អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានថា រដ្ឋាភិបាលគួរតែធ្វើតាមសំណើរបស់អ្នករាយការណ៍ពិសេសនៃ អ.ស.ប ដើម្បីគោរពសេរីភាពបញ្ចេញមតិ
2021.10.20
ក្រុមសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលពិចារណាអនុសាសន៍លើកស្ទួយសេរីភាព បញ្ចេញមតិរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានរកឃើញនិងបង្ហាញក្នុងរបាយការណ៍របស់ខ្លួននូវការរឹតត្បិតលំហសេរីភាពការជួបប្រជុំសម្ដែងមតិ និងសេរីភាពក្នុងវិស័យសារព័ត៌មាន ប៉ុន្តែរបបក្រុងភ្នំពេញបានចេញបដិសេធថា ការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពលំអៀង និងគ្មានមូលដ្ឋាន។
អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ និងអ្នកតស៊ូមតិក្នុងស្រុកសម្ដែងក្ដីបារម្ភចំពោះការបដិសេធរបស់រដ្ឋាភិបាលទៅលើការរកឃើញរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ ពួកគេថា ការដែលរដ្ឋាភិបាលមិនទទួលស្គាល់ទង្វើរឹតបន្តឹងរបស់ខ្លួន នឹងធ្វើឱ្យសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្លួនឯងធ្លាក់ចុះកាន់តែខ្លាំង នាំឱ្យប៉ះពាល់ដល់ការរីកចម្រើននៃប្រទេសជាតិ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា យោងតាមការសង្កេតកន្លងមក ការចាប់ចង និងការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋគឺបានផ្សារភ្ជាប់ទៅលើបរិយាកាស និងកម្ដៅនយោបាយ។ លោកថា ដើម្បីឲ្យស្ថានភាពនេះបានធូរស្រាល គឺមានតែអ្នកនយោបាយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រច្រើន ងាកមករកតុចរចានិងការត្រូវរ៉ូវគ្នាឡើងវិញ៖«ដំណោះស្រាយទៅមុខមានតែអ្នកនយោបាយទេដែលត្រូវតែងាកមករកការស្រុះស្រួលងាកមករកការដោះស្រាយបញ្ហានយោបាយទាំងអស់ហ្នឹង ដើម្បីឱ្យស្តាស្ថានការណ៍ទាំងអស់ឡើងវិញ មិនខុសពីអ្វីដែលខាងសហគមន៍អឺរ៉ុបខាងអង្គការជាតិ អន្តរជាតិឬក៏សហរដ្ឋអាមេរិកដែលបាន លើកឡើង ទទូចឲ្យរដ្ឋាភិបាលត្រូវតែងាកមកធ្វើការពិភាក្សានិងដោះស្រាយបញ្ហាភាពតានតឹងខាងនយោបាយទេ វាជារឿងមួយដែលរដ្ឋាភិបាលត្រូវតែពិចារណា។ ប៉ុន្តែកន្លងទៅទោះបីមានរបាយការណ៍ចេញមកយ៉ាងម៉េចក៏ដោយ ខាងរដ្ឋាភិបាលនៅតែព្យាយាមចេញមកបដិសេធរហូត។ ខ្ញុំគិតថា ការបដិសេធរបស់រដ្ឋាភិបាលមិនមែនជាការចំណេញដល់ប្រទេសជាតិ ឬក៏ប្រជាពលរដ្ឋនោះទេ»។
ការលើកឡើងរបស់មន្ត្រីអង្គការសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានចេញប្រតិកម្មតបភ្លាមៗ ថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពលំអៀង និងគ្មានមូលដ្ឋាន។ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ០៦ ខែតុលា ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វ៊ីស (Switzerland) ទៅកាន់សម័យប្រជុំលើកទី ៤៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាកម្ពុជាកំពុងតែដើរថយក្រោយ ងាកចេញពីគន្លងប្រជាធិបតេយ្យ។ មន្ត្រីរដ្ឋាភិបាលបានចេញបដិសេធជាហូរហែដោយចោទថា របាយការណ៍អ្នកជំនាញសិទ្ធិមនុស្សរូបនេះ មានចរិតនយោបាយ និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) លើកឡើងថា សិទ្ធិសេរីភាពជាមូលដ្ឋាន ដែលរួមមាន សិទ្ធិសេរីភាពការជួបជុំសម្ដែងមតិ និងសេរីភាពសារព័ត៌មាន រួមទាំងសេរីភាពអង្គការសមាគមដែលជាសសរស្ដម្ភ និងជាឆ្អឹងខ្នងនៃប្រជាធិបតេយ្យ ទាក់ទងនឹងការអនុវត្តសិទ្ធិនយោបាយនោះកំពុងរងការរឹតត្បិត។ លោកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ងាកមករកផ្លូវត្រូវនៃគន្លងប្រជាធិបតេយ្យវិញ ដោយត្រូវបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ និងស្តាប្រជាធិបតេយ្យមកវិញ។
លោកថា សេរីភាពក្នុងការបញ្ចេញមតិគឺជាបញ្ហាធំមួយ ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដោយអាជ្ញាធររដ្ឋបានប្រើប្រាស់ពាក្យពេចន៍នៅក្នុងច្បាប់ ឬវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលមានការរឹតត្បិតខ្លាំងដល់ការគោរពសិទ្ធិមនុស្ស។ រហូតមកដល់ពេលនេះ មានមនុស្សរាប់រយនាក់ ត្រូវបានអាជ្ញាធររដ្ឋពិន័យ ឃាត់ខ្លួន និងចាប់ដាក់ពន្ធនាគារក្រោមការអនុវត្តច្បាប់នេះ។ ភាពធ្ងន់ធ្ងរនៃច្បាប់នេះដែរនោះ គឺកំណត់ទោសទណ្ឌជាប់ពន្ធនាគារអាចរហូតដល់ ២០ឆ្នាំ ដោយសារតែការមិនគោរពតាមវិធានរដ្ឋបាល។ លោកសង្កត់ធ្ងន់ថា ការចាប់ខ្លួនពលរដ្ឋដែលហ៊ាននិយាយរិះគន់រឿងកូវីដ-១៩ នេះ ធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ធ្វើឲ្យប្រជាពលរដ្ឋរឹតត្បិតខ្លួនឯង និងការបញ្ចេញមតិត្រូវគេតាមដាន។ រីឯការជួបប្រជុំសម្ដែងមតិ ក៏ត្រូវរារាំងមិនអាចអនុវត្តបាន។
ជារៀងរាល់លើកក្រុមស្ត្រីសាច់ញាតិមន្ត្រីនិងសកម្មជនបក្សប្រឆាំង ដែលចេញតវ៉ាដោយសន្តិវិធីនៅមុខតុលាការ និងដាក់ញាតិសុំអន្តរាគមន៍តាមស្ថានទូតប្រទេសប្រជាធិបតេយ្យដោះលែងសាច់ញាតិរបស់ពួកគេ តែងត្រូវបានសន្តិសុខរបស់អាជ្ញាធររាជធានីភ្នំពេញ ដាក់កម្លាំងច្រើនលើសលុបពីអ្នកតវ៉ា ប្រវាយប្រតប់ ដណ្ដើមបដា ប្រើពាក្យសម្ដីមាក់ងាយ និងបង្ករបួសស្នាមលើក្រុមស្ត្រីទាំងនោះ។
