កម្មករណាហ្គាវើល៍ (Naga World) ប្ដេជ្ញានឹងតវ៉ាទាមទារដំណោះស្រាយពីថៅកែក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ រហូតទាល់តែមានដំណោះស្រាយទោះជាអាជ្ញាធររារាំង និងបង្ក្រាបយ៉ាងណាក្ដី។ ពួកគេអះអាងថាក្រសួងការងារនិងសមត្ថកិច្ចលម្អៀងទៅខាងភាគីថៅកែដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀត អូសបន្លាយពេលវេលាជាង ៧ខែមកនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។
ទស្សនាបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងកញ្ញា ពៅ រស្មី អំពីបញ្ហានេះ។
អាជ្ញាធរបង្ក្រាបលើក្រុមកូដករណាហ្គាវើលដ៍កាន់តែធ្ងន់ ក្រោយមានបញ្ជាពីលោក ហ៊ុន សែន
ដោយ យន់ សាមៀន
អាជ្ញាធរក្រុងភ្នំពេញ បង្ក្រាបលើក្រុមកូដករណាហ្គាវើលដ៍ (Naga World ) កាន់តែធ្ងន់ធ្ងរនៅថ្ងៃទី២២ ខែកក្កដា ក្រោយមានបញ្ជាពីលោក ហ៊ុន សែន ។ ការបង្ក្រាបនេះ គឺពេលក្រុមកូដករ នៅតែចេញមកតវ៉ាដោយមិនរាថយ ទោះបីអាជ្ញាធរបិទផ្លូវរារាំងដោយរនាំងដែក និងដាក់ពង្រាយកម្លាំង ផ្លាស់ប្ដូរគ្នាមកឈរយាមយ៉ាងតឹងរ៉ឹងមិនឲ្យក្រុមកូដករ ចូលទៅធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុន។
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជាមួយរយនាក់ នៅរសៀលថ្ងៃទី២២ខែកក្កដាបានប្រមូលផ្ដុំគ្នាដើរតម្រង់ទៅមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដើម្បីទាមទាររកដំណោះស្រាយឲ្យបានសមរម្យពីថៅកែ។ ក៏ប៉ុន្តែក្រុមអាជ្ញាធរ បានរារាំងផ្លូវក្រុមកូដករដោយទាញរនាំងដែកមកបិទផ្លូវ ដើម្បីហាមឃាត់មិនឲ្យក្រុមកូដករដើរឆ្លងផ្លូវឆ្ពោះតម្រង់ទៅមុខក្រុមហ៊ុនបាន។
សម្រែកកូដករស្រែកទាមទាររកដំណោះស្រាយពីក្រុមហ៊ុន៖ «អូយពូ! កុំរុញ! កុំរុញ! រុញទៅក្រោយន៎! វាយគេធ្វើអី»។
ក្រុមកូដករបានស្រែកទាំងកណ្ដាលថ្ងៃក្ដៅរកយុត្តិធម៌ និងទទូចឲ្យក្រុមអាជ្ញាធរ មេត្តាបើកផ្លូវឲ្យពួកគាត់ ព្រោះនេះជាផ្លូវសាធារណៈ ពលរដ្ឋគ្រប់រូបមានសិទ្ធិដើរគ្រប់គ្នា មិនគួរក្រុមអាជ្ញាធរយករនាំងដែកមកបាំងដូច្នេះទេ។
ក្រោយពីស្រែកអង្វរក្រុមអាជ្ញាធរមិនព្រមបើកផ្លូវឲ្យ ក្រុមកូដករដែលភាគច្រើនគឺជាស្ត្រី ក៏បបួលគ្នាដើរវៀងឆ្ពោះទៅមុខក្រុមហ៊ុន ស្រាប់តែក្រុមសមត្ថកិច្ចស្ទុះមករារាំង និងវាយទាត់ធាក់ពួកគាត់យ៉ាងដំណំ បណ្ដាលឲ្យកូដករមួយចំនួនរងរបួសធ្ងន់ធ្ងរ។ លើសពីនេះមានសមត្ថកិច្ចម្នាក់ដកកាំភ្លើងមកគំរាមក្រុមកូដករទៀតផង។
