សង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់លើកឡើងថា ក្រសួងព័ត៌មានគួរតែបើកលំហសេរីភាពសារព័ត៌មាន និងអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មានឱ្យបានត្រឹមត្រូវ ជាជាងងាកទៅរកការសហការជាមួយក្រុមមេធាវីរបស់រដ្ឋាភិបាល។ ពួកគាត់យល់ឃើញថា ភាពចន្លោះប្រហោងនៃការគោរព និងអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន ច្រើនជាមូលហេតុនាំឱ្យអ្នកសារព័ត៌មានប្រឈមមុខជាមួយនឹងផ្លូវច្បាប់។
មន្ត្រីសង្គមស៊ីវិលផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសិក្សាផ្នែកច្បាប់ លើកឡើងថា ការចុះអនុស្សរណៈរវាងក្រសួងព័ត៌មាន ជាមួយក្រុមមេធាវីរដ្ឋាភិបាល ដើម្បីផ្ដល់កិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន គឺជារឿងម្យ៉ាង ក៏ប៉ុន្តែរដ្ឋាភិបាល គួរតែបើកលំហសេរីភាពសារព័ត៌មាន និងអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មានឱ្យបានត្រឹមត្រូវឡើងវិញ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ តុលា ថា ការកសាងសមត្ថភាពរបស់អ្នកសារព័ត៌មាន តាមរយៈការពង្រឹងវិជ្ជាជីវៈ គឺជាកត្តាសំខាន់ដែលនាំឱ្យអ្នកសារព័ត៌មានបំពេញកិច្ចការរបស់ខ្លួនប្រកបដោយសេរីភាព និងគ្មានកំហុស។ ក៏ប៉ុន្តែលោកថា ភាពខ្វះខាតនៃច្បាប់ស្ដីពីរបបសារព័ត៌មានក៏ជាកត្តាមួយដែលធ្វើឱ្យការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានជួបឧបសគ្គផងដែរ។
លោក ណុប វី៖ «ជារួមច្បាប់ស្ដីពីរបបសារព័ត៌មានយើង វានៅមានចំណុចខ្វះខាតមែនទែនទៅ។ ហើយអ៊ីចឹងហើយបានយើងឃើញថា មួយរយៈកន្លងមកយើងតែងតែមានសំណើឱ្យក្រសួងព័ត៌មានលោកពិនិត្យ និងដាក់សំណើឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មានហ្នឹង ដើម្បីធានាថា ច្បាប់ហ្នឹងគឺវាជួយគាំទ្រទៅដល់កិច្ចការងាររបស់អ្នកសារព័ត៌មានវាមានប្រសិទ្ធភាពជាងពេលបច្ចុប្បន្ន។ អ៊ីចឹងបើនិយាយពីការអនុវត្តច្បាប់ ដោយសារច្បាប់យើងវាមានការខ្វះខាតទៀតសោត អ៊ីចឹងវានៅមានកង្វះខាតមួយចំនួន»។
ការលើកឡើងរបស់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរូបនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្ត្រា បានជួបប្រជុំជាមួយនឹងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ដើម្បីធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ការចុះអនុស្សរណៈរវាងស្ថាប័នទាំងពីរនេះ គឺដើម្បីធានាប្រសិទ្ធភាពលើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវស្របច្បាប់ ក្នុងពេលបំពេញការងារវិជ្ជាជីវៈរបស់ខ្លួនឱ្យបានកាន់តែល្អ ដើម្បីកែប្រែវិស័យសារព័ត៌មាន ក្លាយទៅជាវិស័យអាទិភាព។
ទោះជាបែបនេះក្ដី ការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន ជាមួយក្រុមមេធាវី ដែលជាក្រុមអ្នកច្បាប់បម្រើផលប្រយោជន៍ឱ្យគណបក្សកាន់អំណាចនោះ ហាក់មិនបានជួយការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនព័ត៌មានធំៗ នៅកម្ពុជាភាគច្រើន គឺជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយសាច់ញាតិ និងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាល និងតម្រូវឱ្យស្ថាប័នឃោសនាទាំងនោះផ្សាយព័ត៌មាន ដែលមានលក្ខណៈជាពិធីការ និងធ្វើប្រជាភិថុតិឱ្យរដ្ឋាភិបាល។ ចំណែក សារព័ត៌មានឯករាជ្យ ដែលបំពេញវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាផ្សព្វផ្សាយព័ត៌មានពិត ដើម្បីប្រយោជន៍ពលរដ្ឋ និងសង្គមជាតិវិញនោះ សារព័ត៌មានប្រភេទនេះ បែរជារងនូវការយាយី តាមរយៈការប្រើអំពើហិង្សា គំរាមកំហែង ការប្ដឹងផ្ដល់តាមផ្លូវតុលាការ រឹតត្បិតមិនឱ្យចូលយកព័ត៌មាន និងការបិទស្ថាប័នដោយបំពានច្បាប់ជាដើម។
ជាក់ស្ដែង កាលពីថ្ងៃទី ១៣ កុម្ភៈ ក្រសួងព័ត៌មានបានលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ទាំងបំពានច្បាប់ ទៅតាមការបញ្ជារបស់លោក ហ៊ុន សែន បន្ទាប់ពីស្ថាប័ននេះ ចុះផ្សាយសារព័ត៌មានដែលលោក ហ៊ុន សែន អះអាងថា បានប៉ះពាល់មុខមាត់ដល់កូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្លារិទ្ធ និងប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ដើម្បីសុំការបកស្រាយ ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ តុលា។
ទាក់ទិនរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានគ្មានប្រសិទ្ធភាពឡើយ។ លោកបន្តថា ចំណុចអាទិភាព ដែលក្រសួងព័ត៌មានត្រូវពង្រឹងនាពេលនេះ គឺក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងការបើកលំហសេរីភាពសារព័ត៌មានឯករាជ្យឡើងវិញ ខណៈក្រសួងព័ត៌មាន គួរបង្កើនការសហការឱ្យបានជិតស្និទ្ធជាមួយអ្នកសារព័ត៌មានគ្រប់ស្ថាប័ន ដោយគ្មានការរើសអើង។
លោក វ៉ន ចាន់ឡូត៖ «ក្រសួងព័ត៌មានខ្លួនឯងហ្នឹងក៏គួរដើរតួនាទី ជាអ្នកគំរូមានន័យថា យើងត្រូវលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មានឯករាជ្យ ដែលគេមានវិជ្ជាជីវៈហ្នឹង យើងបើកឱកាសឱ្យគេចូលរួម ឬចូលយកព័ត៌មាន បានដោយសេរី ដោយគ្មានការរើសអើង ដោយគ្មានការរឹតត្បិត អាហ្នឹងទើបមិនមានការរិះគន់ថា ក្រសួងសារព័ត៌មាន ឬក៏រដ្ឋាភិបាលហ្នឹង គេហៅថាដូចគីង្គក់ លក់ថ្នាំស្រែង»។
បើតាមសន្ទស្សន៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ចេញផ្សាយនៅ ខែឧសភា បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ នៅក្នុងចំណោមប្រទេសទាំងអស់ ១៨០ប្រទេស នៅឆ្នាំ២០២៣។
ចំណាត់ថ្នាក់នេះបង្ហាញឱ្យឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពអាក្រក់ដដែល បើទោះបីកម្ពុជាបានថយចុះ ពី ៤៣ពិន្ទុ នៅឆ្នាំ ២០២២ មកនៅត្រឹម ៤២ពិន្ទុ ក្នុងឆ្នាំ ២០២៣ក៏ដោយ។
អ្នកច្បាប់ និងមន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការប្រឹក្សា និងការការពារផ្នែកច្បាប់ ពីក្រុមមេធាវីរដ្ឋាភិបាល គឺមានសម្រាប់តែក្រុមអ្នកសារព័ត៌មាន ដែលមាននិន្នាការគាំទ្របក្សកាន់អំណាច ដែលចាំតែផ្សព្វផ្សាយលើកជើងរដ្ឋាភិបាល ខណៈក្រុមអ្នកសារព័ត៌មានឯករាជ្យគោរពតាមវិជ្ជាជីវៈរបស់ខ្លួន នឹងត្រូវទទួលរងការរឹតត្បិតពីប្រព័ន្ធច្បាប់កាន់តែខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។