អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​ថៃ​គោរព​សិទ្ធិ​ពលករ​អន្តោប្រវេសន៍

0:00 / 0:00

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក បាន​បន្ទោស​រដ្ឋាភិបាល​ថៃ ថា​បាន​បំពាន​ដល់​សិទ្ធិ​ពលករ​ធ្ងន់ធ្ងរ ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ដែល​ខ្វះ​លិខិត​ស្នាម​ទាំង​បង្ខំ​មក​កម្ពុជា វិញ​ដ៏​ច្រើន​ណែន​តាន់តាប់​តាម​រយៈ​ឡាន​ទ្រុង ឡាន​ដឹក​ដី ឬ​ឡាន​ដឹក​ទំនិញ​ក្នុង​ខែ​មិថុនា នេះ។

ជាមួយ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ គោរព​សិទ្ធិ​ពលករ​អន្តោប្រវេសន៍ និង​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ឲ្យ​ពួក​គេ មាន​លទ្ធភាព​ក្នុង​ការ​ស្នាក់នៅ​ប្រទេស​ថៃ រយៈពេល​យូរ និង​អាច​ចូលរួម​បង្កើត​សហជីព ដើម្បី​ការពារ​សិទ្ធិ​កម្មករ។

ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ​រួម​មាន ការ​បន្ទាបបន្ថោក ការ​ចាប់​បង្ខំ​មនុស្ស​ឲ្យ​ឡើង​ឡាន​ដោយ​មិន​ឲ្យ​ពួក​គេ​ត្រៀម​លក្ខណៈ​ជា​មុន ការ​បង្អត់​បាយ​ក្រហាយ​ទឹក និង​ការ​ដាក់​ឲ្យ​មនុស្ស​ជិះ​ប្រជ្រៀត​ណែន​ណាន់​តាន់តាប់​លំបាក​ដក​ដង្ហើម។ មនុស្ស​ចាស់​ជរា ក្មេងៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន ត្រូវ​បាន​គេ​ដាក់​ឲ្យ​ជិះ​ក្នុង​រថយន្ត​ទ្រុង​ក្នុង​អាកាសធាតុ​ដ៏​ក្តៅ​ហួតហែង ហើយ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ។

មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​យោធា​ថៃ មិន​បាន​យោគយល់​ដល់​កម្ពុជា ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូច​គ្នា។ លោក​បន្ត​ថា ការ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​នេះ ធ្វើ​ឡើង​ដោយ​មិន​បាន​សហការ​ជាមួយ​ស្ថានទូត​របស់​កម្ពុជា ប្រចាំ​ក្នុង​ទីក្រុង​បាងកក ដែល​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​ពលករ​ដែល​ខ្វះ​លិខិត​ស្នាម​ជាង ២​សែន​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ ដែល​ទើប​ឡើង​កាន់​អំណាច​ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ទាំង​បង្ខំ និង​ដោយ​អំពើ​ហិង្សា។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ រដ្ឋាភិបាល​ថៃ បដិសេធ​ថា ថៃ មិន​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលករ​ខ្មែរ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ហើយ​ថា ពលករ​ខ្មែរ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​វិល​ត្រឡប់​ទៅ​កម្ពុជា វិញ​ដោយ​ខ្លួន​ឯង។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​ថា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក អ្នកស្រី អ៊ាត សោភា បាន​យល់​ស្រប​ជាមួយ​រដ្ឋាភិបាល​ថៃ ថា​ថៃ ពុំ​បាន​វាយ​ធ្វើ​បាប​បាញ់​សម្លាប់ ឬ​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ​នោះ​ឡើយ។

រដ្ឋសភា​ថៃ កន្លង​មក បាន​អនុម័ត​ឲ្យ​មាន​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខ្មែរ​ខុស​ច្បាប់​ទាំងអស់ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឲ្យ​ទៅ​ស្រុក​កំណើត​វិញ ដោយ​ហេតុផល​ថា​ថៃ ចង់​ឲ្យ​ពលករ​ខុស​ច្បាប់​ទាំងអស់ ធ្វើ​លិខិត​ស្នាម​ស្រប​ច្បាប់​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កម្ពុជា បាន​ស្នើ​ឲ្យ​ភាគី​ថៃ ធ្វើ​យ៉ាង​ណា​កុំ​យក​ទោសពៃរ៍​បន្ថែម​ចំពោះ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំង​នោះ។

