គ.ជ.ប​រឹតត្បិត​អ្នកសារព័ត៌មាន​ដែល​ចង់​ចូល​ទៅ​យក​ព័ត៌មាន​ក្នុង​ការិយាល័យ​បោះឆ្នោត

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដាក់ចេញ​គោលការណ៍​រឹតត្បិត​លើ​អ្នក​សារព័ត៌មាន មុន​ចូល​ទៅ​ថត ឬ​យក​ព័ត៌មាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត ដោយ​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ប្រធាន​ការិយាល័យ​បោះឆ្នោត​ជាមុន​។ អ្នកជំនាញ​យល់​ឃើញ​ថា គ​.​ជ​.​ប មិន​គួរ​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​អ្នក​សារព័ត៌មាន​ឡើយ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​បន្ថែម​ទៀត​លើ​ការ​អនុវត្ត​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។

គ.ជ.ប​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ស្នើសុំ​ការអនុញ្ញាត​ដោយ​ផ្ទាល់​មាត់ ឬ​តាម​លិខិត​ជា​លាយលក្ខណ៍​អក្សរ ពី​ប្រធាន​ការិយាល័យ​បោះឆ្នោត​សិន ទើប​ពួកគេ​អាច​ចូល​ទៅ​យក​ព័ត៌មាន ឬ​ថតរូប​នៅក្នុង​ការិយាល័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា បាន។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ មិថុនា ថា ប្រធាន​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស មាន​ឆន្ទានុសិទ្ធិ​ខ្ពស់ ក្នុង​ការ​សម្រេច​និង​ចាត់ចែង​ការងារ​ការ​បោះឆ្នោត​មួយថ្ងៃ​ពេញ ដំណើរការ​ដោយ​រលូន ហើយ​ពួកគេ​មាន​សិទ្ធិ​សម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន ចូល​ទៅ​យក​ព័ត៌មាន​នៅក្នុង​ការិយាល័យ​បោះឆ្នោត ទោះបីជា គ​.​ជ​.​ប ចេញ​កាត​សម្គាល់​ខ្លួន​ឲ្យ​អ្នកសារព័ត៌មាន​ក្តី។

លោក ហង្ស ពុទ្ធា៖ «ខ្ញុំ​មិន​លើកឡើង​ពី​ការកំណត់ ថា​ត្រូវ​(​ស្នើសុំ​)​ជា​លាយ​ល័ក្ខណ៍​អក្សរ​នោះ​ទេ ពីព្រោះ​ថា នៅ​ថ្នាក់​ជាតិ(គ.ជ.ប)នេះ បាន​ដាក់​ស្នើសុំ​ធ្វើជា​អ្នកយកព័ត៌មាន​ថ្នាក់​ជាតិ​រួចហើយ​។ គ្រាន់តែ​ថា ពេល​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត គឺ​ត្រូវតែ​ស្នើសុំ​ទៅ​ប្រធាន​ការិយាល័យ​ទៀត បាន​អាច​ចូល​ទៅ​យក​ព័ត៌មាន​ក្នុង​ការិយាល័យ​បាន»។

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប រូប​នេះ​ព្រមាន​ថា ប្រសិនបើ​អ្នកសារព័ត៌មាន ទៅ​យក​ព័ត៌មាន ឬ​ទៅ​ថតរូប​ភាព​នៅ​តាម​ការិយាល័យ​បោះឆ្នោត ធ្វើ​ឱ្យ​រំលោភ​លើ​ការសម្ងាត់​និង​ទំនុកចិត្ត​របស់​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត និង​ត្រូវ​ប្រឈម​ការ​ផាកពិន័យ និង​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។

ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៧​បញ្ជាក់​ថា ជន​ដែល​ធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​ជា​សម្ងាត់ នឹង​ត្រូវ​ប្រឈម​ការ​ផាកពិន័យ​ពី​៥​លាន​រៀល ទៅ ២០​លាន​រៀល និង​ប្រឈម​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។ ទោះជា​យ៉ាងណាក៏ដោយ ការ​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពី​ប្រធាន​ការិយាល័យ​បោះឆ្នោត ពុំ​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​ទេ។

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែកក្កដា​ខាង​មុន​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​និង​ជាតិ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​មិន​ស្របតាម​គន្លង​លទ្ធិប្រជាធិបតេយ្យ បន្ទាប់​លោក ហ៊ុន សែន បាន​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជិត​ពីរ​លាន​នាក់ ចូលរួម​ការបោះឆ្នោត។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) លោក ណុប វី យល់​ឃើញ​ថា នៅក្នុង​ករណី​មិន​មាន​ការកំណត់​នៅក្នុង​ច្បាប់ គ​.​ជ​.​ប មិន​គួរ​ផ្ដល់​ការណែនាំ​បន្ថែម ធ្វើ​ឱ្យ​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ​ដល់​ការ​ចុះ​យក​ព័ត៌មាន​របស់​ក្រុម​អ្នកសារព័ត៌មាន​នោះ​ទេ​។ លោក​បន្ត​ថា លើស​ពី​នេះ ប្រធាន​ការិយាល័យ​បោះឆ្នោត អាច​នឹង​អនុវត្ត​លើស​ពី​អ្វី​ដែល​គ.ជ.ប បាន​ណែនាំ​ទៅទៀត។

លោក ណុប វី៖ «វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ទៅដល់​ស្ថានភាព​នៃ​ដំណើរការ​បោះឆ្នោត ប្រកបដោយ​សេរី ហើយ​ត្រឹមត្រូវ ទី​១​។ ហើយ ទី​២ នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​តម្លាភាព នៃ​ការ​យក​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ហើយ​បើ​និយាយ​ដាច់​ដោយឡែក វា​ប៉ះពាល់​ទៅដល់​សេរីភាព​អ្នកសារព័ត៌មាន គឺ​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មួយ​ផ្នែក​ទៀត ទៅ​ដល់​ការ​អនុវត្ត​សេរីភាព​សារព័ត៌មាន»។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវង្ស ព្រួយបារម្ភ​ថា ការ​តម្រូវ​របស់​គ.ជ.ប នេះ អាច​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន ប្រឈម​នឹង​ការ​មិន​អនុញ្ញាត​ឱ្យ​ផ្ដិត​រូបភាព ឬ​យក​ព័ត៌មាន​នៅក្នុង​ការិយាល័យ​បោះឆ្នោត ឬ​ពី​ដំណើរការ​រាប់​សន្លឹកឆ្នោត ដើម្បី​ផ្សាយ​ទៅកាន់​ពលរដ្ឋ​។ បច្ចុប្បន្ន គ​.​ជ​.​ប មិន​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ថតរូប​នៅ​ការិយាល័យ​បោះឆ្នោត​ឡើយ។

លោក កន សាវង្ស៖ «ការ​ផ្ដល់​ឱ្យ​ក្នុង​កម្រិត​ណា​?ឧទាហរណ៍ គាត់​(​ប្រធាន​ការិយាល័យ​)មិន​សប្បាយចិត្ត ជា​អារម្មណ៍ មិនមែន​ជា​គោលការណ៍ ស្រាប់តែ​ពេល​អ្នកកាសែត​និង​សារព័ត៌មាន​ស្នើសុំ ជា​អារម្មណ៍​របស់​គាត់ គាត់​មិនសូវ​សប្បាយចិត្ត គាត់​ខឹង​អី​មួយ គាត់​មិន​អនុញ្ញាត​ឱ្យ​។ អាហ្នឹង​ជា​បញ្ហា​មួយ​ធំ​ណាស់ ដែល គ​.​ជ​.​ប ត្រូវ​ណែនាំ​ឱ្យ​មាន​ភាព​ច្បាស់លាស់​នៃ​ការ​សុំ​ហ្នឹង​ថា គ្រាន់តែ​ប្រាប់​ជា​ព័ត៌មាន វា​មិនមែន​ទាល់​មើល​ផ្ចិតផ្ចង់ សម្រេច​ថាឱ្យ​ឬ​មិន​ឱ្យ​ទេ ពីព្រោះ​ច្បាប់ ឥតមាន​ចែង​ឱ្យ​ច្បាស់លាស់​នៅត្រង់​ហ្នឹង»។

អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ នៅក្នុង​របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ ដែល​ជា​ចំណាត់ថ្នាក់​កាន់តែ​អាក្រក់​។ លើស​ពី​នេះ លំហ​សេរីភាព​សារព័ត៌មាន ត្រូវ​បាន​គេ​មើលឃើញ​ថា កាន់តែ​រួម​តូច បន្ទាប់ពី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​បិទ​វិទ្យុ វីអូឌី(VOD) កាលពី​ខែ​កុម្ភៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។