«ការ​ដាក់​​ទោស​​លោក រ៉ុង ឈុន ជា​​ភស្តុតាង​ថ្មី​​មួយ​​ទៀត​​នៃ​ការ​​រំលោភ​​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​»

ដោយ មួង ណារ៉េត
2021-08-22
Share
«ការ​ដាក់​​ទោស​​លោក រ៉ុង ឈុន ជា​​ភស្តុតាង​ថ្មី​​មួយ​​ទៀត​​នៃ​ការ​​រំលោភ​​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​» លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
រូប៖ RFA

សាលក្រម​ផ្ដន្ទាទោស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត បាន​ក្លាយ​ជា​ចំណោទ​ដ៏​ធំ​ជុំវិញ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ បាន​ប្រៀបធៀប​សាលក្រម​នេះ​ទៅនឹង​ការ​​ដាក់​ទោស​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។ ពួក​គេ​បាន​​ដាស់​តឿន​របប​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​​ដើម្បី​បំបិទ​សំឡេង​សកម្មជន​អហិង្សា​និយម​តទៅទៀត ពីព្រោះ​វា​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់​ថា មូលហេតុ​ដែល​អង្គទូត​បរទេស​​ថ្លែងការណ៍​ព្រមៗ​គ្នា​បែបនេះ គឺ​ដោយសារ​​ពួកគេ​ពិនិត្យ​ឃើញ​ថា លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ ផ្ទុយ​ទៅវិញ​សកម្មភាព​របស់​គាត់​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ លោក​កត់​សម្គាល់​ថា បញ្ហា​សំខាន់​នៅក្នុង​រឿង​នេះ គឺ​​ភាគី​ដើម​បណ្ដឹង​ជា​ស្ថាប័ន​មួយ​ដែល​ដឹកនាំ​ដោយ​សមាជិក​សំខាន់​នៃ​គណបក្ស​កាន់​អំណាច ខណៈ​មន្ត្រី​តុលាការ​ខ្លះ​ក៏​ជា​សមាជិក​គណបក្ស​នេះ​ដូច​គ្នា ដូច្នេះ​សេចក្តី​សម្រេច​របស់​តុលាការ​​ប្រាកដ​ជា​ការពារ​បក្ស​របស់​ខ្លួន ជាជាង​ការពារ​​សិទ្ធិ​របស់​ពលរដ្ឋ។

លោក មឿន តុលា បន្ថែម​ថា ការ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន និង​សកម្មជន​ដទៃទៀត​នា​​រយៈពេល​ចុងក្រោយ​នេះ គ្មាន​ផល​ចំណេញ​​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ផ្ទុយ​ទៅវិញ​វា​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ​ចរចា​របស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​ប្រទេស​លោក​ខាងលិច​ជុំ​វិញ​ការ​​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម៖ «វា​ជា​ឧបសគ្គ​មួយ​ធ្វើ​ឱ្យ​ប្រទេស​ទាំងអស់​ហ្នឹង​ពិបាក​ក្នុង​ការ​បិទ​ភ្នែក ឬក៏​សម្រប​សម្រួល​ជាមួយ​កម្ពុជា។ អ៊ីចឹង​ខ្ញុំ​ថា ករណី​នេះ​បើ (រដ្ឋាភិបាល)កម្ពុជា​អត់​ដោះ (ស្រាយ)ទេ ប្រហែល​ជា​គោលបំណង​នៃ​ការ​បញ្ចុះបញ្ចូល​ឱ្យ​គេ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឱ្យ​យើង ឬក៏​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឱ្យ​យើង​ត​ទៀត​ហ្នឹង គឺ​ជួប​នូវ​ផល​លំបាក​ហើយ»

ជាមួយ​គ្នា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា សេចក្តី​ថ្លែង​ការណ៍ និង​ការ​ចោទ​សួរ​របស់​អង្គទូត​បរទេស​​ជុំវិញ​ការ​ដាក់ទោស​លោក រ៉ុង ឈុន នេះ បង្ហាញ​ថា ក្រុម​ប្រទេស​ទាំងនោះ​ព្រួយ​បារម្ភ​អំពី​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​សង្កត់​ធ្ងន់​ថា តុលាការ​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ មិនមែន​ដាក់​ទោស​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​តាម​ច្បាប់​​​របស់​ពលរដ្ឋ​បែប​នេះ​ទេ។ លោក នី សុខា បន្ថែម​ថា ការ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត​នេះ នឹង​ធ្វើ​ឱ្យ​សាធារណជន​កាន់​តែ​បាត់​ជំនឿ​​លើ​​ប្រព័ន្ធ​តុលាការ ជាពិសេស​វា​នឹង​បង្កើន​កំណត់ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​បន្ថែម​​ទៀត៖ «ខ្ញុំ​ជឿ​ថា ប្រហែល​ជា​សហភាព​អឺរ៉ុប​គេ​មិន​ដក​ថយ​ទេ​ចំពោះ​បញ្ហា​ហ្នឹង ពីព្រោះ​ថា នេះ​វា​នៅក្នុង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ជាមួយ​នឹង​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​នឹង​ធានា និង​គោរព​សិទ្ធិ​សេរីភាព​មួយ​ចំនួន។ អ៊ីចឹង​សហភាព​អឺរ៉ុប​នឹង​បន្ត​ទៅទៀត​នូវ​អ្វី​ដែល​ជា​ការ​ដាក់​សម្ពាធ បើ​រដ្ឋាភិបាល​យើង​មិន​ព្រម​ដោះស្រាយ​បញ្ហា​ហ្នឹង​ឱ្យ​បាន​ទាន់​ពេលវេលា»

