អភិបាលខេត្តព្រះសីហនុប្រាប់អ្នករាយការណ៍ពិសេស អ.ស.ប ថា គ្មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់នៅក្នុងខេត្តព្រះសីហនុទេ
2022.08.21

អភិបាលខេត្តព្រះសីហនុ បានថ្លែងការពារ និងបដិសេធប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាថា ពុំមានករណីចាប់បង្ខាំងមនុស្សខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងទឹកដីខេត្តព្រះសីហនុដូចដែលសេចក្តីរាយការណ៍មួយចំនួនលើកឡើងនោះទ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ថ្លែងយ៉ាងដូច្នេះនៅក្នុងជំនួបមួយជាមួយគណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដឹកនាំដោយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី១៩ ខែសីហា។ កិច្ចប្រជុំនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានគោលដៅសិក្សាឈ្វេងយល់អំពីកង្វល់ និងបញ្ហាប្រឈមនានាដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងនោះ មានដូចជាស្ថានភាពសិទ្ធិមនុស្ស ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះជាដើម។
ទំព័រហ្វេសប៊ុក (Facebook) របស់រដ្ឋបាលខេត្តព្រះសីហនុ ផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ថា លោក គួច ចំរើន បានអះអាងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ប្រឆាំងនឹងអំពើទាំងនេះ ខណៈអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ មិនដែលគេចវេះពីតួនាទីរបស់ខ្លួនឡើយ ពោលគឺ តែងតែសហការ និងបង្ក្រាបនូវរាល់បទល្មើសដោយគ្មានការបន្ធូរបន្ថយដៃឡើយ។ លោកថា ២០ឆ្នាំមុន ពលរដ្ឋខ្មែរជាច្រើនបានរងនូវការធ្វើទុក្ខបុកម្នេញ ឬជួញដូរនៅប្រទេសជិតខាង ដូចជា នៅថៃ (Thailand) ម៉ាឡេស៊ី (Malaysia) តៃវ៉ាន់ (Taiwan) និងចិន (China) ជាដើម ដែលជាការគួរឱ្យឈឺចាប់ក្នុងនាមជាខ្មែរ។ ដូច្នេះ លោកអះអាងថា កម្ពុជានឹងមិនឱ្យមានការឈឺចាប់នេះកើតមានទៀតនោះឡើយ។ អភិបាលខេត្តព្រះសីហនុរូបនេះ ផ្តល់អំណះអំណាងថា កន្លងទៅមានការលើកឡើងថា មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុ ក៏ប៉ុន្តែ ពេលសមត្ថកិច្ចចុះទៅដល់ លោកថា អ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការជាធម្មតា ហើយអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថា មានករណីចាប់បង្ខាំង រីឯអ្នកផ្សេងទៀតធ្វើការដោយស្ម័គ្រចិត្ត។
គិតត្រឹមម៉ោងផ្សាយនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត មុនតាប៊ន នៅមិនទាន់លើកឡើងពីប្រតិកម្មរបស់លោកពាក់ព័ន្ធនឹងជំនួបនេះឡើយ ខណៈលោកនឹងត្រៀមបញ្ចេញរបាយការណ៍ដំបូងពីការរកឃើញរបស់លោកនៅថ្ងៃចុងក្រោយនៃបេសកកម្មការងាររយៈពេល ១១ថ្ងៃនៅកម្ពុជា គឺនៅថ្ងៃទី២៦ ខែសីហាខាងមុខ។
មិនមែនមានតែអភិបាលខេត្តព្រះសីហនុទេ ដែលបដិសេធនឹងបញ្ហាបង្ខាំងមនុស្សខុសច្បាប់ បញ្ហានៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដែលសេចក្តីរាយការណ៍នានាបង្ហាញថា ភាគច្រើនប្រព្រឹត្តដោយថៅកែជនជាតិចិន និងម្ចាស់បនល្បែងកាស៊ីណូចិននៅកម្ពុជានោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗ នេះថា ការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនដែលនិយាយអំពីក្រុមមន្ត្រី និងឧកញ៉ាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនធ្វើជំនួញជួញដូរមនុស្សនៅកម្ពុជា ឬកំពុងប្រតិបត្តិការក្រុមហ៊ុនឆបោកទ្រង់ទ្រាយធំតាមប្រព័ន្ធអ៊ីនធឺណិត គឺជារឿងបំភ្លៃខុសពីការពិត និងមានចេតនាអាក្រក់មកលើកម្ពុជាដើម្បីឱ្យពិភពលោកមើលឃើញថា កម្ពុជាជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះមិនល្អតែប៉ុណ្ណោះ។
ផ្ទុយពីការអះអាងនេះ រឿងរ៉ាវដែលកម្ពុជាកំពុងតែត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ក្រុមឧក្រិដ្ឋជនជនជាតិចិនរកស៊ីប្រតិបត្តិការឆបោកទ្រង់ទ្រាយធំតាមប្រព័ន្ធអ៊ីនធឺណិត កំពុងក្លាយជាប្រធានបទស្ទើរតែប្រចាំថ្ងៃទៅហើយ ដែលត្រូវបានសារព័ត៌មានធំៗ របស់អន្តរជាតិយកទៅចុះផ្សាយនៅលើទំព័រមុខធ្វើឱ្យកក្រើកពិភពលោក ខណៈរដ្ឋាភិបាលបរទេសពាក់ព័ន្ធបន្តលើកឡើងពីកង្វល់ទាំងនេះប្រាប់ទៅភាគីកម្ពុជាឱ្យដោះស្រាយ។
ជាក់ស្តែង សារព័ត៌មានអន្តរជាតិ អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) របស់រដ្ឋកាតា (Qatar) កាលពីពាក់កណ្តាលខែកក្កដា បានរាយការណ៍ថា កម្ពុជាក្លាយជាកន្លែងប្រព្រឹត្តទាសភាពតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាការចាប់ជំរិត និងបង្ខាំងមនុស្សមកពីបណ្តាប្រទេសនានាជុំវិញតំបន់អាស៊ីរាប់ពាន់នាក់ឱ្យធ្វើការងារឆបោកមនុស្សនៅតាមអនឡាញ ប្រព្រឹត្តដោយក្រុមហ៊ុនចិនដែលមានទំនាក់ទំនងជាមួយអ្នកមានលុយមានអំណាចនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្ដីរាយការណ៍ស៊ើបអង្កេតជាវីដេអូ របស់អាល់ ហ្សាហ្ស៊ីរ៉ា ថែមទាំងបង្ហាញនូវរូបភាពធ្វើទារុណកម្មមនុស្សដែលមានជនរងគ្រោះដៃជាប់ខ្នោះ និងរងការវាយនឹងដំបង ហើយឆក់ខ្សែភ្លើងថែមទៀតផង។
ថ្មីៗនេះទៀតសោត កាលពីថ្ងៃទី១៨ ខែសីហា សារព័ត៌មានតៃវ៉ាន់រាយការណ៍ថា យ៉ាងហោចណាស់មានពលរដ្ឋតៃវ៉ាន់ ៣៧៣នាក់ ត្រូវបានគេបោកបញ្ឆោតឱ្យធ្វើការឱ្យក្រុមហ៊ុនឆបោកតាមអនឡាញនៅកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយ និងក្នុងនោះមានពលរដ្ឋតៃវ៉ាន់ចំនួន ១៤៤នាក់ត្រូវបានបង្ខាំងទុកដោយខុសច្បាប់នៅកម្ពុជា។ រីឯទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហា ថា កម្មករកាស៊ីណូជនជាតិវៀតណាមប្រមាណ ៤០នាក់ ធ្វើការឱ្យកាស៊ីណូមួយឈ្មោះ Golden Phoenix Entertainment Casino នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានគេបង្ខំឱ្យធ្វើការដោយពុំបើកប្រាក់ឈ្នួល ហើយពួកគេសម្រុករត់គេចចេញពីទីតាំងកាស៊ីណូនេះ ដោយបានលោតចូលក្នុងទឹកទន្លេ ឆ្លងទៅត្រើយម្ខាងទៀតនៃប្រទេសវៀតណាមវិញ
នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីដើមខែសីហានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី (Indonesia) អ្នកស្រី រិតណូ ម៉ារស៊ូឌី (Retno Marsudi) ក៏បានលើកឡើងពីកង្វល់របស់ឥណ្ឌូនេស៊ីជុំវិញបញ្ហានេះទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយបានជំរុញឱ្យភាគីកម្ពុជាផ្តល់កិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ក្រោយពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ ៦០នាក់ ត្រូវបានបង្ខាំងខុសច្បាប់ដោយក្រុមហ៊ុនឆបោកអនឡាញមួយនៅខេត្តព្រះសីហនុ ហើយក្រោយមកត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ រួចបញ្ជូនពួកគេត្រលប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ ខណៈព័ត៌មាននេះត្រូវបានអាជ្ញាធរកម្ពុជាព្យាយាមបិទបាំង។ សារព័ត៌មានឥណ្ឌូនេស៊ីរាយការណ៍កាលពីថ្ងៃទី៦ ខែសីហា ថា ផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានគាំពារពលរដ្ឋឥណ្ឌូនេស៊ី យ៉ាងហោចណាស់មានជនជាតិឥណ្ឌូនេស៊ី ២៩៨នាក់ បានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃអំពើឆបោក និងអំពើជួញដូរមនុស្សនៅកម្ពុជា គិតត្រឹមខែកក្កដា ដែលចំនួននេះកើនឡើងពីចំនួនពលរដ្ឋរងគ្រោះឥណ្ឌូនេស៊ី ១១៩នាក់ កាលពីឆ្នាំ២០២១។ ក្រៅពីករណីជនជាតិឥណ្ឌូនេស៊ី វៀតណាម តៃវ៉ាន់ដែលបានរងគ្រោះដោយក្រុមហ៊ុនឆបោកអនឡាញរបស់ចិននៅកម្ពុជានេះ ក៏មានសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងជនរងគ្រោះជាជនជាតិថៃ ម៉ាឡេស៊ី ហ្វីលីពីន និងជនជាតិអាព្រិកមួយចំនួនទៀតផងដែរ ដែលបានរងគ្រោះក្នុងរឿងរ៉ាវស្រដៀងគ្នានេះនៅកម្ពុជា។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ២០១៥ មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ ក្រោមការឃ្លាំមើលអស់រយៈពេល ៣ឆ្នាំជាប់ៗ គ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។ របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។