ក្រុម​អ្នក​សារព័ត៌មាន​ថា សេរីភាព​សារព័ត៌មាន​មិនទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ

ដោយ ស្ងួន អមរា
2019-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៩។ RFA
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៩។ RFA
RFA

ខែ​កញ្ញា​ឆ្នាំ​២០១៩ នេះ គឺជា​ខួប​ពីរ​ឆ្នាំ​ហើយ​នៃ​ការ​វាយ​បង្ក្រាប​ដល់​កម្រិត​កំពូល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​អត់ឱន​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ឡើយ ស្រប​ពេល​នៃ​ការ​កម្ចាត់​គណបក្ស​សង្គ្រោះជាតិ។ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ដែល​ហ៊ាន​និយាយ​ការ​ពិត បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​សេណារីយ៉ូ​នយោបាយ​នេះ​។ តើ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​សេរីភាព​សារព័ត៌មាន​នេះ មាន​ការ​វិវឌ្ឍ​យ៉ាង​ដូចម្ដេច​ខ្លះ​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លង​ទៅ​នេះ?

អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​វាយតម្លៃ​ថា សេរីភាព​សារព័ត៌មាន​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ មិនទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​នៅឡើយ​ទេ ហើយ​អ្នកសារព័ត៌មាន​នៅតែ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​បែបយ៉ាង។

ការី​និពន្ធ​សារព័ត៌មាន​វីអូឌី (VOD) លោក មិន ពៅ ថ្លែង​ថា សេរីភាព​សារព័ត៌មាន​នៅតែ​ស្ថិត​ក្រោម​ការ​រឹតត្បិត។ លោក​ថា ប្រជាពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល សុទ្ធតែ​បាត់បង់​ព័ត៌មាន​ពិត នៅ​ពេល​ដែល​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​បាន​បិទទ្វារ។ លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ស្ថាប័ន​របស់​លោក​ផ្សាយ​ព័ត៌មាន​បានតែ​នៅ​អនឡាញ​ប៉ុណ្ណោះ ចំណែក​ការផ្សាយ​តាម​វិទ្យុ​អេហ្វអិម (FM) វិញ លោក​ថា ក្រសួង​នៅតែ​ហាមឃាត់​ម្ចាស់​ស្ថានីយ​មិន​ឱ្យ​ជួល​ម៉ោង​ផ្សាយ​សម្រាប់​ស្ថាប័ន​របស់​លោក​ដដែល​។ ម្យ៉ាងវិញទៀត លោក​ថា ក្រសួង​លែង​ផ្ដល់​បណ្ណែ​អ្នកកាសែត​ឱ្យ​អ្នក​ព័ត៌មាន​វិទ្យុ​វីអូឌី (VOD) ជាង​ពីរ​ឆ្នាំ​មក​ហើយ ដែល​បញ្ហា​នេះ​បាន​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​សហការី​របស់​លោក​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​នៅ​តាម​ទីតាំង​មួយ​ចំនួន៖ «វា​អត់​មាន​អ្វី​ប្រសើរ​ឡើង​ផង មានតែ​ស្ថានភាព​ថេរ មានតែ​ស្ថានភាព​ប្រឈម​ដដែលៗ​ ទេ​។ ពេល​ខ្លះ​ទៅ វា​ហាក់​ដូចជា​ចង់​លើស​មុន​ទៀត ដោយ​ផ្នែក​ខ្លះ​។ យើង​មើល​តាំងពី​ចុង​ឆ្នាំ​២០១៧ ដែល​បិទ​ស្ថានីយ​វិទ្យុ​ផ្សាយ​ព័ត៌មាន​ដែល​ឆ្លុះបញ្ចាំង​ពី​រដ្ឋាភិបាល រួម​ទាំង​ អាស៊ីសេរី វីអេអេ វីអូឌី​ ផង​ដែរ​ហ្នឹង ៣២ ស្ថានីយ​ហ្នឹង គឺ​បិទ​លែង​ឱ្យ​ផ្សាយ​។ អ៊ីចឹង​យើង​ក៏​លែង​មានឱកាស​ក្នុង​ការផ្សាយ​បន្ត​ទៀត ហើយ​ពេល​ជិត​បោះឆ្នោត ពេល​ដែល​មាន​ព្រឹត្តិការណ៍​សំខាន់​ហ្នឹង ក៏​បិទ​វេបសាយ។ ដូច ២០១៨ បិទ​វេបសាយ​អស់ ១៧​វ៉ឹបសៃធ៍ នៅ​អំឡុង​ពេល​ជិត​បោះឆ្នោត​ដែល​ពលរដ្ឋ​ត្រូវការ​ព័ត៌មាន។ ការ​បិទ​ទៀតសោត គឺ​អត់​បាន​ផ្តល់​ព័ត៌មាន​ប្រាប់​យើង​មុន អត់​បាន​អី​ទេ គឺ​ហាក់​ដូចជា ចង់​បិទ ក៏​បិទ ចង់​បើក ក៏​បើក»

ក្រោយ​ការ​បោះ​ពួយ​យ៉ាង​លឿន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កម្ចាត់​គណបក្ស​នេះ​ចេញពី​ឆាក​នយោបាយ​កម្ពុជា។ ចំណាត់ការ​ជាច្រើន​ត្រូវ​បាន​ដាក់​ចេញ​នៅ​មុន​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់ ក្នុង​នោះ​មាន​ជាអាទិ៍ ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួច​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង​យក​មក​ចែក​គ្នា​កាន់កាប់ ព្រមទាំង​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​នេះ​ចំនួន ១១៨​នាក់​ផង​ដែរ​។​

ទន្ទឹម​នឹង​នេះ របប​ក្រុងភ្នំពេញ​បាន​ខ្ទប់​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ពី​ដំបូង​បាន​បិទ​​ហ្វ្រេកង់​វិទ្យុ​ជាង ៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្រោម​ហេតុផល​ថា ម្ចាស់​ស្ថានីយ​ទាំងនោះ​មិន​គោរព​កិច្ច​សន្យា​​ជាមួយ​ក្រសួង។ ក្រោយ​មក​ទៀត របប​នេះ​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ដើមខែ​កញ្ញា ក្រោម​ហេតុផល​ថា កាសែត​​នេះ​ជំពាក់​ពន្ធ​រដ្ឋ​ជាង ៦​លាន​ដុល្លារ​អាមេរិក​។ មួយ​សប្ដាហ៍​ក្រោយមក អាស៊ីសេរី​បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ បន្ទាប់​ពី​របប​ក្រុងភ្នំពេញ​បាន​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​រឿង​បង់ពន្ធ និង​បញ្ហា​អាជ្ញាប័ណ្ណ។

ការ​វាយ​បង្ក្រាប​មិន​បាន​បញ្ឈប់​ត្រឹមនេះ​ទេ​។ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​ចោទ​ពួកគេ​ថា បាន​បញ្ជូន​ព័ត៌មាន​សម្ងាត់​ឱ្យ​បរទេស ទោះ​ពួកគេ​បាន​លាឈប់​ពី​ការងារ​នