ពលរដ្ឋ​តវ៉ា​នៅ​ក្រចេះ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ទោះ​អាជ្ញាធរ​អះអាង​ថា​បាញ់រះ​ទៅលើ

ដោយ មួង ណារ៉េត
2018.03.12
តវ៉ា ហិង្សា ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo courtesy of Fresh News

ពលរដ្ឋ​តវ៉ា​ជម្លោះដីធ្លី​នៅ​ខេត្ត​ក្រចេះ ត្រូវ​របួស​គ្រាប់​កាំភ្លើង ទោះបីជា​អាជ្ញាធរ​របប​លោក ហ៊ុន សែន អះអាង​ថា សមត្ថកិច្ច​បាន​បាញ់រះ​ទៅលើ​មេឃ​ប៉ុណ្ណោះ ក្នុង​ពេល​បង្ក្រាប​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ កាលពី​ថ្ងៃ​ទី០៨ ខែ​មីនា កន្លង​ទៅ​នេះ។ មិន​ត្រឹម​តែ​មាន​ពលរដ្ឋ ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​ប៉ុណ្ណោះ​ទេ សាក្សី​រស់​ដែល​ឃើញ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​នេះ អះអាង​ថា ពិត​ជា​មាន​មនុស្ស​ស្លាប់។

រូបភាព​នៃ​អ្នក​ត្រូវរបួស ដោយ​គ្រាប់កាំភ្លើង ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​ជា​បន្តបន្ទាប់ តាំង​ពី​ក្រោយ​កើតហេតុ ដែល​កងកម្លាំង​ប្រដាប់អាវុធ បាញ់​បង្ក្រាប​ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​នៅ​ស្រុក​ស្នួល​នោះ។ ជនរងគ្រោះ​ទាំងនោះ រួមមាន​អ្នក​ត្រូវ​គ្រាប់​ក្រហូង​ជ្រៅ​លើ​ភ្លៅ​ខាងឆ្វេង ផ្នែក​ខាងក្រោយ​ក្រោម​កំប៉េះគូទ ជនរងគ្រោះ​ត្រូវរបួស​មុត​ក្រហូង​ជ្រៅ​លើ​កំប៉េះគូទ​ខាងឆ្វេង និង​ជនរងគ្រោះ ត្រូវរបួស​លើ​ភ្លៅ​ខាង​ស្ដាំ ក្បែរ​ក្រលៀន ជាដើម។

មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​អ្នក​តវ៉ា នៅតែ​អះអាង​ថា ពិត​ជា​មាន​មនុស្ស​ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង​បាញ់រះ ទៅលើ​ពួកគាត់​ពិតមែន។ លោក​ថែមទាំង​អះអាង ថា យ៉ាង​ហោច​ណាស់ ក៏​លោក​បាន​ឃើញ​ពលរដ្ឋ​ពីរ​នាក់ ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ពោះ​ធ្លាយ​ដល់​ខ្នង ហើយ​ម្នាក់ទៀត​ត្រូវ​គ្រាប់កាំភ្លើង ចំ​គល់​ដោះ ធ្លាយ​ដល់​ខ្នង​ដែរ ដែល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែង ក្នុង​ថ្ងៃ​កើត​ហេតុ​នោះ។ ពលរដ្ឋ​ដដែល រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​ពីរធ្នូ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា អ្នក​តវ៉ា​មិន​ហាន​ចូល​ជួយ​នោះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព និង​បាន​រត់គេច​រៀងៗ​ខ្លួន។

