ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ជិត ២ពាន់នាក់ នៅតែបន្តធ្វើកូដកម្មដដែល ដើម្បីទាមទារឲ្យភាគីថៅកែចូលតុចរចា ហើយទទួលយកថ្នាក់ដឹកនាំសហជីព និងបុគ្គលិកនៅសល់ជាង ៣រយនាក់ ចូលធ្វើការវិញ។ នៅថ្ងៃទី៣ នៃការធ្វើកូដកម្មនេះ អាជ្ញាធរប្រើហិង្សាដាក់ស្ត្រីកម្មករដែលទៅចូលរួមការតវ៉ា។
អាជ្ញាធររាជធានីភ្នំពេញ បន្តរឹតបន្តឹង ដាក់រនាំងដែក អមដោយកងកម្លាំងប្រចាំការជាច្រើននាក់ ដើម្បីទប់ស្កាត់ក្រុមកូដករមិនឲ្យដើរទៅស្រែកតវ៉ារកដំណោះស្រាយការងារ នៅម្ដុំសួនច្បារខាងអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១។
អាជ្ញាធរបង្គាប់ឲ្យក្រុមកម្មករនិយោជិតជួបជុំគ្នា ត្រឹមទីតាំងខាងមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី២ ទល់មុខគ្នានឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ សហជីពថា ការកំណត់ទីតាំងតូចចង្អៀតបែបនេះ ធ្វើឲ្យក្រុមកម្មករ មិនអាចរក្សាគំលាតឆ្ងាយពីគ្នាបានទេ ហើយប៉ះពាល់ដល់ក្រុមស្ត្រីមានផ្ទៃពោះប្រមាណ ៤០នាក់ ដែលបន្តចូលរួមការតវ៉ានេះ។
ក្នុងពេលតវ៉ានៅថ្ងៃទី២០ ធ្នូ ដែលត្រូវជាថ្ងៃទី៣ នៃការធ្វើកូដកម្មនេះ មានមន្ត្រីសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់ ប្រើវិទ្យុទាក់ទងប្រភេទ អាយកូម (ICOM) ស្ទុះទៅបម្រុងវាយអ្នកតវ៉ាម្នាក់ ប៉ុន្តែដកដៃចេញមកវិញ។
សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ណុប ទិត្យបូរ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា ហេតុការណ៍នេះ កើតឡើងនៅផ្លូវក្បែរស្ថានទូតរុស្សី ខណៈកម្មករជាច្រើននាក់ ចង់លើករនាំងដែកនៅតាំងនោះចេញ ដើម្បីដើរទៅជួបជុំជាមួយក្រុមកូដករផ្សេងទៀត។
កញ្ញា ទិត្យបូរ៉ាវី ចាត់ទុកទង្វើហិង្សានេះថា ជាការគំរាមកំហែងមកលើក្រុមកូដករ ដែលធ្វើការតវ៉ាដោយសន្តិវិធី ស្របតាមច្បាប់ដែលមានចែង៖ «ការធ្វើបែបនេះ គឺរំលោភសិទ្ធិលើកម្មករ។ កម្មករប្រើសិទ្ធិរបស់ខ្លួនដើម្បីតវ៉ាសោះ ហេតុអ្វីអាជ្ញាធរប្រើអំពើហិង្សាមកលើកម្មករ ដែលពួកយើងអត់មានរឿងពាក់ព័ន្ធជាមួយអាជ្ញាធរសោះ។ គ្រាន់តែយើងស្នើសុំធ្វើកូដកម្មដើម្បីទាមទារសិទ្ធិចូលធ្វើការរបស់យើង។ យើងគ្រាន់តែត្រូវការតំណាងសហជីពចូលធ្វើការវិញសោះ ក៏អាជ្ញាធរប្រើអំពើហិង្សាលើពួកយើង»។
ត្បិតមានការរារាំងនិងគំរាមកំហែងយ៉ាងនេះក្ដី ក្រុមកម្មករណាហ្គាវើលដ៍ជិត ២ពាន់នាក់ នៅតែប្ដេជ្ញារួមគ្នាបន្តការតវ៉ារបស់ពួកគេទៀត ដើម្បីឲ្យភាគីក្រុមហ៊ុនបើកកិច្ចចរចាព្រមទទួលយកតំណាងសហជីពនិងបុគ្គលិកជាង៣រយនាក់ ចូលធ្វើការវិញ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយរឿងនេះ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃទី២០ ធ្នូ ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ចំណែក អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ២០ ធ្នូ ថា ក្រសួងនឹងបន្តដោះស្រាយវិវាទនេះ តាមនីតិវិធីច្បាប់៖ «បើទោះបីសំណើរបស់កម្មករនិយោជិតលើសទៅនឹងសំណើក៏ដោយ ក៏យើងខិតខំស្នើសុំឲ្យក្រុមហ៊ុនពិចារណា។ ហើយក្រសួងនៅបន្តត្រៀមខ្លួនជានិច្ចដើម្បីធ្វើការផ្សះផ្សាវិវាទនេះ។ ប៉ុន្តែក៏សូមឲ្យភាគីទាំងអស់ជ្រើសរើសយកការចរចា។ បើសិនជាកំពុងតែកូដកម្ម ហើយស្នើឲ្យចរចា ខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរទេ។ ក្រសួងគឺមានតំណាងរបស់ខ្លួនបានទៅទទួលយកញត្តិ ហើយក៏បានពិនិត្យឃើញសំណើទាំងអស់នោះ ហើយក៏បានស្នើសុំឲ្យមានការជួបពិភាក្សាគ្នា។ ប្រសិនបើភាគីទាំងពីរវិលមកតុចរចាឡើងវិញ»។
ក្រោយពីក្រុមកម្មករនិយោជិតធ្វើកូដកម្មរយៈពេល ៣ថ្ងៃមកនេះ សាលារាជធានីភ្នំពេញចេញលិខិតអញ្ជើញថ្នាក់ដឹកនាំសហជីព និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ រួមនឹងស្ថាប័នពាក់ព័ន្ធ ទៅចូលរួមកិច្ចប្រជុំស្ដីអំពីការដោះស្រាយវិវាទការងារនេះ នៅថ្ងៃទី២១ ធ្នូ ស្អែកនេះ។
ទន្ទឹមគ្នានេះ បណ្ដាអង្គការសង្គមស៊ីវិលចំនួន ៥៩ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមមួយ លើកឡើងថា វិវាទនេះអាចដោះស្រាយបានលុះត្រាតែក្រុមហ៊ុន ចូលតុចរចាជាមួយតំណាងកម្មករនិយោជិត ដោយភាពស្មោះត្រង់ ដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន។ សង្គមស៊ីវិល ស្នើដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តដោះស្រាយវិវាទការងារនេះដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
