ទូត​អាមេរិក​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​អហិង្សា​ឯ​ទៀត

0:00 / 0:00

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ លើ​ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​អហិង្សា​ឯ​ទៀត។ ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​តំណាង​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ (NagaWorld) បី​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​កញ្ញា ឈឹម ស៊ីថរ ផង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែមករា​។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចាត់​ទុក​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​របស់​បុគ្គលិក​កាស៊ីណូ​ណាហ្កាវើលដ៍ ថា ជា​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​របស់​ពួក​គាត់ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ស្ដាប់​មតិ​របស់​ពលរដ្ឋ មិនមែន​បំបិទ​សំឡេង​របស់​ពួក​គេ​នោះ​ទេ។ ស្ថានទូត​នេះរម្លឹក​អាជ្ញាធរ​កម្ពុជា អំពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ធានា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា និង​ចងក្រង​គ្នា​ជា​ក្រុម និង​សមាគម។

ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ក្រោយ​កង​កម្លាំង​សមត្ថកិច្ច ដែល​ភាគ​ច្រើន​ស្លៀក​សំលៀកបំពាក់​ស៊ីវិល​ជា​ច្រើន​នាក់ កាល​ពិ​​ថ្ងៃ​ទី៤ ខែមករា ​បាន​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​តំណាង​សហជីព​ណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ទាំង​កម្រោល ក្រោយ​កញ្ញា​ចុះ​ពី​លើ​រថយន្ត មកដល់​កន្លែង​ធ្វើ​កូដកម្ម​ភ្លាមៗ នៅ​ចំណុច​កែង​រដ្ឋសភា ក្បែរ​ស្ថានទូត​អូស្ត្រាលី។ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះដែរ តំណាង​កូដករ​ពីរ​នាក់​ទៀត គឺ​លោក សុខ គង្គា និង​លោក សុខ ណារិទ្ធ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដែរ។ អ្នក​ទាំង ៣នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ដដែល។

កូដករ​ក្រុមហ៊ុន​ណាហ្កាវើល​ជិត ១ពាន់​នាក់ នៅ​រសៀល​ថ្ងៃ​ទី៤ ខែមករា ដែល​ចូល​ដល់​ថ្ងៃ​ទី១៨ នៃ​ការ​ធ្វើ​កូដកម្ម បាន​ប្រមូល​ផ្គុំគ្នា​ធ្វើ​កូដកម្ម ​នៅ​មុខ​វិមាន​រដ្ឋសភា។ កូដកម្ម​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន ដែល​ចូលរួម​ធ្វើ​កូដកម្ម និង​តំណាង​របស់​ពួក​គេ​ជាបន្តបន្ទាប់។ រហូត​មក​ដល់ពេលនេះ អាជ្ញាធរ​កំពុង​ឃុំ​ខ្លួន​អ្នក​តវ៉ា​សរុប​ចំនួន ២៣ នាក់ ក្រោយ​ដោះ​លែង​បួន​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ផង។ ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន មាន ៩នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ញុះញង់។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្កាវើលដ៍​​ម្នាក់ គឺ​កញ្ញា ជឹម រដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ ធ្នូ​​ថា កម្មករ​កំពុង​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ធ្វើ​ការ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​តំណាង​សហជីព កញ្ញា ឈឹម ស៊ីថរ សហជីព​ដទៃ និង​បុគ្គលិក​ជាច្រើន​នាក់​ទៀត​ ដែល​​​អាជ្ញាធរ​កំពុង​ឃាត់​ខ្លួន​នោះ៖ « យើង​គឺជា​ប្រជាពលរដ្ឋ​ខ្មែរ ជា​បុគ្គលិក​កម្មករ​ខ្មែរ ធ្វើ​ការ​នៅ​លើ​ទឹកដី​ខ្លួនឯង ត្រូវ​និយោជក​ ដែល​ជា​ជន​បរទេស​មក​វិនិយោគ​ទុន​នៅ​លើ​ទឹកដី​ខ្លួនឯង​ ហើយ​មាន​ការរំលោភ​បំពាន​សិទ្ធិ​ក្នុង​កន្លែង​ការងារ​ការ​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​ផ្សេងៗ។ ពេល​ដែល​ពួក​យើង​ដើរ​តាម​នីតិវិធី​ច្បាប់ ដោះ​ស្រាយ​ជាមួយ​ក្រុមហ៊ុន​នៅ​លើ​តុចរចា​រយៈ​ពេល​ ៨ខែជាងហើយ រហូត​មកដល់​ថ្ងៃ​នេះ​ធ្វើ​កូដកម្ម​ ១០ថ្ងៃ​ជាង​ហើយ ​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ទទួល​បាន​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ផ្សេងៗ។ ពួក​យើង​ទាំងអស់​គ្នា​ពិតជា​មាន​អារម្មណ៍​ថា ឈឺចាប់​និង​សោកស្ដាយ​មែនទែន »

