ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបើកលំហបរិយាកាសនយោបាយឲ្យល្អ តាមការសន្យារបស់ លោក ហ៊ុន សែន ចំពោះមុខរាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ឆ្លើយតបសំណើនេះ មន្ត្រីរដ្ឋាភិបាល និយាយថា រដ្ឋាភិបាលបំពេញការងាររបស់ខ្លួនតាមច្បាប់ ប៉ុន្តែ មិនធ្វើតាមការនិយាយរបស់មន្ត្រីអង្គការសង្គមស៊ីវិលនោះទេ។
ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ស្វាគមន៍ជំនួបរវាងប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក វិទិត ម៊ុនតាប៊ន (Vitit Muntarbhorn) ដែលជាជំនួបលើកដំបូងកាលពីថ្ងៃទី២២ ខែកញ្ញា។ ទោះយ៉ាងណា ពួកគេកត់សម្គាល់ថា ការធានាត្រឹមការគោរពសិទ្ធិនៃការរស់រានមានជីវិត និងការធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម មិនទាន់គ្រប់គ្រាន់ឡើយក្នុងសង្គមប្រជាធិបតេយ្យ។ ក្រុមមន្ត្រីសិទ្ធិមនុស្ស ស្នើទៅរដ្ឋាភិបាល ត្រូវមានការគោរពសិទ្ធិ សេរីភាព ការបើកលំហប្រជាធិបតេយ្យ និងធ្វើឲ្យពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា មកដល់ពេលនេះ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិមិនទាន់ឆ្លើយតបបែបនេះ ចំពោះការលើកនៃភាគីរដ្ឋាភិបាល លោក ហ៊ុន សែន នៅឡើយ ក្រៅតែពីការអះអាងជាឯកតោភាគីរបស់រដ្ឋាភិបាល។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តទៀតថា ទោះភាគីរដ្ឋាភិបាល មានការអះអាងថា ខ្លួនព្យាយាមគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្ដី ប៉ុន្តែ លោកថា ករណីជាក់ស្ដែងប្រទេសកម្ពុជាត្រូវបានសហគមន៍អន្តរជាតិទាមទារឲ្យមានការកែប្រែការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាច្រើនឆ្នាំមកហើយ៖ «យើងអត់ទាន់ឃើញ មានឆ្លើយតបនៃការលើកឡើងទេ ចំណុចទាំងអស់នេះយើងនឹងរង់ចាំមើលផងដែរអំពីខាងឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលផ្នែកសិទ្ធិមនុស្សថា អ្វីជាការលើកឡើងទាំងអស់ហ្នឹងគីពិតជាមានការលើកឡើងក្នុងប៉ុន្មានចំណុចហ្នឹងដែរឬទេ ហើយមានផលវិជ្ជមានរបៀបម៉េចនៅខាងឧត្ដមស្នងការហ្នឹង»។
ស្រដៀងគ្នាដែរ នាយករងទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត និយាយថា ការជជែករវាង លោក ហ៊ុន សែន និងអ្នករាយការណ៍ពិសេស គឺជាបញ្ហាដែលកំពុងកើតមានឡើងនៃការរស់នៅរបស់ពលរដ្ឋ និងបញ្ហាប្រឈមរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ។ លោក អំ សំអាត ជំរុញទៅរដ្ឋាភិបាល បើកលំហសិទ្ធិសេរីភាព បើកលំហនយោបាយ ដើម្បីជំរុញកម្ពុជាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ៖ «ឃើញថា មានការរិះគន់ជាច្រើនសូម្បីតែក្រុមប្រឹក្សាមនុស្សហ្នឹងក៏បានសម្ដែងការព្រួយបារម្ភអំពីការដើរថយក្រោយនៃឥទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ក្រោយពេលលោក ហ៊ុន សែន អះអាងថា កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ មាន លំហ លទ្ធិប្រជាធិបតេយ្យ ព្រមទាំងចង់បានកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេស ដើម្បីបង្កើតបរិយាកាស ដែលជឿជាក់គ្នាប្រកបដោយការស្ថាបនាលើបញ្ហាសិទ្ធិមនុស្ស។
នៅក្នុងជំនួបលើកដំបូងតាមប្រព័ន្ធវីដេអូ រវាង លោក ហ៊ុន សែន ជាមួយអ្នករាយការណ៍ពិសេស លោក វិទិត ម៊ុនតាប៊ន កាលពីថ្ងៃទី២២ ខែកញ្ញា លោក ហ៊ុន សែន ឲ្យដឹងថា ភាគីអ្នករាយការណ៍ពិសេសបានស្នើសុំស្វែងយល់ពីស្ថានភាពចំនួន៤ធំៗ ដែលរួមមាន៖ បញ្ហាសិទ្ធិមនុស្ស មេរៀនពីជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ករណីពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិល នយោបាយ និងអ្វី ដែលគួរធ្វើ ដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។
ឆ្លើយតបរឿងនេះ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកធានាសិទ្ធិសេរីភាពរស់រានមានជីវិតរបស់ពលរដ្ឋតាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ និងអ្នកជាប់ឃុំ រួមទាំងដោះស្រាយករណីឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារ។ លោកថា រដ្ឋាភិបាលរបស់លោកត្រូវតែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គម។
ទាក់ទងជំនួបនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែម សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន បានទេនៅថ្ងៃទី២៣ ខែកញ្ញា។
ទោះយ៉ាងណាកាលពីខែសីហា លោកសាស្ត្រាចារ្យ វីវិទិត ម៊ុនតាប៊ន រួម ជាមួយ អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួនបួនរូបទៀត បានសម្ដែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្ដោះអាសន្នទៅលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ដែលរួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក លោក មួង សុភ័ក្ត្រ និង លោក មាន ព្រហ្មមុនី ដែលហាក់ដូចជាត្រូវបានឃុំខ្លួនដោយបំពាន និងដកហូតសេរីភាពរបស់ពួកគេ។ ក្រុមអ្នកជំនាញលើកឡើងទៀតថា សកម្មភាពសកម្មជនទាំងនោះជាការងារស្របច្បាប់ និងដោយសន្តិវិធីក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជា។
លើសពីនេះ ក្រុមអ្នកជំនាញបានសម្ដែងនូវកង្វល់យ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អាជ្ញាធរនៅកម្ពុជាកំពុងកំណត់គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌដល់ អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើការងារដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និយាយថា ការគោរពសិទ្ធិមនុស្សទាមទារឲ្យមានចូលរួមអនុវត្តទាំងអស់គ្នា។ មន្ត្រីរដ្ឋាភិបាល រូបនេះ ឆ្លើយតបទៅសំណើរបស់មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលអនុវត្តការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យទៅតាមច្បាប់ មិនមែនធ្វើតាមការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនោះទេ៖ «បើសិនយើងយកគោលការណ៍ប្រទេសដទៃទៀតនៅលើពិភពលោកនេះ យើងសិទ្ធិនៃប្រជាជាតិមួយពូជសាសន៍មួយយកទៅបំពាក់លើពូជសាសន៍មួយអត់ទទួលបានលទ្ធផលទេ»។
រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសថា ដើរខុសពីគន្លងនៃការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបានទុក្ខបុកម្នេញលើគណបក្សប្រឆាំង រហូតមានការបំភិតបំភ័យ និងរារាំងការបំពេញការងាររបស់អតីតអ្នករាយការណ៍ពិសេសអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថែមទៀតផង។ ករណីនេះធ្វើឲ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាល លោក ហ៊ុន សែន ជាបន្តបន្ទាប់៕