តុលាការ​​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​សកម្មជន​​សិទ្ធិ​មនុស្ស និង​ជា​អ្នក​ឃ្លាំមើល​ព្រំដែន លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​លោក​បាន​បញ្ចេញ​មតិ​រិះគន់​​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ ក្នុង​សំណុំ​រឿង​តែ​មួយ​នេះ តុលាការ​​បាន​ផ្ដន្ទាទោស​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២០ខែ។ សាលក្រម​នេះ ក៏​តម្រូវ​ឱ្យ​ពួក​គេ​បង់​សំណង​រួម​គ្នា​ដល់​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​រហូត​ដល់ ១០ម៉ឺន​ដុល្លារ​អាមេរិក​​ថែម​ទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រោយ​ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​នេះ អង្គទូត​បរទេស​ធំៗ​នៅ​កម្ពុជា រួម​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី ចក្រភព​អង់គ្លេស ស៊ុយអែត និង​បារាំង ជាដើម បាន​នាំគ្នា​បង្ហោះ​សារ​រិះគន់ និង​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​របស់​ពលរដ្ឋ។ សារ​របស់​អង្គទូត​បរទេស​ទាំងនោះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា គឺ​ពួក​គេ​ចោទ​សួរ​អំពី​ឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ជុំវិញ​សេចក្តី​សម្រេច​នេះ។ ម្យ៉ាងវិញទៀត ពួក​គេ​ក្រើន​រំឭក​អាជ្ញាធរ​កម្ពុជា​ថា តុលាការ​មិន​គួរ​ត្រូវ​បាន​​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​សកម្មជន​អហិង្សា​និយម​នោះ​ទេ។ ទន្ទឹម​នឹង​នេះ ពួកគេ​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បើក​ចំហ​ទទួល​យក​ទស្សនៈ​ពី​គ្រប់​ភាគី ព្រម​ទាំង​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ជា​អន្តរជាតិ​ស្ដីពី​ការ​គោរព​សិទ្ធិមនុស្ស​ថែម​ទៀត​ផង។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​លោក តាំង ស៊ុន ឡាយ ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ថ្លែង​ការពារ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ថា ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​របស់​កម្ពុជា មិន​មែន​តាម​ការ​ចង់​បាន​របស់​ភាគី​ណា​មួយ​នោះ​ទេ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ថា មតិ​រិះគន់​របស់​អង្គទូត​បរទេស​​ទាំងឡាយ គឺ​ជា​រឿង​ដដែលៗ ដែល​មិន​មាន​ឥទ្ធិពល​លើ​​ដំណើរ​ការ​យុត្តិធម៌​របស់​​កម្ពុជា​នោះ​ឡើយ។ លោក​ជឿ​ថា ការ​លើក​ឡើង​របស់​អង្គទូត​បរទេស​ទាំង​នោះ នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ទាំងនោះ​ឡើយ ព្រោះ​លោក​យល់ថា នេះ​ជា​ទស្សនៈ​ផ្អែក​លើ​អារម្មណ៍​ផ្ទាល់​ខ្លួន។ លោក​ ផៃ ស៊ីផាន បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បារម្ភ​ពី​ការ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​របស់​បរទេស​នោះ​ទេ៖ «កង្វល់​របស់​កម្ពុជា គឺ​ពង្រឹង​នីតិរដ្ឋ ហើយ​ពង្រឹង​ផល​ប្រយោជន៍​របស់​កម្ពុជា ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​ជាតិ។ នេះ​ហើយ​ជា​អធិបតេយ្យ​ភាព​របស់​​ប្រទេស​មួយ។ ហើយ​ប្រសិន​បើ​យើង​រវល់​តែ​សរសេរ​ច្បាប់​ដែល​ឱ្យ​តុលាការ ចៅក្រម​ដែល​គាត់​វិនិច្ឆ័យ​ដើម្បី​ផល​ប្រយោជន៍​បរទេស គឺ​មិន​ត្រូវ​ទេ»

