លោក វន់ ពៅ សង្ឃឹម​ថា តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដោយ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​រូបលោក

ដោយ ខាន់ លក្ខិណា
2024.09.03
លោក វន់ ពៅ សង្ឃឹម​ថា តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដោយ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​រូបលោក ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កាត់​ហៅថា IDEA លោក វន់ ពៅ។
រូប៖ ហ្វេសប៊ុកលោក វន់ ពៅ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កាត់​ហៅថា IDEA លោក វន់ ពៅ ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​រូបលោក ពីព្រោះ​លោក​ជា​ជនរងគ្រោះ មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដូច​តុលាការ​ថ្នាក់​ក្រោម​ចោទ​ប្រកាន់​ឡើយ។

សំណើ​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សាលដីកា​បណ្ដឹង សាទុក្ខ​របស់​លោក វន់ ពៅ ក្នុង​សំណុំរឿង «​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការចូលរួម តវ៉ា​នៅ​រោងចក្រ​កាត់ដេរ យ៉ាកជីន កាលពី​ឆ្នាំ២០១៤ នៅ​សប្ដាហ៍​ក្រោយ។

លោក វន់ ពៅ ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​០២ ខែ​កញ្ញា ថា រយៈពេល ១០ ឆ្នាំ​ហើយ ដែល​លោក​រង់ចាំ​យុត្តិធម៌​នៅក្នុង​សំណុំរឿង ដែល​លោក​មិនបាន​ប្រព្រឹត្ត​បទល្មើស​។ លោក​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ទម្លាក់ ចោល​បទចោទប្រកាន់​លើ​រូបលោក​ឱ្យ​មាន​សេរីភាព​ពេញលេញ ពីព្រោះ​ការ​តស៊ូ​របស់​លោក ដើម្បី​យុត្តិធម៌​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង ហើយក៏​រួមចំណែក​ជួយ​ដល់​រដ្ឋាភិបាល​ផង​ដែរ។

លោក វន់ ពៅ៖ «ខ្ញុំ​ស្នើ​ទៅ​ទាំង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ទាំង​សម្ដេច​ធិបតី ទាំង​តុលាការ​ជាពិសេស​ឯកឧត្ដម​ចៅក្រម​តុលាការ​កំពូល សូម​ផ្ដល់​យុត្តិធម៌​ឱ្យ​ខ្ញុំ ដែល​ខ្ញុំ​ជា​ជនរងគ្រោះ កុំឱ្យ​ជនរងគ្រោះ​ហើយ បែរ​ជា​រង​ការចោទប្រកាន់។ សូម​ផ្ដល់​យុត្តិធម៌​ឱ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​រស់​ក្នុង​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ទាំងអស់គ្នា​ផង»

ការ​ស្នើ​សុំ​នេះ ក្រោយពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បើក​សវនាការ​នៅ​ថ្ងៃទី​០២ ខែ​កញ្ញា ហើយ​សម្រេច​ថា នឹង​ប្រកាស​សាលដីកា​បណ្ដឹង សាទុក្ខ​របស់​លោក វន់ ពៅ ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោម នៅ​ថ្ងៃទី៩ ខែ​កញ្ញា ខាងមុខ។

កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ លោក វន់ ពៅ និង​ជនជាប់ចោទ​ផ្សេងទៀត ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៤ ដល់ ៥​ឆ្នាំ និង​ពិន័យ​ចំនួន ៨​លាន រៀល​ពី​បទ​«​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ ដុល្លារ​កាលពី​ឆ្នាំ​២០១៤ ដែល​កាលនោះ​លោក​ត្រូវ​បាន​ទាហាន​ឆ័ត្រ​យោង ៩១១ វាយ​ឱ្យ​រង​របួស​ធ្ងន់។

នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​លុបចោល ប្រាក់​ពិន័យ​ចំនួន ៨​លាន​រៀល ប៉ុន្តែ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ចន្លោះ​ពី ៤ ដល់ ៥​ឆ្នាំ​លើ​លោក វន់ ពៅ និង​ជន​ជាប់ចោទ​ផ្សេងទៀត​ដូច​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក វន់ ពៅ គឺ​លោក សឺន ជុំជួន លើកឡើង​ថា ការ​សម្រេច​សេចក្ដី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ គឺ​មិន​ឆ្លើយតប​និង​អង្គហេតុ ហើយ​ផ្ទុយ​និង​អង្គហេតុ រីឯ​សំអាង​ហេតុ​វិញ គឺ​ផ្ទុយ​នឹង​អង្គ​ច្បាប់។

