ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក ឌែរ៉ិក ឆឡិត (Derek Chollet) បានជួបអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អ្នកការពារសិទ្ធិការងារ និងអ្នកសារព័ត៌មានឯករាជ្យជាដើម ដើម្បីចង់ដឹងពីទស្សនៈ និងបញ្ហាប្រឈមនៃការអនុវត្តសិទ្ធិ និងការងាររបស់ពួកគេ។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី១០ ធ្នូ នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកលោក លោក ឌែរ៉ិក ឆឡិត (Derek Chollet) លើកឡើង ថា លោកមានកិត្តិយស ដែលបានជួបសមាជិកអង្គការសង្គមស៊ីវិល កម្ពុជា ដើម្បីស្តាប់ពី ទស្សនៈ របស់ពួកគេ អំពីសិទ្ធិមនុស្ស បរិស្ថាន លក្ខខណ្ឌការងារ និងសេរីភាពសារព័ត៌មានជាដើម។ លោកបញ្ជាក់ថា ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គឺជាស្នូល នៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(Naga World) កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានស្ថានទូតសហរដ្ឋអាមេរិកអញ្ជើញចូលរួមក្នុងជំនួបនោះប្រាប់វិទ្យុអាស៊ីសេរីថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសួរកញ្ញាទាក់ទងការអនុវត្តសេរីភាពសហជីព និងបញ្ហាជម្លោះការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍(Naga World) ដែលឈានដល់ការរំលាយចោលក្រុមតំណាងសហជីព និងការបញ្ឈប់បុគ្គលិកជាង ១ពាន់ ៣រយនាក់(១.៣២៩)។ កញ្ញាបន្តថា មន្ត្រីសហរដ្ឋអាមេរិកឆ្លើយតបវិញ ពួកគេមានព្រួយបារម្ភពីបញ្ហានេះ និងសន្យាថានឹងតាមដានដោយយកចិត្តទុកលើករណីទាំងនេះ៖ « ជម្រាបជូនលោក ( ទីប្រឹក្សាក្រសួងការបរទេសអាមេរិក ) ពីដំណើរការវិវឌ្ឍន៍ចុងក្រោយពីស្ថានភាពវិវាទការងាររបស់យើងគឺយើងមានការខកចិត្តខ្លាំងណាស់ដែលមកដល់ពេលនេះរយៈពេលរាប់ខែដែលកម្មករនិយោជិកព្យាយាមរកដំណោះស្រាយដោយសន្តិវិធីប៉ុន្តែមិនទទួលបានដំណោះស្រាយ »។
កញ្ញា ឈឹម ស៊ីថរ ឲ្យដឹងទៀតក្នុងជំនួបបិទទ្វារនោះថា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានសួរនាំមន្ត្រីសិទ្ធិមនុស្ស អ្នកធ្វើការងារផ្នែកប្រជាធិបតេយ្យ និងអ្នកសារព័ត៌មានជាដើម។
ជុំវិញករណីនេះវិទ្យុអាស៊ីសេរីបានព្យាយាមសុំការអត្ថាធិប្បាយអ្នកដែលបានចូលរួមផ្សេងទៀត ប៉ុន្តែអ្នកខ្លះទូរស័ព្ទចូលគ្មានអ្នកទទួល និងអ្នកខ្លះទៀតសុំមិនធ្វើអត្ថាធិប្បាយ។ ប៉ុន្តែ លោក ឌែរ៉ិក ឆឡិត (Derek Chollet) ឱ្យដឹងតាមបណ្ដាញធ្វីតធ័រថា ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន ពួកគេបានសាកសួរលោកអំពីវិបត្តិក្នុងប្រទេសភូមា ហើយនិងតួនាទីអ្វីខ្លះដែលអាស៊ានអាចធ្វើបានដើម្បីដោះស្រាយរឿងនេះ។ ចំពោះជំនួបជាមួយក្រុមអ្នកសារព័ត៌មាននេះ លោកគូសបញ្ជាក់ថា សារព័ត៌មានសេរី និងឯករាជ្យដើរតួនាទីសំខាន់សម្រាប់ជោគជ័យនៃលទ្ធិប្រជាធិបតេយ្យដែលរីកចម្រើន។
ក្រៅពីជំនួបជាមួយសមាជិកសង្គមស៊ីវិល អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានហើយ លោក ឌែរ៉ិក ឆឡិត (Derek Chollet) ក៏បានជួបជាមួយក្រុមយុវជនកម្ពុជាដែរ។ លោកថ្លែងថា លោកពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានជជែកជាមួយយុវជនខ្មែរដ៏មានសក្ដានុពលលើបញ្ហាធំៗមួយចំនួន រួមមាន ការស្ដារស្ថានភាពក្រោយជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ វិបត្តិនៅប្រទេសភូមា និងបញ្ហាបរិស្ថាន ជាដើម។
ជាងនេះទៅទៀត លោក ឌែរ៉ិក ឆឡិត (Derek Chollet) បានធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គជាមួយមន្ត្រីទូតអាមេរិក និងក្រុមអ្នកជំនាញដែលយកចិត្តទុកដាក់ជាខ្លាំងអំពីបញ្ហាបរិស្ថាន និងធនធានទឹកនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះមានប្រសាសន៍ថា សហរដ្ឋអាមេរិកគឺជាដៃគូជាប់លាប់ក្នុងតំបន់ ដែលបានផ្ដល់ការគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ និងទឹក។
ការបំពេញទស្សនកិច្ចរបស់ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកពេលនេះ ស្របពេលប្រទេសមហាអំណាចមួយនេះបានដាក់ទណ្ឌជាបន្តបន្ទាប់លើរដ្ឋាភិបាលកម្ពុជា និងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ហើយនៅចុងក្រោយអាមេរិកបានបន្ថែមថ្មីមួយទៀតគឺដាក់ទណ្ឌកម្មរឹតត្បិតអាវុធ និងសម្ភារៈយោធាមកឱ្យកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក ស៊ឹង សែនករុណា យល់ថាដើម្បីបន្ធូរបន្ថយសម្ពាធទាំងនេះរដ្ឋាភិបាលកម្ពុជាគួរពិចារណាឡើងវិញទទួលយកនូវអនុសាស្ត្រដែលសហរដ្ឋអាមេរិកធ្លាប់លើកឡើងនាពេលកន្លងមក៖ « មិនចង់ឲ្យភាពតានតឹងកើតឡើងទៀតទេ វាធ្វើឲ្យប៉ះពាល់ដល់ប្រទេសយើងក៏ដូចជាថ្នាក់ដឹកនាំហើយអត់ចង់ឃើញទេ ចង់ឲ្យមានការបន្ធូរបន្ថយស្ថានភាពតានតឹងនេះឡើងដោយប្រកាន់ជំហរឯករាជ្យភាពភាតរភាពរវាងបណ្ដាប្រទេសលោកសេរីក៏ដូចជាប្រទេសផ្សេងៗអ៊ីចឹងដែរ »។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទៅ១១ធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះយ៉ាងណា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន និយាយថា អ្នកដែលរិះគន់ថា ប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្សជាមតិភាគតិច។ លោកនៅតែអះអាងថា កម្ពុជាអនុវត្តនិងគោរពបានពេញលេញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៖ « ស្ថានការណ៍ទូទៅនៃពិភពលោកយើងឃើញប្រទេសតែមួយពីរទេដែលថា កម្ពុជាមានការថយចុះនូវបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហើយនៅក្របខណ្ឌទូទាំងប្រទេសកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់យើងមានឃើញមនុស្សមួយក្រុមតូចមិនដល់១០០នាក់ទេដែលថា កម្ពុជាមានការធ្លាក់ចុះសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ »។
នៅរយៈពេលចុងក្រោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានមកបំពេញទស្សនៈនៅកម្ពុជាញឹកញាប់ ខណៈដែលរដ្ឋាភិបាលបន្តធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងបំបិទសេរីភាពសារព័ត៌មានឯករាជ្យជាដើម។
កាលពីខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman)បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានលើកបញ្ហាសំខាន់ៗ ៣ គឺ បញ្ហាធ្លាក់ចុះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បញ្ហាកម្ពុជាឲ្យចិនអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម និងបញ្ហាបំណុលកម្ពុជាជំពាក់អាមេរិកកាលពីសម័យសង្គ្រាម។ បញ្ហាសំខាន់មួយទៀតគឺ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់នៅពេលកម្ពុជាក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
