ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​ជួប​មន្ត្រី​សង្គម​ស៊ីវិល​ស្វែង​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ

ទីប្រឹក្សា​ក្រសួងការបរទេស​អាមេរិក លោក ឌែរ៉ិក ឆឡិត (Derek Chollet) បាន​ជួប​អ្នក​ធ្វើការងារ​ផ្នែក​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អ្នកការពារ​សិទ្ធិ​ការងារ និង​អ្នកសារព័ត៌មាន​ឯករាជ្យ​ជាដើម ដើម្បី​ចង់ដឹង​ពី​ទស្សនៈ និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​សិទ្ធិ និង​ការងារ​របស់​ពួកគេ​។ ជំនួប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១០ ធ្នូ នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា។

ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក លោក ឌែរ៉ិក ឆឡិត (Derek Chollet) លើកឡើង ថា លោក​មាន​កិត្តិយស ដែល​បាន​ជួប​សមាជិក​អង្គការ​សង្គម​ស៊ីវិល កម្ពុជា ដើម្បី​ស្តាប់​ពី ទស្សនៈ របស់​ពួកគេ អំពី​សិទ្ធិមនុស្ស បរិស្ថាន លក្ខខណ្ឌ​ការងារ និង​សេរីភាព​សារព័ត៌មាន​ជាដើម​។ លោក​បញ្ជាក់​ថា ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស គឺជា​ស្នូល នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(Naga World) កញ្ញា ឈឹម ស៊ីថរ ដែល​ត្រូវបាន​ស្ថានទូត​សហរដ្ឋអាមេរិក​អញ្ជើញ​ចូលរួម​ក្នុងជំនួប​នោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សួរ​កញ្ញា​ទាក់ទង​ការអនុវត្ត​សេរីភាព​សហជីព និង​បញ្ហា​ជម្លោះ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​(Naga World) ដែល​ឈានដល់​ការរំលាយចោល​ក្រុម​តំណាង​សហជីព និង​ការបញ្ឈប់​បុគ្គលិក​ជាង ១​ពាន់ ៣​រយ​នាក់​(.៣២៩)។ កញ្ញា​បន្ត​ថា មន្ត្រី​សហរដ្ឋអាមេរិក​ឆ្លើយ​តប​វិញ ពួកគេ​មាន​ព្រួយបារម្ភ​ពី​បញ្ហា​នេះ និង​សន្យាថា​នឹង​តាមដាន​ដោយ​យកចិត្ត​ទុក​លើ​ករណី​ទាំងនេះ៖ « ជម្រាបជូន​លោក​ (​ ទីប្រឹក្សា​ក្រសួងការបរទេស​អាមេរិក​ ) ពី​ដំណើរការ​វិវឌ្ឍន៍​ចុង​ក្រោយ​ពី​ស្ថានភាព​វិវាទ​ការងារ​របស់​យើង​គឺ​យើង​មានការ​ខកចិត្ត​ខ្លាំងណាស់​ដែល​មក​ដល់​ពេលនេះ​រយៈពេល​រាប់​ខែ​ដែល​កម្មករ​និយោជិក​ព្យាយាម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ »

កញ្ញា ឈឹម ស៊ីថរ ឲ្យ​ដឹង​ទៀត​ក្នុងជំនួប​បិទទ្វារ​នោះ​ថា ទីប្រឹក្សា​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ក៏បាន​សួរនាំ​មន្ត្រី​សិទ្ធិមនុស្ស អ្នកធ្វើការងារ​ផ្នែក​ប្រជាធិបតេយ្យ និង​អ្នកសារព័ត៌មាន​ជាដើម​។

ជុំវិញ​ករណី​នេះ​វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​អ្នក​ដែល​បាន​ចូលរួម​ផ្សេងទៀត ប៉ុន្តែ​អ្នកខ្លះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល និង​អ្នក​ខ្លះទៀត​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។ ប៉ុន្តែ លោក ឌែរ៉ិក ឆឡិត (Derek Chollet) ឱ្យដឹង​តាម​បណ្ដាញ​ធ្វីតធ័រថា ក្នុងជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ពួកគេ​បាន​សាកសួរ​លោក​អំពី​វិបត្តិ​ក្នុងប្រទេស​ភូមា ហើយ​និង​តួនាទី​អ្វីខ្លះ​ដែល​អាស៊ាន​អាច​ធ្វើបាន​ដើម្បី​ដោះស្រាយ​រឿងនេះ​។ ចំពោះ​ជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នេះ លោក​គូស​បញ្ជាក់​ថា សារព័ត៌មាន​សេរី និង​ឯករាជ្យ​ដើរតួនាទី​សំខាន់​សម្រាប់​ជោគជ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​រីកចម្រើន។

ក្រៅពី​ជំនួប​ជាមួយ​សមាជិក​សង្គម​ស៊ីវិល អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​ហើយ លោក ឌែរ៉ិក ឆឡិត (Derek Chollet) ក៏បាន​ជួប​ជាមួយ​ក្រុមយុវជន​កម្ពុជា​ដែរ​។ លោក​ថ្លែងថា លោក​ពិតជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​បាន​ជជែក​ជាមួយ​យុវជន​ខ្មែរ​ដ៏​មាន​សក្ដានុពល​លើ​បញ្ហា​ធំៗ​មួយចំនួន រួមមាន ការស្ដារ​ស្ថានភាព​ក្រោយ​ជំងឺ​កូវីដ​-១៩ ការប្រែប្រួល​អាកាសធាតុ វិបត្តិ​នៅ​ប្រទេស​ភូមា និង​បញ្ហា​បរិស្ថាន ជាដើម។

ជាងនេះទៅទៀត លោក ឌែរ៉ិក ឆឡិត (Derek Chollet) បានធ្វើ​ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេមេគង្គ​ជាមួយ​មន្ត្រី​ទូត​អាមេរិក និង​ក្រុម​អ្នកជំនាញ​ដែល​យកចិត្តទុកដាក់​ជាខ្លាំង​អំពី​បញ្ហា​បរិស្ថាន និង​ធនធានទឹក​នៅ​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រូបនេះ​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​គឺជា​ដៃគូ​ជាប់លាប់​ក្នុង​តំបន់ ដែល​បានផ្ដល់​ការគាំទ្រ​ដល់​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ទឹក​។

ការបំពេញ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ពេលនេះ ស្របពេល​ប្រទេស​មហាអំណាច​មួយ​នេះ​បានដាក់​ទណ្ឌ​ជា​បន្តបន្ទាប់​លើ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ហើយ​នៅ​ចុងក្រោយ​អាមេរិក​បាន​បន្ថែម​ថ្មី​មួយ​ទៀត​គឺ​ដាក់​ទណ្ឌកម្ម​រឹតត្បិត​អាវុធ និង​សម្ភារៈ​យោធា​មកឱ្យ​កម្ពុជា។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)លោក ស៊ឹង សែន​ករុណា យល់​ថាដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ទាំងនេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​ឡើងវិញ​ទទួល​យក​នូវ​អនុ​សាស្ត្រ​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​លើកឡើង​នា​ពេល​កន្លងមក៖ « មិន​ចង់​ឲ្យ​ភាព​តានតឹង​កើតឡើង​ទៀត​ទេ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​យើង​ក៏ដូចជា​ថ្នាក់ដឹកនាំ​ហើយ​អត់​ចង់ឃើញ​ទេ ចង់​ឲ្យ​មានការ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នេះ​ឡើង​ដោយ​ប្រកាន់​ជំហរ​ឯករាជ្យភាព​ភាតរភាព​រវាង​បណ្ដា​ប្រទេស​លោក​សេរី​ក៏ដូចជា​ប្រទេស​ផ្សេងៗ​អ៊ីចឹង​ដែរ »

ជុំវិញ​រឿងនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃ​ទៅ​១១​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ទោះយ៉ាងណា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន និយាយថា អ្នក​ដែល​រិះគន់​ថា ប្រទេស​កម្ពុជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ជា​មតិ​ភាគតិច​។ លោក​នៅតែ​អះអាងថា កម្ពុជា​អនុវត្ត​និង​គោរព​បាន​ពេញលេញ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ « ស្ថានការណ៍​ទូទៅ​នៃ​ពិភពលោក​យើង​ឃើញ​ប្រទេស​តែមួយ​ពីរ​ទេ​ដែលថា កម្ពុជា​មានការ​ថយចុះ​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ហើយ​នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​កម្ពុជា​ដែល​មាន​ប្រជាជន​ជាង​១៦​លាន​នាក់​យើង​មាន​ឃើញ​មនុស្ស​មួយ​ក្រុម​តូច​មិន​ដល់​១០០​នាក់​ទេ​ដែល​ថា កម្ពុជា​មានការ​ធ្លាក់ចុះ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ »

នៅ​រយៈពេល​ចុងក្រោយ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បានមក​បំពេញ​ទស្សនៈ​នៅ​កម្ពុជា​ញឹកញាប់ ខណៈដែល​រដ្ឋាភិបាល​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន និង​បំបិទ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ជាដើម។

កាល​ពីខែ​មិថុនា អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman)​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​លើក​បញ្ហាសំខាន់ៗ ៣ គឺ បញ្ហា​ធ្លាក់ចុះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បញ្ហា​កម្ពុជា​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម និង​បញ្ហា​បំណុល​កម្ពុជា​ជំពាក់​អាមេរិក​កាលពី​សម័យ​សង្គ្រាម​។ បញ្ហា​សំខាន់​មួយ​ទៀត​គឺ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ក្នុង​តំបន់​នៅពេល​កម្ពុជា​ក្លាយជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។