សង្គម​ស៊ីវិល​ខេត្ត​ត្បូងឃ្មុំ​អប់រំ​ពលរដ្ឋ​តាម​ព្រំដែន​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​សិទ្ធិ​បោះឆ្នោត

ដោយ​ សូត សុខប្រាថ្នា
2016-08-31
Share
សិទ្ធិ​បោះ​ឆ្នោត ត្បូងឃ្មុំ ៦២២ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចូល​រួម​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​អ្នក​បោះឆ្នោត និង​សារសំខាន់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​រៀបចំ​ដោយ​សមាគម​អាដហុក (ADHOC) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។
RFA

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ ចុះ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​មេមត់ អំពី​សិទ្ធិ និង​សកម្មភាព​ចូលរួម​ការ​​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ ពួកគេ​បាន​ពន្យល់​ពី​សារសំខាន់​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​បាន។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​វិញ បញ្ជាក់​ថា ពួកគាត់​នឹង​ផ្សព្វផ្សាយ​បន្ត​ឱ្យ​ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​គ្នា​ដើម្បី​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ល្អ​នៅ​ក្នុង​សង្គម។

​យុទ្ធនា​ការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម អំពី​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត គឺ​មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​សីហា។ យុទ្ធនាការ​នេះ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ជាង ២០០​នាក់ មក​ពី​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​មេមត់ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផង។ អ្នក​ភូមិ​ហាក់​យល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​សិទ្ធិ​សេរី និង​សារសំខាន់​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ងាវ ឃុំ​ជាំ ស្រុក​មេមត់ អ្នកស្រី ស៊ឹម ផុន ឱ្យ​ដឹង​ថា ក្រោយ​ពេល​សមាគម​អាដហុក (ADHOC) ផ្សព្វផ្សាយ​អំពី​សិទ្ធិ​អ្នក​បោះឆ្នោត និង​ភារកិច្ច​របស់​អ្នក​បោះឆ្នោត​ត្រូវ​បំពេញ​ធ្វើ​ឱ្យ​ពួកគាត់​យល់​កាន់​តែ​ច្បាស់​ថា ការ​ចូលរួម​បោះឆ្នោត​ពិត​ជា​សំខាន់ ពិសេស​សម្រាប់​ពលរដ្ឋ​ក្រីក្រ។ អ្នកស្រី​បន្ត​ថា  គាត់ ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​នឹង​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឱ្យ​បាន​គ្រប់ៗ​គ្នា៖ «យល់​ហើយ ម្យ៉ាង​ទៀត​ខំ​តស៊ូ​ដើម្បី​ក្មេង​ជំនាន់​ក្រោយ កូនចៅ​ជំនាន់​ក្រោយ កុំ​ឱ្យ​មាន​បាត់បង់។ ដូច​ថា ទឹកដី​អី​ហ្នឹង​ឱ្យ​មាន​ការ​រីក​ចម្រើន​ឡើង»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម មួយ​រូប​ទៀត លោក ហ៊ន ឌុល ឱ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​រឹតតែ​មាន​សារសំខាន់​ថែម​ទៀត ពីព្រោះ​អាច​ឱ្យ​ពួក​គាត់​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ល្អ​សម្រាប់​សង្គមជាតិ​ទាំង​មូល៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​ការ​យល់​ដឹង ការ​បណ្ដុះបណ្ដាល​របស់​គាត់​ខាង​សមាគម​អាដហុក គាត់​មិន​មែន​អង្គការ​បក្ស​ណា​ទេ។ គាត់​ជា​អង្គការ​ឯករាជ្យ បាន​យល់​ដឹង​ក្នុង​ការ​បោះឆ្នោត»

ជាមួយ​គ្នា​នេះ មេ​ឃុំ​ជាំ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សិទ្ធិ​អ្នក​បោះឆ្នោត លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា សិទ្ធិ​ចូលរួម​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​នឹង​ណែនាំ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​ឆ្នោត​ឱ្យ​ពួកគាត់​បាន​ទៅ​ចុះ​ឈ្មោះ​គ្រប់ៗ​គ្នា៖ «បើ​និយាយ​ពី​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ពលរដ្ឋ​ដែល​ត្រូវ​ជ្រើសរើស​នេះ គឺ​វា​មាន​សារសំខាន់ ដោយ​ផ្ដោត​ទៅ​លើ​ជម្រើស​ថ្នាក់ដឹកនាំ ពី​ថ្នាក់​មូលដ្ឋាន​ឡើង​ទៅ​ថ្នាក់​ជាតិ។ អ៊ីចឹង​ឃើញ​ថា ពលរដ្ឋ​ម្នាក់ៗ គាត់​ទន្ទឹង​រង់ចាំ​អ្នក​ដឹក​នាំ​ល្អៗ អ្នក​ដឹកនាំ​គិត​ពី​ផលប្រយោជន៍​របស់​គាត់»

ប្រតិទិន​កំណត់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដែល​មាន​ពលរដ្ឋ​គ្រប់​អាយុ​ចុះឈ្មោះ​ជាង ៩​លាន​នាក់។

​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា កាលណា​ពលរដ្ឋ​យល់​កាន់​តែ​ច្បាស់​អំពី​សិទ្ធិ​ជា​ម្ចាស់​ឆ្នោត គឺ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​មិន​អាច​បោកប្រាស់​ពួកគាត់​បាន។ បន្ថែម​ពី​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​សកម្ម​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​នៅ​ក្នុង​សង្គម និង​អាច​ឱ្យ​ពួកគាត់​ជ្រើសរើស​មេដឹកនាំ​ល្អ​គិតគូរ​ប្រយោជន៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នកស្រុក៖ «ហៅ​ពួក​គាត់​មក ដើម្បី​ឱ្យ​ពួកគាត់​យល់​ឱ្យ​គាត់​ដឹង​ថា ទោះបីជា​ពួកគាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​សារ​មុន​ក៏ដោយ ប៉ុន្តែ​ពេល​នេះ​ត្រូវ​តែ​ចុះឈ្មោះ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១​ហ្នឹង។ សំខាន់​ណាស់»

​មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បន្ថែម​ថា ខាង​លោក​នឹង​បន្ត​ជំរុញ​ការងារ​ចុះ​ឈ្មោះ​របស់​ពលរដ្ឋ ព្រមទាំង​នឹង​រៀបចំ​ឱ្យ​មាន​ជា​វេទិកា​សាធារណៈ​រវាង​ម្ចាស់​ឆ្នោត​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួតប្រជែង​នៅ​តំបន់​ពួកគាត់​រស់​នៅ ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ដឹង និង​ចេះ​គិត​ពិចារណា​ថា តើ​គណបក្ស​នយោបាយ​ណា​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល