សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ បានបន្តសវនាការបទ «ញុះញង់» និង «រួមគំនិតក្បត់» ពាក់ព័ន្ធផែនការប្រធានស្ដីទីបក្សប្រឆាំងលោក សម រង្ស៊ី វិលចូលស្រុកកាលពីឆ្នាំ២០១៩ បន្តទៀត ដោយសួរដេញដោលទៅលើអ្នកជំនាញផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី។ កញ្ញា សេង ធារី អះអាងថា ចៅក្រម និងតំណាងអយ្យការ ព្យាយាមសួរលើសពីអង្គហេតុនៃបទចោទ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះចៅក្រមលោក រស់ ពិសិដ្ឋ និងតំណាងអយ្យការលោក សេង ហៀង បានស្វាគមន៍វត្តមានរបស់កញ្ញា សេង ធារី ក្នុងសវនាការក្នុងសំលៀកបំពាក់បែបបុរសបរទេសម្ដង។ បរិយាកាសដំបូងក្នុងសវនាការ គឺមានភាពលូន ដោយចៅក្រម និងព្រះរាជអាជ្ញាបានបំបុកសួរសំណួរ តែកញ្ញា សេង ធារី ម្នាក់គត់ដោយផ្ដោតលើសកម្មភាពកិច្ចការងាររបស់កញ្ញាក្នុងរយៈពេល៣០ឆ្នាំនៅកម្ពុជា និងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី។
ខុសពីជនជាប់ចោទផ្សេងទៀត ក្នុងសំណុំរឿងនេះ គឺកញ្ញា សេង ធារី បានប្រាប់មន្ត្រីតុលាការថា កញ្ញាគាំទ្រលោក សម រង្ស៊ី ព្រោះជាតំណាងនៃការបញ្ចេញសិទ្ធិសេរីភាព ឬជាការសម្ដែងមតិរបស់ពលរដ្ឋ។ ក្រោយមកស្ថានភាពក្នុងសវនាការកាន់តែតានតឹងឡើង ដោយសារចៅក្រមបានព្យាយាមសួរសំណួរដែលភ្ជាប់ទៅអង្គហេតុថ្មី ក្រៅពីផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី តែកញ្ញា សេង ធារី បានទាមទារឲ្យតុលាការបង្ហាញឯកសារពាក់ព័ន្ធនឹងអង្គហេតុថ្មីទាំងអស់នោះសិន ទើបកញ្ញា ព្រមឆ្លើយសំណួរបន្ត។
នៅចុងបញ្ចប់នៃសវនាការលោកចៅក្រម រស់ ពិសិដ្ឋ បានសម្រេចលើកពេលសវនាការកញ្ញា សេង ធារី បន្តទៅថ្ងៃអង្គារសប្ដាហ៍ក្រោយ និងបានបង្ខំឲ្យកញ្ញា សេង ធារី រកមេធាវីតំណាង ឬត្រូវទទួលយកមេធាវីតាមការចាត់តាំង ទើបអាចទទួលបានឯកសារទាំងនោះ តាមរយៈមេធាវីដូចច្បាប់បានតម្រូវនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ កញ្ញា សេង ធារី បដិសេធមេធាវីចាត់តាំងទាំងអស់ ហើយកញ្ញា នឹងរកមេធាវីដោយខ្លួនឯង។
ក្រោយបញ្ចប់សវនាការកញ្ញា សេង ធារី បានដើរមកជួបជុំអ្នកគាំទ្រ និងផ្ដល់បទសម្ភាសន៍នៅមុខតុលាការថា សវនាការនៅតែបន្តក្នុងទម្រង់ឆាកល្ខោននយោបាយដដែល។ តែយ៉ាងណា កញ្ញាតាំងចិត្តថា នឹងចូលរួមរាល់សវនាការនេះ ព្រោះកញ្ញាយល់ថា វាជាឱកាសល្អ សម្រាប់កញ្ញាអាចធ្វើការងារមួយដែលពេញចិត្តយូរមកហើយ នោះគឺការតស៊ូមតិ និងការពន្យល់អំពីសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប្រាប់ទៅមន្ត្រីតុលាការ៖ «អំពីលោក សម រង្ស៊ី ខ្ញុំអត់ដែលលាក់លៀមសោះ នៅក្នុងការគាំទ្រគាត់ពេញទំហឹង មិនមែនជាបុគ្គលទេ។ ប៉ុន្តែគាត់ជានិមិត្តរូបនៃគោលការណ៍សំខាន់ៗ ស្របនឹងបំណងប្រាថ្នារបស់ខ្ញុំ។ គេ ( ចៅក្រម ) ចេះតែចង់បញ្ចូលអង្គហេតុថ្មីៗ។ ខ្ញុំថា ខ្ញុំអត់អាចឆ្លើយតបភ្លាមៗនូវអ្វីដែលកំពុងជះមកលើខ្ញុំភ្លាមៗទេ។ ខ្ញុំត្រូវការពេលវេលា។ ដល់អ៊ីចឹង ! ចេះទៅ ( ឆ្លើយឆ្លង ) ទៅវិញទៅមក។ គាត់ ( ចៅក្រម ) ឆ្វេចឆ្វាចមែនទែន។ ម្ដងគាត់និយាយអ៊ីចេះ ម្ដងគាត់និយាយអ៊ីចុះ»។
កញ្ញា សេង ធារី និងក្រុមស្ត្រីតវ៉ារៀងរាល់ថ្ងៃសុក្រជាង១០នាក់ បាននាំគ្នាស្លៀកសំលៀកបំពាក់បែបបុរសបរទេសទាំងអស់គ្នា ក្រោយពេលកញ្ញាធ្លាប់ត្រូវតុលាការបដិសេធឲ្យចូលបន្ទប់សវនាការកាលពីខែវិច្ឆិកា ដោយសារកញ្ញាស្លៀកសំលៀកបំពាក់បែបសិល្បះខ្មែរក្នុងទម្រង់ជាអប្សរា។ កញ្ញាបញ្ជាក់ជាថ្មីថា ការស្លៀកសំលៀកបំពាក់ទាំងនេះ ជាការសម្ដែងល្ខោន តាមតុលាការដែលបានអនុវត្តមកលើកញ្ញា។
ចំណែកសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ៣នាក់ គឺលោក ហេង ច័ន្ទសុទ្ធី លោក កាក់ កុម្ភារ និងលោក ទុំ ប៊ុនថន ក៏ត្រូវបានឆ្មាំពន្ធនាគារបន្តដឹកមកចូលរួមសវនាការដែរ តែចៅក្រមមិនបានសួរ និងមិនអនុញ្ញាតិឲ្យពួកគាត់និយាយទេ។ នៅសប្ដាហ៍នេះ ពួកគាត់មិនបានបង្ហាញការតវ៉ាចំពោះបម្រាមនេះទេ។
ប្រពន្ធរបស់លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា មិនពេញចិត្តនឹងការបន្តឃុំខ្លួនប្ដីរបស់លោកស្រី និងអ្នកនយោបាយទាំងអស់រង់ចាំសវនាការបែបនេះទេ។ លោកស្រីនៅតែចាត់ទុកថា ការចាប់ឃុំខ្លួនប្ដី គឺជារឿងអយុត្តិធម៌ និងទាមទារឲ្យតុលាការដោះលែងអ្នកនយោបាយទាំងអស់វិញ។
សវនាការនេះ ក៏មានការចូលរួមឃ្លាំមើលពីតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា តំណាងស្ថានទូតនានា និងក្រុមអង្គការសិទ្ធិមនុស្សមួយចំនួន។ រីឯក្រុមស្ត្រីថ្ងៃសុក្រ និងសកម្មជនសង្រ្គោះជាតិ ដែលគាំទ្រនៅខាងក្រៅតុលាការវិញ នាំគ្នាពាក់អាវស ចងក្រវ៉ាត់កពណ៏ខ្មៅ ដើម្បីបង្ហាញថា សកម្មជនបក្សប្រឆាំងទាំងអស់គឺស្អាតស្អំ រងភាពអយុត្តិធម៏ ដោយសារប្រព័ន្ធតុលាការកាត់ក្ដី ជាការសម្ដែង ល្ខោន។
អាជ្ញាធរក៏បានដាក់ពង្រាយកម្លាំងនៅខាងក្រៅបរិវេណតុលាការដូចសវនាការមុនៗដែរ តែនគរបាល និងក្រុមសន្តិសុខខណ្ឌ៧មករា មិនបានប្រើហិង្សា បើកការវាយបង្ក្រាប ឬ រុញច្រានក្រុមស្ត្រីថ្ងៃសុក្រ ដូចពេលមុនៗនោះទេ។
ជុំវិញសវនាការនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេនៅថ្ងៃទី២៨ ខែធ្នូនេះ។
អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា សង្កេតឃើញថា សវនាការមានការសួរដេញដោលគ្នាបានល្អ ដោយសារកញ្ញា សេង ធារី ជាអ្នកជំនាញច្បាប់ស្រាប់។ ទោះយ៉ាងណា សម្រាប់ក្រុមសង្គមស៊ីវិល សំណុំរឿងនេះនឹងមិនអាចរកយុត្តិធម៌ តាមផ្លូវតុលាការបានទេ ព្រោះជាសំណុំរឿងនយោបាយ។
លោក ស៊ឹង សែនករុណា ព្រួយបារម្ភថា ប្រសិនបើតុលាការនៅតែជម្នះបន្តការរៀបចំសវនាការទាំងភាពចម្រូងចម្រាស់បែបនេះទៀត កិត្យានុភាពរបស់ប្រព័ន្ធតុលាការ នឹងកាន់តែធ្លាក់ចុះ ហើយរងការរិះគន់កាន់តែខ្លាំងថែមទៀត។ លោកលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទនេះ តាមផ្លូវនយោបាយវិញ៖ «អង្គការសង្គមស៊ីវិលយើងយល់ថា សំណុំរឿងហ្នឹងអាចបញ្ចប់ទៅបានលុះត្រាតែស្ថានភាពអ្នកនយោបាយហ្នឹង វិលមកភាពល្អប្រសើរ ដែលអាចគួរជាទីទុកចិត្តបាន ពីសហគមន៍ជាតិ និងអន្តរជាតិ ហើយចំណុចទាំងអស់ហ្នឹង នឹងអាចមានភាពបញ្ចប់ ហើយសំណុំរឿងហ្នឹង ហ្នឹងត្រូវទុកចោលដូចសំណុំរឿងនយោបាយមុនៗ ដែលយើងបានកត់សម្គាល់»។
តុលាការក្រុងភ្នំពេញ បានបំបែកសវនាការបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងរួមគំនិតក្បត់ លើសកម្មជនចំនួន ៤២នាក់ ជា៧សវនាការ។ សំណុំរឿងនេះ តុលាការចោទពួកគេ ថាពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោងមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី។ ប៉ុន្តែតុលាការ និងរដ្ឋាភិបាល នៅតែបន្តបិទផ្លូវលោក សម រង្ស៊ី និងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិមិនឲ្យមកបំភ្លឺក្នុងតុលាការ។ តុលាការគ្រោងបើកសវនាការរៀងរាល់ថ្ងៃព្រហស្បតិ៍ជាបន្តបន្ទាប់ទៀត រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
