ យើង​យក​ពួកគាត់​ទៅ​ដាក់​កន្លែង​ប្រមូល​ផ្តុំ ឲ្យ​អាហារ​គាត់​គ្រប់គ្រាន់ ហូបចុក​បី​ពេល បណ្ដុះបណ្ដាល​ចំណេះ វិជ្ជាជីវៈ បំណិន​ជីវិត​ជូន​គាត់ គាត់​អត់​ព្រម​ទទួល​យក​ទេ ហើយ​យក​ទៅ​ដាក់​ហ្នឹង រត់​ចេញ»។

យ៉ាងណាក៏ដោយ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា នៅតែ​មាន​ករណី​ចាប់​ដាក់​ខ្នោះ​ច្រវាក់​លើ​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ហើយ​រដ្ឋ​នៅតែ​ខ្វះ​ការ​ផ្តល់​សេវា​ព្យាបាល និង​ថែទាំ​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​៖ «​យើង​ក៏​ធ្លាប់​បាន​ជួយ​ខ្លះ​ដែរ​ទាក់ទង​នឹង​ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​គ្រួសារ​គាត់ គាត់​អស់​លទ្ធភាព​គាត់​បែរជា​បង្ខាំង ឬក៏​ដាក់​ច្រវាក់​ជើង​អី​ទុក​ទៅ ព្រោះ​ខ្លាច​ការ​ដើរ​ហើរ​ ... ការណ៍​ដែល​គាត់​ទៅ​ប្រព្រឹត្តិ​ធ្វើ​អី​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជាដើម គឺ​យើង​ធ្លាប់​ជួយ​។ មិន​តែ​ប៉ុណ្ណឹង​ទេ អ្នក​ដែល​មាន​បញ្ហា​វិបល្លាស​ស្មារតី​មួយចំនួន​ទៀត​នៅ​តាម​ផ្លូវ​ទីធ្លា​សាធារណៈ គឺ​កន្លងមក​ក៏​យើង​ឃើញ​ដែរ ដូចជា​យក​ទៅ​ដាក់​នៅ​ព្រៃ​ស្ពឺ​ជាដើម ដែល​មិន​មាន​ការថែទាំ​សេវា​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​យក​ទៅ​បង្ខាំង យក​ទៅ​ទុក​អី​។ នៅ​មិនទាន់​មាន​ការ​ព្យាបាល​ឲ្យ​មានលទ្ធភាព​គ្រប់គ្រាន់​នៅឡើយ​ដែរ​។ នេះ​ក៏​ជា​កង្វល់​មួយ​ដែរ​ ...»។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ថ្មីៗ​នេះ គឺ​ករណី​ចាប់ខ្លួន​កុមារា កាក់ សុវណ្ណច្ឆ័យ អាយុ​១៥​ឆ្នាំ​ជា​អនីតិជន ដែល​មាន​ជំងឺ​អូទីហ្សឹម។ កុមារា​រូប​នេះ ជា​កូនប្រុស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ខ្នោះ ប្រើ​អំពើ​ហិង្សា​វាយដំ​បង្ក​ឲ្យ​មាន​របួស​ស្នាម​លើ​ដងខ្លួន និង​ផ្ទៃមុខ ក្នុង​ពេល​ឃុំខ្លួន​អស់ ២​ថ្ងៃ និង​បាន​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​ទទួលយក​កំហុស​មុននឹង​ដោះលែង ដោយសារតែ​កុមារ​រូប​នេះ បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស។ជុំវិញ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា រួម​ទាំង​កម្ពុជា​ផង បញ្ឈប់​រាល់​ការអនុវត្ត​គោលនយោបាយ និង​ច្បាប់​បែប​ដាក់​ខ្នោះ​ច្រវាក់​លើ​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​បែបនេះ​។ អង្គការ​នេះ ក៏​អំពាវនាវ​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ជំរុញ​រដ្ឋាភិបាល​ពាក់​ព័ន្ធ ឲ្យ​ហាមប្រាម​អំពើ​ដាក់​ខ្នោះ​ច្រវាក់​លើ​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ឲ្យ​បង្កើត​សេវា​គាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ឲ្យ​បាន​សមស្រប ប្រកបដោយ​គុណភាព និង​ជា​លក្ខណៈ​ដែល​មាន​ការចូលរួម​ពី​សហគមន៍​តាម​ការ​ស្ម័គ្រចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។