ការ​បកស្រាយ​បែប​នេះ​​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​អង្គការសិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​ការ​ដោះសា​ក្នុង​ន័យ​​ការពារ​ខ្លួន​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ថ្លែង​ថា នីតិរដ្ឋ​បែបនេះ ជា​នីតិរដ្ឋ​ក្លែងក្លាយ ហើយ​សហគមន៍​ជាតិ និង​អន្តរជាតិ​នឹង​មិន​ជឿ​លើ​ការ​បកស្រាយ​បែបនេះ​ឡើយ។ លោក​គូស​បញ្ជាក់​ថា អង្គទូត​ទាំងឡាយ​ប្រចាំ​នៅ​កម្ពុជា ជា​តំណាង​របស់​ប្រទេស​គេ​នីមួយៗ ដូច្នេះ​ការ​លើក​ឡើង​របស់​ពួក​គេ​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ។ លោក​បន្ថែម​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​គ្រប់​រូបភាព​នៅ​កម្ពុជា ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយ ឬ​កែ​លម្អ​ទេ នោះ​សហគមន៍​អន្តរជាតិ​អាច​នឹង​បន្ថែម​សម្ពាធ ឬ​ទណ្ឌកម្ម​លើ​កម្ពុជា​បន្ត​ទៀត៖ «ទូតឬក៏​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​ហ្នឹង គេ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ជាមួយ​នឹង​ម្ចាស់​ពន្ធ​គេ គឺ​ប្រជាពលរដ្ឋ។ អ៊ីចឹង​ការ​បន្ត​ជំរុញ​ឱ្យ​កម្ពុជា​ងាក​មក​រក​គន្លង​​ប្រជាធិបតេយ្យ ងាក​មក​រក​​គន្លង​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ផ្សេងៗ​ហ្នឹង គឺ​គេ​នៅ​តែ​ធ្វើ​អ៊ីចឹង។ ហើយ​បើ​ (រដ្ឋាភិបាល)កម្ពុជា​យើង​អត់​ងាក​ទេ ខ្ញុំ​ជឿ​ថា ពិបាក​ឱ្យ​រដ្ឋាភិបាល​នៃ​អង្គ​ទូត​ទាំងអស់​ហ្នឹង​គេ​បញ្ចុះ​បញ្ចូល​ទៅ​​ប្រជាពលរដ្ឋ​គេ ដែល​​ជា​​ម្ចាស់​ពន្ធ​ហ្នឹង​ដែរ»

សហភាព​អឺរ៉ុប​បាន​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០ពី​កម្ពុជា​រួច​ទៅ​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ រីឯ​សហរដ្ឋ​អាមេរិក​វិញ ប្រទេស​​មហា​អំណាច​មួយ​នេះ​មិន​ទាន់​បន្ត​សុពលភាព​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​កម្ពុជា​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ បន្ទាប់​ពី​ផុត​សុពលភាព​កាល​ពី​ដំណាច់​ឆ្នាំ២០២០ កន្លង​ទៅ។ ក្រៅ​ពី​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ទាំងនេះ​ហើយ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី​ធំៗ​មួយ​ចំនួន ក៏​បាន​រង​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​ផង​ដែរ ក្រោម​ច្បាប់​សាកល​គ្លូបល មែគនីតស្គី (Global Magnitsky Act) របស់​សហរដ្ឋ​អាមេរិក។ ជាង​នេះ​ទៅ​ទៀត អ្នក​នយោបាយ​ជាន់ខ្ពស់​នៅ​តាម​ប្រទេស​មួយ​ចំនួន ជាពិសេស​សហរដ្ឋ​អាមេរិក កំពុង​ស្វះស្វែង​បង្កើត​ច្បាប់​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​​ដាក់​ទណ្ឌកម្ម​​ក្រុម​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូច​ជា​ក្រុម​លោក ហ៊ុន​ សែន ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​​មិន​ចង់​ឃើញ​សម្ពាធ ឬ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​មក​​លើ​ប្រទេស​​កម្ពុជា​ទៀត​នោះ​ទេ ពីព្រោះ​វា​បណ្តាល​ឱ្យ​ខាត​បង់​ដល់​ប្រយោជន៍​ជាតិ​ទាំង​មូល។ ពួកគេ​អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន ឱ្យ​ងាក​មក​គន្លង​ប្រជាធិបតេយ្យ និង​​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ពីព្រោះ​នេះ​ជា​កាតព្វកិច្ច ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំង​ឡាយ​ដែល​កម្ពុជា​បាន​សន្យា​អនុវត្ត​តាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល