សមត្ថកិច្ចចាប់ខ្លួន លោក ហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ និងមនុស្ស ៣ទៀត
2024.09.19
សមត្ថកិច្ចបានចាប់ខ្លួន លោក ហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ និងមនុស្ស៣នាក់ទៀត ដែលរស់នៅជាមួយលោកកាលពីថ្ងៃទី១៧ កញ្ញា។ មកទល់ពេលនេះក្រុមគ្រួសារមិនទាន់ដឹងពីមូលហេតុចាប់ខ្លួន និងទីតាំងដែលសមត្ថកិច្ចយកទៅឃុំខ្លួននៅឡើយ។
ប្អូនបង្កើតរបស់លោក ហោ សុខុន ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យអាស៊ីសេរីដឹងកាលពីយប់ថ្ងៃទី១៨កញ្ញា ដោយអះអាងថា បងប្រុសរបស់លោក គឺ លោក ហោ សុខុន និងមនុស្ស ៣ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងគ្មានដីកាពីតុលាការឡើយ។
ប្អូនប្រុស លោក ហោ សុខុន រូបនេះបន្ថែមថា កាលពីថ្ងៃទី១៧ កញ្ញា មានមន្ត្រីនគរបាលជាច្រើននាក់ បានទៅឡោមព័ទ្ធផ្ទះជួលលោក ហោ សុខុន នៅម្ដុំផ្សារក្រមួន សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ លោក អះអាងថា សមត្ថកិច្ចបានចាប់ខ្លួន លោក ហោ សុខុន និងមនុស្ស៣នាក់ទៀតភ្លាមៗ។
ប្អូនប្រុស លោក ហោ សុខុន «គេឱ្យម្ចាស់ផ្ទះជួលមក គោះទ្វារ បើកទ្វារភ្លាមគេចាប់ភ្លាមតែម្ដងបង គ្មានបង្ហាញដីកា អីទេ។ បន្ទាប់មកគេដឹកយកទៅភ្លាមៗ មិនដឹងជាគេយកទៅណាទេបង»។
មនុស្ស៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននោះ មាន លោក ហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ លោក វ៉ា រ៉ាស៊ី អ្នករស់នៅជាមួយ និងមិត្តភ័ក្ដិរបស់លោកពីរនាក់ទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដើម្បីសុំសួរអំពីរឿងនេះបាននៅឡើយទេ កាលពីយប់ថ្ងៃទី១៨ កញ្ញា។
ប្អូនប្រុសលោក ហោ សុខុន បន្ថែមថា មូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនបងប្រុសរបស់លោកនោះ ទំនងជារដ្ឋាភិបាលខឹងរឿងលោក ហោ សុខុន ប្រកាសមិនគាំទ្រត្រកូលហ៊ុនក្នុងការដឹកនាំប្រទេស និងរឿងប្រកាសមិនគាំទ្ររឿងរៃអង្គាសលុយពីប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលអះអាងថា យកទៅសាងផ្លូវនៅតាមក្រវាត់ព្រំដែន។
លោក ហោ សុខុន បានថតវីដេអូកាលពីពេលថ្មីៗនេះ លោកមិនជំទាស់គម្រោងកសាងផ្លូវនៅតាមព្រំដែនទេ ប៉ុន្តែរដ្ឋាភិបាលត្រូវដកខែត្រទាំង៤របស់កម្ពុជាចេញពីគម្រោងរកស៊ីរួមគ្នាជាមួយវៀតណាម (Vietnam) និង ឡាវ (Lao) ជាមុនសិន។
លោក ហោ សុខុន៖ «សម្ដេចនាយករដ្ឋមន្ត្រីបង្កើតមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន មានសម្ដេចតេជោ មានមន្ត្រីបក្សនិងមន្ត្រីរដ្ឋាភិបាលជាច្រើន។ ពួកគេនិយាយថាអាអ្នកស្រឡាញ់ជាតិហេតុអីមិនចូល(ថវិកា)ផង? ទាំងតេជោអីនោះណា។ វាថាតែមាត់ទេ វាមិនជួយជាតិទេ។ ចេះតែបំភ្លៃចេះតែបន្លំអីចឹងហើយ។ គ្មានអ្នកណាមិនចង់ជួយទេ អ្នកណាក៏គេចង់ជួយដែរ។ តែដកសិនទៅ ដកគម្រោងCLV ចេញពីវៀតណាមសិនទៅ? បើដកក្នុងខែ៩នេះណាខ្ញុំជួយ១ពាន់ដុល្លារឬ១ម៉ឺនដុល្លារឬលើសពីនេះទៀត ឱ្យតែដកក្នុងខែ៩នេះ។ តែបើដកក្រោយខែ៩ខ្ញុំអាចជួយបន្តិចបន្តួច តាមលទ្ធភាព»។
ប្អូនប្រុសលោក ហោ សុខុន អះអាងថា សមត្ថកិច្ចចាប់ខ្លួន បងប្រុសរបស់ខ្លួននេះ ជារឿងអយុត្តិធម៌។
ប្អូនប្រុសលោក ហោ សុខុន៖ «ឈឺចាប់ខ្លាំងណាស់បងយើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យក្លែងក្លាយ គេនិយាយការពិតមិនបាន។ ការចាប់ខ្លួនគ្មានច្បាប់ទម្លាប់មិនគោរពច្បាប់ផ្សេងៗ ហើយចាប់ខ្លួនគេតាមអពើចិត្ត»។
លោក ហោ សុខុន មានស្រុកកំណើតនៅខែត្រព្រៃវែង។ លោកមានបងប្អូន៧នាក់ ប្រុស៥និងស្រី២នាក់ ។ លោកបានបួសធ្វើជាព្រះសង្ឃជិត ២០ព្រះវស្សា។ ក្រោយមកក៏ត្រូវបានគណៈកម្មការវត្តច្បារអំពៅរៀបចំបោះឆ្នោត ហើយលោកជាប់ជាព្រះចៅអធិការវត្តច្បារអំពៅ។
កាលនៅជាព្រះចៅអធិការវត្ត លោកក៏រិះគន់ក្រុមគ្រួសារត្រកូលហ៊ុនដែរ ដោយលោកលើកសរសើរលោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្នាក់ដឹកនាំល្អជាដើម។ លោក ហោ សុខុន ក៏ត្រូវគេស្គាល់ថា ជាមនុស្សមានទំនាក់ទំនងស្និទ្ធជាមួយអ្នកស្រី ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រីដែរ។ ទំនងជាលោក មិនគាំទ្រត្រកូលហ៊ុននេះ ទើបនៅឆ្នាំ២០១៩ សមត្ថកិច្ចបានឡោមព័ទ្ធវត្តច្បារអំពៅហើយចាប់លោក ហោ សុខុន ផ្សឹកតែម្ដង។
នៅឆ្នាំ២០២២ លោក ហោ សុខុន បានចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន។ ហើយលោកត្រូវបានគណបក្សនេះ តែងតាំងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនប្រចាំនៅខែត្រកំពង់ធំ។
ក្រោយពីចាប់ផ្សឹក គណៈសង្ឃនាយកបានចេញសេចក្ដីប្រកាសដកតួនាទី ពីព្រះចៅអធិការវត្តច្បារអំពៅ និងភារកិច្ចជាទីប្រឹក្សាសម្ដេចព្រះសង្ឃរាជថែមទៀតផង។
ប្អូនប្រុសលោក ហៅ សុខុន បញ្ជាក់ថា មកទល់ពេលនេះ ក្រុមគ្រួសារមិនទាន់ដឹងថា សមត្ថកិច្ចជញ្ជួនលោក ហោ សុខុន និងមនុស្ស៣នាក់ទៀតនៅទីណានៅឡើយ។ ហើយក្រុមគ្រួសារក៏មិនទាន់រកមេធាវីដើម្បីការពារក្ដីបាននៅឡើយដែរ។
អង្គការលីកាដូ (LICADO) បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី១៦កញ្ញា រកឃើញថា ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មកមនុស្សយ៉ាងតិច១០០នាក់ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ហើយជាង៦០នាក់ត្រូវបានចោទប្រកាន់ និងកំពុងឃុំខ្លួនបណ្ដោះអាសន្នជុំវិញការមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA។
អង្គការលីកាដូលើកឡើងនៅក្នុងអត្ថបទរបស់ខ្លួនថា ក្នុងចំណោមជនជាប់ឃុំទាំងនោះមានអាយុចន្លោះពី១៦ឆ្នាំ ដល់អាយុ៧០ឆ្នាំ ហើយភាគច្រើនពួកគាត់រងការចោទប្រកាន់ពីបទ« រួមគំនិតក្បត់» និង«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទចោទប្រកាន់ផ្សេងៗទៀត។ លើសពីនេះមានជនជាប់ឃុំចំនួន ៦នាក់ជាសមាជិកអង្គការសមាគម និង៤នាក់ជាសកម្មជនសង្គម ហើយមនុស្សចំនួន១២នាក់គឺជាសកម្មជនគណបក្សជំទាស់ ព្រមទាំងមួយចំនួនទៀតគឺជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។