ស្ត្រីកូដករណាហ្គាវើលដ៍ម្នាក់ ដែលត្រូវអាជ្ញាធរវាយចំមុខរបួសធ្ងន់ កញ្ញា ពៅ រស្មី ប្រាប់ថា កញ្ញា ខកចិត្តដែលមន្ត្រីរាជការបានទទួលប្រាក់ខែពីពលរដ្ឋ បែរជាវាយដំពួកគាត់ដូចសត្វធាតុ ដែលគ្រាន់តែទាមទារដំណោះស្រាយការងារពីក្រុមហ៊ុនណាហ្គាវើលដ៍។ កញ្ញាពោលទាំងទឹកភ្នែកថា ក្រុមអាជ្ញាធរបានហក់មកវាយក្រុមស្ត្រីកូដករ ឲ្យរងរបួសធ្ងន់ជាច្រើននាក់ ដោយគ្មានញញើតដៃ គ្មានចិត្តអាណិតអាសូរ។ កញ្ញាបន្ទោស ក្រុមអាជ្ញាធរថាគ្មានភាពជាមនុស្សប្រុសក្នុងខ្លួន ទើបហ៊ានលើកដៃវាយពួកគាត់ ដែលសុទ្ធតែជាស្ត្រី៖ «ខ្ញុំនៅតែបន្តរហូតមានដំណោះស្រាយទោះអ្នកឯងសម្លាប់ខ្ញុំកណ្ដាលទីក្រុងក៏ខ្ញុំនៅតែបន្ត។ ព្រោះវាជាវិវាទរឿងឆ្នាំងបាយ យើងមើលឃើញពីផលលំបាកថា បើសិនជានិយោជកណាហ្គាវើលដ៍ រំលោភបំពានសិទ្ធិការងារនេះបាន និយោជកនៅទូទាំងប្រទេស នឹងធ្វើគំរូអាក្រក់ដូចថៅកែណាហ្គាវើលដ៍ដូចគ្នា។ អីចឹងបានជាពួកយើងតវ៉ារហូតដល់៧ខែ ដាច់បាយដាច់ទឹករងនូវភាពអយុត្តិធម៌ រងអំពើហិង្សាជាច្រើន តែពួកយើងនៅតែបន្ត ទោះអ្នកឯងវាយខ្ញុំឲ្យស្លាប់នៅទីនេះ ក៏ខ្ញុំនៅតែបន្តរហូតដល់មានដំណោះស្រាយ»។
ស្រដៀងគ្នានេះដែរ កូដករម្នាក់ទៀតគឺកញ្ញា រឿន មុំម៉ារីណែត ប្រាប់អាស៊ីសេរីថា ការបង្ក្រាបមកលើក្រុមកូដករពីសំណាក់អាជ្ញាធរនៅថ្ងៃនេះ គឺគ្មានប្រណីដៃឡើយ ដោយក្រុមអាជ្ញាធរបានហក់មកវាយរួចបោចសក់បោកផ្ទប់ទៅលើដី ហើយបានហក់ជាន់ពីលើរួចទាត់ធាក់ពួកគាត់ទៀត។ កញ្ញាបញ្ជាក់បន្ថែមថា ក្រុមកូដកររងរបួសធ្ងន់ជាច្រើននាក់ ព្រោះក្រុមអាជ្ញាធរថ្ងៃនេះ បាននាំកម្លាំងមកច្រើនលើសពីធម្មតា និងបានបង្ក្រាបមកលើក្រុមកូដករទាំងកម្រោល និងគ្មានការយោគយល់ ពេលដែលក្រុមកូដករព្យាយាមដើរសម្រុកសំដៅទៅក្រុមហ៊ុនណាហ្គាវើលដ៍៖ «អូ ! ថ្ងៃហ្នឹងដំណំច្រើននាក់ណាស់បង ! ដំណំច្រើននាក់ ហើយមានកូដករស្រីម្នាក់គាត់ឈាមមុខនៅក្រោមភ្នែក គឺឈាម។ ដូចនៅក្នុងការឡាយខ្ញុំអីចឹង ហើយយើងមានទាំងវីដេអូ មានទាំងរូបថតអីចឹងទៅណាបង គឺគាត់ត្រូវខ្លាំងដោយសារតែគាត់ត្រូវបានក្រុមអាជ្ញាធរវាយបោចសក់បោកដួលទៅនឹងដី ហើយ ...»។