រដ្ឋាភិបាល​ថៃ ធ្លាប់​ប្រកាស​ថា​អ្នក​ដែល​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក អំ សំអាត ផ្តល់​អនុសាសន៍​ថា មុន​នឹង​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ពលករ​របស់​ខ្លួន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ ត្រូវ​តែ​មាន​ការ​ចរចា ឬ​អនុសារណៈ​បន្ថែម​ទៀត ក្នុង​ការ​ធានា​ឲ្យ​បាន​ថា ថៃ ត្រូវ​តែ​គោរព​សិទ្ធិ​កម្មករ គោរព​សិទ្ធិ​មនុស្ស គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្នុង​នាម​ជា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា។

ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​ត្រឹម​តែ​អស់​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​អ្នក​ខ្លះ​ត្រូវ​បាន​តម្រួត​ថៃ យក​លុយ​អស់​គ្មាន​សល់ ផុត​ពី​តម្រួត​ថៃ មក​ជួប​នឹង​ក្រុម​តម្រួត​ខ្មែរ​ម្តង។ ពួក​គេ​ចោទ​ប្រកាន់​ក្រុម​សមត្ថកិច្ច​ខ្មែរ​នៅ​តាម​ច្រក​ព្រំដែន​ខ្មែរ​ថៃ ថា​បាន​ជំរិត​ទារ​ប្រាក់​ឥត​សំចៃ​ថែម​ទៀត។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​យោធា​ថៃ បាន​ប្រញាប់​ប្រញាល់​បញ្ជូន​ពលករ​អន្តោប្រវេសន៍​ខ្មែរ​មក​កម្ពុជា វិញ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​កម្ពុជា ជា​មុន។

របាយការណ៍​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ឲ្យ​ដឹង​ថា គិត​ពី​ថ្ងៃ​ទី​១ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៤ មាន​សាកសព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ដឹក​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា។ សាកសព​ទាំង​នោះ បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​ខ្លះ​រងគ្រោះ​ស្លាប់​ដោយសារ​ការ​លង់​ទឹក និង​មាន​ជំងឺ​ដង្កាត់​នៅ​ក្នុង​ប្រទេស​ថៃ។

លោក ស ខេង បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ។

មន្ត្រី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​ទីក្រុង​បាងកក លោក Phil Robertson បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ច័ន្ទ ថា រដ្ឋាភិបាល​យោធា​ថៃ គួរ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន ចំពោះ​ពលករ​អន្តោប្រវេសន៍។ លោក Phil Robertson ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ ធ្វើ​ការ​ពិចារណា​ជា​ថ្មី​ឡើង​វិញ ចំពោះ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​រឹតត្បិត ឬ​រារាំង​ដល់​ពលករ​អន្តោប្រវេសន៍​ទាំងអស់​ក្នុង​ការ​បង្កើត​សហជីព។