ត្រង់ចំណុចនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល តែងចេញមុខការពារការបង្ក្រាប ដោយបកស្រាយថា ជាការជួបជុំតវ៉ាដោយមិនបានជូនដំណឹង និងសហការជាមួយសមត្ថកិច្ចអាចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដទៃ ព្រមទាំងជាការដាក់សម្ពាធដល់ស្ថាប័នតុលាការឯករាជ្យទៀតផង។
ក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ លោកស្រី ព្រុំ ចាន់ថា ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិដែលមានកូននិងប្ដីកំពុងជាប់ពន្ធនាគារ តែងចេញដាក់ញត្តិជាមួយក្រុមស្ត្រី និងកូនៗសកម្មជនប្រមាណ ១០នាក់។ លោកស្រីទទួលស្គាល់ថា ពិតណាស់ពួកគាត់ ចេញរកកិច្ចអន្តរាគមន៍ដើម្បីដាក់សម្ពាធដល់ស្ថាប័នតុលាការ ព្រោះតែស្ថាប័នមួយនេះគ្មានភាពឯករាជ្យមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការជ្រោងទង់យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ តែបែរជាធ្វើការកាត់សេចក្ដីតាមការចង់បានរបស់អ្នកមានអំណាច និងអ្នកនយោបាយ៖ «ខ្ញុំនៅតែតស៊ូរហូតខ្ញុំអត់ដកថយទេ ដោយសារមិនខ្វល់ពីសម្ដីពួកគាត់ បើសិនជាយើងមិនចេញតវ៉ា បើសិនជាយើងឲ្យគាត់នៅគ្របដណ្តប់លើពួកយើងទៀតហ្នឹងគាត់រឹតតែជាន់កាន់តែខ្លាំងប្ដីយើងជាប់គុកដោយអត់អំពើ កូនយើងជាប់គុកដោយអត់អំពើ ដោយអត់មានកំហុសសោះ ហើយដាក់ទោសកូននិងប្ដីយើងទាំងអស់គ្នា បើពួកយើងមិនចេញតវ៉ាទៀតវាហាក់បីដូចថា ទទួលស្គាល់ថាវាជាកំហុសរបស់ប្តីពួកយើងមែន ហើយពួកយើងក្បត់ជាតិមែន គាត់មានលក់អីបានមួយដុំ? បើខ្ញុំមិនចេញតវ៉ាទេពិភពលោកគេម៉េចដឹង? ចឹងមានអីន័យថាអរគុណសន្តិភាពមែន? បើអត់មានសន្តិភាពសម្រាប់ពួកខ្ញុំផងហ្នឹង អរគុណសន្តិភាពរបៀបម៉េច អរគុណសន្តិភាពលុះណាតែមានសន្តិភាពទាំងផ្លូវចិត្តនិងផ្លូវកាយ ខ្ញុំអត់សុខចិត្តទេ»។
ភ្ជាប់ទៅនឹងសេរីភាពសម្ដែងមតិនឹងវិស័យសេរីភាពសារព័ត៌មានវិញ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានរំលេចឡើងដែរថា សេរីភាពសារព័ត៌មានក៏រងការប៉ះពាល់ដែរ ដោយសារតែកម្ពុជាមានភាពស្រពិចស្រពិល និងភាពមិនច្បាស់លាស់ច្រើន ទាក់ទងការចែងច្បាប់នានា ដែលប៉ះពាល់ដល់ការលើកស្ទួយប្រជាធិបតេយ្យ។ ជាឧទាហរណ៍កន្លងមក អ្នកដែលហ៊ាននិយាយពាក់ព័ន្ធដល់រឿងជំងឺកូវីដ-១៩ ត្រូវបានចាប់ខ្លួនដាក់គុក ហើយតំបន់ក្រហម ឬតំបន់បិទខ្ទប់ ត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន ខណៈអ្នកប្រើប្រាស់សេរីភាពបញ្ចេញមតិលើបណ្ដាញសង្គមក៏រងការរឹតត្បិត គំរាមកំហែង និងចាប់ខ្លួន។ លោកថា បើទោះបីជានៅប្រទេសកម្ពុជាប្រព័ន្ធផ្សព្វផ្សាយមានបរិមាណច្រើនសន្ធឹកសន្ធាប់ តែនៅខ្វះគុណភាព។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី ថ្លែងថា ការឆ្លើយតបរបស់រដ្ឋាភិបាលថា ចំនួនប្រព័ន្ធផ្សព្វផ្សាយជិត ២ពាន់ស្ថាប័នកំពុងដំណើរការដោយសេរីនោះ លោកឃើញថា ក្នុងចំនួននោះពុំមានចម្រុះភាពនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគណបក្សនយោបាយនានា ដែលអាចធ្វើកិច្ចការបានដោយសេរី ឬមានវត្តមាននៅក្នុងស្រុកឡើយ ព្រោះពួកគេនៅបំពេញការងាររបស់ខ្លួនក្នុងស្ថានភាពលំបាក រងការគំរាមកំហែងនិងរឹតត្បិតពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ លោកថា ចំណុចនេះ រដ្ឋាភិបាលគួរតែឆ្លុះបញ្ចាំងនិងពិចារណាឡើងវិញ៖ «ជារួមគួរតែមានការបើកទូលាយសម្រាប់ដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយគ្រប់និន្នាការនយោបាយគួរតែទទួលបានការគាំទ្រហើយគួរតែមានការផ្ដល់មធ្យោបាយពីសមត្ថកិច្ច ក៏ដូចជាក្រសួងរបស់រដ្ឋាភិបាលទី ១។ ទី ២ សម្រាប់អ្នកសារព័ត៌មានទូទៅគួរតែទទួលបានការគាំពារទាំងសុវត្ថិភាព ទាំងមធ្យោបាយទាំងសន្តិសុខពេញលេញនៅក្នុងការធ្វើសកម្មភាពធ្វើសេចក្ដីរាយការណ៍ព័ត៌មានផ្សេងៗ ទោះបីជាព័ត៌មានហ្នឹងមាននិន្នាការរិះគន់ដល់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែសេរីភាពរបស់ពួកគាត់គួរតែត្រូវបានធានាហើយមិនមានការភ័យខ្លាចជាដើម។ ទាំងអស់នេះ គឺជាចំណុចដែលរាជរដ្ឋាភិបាលគួរតែយកទៅឆ្លុះបញ្ចាំងពិនិត្យពិចារណា ហើយដាក់ចេញធ្វើជាសកម្មភាពជាក់ស្ដែង ដើម្បីលើកទឹកចិត្តឲ្យធ្វើការងារមួយប្រកបដោយសេរីភាពពេញលេញ របស់អ្នកសារព័ត៌មានការដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីបញ្ចប់នូវនិទ្ទណ្ឌភាពទាំងឡាយប្រឆាំងជាមួយសារព័ត៌មានគួរតែជារឿងអាទិភាពដែលរាជរដ្ឋាភិបាលគួរតែធ្វើ»។
មិនខុសពីអ្នករាយការណ៍ពិសេសមុនៗនោះទេ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបច្ចុប្បន្ននេះ បានពិនិត្យមើលស្ថានភាពទូទៅពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២០ រហូតមកទល់នឹងខែ ឧសភា ឆ្នាំ ២០២១ ហើយបានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន១០ចំណុច។ ក្នុងចំណោមអនុសាសន៍ទាំងនេះ លោក វិទិត មុនតាប៊ន ចង់ឃើញរដ្ឋាភិបាលកែលំអច្បាប់ដែលមានលក្ខណៈរឹតត្បិតធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស បញ្ឈប់ឈ្លបយកការណ៍ និងកាផ្ដន្ទាទោសក្រុមអ្នករិះគន់ ព្រមទាំងធានានូវបរិយាកាសសេរី និងពហុបក្សសម្រាប់ការបោះឆ្នោតខាងមុខ។ សំខាន់ជាងនេះទៀត លោកចង់ឃើញរដ្ឋាភិបាលធ្វើយ៉ាងណាបើកលំហដើម្បីឱ្យមានកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងការស្តាស្ថាប័នជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។