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ឆ្លើយ​ថា លោក​មិន​អាច​បកស្រាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​អាជ្ញាធរ និង​តុលាការ​កំពុង​បន្ត​នីតិវិធី​នៅឡើយ៖ « អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ហើយ។ នីតិវិធី​ផ្សេង​ទៀត​កំពុង​តែ​ចំណាត់​ការ។ អ៊ីចឹង​នៅ​ក្នុង​ដំណាក់កាល​នេះ វា​ជា​ដំណាក់កាល​ស៊ើបសួរ​ត្រូវ​ការ​រក្សា​ការសម្ងាត់​តាម​នីតិវិធី »

ជុំវិញ​ការ​ចាប់​ខ្លួន កញ្ញា ឈឹមស៊ីថរ អូស​បញ្ចូល​ក្នុង​រថយន្ត​នោះ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ហួសចិត្ត។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី អម​ដោយ​រូបភាព​វីដេអូ​នៃ​ការ​ប្រតាយប្រតប់​គ្នា ពេល​អាជ្ញាធរ​ចាប់​អូស​កញ្ញា ឈឹម ស៊ីថរ ញាត់​ចូល​រថយន្ត​នោះ​ថា តើ​នេះ​ជា​សង្គម​អ្វី? ដែល​អាជ្ញាធរ​មក​ចាប់​ស្ត្រី​វ័យ​ក្មេង​ដោយ​ហិង្សា ក្រៀក​ក​គ្នា ហើយ​ញាត់​ចូល​ឡាន​ទាំង​ប្រញាប់ប្រញាល់​គ្មាន​ដីកា​ត្រឹមត្រូវ?

អ្នកស្រី​បន្ថែម​ថា កញ្ញា ឈឹម ស៊ីថរ ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​មាឌ​ធំ ទាំង​ស៊ីវិល និង​ឯកសណ្ឋាន​បាន​ចាប់​ក្រៀក​ក​ដៃ និង​ខ្លួន​នាង​ពេញ​ទំហឹង​ស្ទើរ​តែ​នាង​ដក​ដង្ហើម​មិន​រួច ស្រែក​ក៏​មិន​បាន។ កម្មករ​ខ្លះ​បាន​រត់​មក​ជួយ​នាង​ប្រទាញប្រទង់​គ្នា​ ដូច​​ទាញ​ព្រ័ត្រ។ អ្នកស្រី​ថា អាជ្ញាធរ​មិន​គួរ​ប្រើ​កម្លាំង​ទាំង​កម្រោល​ដូច​ចាប់​ជន​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នោះ​ឡើយ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មាន​សេចក្ដី​សង្វេគ ដែល​បាន​ឃើញ​រូបភាព​ដ៏​ព្រៃផ្សៃ​បែប​នេះ សម្រាប់​ដើម​ឆ្នាំ២០២២ ហើយ​នេះ​ឬ ​ជា​អ្វី ដែល​យើង​តែង​និយាយ​ថា សង្គម​ខ្មែរ​ជា​ឋានសួគ៌​នៃ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ស្ត្រី​ត្រូវ​បាន​គោរព​ការពារ​នោះ?

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា ឯណោះ​យល់​ថា ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្កាវើល​នេះ ជា​សិទ្ធិ​សេរីភាព ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ការងារ៖ « ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ គឺ​ជា​រូបភាព​មួយ​ដែល​កំពុង​តែ​រំលោភ​ទៅលើ​គោលការណ៍​ច្បាប់ រំលោភ​ទៅលើ​គោលការណ៍​នៃ​សេរីភាព រំលោភ​ទៅលើ​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អាជ្ញាធរ​មិន​ត្រូវ​ប្រើប្រាស់​វិធានការ ក្នុង​ការ​ទៅ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទាមទារ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាពលរដ្ឋ​ទេ។ បើ​ទោះ​បី​អាជ្ញាធរ​តែងតែ​លោក​លើកឡើង​ថា ការ​ធ្វើ​ហ្នឹង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ដល់​អី​ក៏ដោយ ក៏ប៉ុន្តែ​យើង​ដឹង​ថា អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង គឺ​ជា​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ។ ដូច្នេះ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ផង ធានា​ឱ្យ​មាន​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ផង »

ចំណែក​ឯ​គណបក្ស​នយោបាយ​ឯ​ណោះ​វិញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាល​ពី​ថ្ងៃ​ទី៤ មករា​ដែរ​នោះ បាន​ចេញ ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោលទោស ចំពោះ​ទង្វើ​អាជ្ញាធរ ដែល​រារាំង និង​ប្រើ​កម្លាំង​បង្ក្រាប​ការ​ប្រមូលផ្ដុំ ទាក់ទង​នឹង​វិវាទ​ការងារ​នេះ។ គណបក្ស ដែល​មាន​លោក​បណ្ឌិត កែម ឡី ជា​ស្ថាបនិក​ពី​ដំបូង​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​ ទៅ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ត្រូវ​ដោះលែង​កូដករ​ទាំង​អស់​មក​វិញ។

បើ​ទោះជា​អាជ្ញាធរ បន្ត​ចាប់​ខ្លួន​កូដករ និង​តំណាង​របស់​ពួក​គេ ជា​បន្ត​បន្ទាប់​យ៉ាង​នេះ​ក្តី ក៏​ក្រុម​កូដករ​នៅ​តែ​បន្ត​ប្ដេជ្ញា​ថា នឹង​តស៊ូ​មតិ​ដោយ​អហិង្សា​ត​ទៅ​ទៀត ដោយ​មិន​រា​ថយ​ឡើយ រហូត​ដល់​មាន​ការ​ដោះ​លែង​ពួក​គាត់​មក​វិញ និង​មាន​ដំណោះស្រាយ​សមរម្យ​តាម​ការ​ទាមទារ​ទាំង ៩ចំណុច​តាម​ការ​ទាមទារ​របស់​ពួក​គាត់។

កញ្ញា ឈឹម ស៊ីថរ ដឹង​ច្បាស់​ថា កញ្ញា​នឹង​ត្រូវ​ចាប់​ខ្លួន។ ដូច្នេះ កញ្ញា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​មុន​ថ្ងៃ​ចាប់​ខ្លួន​ថា កញ្ញា​នឹង​នៅ​តែ​បង្ហាញ​មុខ​ចូលរួម​តវ៉ា ដើម្បី​សិទ្ធិ​កម្មករ ទោះជា​ប្រឈម​ការ​ចាប់​ខ្លួន​នេះ​ក្តី។ កញ្ញា​ព្រមាន​ថា ការ​បន្ត​ចាប់​ខ្លួន​អ្នក​តវ៉ា និង​តំណាង​ពួកគាត់​ គឺ​មិន​មែន​ជា​ដំណោះស្រាយ​ទេ ប៉ុន្តែ​វា​រឹតតែ​បញ្ឆេះ​កំហឹង​កូដករ​ទៅ​វិញ៖ «ទោះបី​ចាប់​ថ្នាក់​ដឹក​នាំ​សហជីព​ក៏ដោយ បញ្ហា​របស់​ពួក​គាត់​ អត់​បាន​ដោះស្រាយ​ឱ្យ​ពួក​គាត់​ផង។ តើ​វា​ចប់​កូដកម្ម​ហ្នឹង​យ៉ាង​ម៉េច? វា​មិន​អាច​ចប់​បាន​ទេ»។

នៅ​ថ្ងៃ​ចាប់​ខ្លួន កញ្ញា ឈឹម ស៊ីថរ នោះ កូដករ​នាំ​គ្នា​សរសេរ​សារ​តាម​ហ្វេសប៊ុក​ថា ចាប់​កញ្ញា ឈឹម ស៊ីថរ ម្នាក់ នៅ​មាន​កញ្ញា ឈឹម ស៊ីថរ ពីរ​ពាន់​នាក់​ទៀត។

កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហភាព​សហជីព សហព័ន្ធ​សហជីព និង​ សមាគម ១១៩ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា បង្ហាញ​ការ​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​វិធានការ​របស់​សមត្ថកិច្ច ដែល​ដឹក​នាំ​ដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ឃាត់​ខ្លួន​ថ្នាក់​ដឹក​នាំ​សហជីព ប្រតិភូ​ចរចារ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្កាវើលដ៏ (LRSU) ទាំង ២៣នាក់​នោះ។ ពួក​គេ​អំពាវនាវ​ឱ្យ​ដោះ​លែង​អ្នក​ទាំង​នោះ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។