លោក Phil Robertson៖ «រដ្ឋាភិបាល​ថៃ ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ការងារ​របស់​ខ្លួន​ទាំង​ស្រុង​តែ​ម្តង។ រដ្ឋាភិបាល​ថៃ ត្រូវ​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​ទាំងអស់​អាច​ស្នាក់នៅ​ប្រទេស​ថៃ ក្នុង​រយៈពេល​យូរ ហើយ​មិន​ចាំ​បង្ខំ​បណ្ដេញ​ពួក​គេ​ស្រុក​កំណើត​វិញ ដើម្បី​យក​លេស​ថា​ឲ្យ​ទៅ​ធ្វើ​លិខិត​ការងារ​ស្រប​ច្បាប់​នោះ​ទេ។ រដ្ឋាភិបាល​ថៃ ត្រូវ​ធ្វើ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ការ​រកស៊ី​ចុះ​ឈ្មោះ​ពលករ​អន្តោប្រវេសន៍ និង​លុប​បំបាត់​មន្ត្រី​ពុក​រលួយ។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ថៃ ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​របស់​ពលករ​អន្តោប្រវេសន៍ ដូចជា សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ថៅកែ ឬ​សេរីភាព​ក្នុង​ការ​ចូលរួម​សកម្មភាព​តវ៉ា​ផ្សេង ជាពិសេស គឺ​សិទ្ធិ​របស់​ពលករ​អន្តោប្រវេសន៍ ក្នុង​ការ​បង្កើត​សហជីព ដើម្បី​ត​ថ្លៃ​ការងារ និង​ជា​តំណាង​ក្នុង​ការ​តវ៉ា​ជាមួយ​ថៅកែ ឬ​និយោជក​ថៃ»

ជាង​នេះ​ទៅ​ទៀត មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ក្នុង​នាម​ថៃ ជា​សមាជិក​អាស៊ាន ថៃ គ្មាន​ភាព​ស៊ីវិល័យ ឬ​គ្មាន​ភាព​ចេះ​ដឹង​ទេ​ក្នុង​ការ​បញ្ជូន​ពលករ​អន្តោប្រវេសន៍​យ៉ាង​តក់ក្រហល់​យ៉ាង​ដូច្នេះ។ ក្រៅ​តែ​ពី​ការ​បញ្ជូន​ពលករ​អន្តោប្រវេសន៍​ខ្មែរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មក​កម្ពុជា វិញ ហើយ​បណ្ដាល​ឲ្យ​មនុស្ស ៨​នាក់​ស្លាប់​នោះ កន្លង​មក​ក៏​មាន​របាយការណ៍​របស់​សមាគម​អាដហុក រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ចំនួន ១២២​នាក់ ត្រូវ​បាន​យោធា​ថៃ បាញ់​សម្លាប់​ដោយសារ​ការ​ឆ្លង​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។ ហើយ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ចំណាត់​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​ថៃ ក្នុង​ការ​វែក​មុខ​ជន​ដៃ​ដល់​យក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។

ពលករ​ខ្មែរ​ក្រីក្រ​ខ្មែរ​រាប់​សែន​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ ចាប់​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ទាំង​បង្ខំ​ក្នុង​ពេល​ថ្មីៗ​នេះ បាន​ត្អូញត្អែរ​ថា ទង្វើ​របស់​ក្រុម​យោធា​ថៃ ជា​ការ​សម្លាប់​ជីវភាព និង​ជីវិត​របស់​ពួក​គេ​ទាំង​រស់។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុម​យោធា​ថៃ ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​ស្រុក​កំណើត​វិញ។ កាល​ពី​ឆ្នាំ​១៩៧៩ ក្រុម​យោធា​ថៃ បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ មក​ចាក់​ទម្លាក់​ពី​លើ​ខ្នង​ភ្នំ​ដងរែក ចូល​ចម្ការ​មីន​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​យោធា​ថៃ បាន​ចាប់​រំលោភ​លើ​ស្ត្រី​ភេទ ប្លន់​យក​ទ្រព្យ បាញ់​ទម្លាក់ និង​បង្អត់​បាយ​ក្រហាយ​ទឹក​លើ​ជន​ភៀស​ខ្លួន​ខ្មែរ​រាប់​ម៉ឺន​នាក់​ពី​លើ​ភ្នំ​ដងរែក ក្នុង​ទឹក​ដី​កម្ពុជា ដោយ​គ្មាន​ត្រាប្រណី។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​១៩៩៧ ថា យោធា​ថៃ បាន​ភ្ជង់ និង​រុញ​ទម្លាក់​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ ៤​ម៉ឺន ៥​ពាន់​នាក់ មាន​កូន​ក្មេង មនុស្ស​ចាស់​ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ ពី​លើ​ខ្នង​ភ្នំ​ដងរែក ចូល​ចម្ការ​មីន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។