ការប្រើប្រាស់អំពើហិង្សាកាន់តែធ្ងន់ធ្ងរលើក្រុមកូដករពេលនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ៨ ខែកក្កដា បានចេញបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវបង្ក្រាបលើអ្នកតវ៉ាតាមដងផ្លូវឲ្យបានម៉ឺងម៉ាត់ ដែលក្នុងនោះលោកសំដៅដល់ក្រុមកូដករ ណាហ្គាវើលដ៍ផងដែរ។ លោក ហ៊ុន សែន មិនបានជួយអន្តរាគមន៍រកដំណោះស្រាយតាមការទទូចអង្វរករពីក្រុមកូដករនោះទេ ប៉ុន្តែលោកបែរចោទថា ក្រុមកូដករទាំងនេះ និងអ្នកតវ៉ាផ្សេងទៀត យកដងផ្លូវដើម្បីប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានទេ នៅថ្ងៃទី២២ ខែកក្កដា ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
នាយកទទួលបន្ទុកទូទៅអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ចំពោះវិវាទការងាររវាងក្រុមហ៊ុន និងកូដករ ដែលចេះតែអូសបន្លាយពេលមកជាច្រើនខែនោះ គឺមកពីរដ្ឋាភិបាល ជាពិសេសក្រសួងការងារ មិនទាន់មានឆន្ទៈឲ្យបានគ្រប់គ្រាន់ក្នុងការរកដំណោះស្រាយជូនបុគ្គលិក។ លោកបន្តថា ចំណែកឯក្រុមហ៊ុនវិញ ក៏មិនទាន់មានការយោគយល់ឲ្យអស់ពីសមត្ថភាព ក្នុងការទទួលយកបុគ្គលិករបស់ខ្លួនឲ្យចូលធ្វើការវិញដែរ ។ ទោះជាយ៉ាងលោកស្នើដល់រដ្ឋាភិបាល និងក្រុមហ៊ុនសហការគ្នា ជួយរកច្រកចេញណាមួយឲ្យបានសមស្របជូនក្រុមកូដករ ដើម្បីកុំឲ្យមើលឃើញថា ពួកគាត់កំពុងរងភាពអយុត្តិធម៌ពីអ្នកមានលុយ មានអំណាច៖ «បើយើងមើលទៅហាក់ដូចជាចង់ធ្វើបាប ផ្នែកសេដ្ឋកិច្ចទៅលើក្រុមកូដករណា៎ ពីព្រោះកាលដែលអូសបន្លាយពេលយូរទៅ ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរស់នៅរបស់ក្រុមកូដករនោះ។ អីចឹងបើយើងមើលឆន្ទៈនៃការ ពេលវេលានៃការអូសបន្លាយនេះ វាហាក់បីដូចជាចង់ធ្វើទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់កូដករហ្នឹង ពីព្រោះពួកគាត់ធ្វើកូដកម្មស្ទើររាល់ថ្ងៃអីចឹងអត់មានពេលវេលាសម្រាប់រកស៊ី»។
ជម្លោះរវាងក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ និងបុគ្គលិក ដែលជាក្រុមកូដករ បានអូសបន្លាយរយៈពេលជាង៧ខែមកហើយ ដោយក្រុមកូដករមិនទាន់បានទទួលនូវដំណោះស្រាយណាមួយឲ្យបានសមរម្យពីថៅកែក្រុមហ៊ុនទេ ។ រយៈពេល៧ខែ មកនេះ អាជ្ញាធរមិនត្រឹមតែមិនជួយរកដំណោះស្រាយសមរម្យទេ ថែមទាំងប្រើហិង្សា ចាប់ដាក់គុក ដល់ក្រុមកូដករទាំងនោះជាបន្តបន្ទាប់ នៅពេលពួកគេចេញតវ៉ាម្ដងៗ។
ក្រុមកូដរនៅតែស្រែករកយុត្តិធម៌ពីរដ្ឋាភិបាលជានិច្ច ជាពិសេសលោក ហ៊ុន សែន សុំឲ្យលោកជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ផង បើទោះជាការស្រែកអង្វរកររបស់ពួកគាត់មិនបានលទ្ធផលអ្វីជាដុំកំភួនក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