លោក សឺន ជុំជួន៖ «ក្នុងនាម​យើង​ជា​សហ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក វន់ ពៅ យើង​ស្នើ​សុំ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ឱ្យ​លោក វន់ ពៅ គាត់​រួចផុត​ពី​បទ​ចោទ ហើយ​ចំណុច​ទី ២ សូម​ឱ្យ​មោឃៈ​សាលដីកា​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​។ នេះ​ជា​អ្វី​ដែល​យើង​បាន​ចូលរួម​នៅក្នុង​សវនាការ​ព្រឹក​ហ្នឹង»

ចំណែក​មេធាវី​ដើមបណ្ដឹង​វិញ បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ កំពូល​ឱ្យ​រក្សា​បទចោទប្រកាន់​លើ​លោក វន់ ពៅ ដូច​តំណាង​មហាអយ្យការ​ស្នើសុំ​ដែរ។

នៅ​ក្នុង​សំណុំរឿង​«​ញុះញង់​» នេះ អ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​មាន​ប្រមាណ ២៥​នាក់ ក្នុង​នោះ​រួមមាន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍ កសិករ​កម្ពុជា​(CCFC)​លោក ថេង សាវឿន អតីត​អ្នករងគ្រោះ​ក្នុង​តំបន់​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ក និង​លោក វន់ ពៅ ជាដើម ប៉ុន្តែ​សវនាការ​ថ្ងៃទី​០២ ខែកញ្ញា​នេះ មានតែ​លោក វន់ ពៅ ម្នាក់​ដែល​ចូលរួម​សវនាការ ខណៈ​អ្នក​ផ្សេងទៀត ពុំ​ទទួល​ដីកា​កោះហៅ​ពី​តុលាការ​នោះ​ឡើយ។

លោក វន់ ពៅ ចាត់ទុក​ការ​លើកឡើង​របស់​មេធាវី​រដ្ឋាភិបាល ដែល​ចោទប្រកាន់ និង​ដាក់បន្ទុក​លើ​រូបលោក​ថា ជា​រឿង​មិន​ត្រឹមត្រូវ​។ លោក​ថា កាលនោះ លោក​រង​អំពើ​ហិង្សា​ស្ទើរតែ​បាត់បង់​ជីវិត​នៅមុខ​រោងចក្រ​កាត់ដេរ​យ៉ាកជីន ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​តែម្ដង ខណៈ​រឿង​ផ្លូវ​វេងស្រេង​កើត​ក្រោយ​ព្រឹត្តិការណ៍​នោះ។

លោក វន់ ពៅ៖ «ការ​ចោទ​ខ្ញុំ​ជា​អ្នកផ្ដើមគំនិត​អី​គឺ​មិន​ត្រឹមត្រូវ​ទេ អង្គហេតុ​រឿង​ហ្នឹង គឺ​ខ្ញុំ​គ្រាន់តែ​អ្នកឃ្លាំមើល​ហើយ​បញ្ជាក់​ឱ្យ​បងប្អូន​កម្មករ បញ្ជាក់​ឱ្យ​ទាហាន​ឆ័ត្រ​យោង ៩១១ កុំ​ឱ្យ​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ កុំ​កម្មករ​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា​ប៉ុណ្ណោះ​។ ក្នុងនាម​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​យើង​ចង់ឱ្យ​អ្វី​ក៏ដោយ​ធ្វើ​ដោយ​អហិង្សា ដោយ​សន្តិភាព​ទាំងអស់គ្នា»

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក វន់ ពៅ និង​អ្នក​ផ្សេងទៀត ឱ្យ​មាន​សេរីភាព​ពេញលេញ​។ ចំពោះ​ករណី​វាយដំ​កាលពី​ឆ្នាំ​២០១៤ វិញ លោក​ថា ប្រសិនបើ​មានការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក វន់ ពៅ និង​អ្នក​ផ្សេងទៀត ពួកគេ​អាច​នឹង​ទទួល​បាន​យុត្តិធម៌ បន្ទាប់ពី​លោក វន់ ពៅ និង​អ្នក​ផ្សេងទៀត​បាន​ប្ដឹង ពីព្រោះ​រឿង​វាយដំ​នេះ គឺជា​ទង្វើ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។