ទោះជា​យ៉ាងណាក៏ដោយ ក៏​លោក​អះអាង​ថា បាន​ឃើញ​មនុស្ស ៦​នាក់​ផ្សេងទៀត ស្លាប់​នៅ​គ្រា​បញ្ជូន​ទៅ​មន្ទីរពេទ្យ៖ «វា​ដូច​ថា គេ​បាញ់​ទៅ ម្នាក់​ហ្នឹង​ចំពោះ​ទឹក ធ្លា​យមក​ក្រោយ​ហ្នឹង ហើយ​ម្នាក់ទៀត​ហ្នឹង​ត្រូវ​ក្រោម​សាច់​ដោះ​ខាង​ស្ដាំ លេច​មក​ខាងឆ្វេង រួចហើយ​ដាច់​ផ្ងារ​តូង​នៅត្រង់​ហ្នឹង។ ពេល​ហ្នឹង​ក្រុម​ខ្ញុំ​ចង់​នាំគ្នា​ទៅ​លើក ប៉ុន្តែ​លើក​មិន​កើត​ទេ​បង ព្រោះ​គ្រាប់កាំភ្លើង​បាញ់រះ​រហូត នាំគ្នា​រត់គេច។ ហើយ​ខាង​សមត្ថកិច្ច​គាត់​ស្រែក​ថា ចាំ​គាត់​យក​ទៅ​ពេទ្យ។ ប៉ុន្តែ ដល់​ពេល​ពួក​ខ្ញុំ​ទៅ​ក្នុង មក​វិញ​បាត់​អ្នក​ទាំងអស់​នោះ​អស់រលីង។ ហើយ​ខ្ញុំ​ថា​ពីរ​នាក់​ស្លាប់​ហើយ ព្រោះ​ត្រូវ​របួសធ្ងន់ ម្នាក់​ត្រូវ​ក្រោម​ឆ្អឹងជំនី​ខាង​ស្ដាំ លេច​ទៅ​ក្រោយ មិន​អាច​រស់​បានទេ»

ទោះជា​យ៉ាង​នេះ​ក្ដី រហូតមកដល់​ពេលនេះ ខាង​អាជ្ញាធរ​នៅតែ​អះអាង​ថា គ្មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​នោះ​ទេ គឺ​មានតែ​ពលរដ្ឋ​អ្នក​តវ៉ា​របួស​ពីរ​នាក់ ខាង​កម្លាំង​សមត្ថកិច្ច​របួស ៧​នាក់។ មិន​តែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍​បង្ក្រាប រហូត​ឈាន​ដល់​ការប្រើប្រាស់ កម្លាំង​ប្រដាប់​អាវុធ ទៅលើ​ពលរដ្ឋ​ស៊ីវិល​បែប​នេះ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ ចាត់ទុកជា​រឿង​តូចតាច​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ធ្លាប់​ព្រមាន​ពលរដ្ឋ ថា​នឹង​វាយ​បំបែក​ធ្មេញ បើ​អ្នកណា​ហ៊ាន​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក ដកស្រង់​សម្ដី ថា ដោយសារ​រដូវ​កាល​នេះ ជា​រដូវ​កាល​ជិត​បោះឆ្នោត គឺ​រឿង​តូច គេ​យក​ជា​រឿង​ធំ ដើម្បី​វាយប្រហារ​បក្ស​កាន់អំណាច។ លោក ទៀ បាញ់ ថែមទាំង​ទម្លាក់កំហុស ទៅលើ​ពលរដ្ឋ​អ្នក​តវ៉ា ដែល​ឈាន​ដល់​ការ​បាញ់​ប្រហារ​នេះ។

មក​ទល់​ពេល​នេះ ក្រុម​សង្គម​ស៊ីវិល ដែល​ចុះ​អង្កេត​ព្រឹត្តិការណ៍​អំពើ​ហិង្សា​នៅ​ខេត្ត​ក្រចេះ​នេះ នៅ​មិនទាន់​អាច​បញ្ជាក់​ទិន្នន័យ​ច្បាស់លាស់ អំពី​ចំនួន​អ្នក​ស្លាប់ និង​អ្នករបួស​បាន​នៅឡើយ​ទេ ព្រោះ​អាជ្ញាធរ មិន​ត្រូវ​បាន​អនុញ្ញាត ពួកគេ​អោយ​ចុះទៅ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​នោះ​ឡើយ។ សូម្បីតែ​មន្ត្រី​អង្គការសហប្រជាជាតិ ក៏​ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ចូល​ទៅ​តំបន់​ជម្លោះ​នោះ​ដែរ។ ទោះជា​យ៉ាង​នេះ​ក្តី ក្រសួង​មហាផ្ទៃ អះអាង​ថា បាន​ចាត់​ក្រុមការងារ ឲ្យ​ចុះ​ស៊ើបអង្កេត ក្នុង​រឿង​នេះ​ហើយ គ្រាន់តែ​មិន​ទាន់​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ។

ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការស៊ើបអង្កេត ដែល​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​ឯករាជ្យ​បែបនេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកថា​ធ្វើ​ឲ្យ​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ អាជ្ញាធរ​របប​លោក ហ៊ុន សែន គ្មាន​ប្រវត្តិ​បើក​ការស៊ើបអង្កេត​ណាមួយ​ដែល​ឯករាជ្យ និង គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។