អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៤ស្ថាប័ន បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសអ៊ីតាលី បញ្ឈប់ជាបន្ទាន់ក្នុងការដំណើរការនីតិវិធីស្មុំកូនពីប្រទេសកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការស្នើសុំនេះគឺដើម្បីបញ្ចៀសការរំលោភបំពានសិទ្ធិកុមារ តាមរយៈការស្មុំកូនឆ្លងប្រទេស ដូចដែលធ្លាប់កើតមានកន្លងមក។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) មជ្ឈមណ្ឌលការពារសិទ្ធិមនុស្ស (CCHR) សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) រួមជាមួយអង្គការបរទេស ឈ្មោះថា សំឡេងការស្មុំកូនអន្តរប្រទេស (Intercountry Adoptee Voices) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី២៨ ខែមិថុនា ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសអ៊ីតាលី បញ្ឈប់ជាបន្ទាន់ក្នុងការបើកដំណើរឡើងវិញ លើនីតិវិធីស្មុំកូនពីកម្ពុជា ទៅអ៊ីតាលី។
ក្រុមអង្គការទាំងនេះ លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជាគួរបំពេញតួនាទីលើកកម្ពស់ការថែទាំសុខុមាលភាពកុមារ ឱ្យទទួលបានការលូតលាស់ប្រកបដោយគុណភាពនៅក្នុងប្រទេស ជាជាងផ្ដល់ការអនុញ្ញាតឱ្យមានការស្មុំកូនទៅប្រទេសក្រៅ ដែលធ្វើឱ្យកុមារត្រូវបានគេស្មុំ ត្រូវរងការរំលោភបំពានសិទ្ធិ និងបាត់បង់ទំនាក់ទំនងគ្រួសាររបស់ខ្លួន។ អង្គការសង្គមស៊ីវិលបន្តថា បើទោះបីជាមានច្បាប់ និងគោលនយោបាយថ្មីៗ ដើម្បីធានាអំពីការស្មុំកូនដោយសុវត្ថិភាពក្ដី ប៉ុន្តែនីតិវិធីទាំងនោះនៅតែមិនអាចលុបបំបាត់បញ្ហាក្លែងបន្លំឯកសារ ប្ដូរឈ្មោះ ថ្ងៃខែកំណើតកុមារ និងអំពើពុករលួយ ក្នុងដំណើរការស្មុំកូនបានឡើយ។
ក្រោយពីមានសេចក្ដីរាយការណ៍ជាច្រើនពីអំពើខុសក្រមសីលធម៌ និងរំលោភច្បាប់ស្ដីពីការស្មុំកូន រដ្ឋាភិបាលកម្ពុជា និងប្រទេសជាច្រើនបានហាមឃាត់ការស្មុំកូនឆ្លងប្រទេសក្នុងឆ្នាំ២០០៩។ ប៉ុន្តែនៅក្នុងខែឧសភា កន្លងទៅកម្ពុជា និងអ៊ីតាលី បានចាប់ផ្ដើមបោះជំហានទៅរកការបើកឱ្យមានការស្មុំកូនពីកម្ពុជាឡើងវិញ ដោយគណៈកម្មការស្មុំកូនអន្តរប្រទេសអ៊ីតាលី បានបង្ហាញថា អាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេស នៃក្រសួងសង្គមកិច្ចកម្ពុជា បានអនុញ្ញាតឱ្យភ្នាក់ងារស្មុំកូនអ៊ីតាលីចំនួន៣ ដំណើរការក្នុងប្រទេសកម្ពុជា និងភ្នាក់ងារស្មុំកូនអ៊ីតាលីចំនួន៣ទៀត កំពុងរង់ចាំទទួលបានការអនុញ្ញាតដំណើរការ។ បន្ថែមពីនេះ គណៈកម្មការស្មុំកូនអន្តរប្រទេសអ៊ីតាលីបានលើកឡើងថា នីតិវិធីស្មុំកូនចំនួន៩នាក់ កំពុងរង់ចាំការសម្រេច។
របាយការណ៍ការអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ឆ្នាំ២០១៨ បង្ហាញថា ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០០៩ កុមារកម្ពុជាជាច្រើនពាន់នាក់ត្រូវបានគេសុំយកទៅចិញ្ចឹមនៅក្រៅប្រទេស។ ទោះជាយ៉ាងណា កុមារទាំងនោះជាច្រើននាក់មិនមែនជាកុមារកំព្រានោះឡើយ ដោយពួកគេត្រូវបានឪពុកម្ដាយយកទៅដាក់នៅមណ្ឌលកុមារកំព្រា ដោយសារតែកត្តាជីវភាពក្រីក្រ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែមិថុនា។ ទោះជាយ៉ាងណា លោក តូច ចាន់នី បានឆ្លើយតបសារព័ត៌មាន ខេមបូចា (CamboJa) ថា រដ្ឋាភិបាលកម្ពុជាបើកឱ្យដំណើរការស្មុំកូនឆ្លងប្រទេសឡើងវិញដោយសារតែកម្ពុជាបានធ្វើសេចក្ដីព្រាងច្បាប់ ដែលមានការគាំពារគ្រប់គ្រាន់ពេលបញ្ជូនកុមារទៅបរទេស។ លោកបញ្ជាក់ថា កម្ពុជាបានផ្អាកដំណើរការស្មុំកូន ដោយសារតែមិនទាន់មានច្បាប់ស្មុំកូនប្រកបដោយប្រសិទ្ធភាព។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មូលហេតុដែលក្រុមអង្គការសង្គមស៊ីវិលស្នើសុំឱ្យរដ្ឋាភិបាល បញ្ឈប់ការអនុញ្ញាតឱ្យមាននីតិវិធីស្មុំកូនឡើងវិញ គឺដើម្បីធានាកុំឱ្យមានការរំលោភសិទ្ធិកុមារ តាមរយៈការស្មុំកូនអន្តរប្រទេសឡើងវិញ។ លោកបន្ថែមថា ដោយសារអំពើពុករលួយ និងការអនុវត្តច្បាប់នៅកម្ពុជានៅតែមានភាពទន់ខ្សោយ ដូច្នេះ បើទោះបីជាមាននីតិវិធីថ្មីៗ ដើម្បីធានាការស្មុំកូនដោយសុវត្ថិភាព ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលនៅតែព្រួយបារម្ភចំពោះការក្លែងបន្លំឯកសារក្នុងដំណើរការស្មុំកូន។
លោក អំ សំអាត៖ «យើងមិនចង់ឃើញរាជរដ្ឋាភិបាល ឬក៏អាជ្ញាធរយើងបើកឡើងវិញទាំងប្រថុយប្រថានលើការស្មុំកូនអន្តរប្រទេសនេះទេ គឺយើងចង់ឱ្យមានការធ្វើឱ្យប្រាកដ និងការកែលម្អឡើងវិញទៅលើប្រព័ន្ធនៃកិច្ចការពារកុមារ ទាក់ទងនឹងការស្មុំកូនអន្តរប្រទេសនេះ ដើម្បីជាការលើកកម្ពស់ទៅលើសិទ្ធិកុមារ និងកិច្ចការពារកុមារឱ្យបានគ្រប់គ្រាន់កុំឱ្យដូចពេលកន្លងមក»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយអំពីបញ្ហានេះ ពីអគ្គកុងស៊ុលអ៊ីតាលីប្រចាំប្រទេសកម្ពុជា បាននៅឡើយទេ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនត្រូវអនុញ្ញាតឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញទេ។ ដើម្បីបញ្ចៀសការរំលោភសិទ្ធិកុមារ និងការរស់នៅឃ្លាតឆ្ងាយពីគ្រួសារកំណើត ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់ការថែទាំ និងផ្ដល់ការអប់រំទៅដល់កុមារតាមគ្រួសារ និងសហគមន៍ ជាជាងអនុញ្ញាតឱ្យកុមារទៅរស់នៅជាមួយឪពុកម្ដាយថ្មី និងគ្មានវិធានការតាមដានដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។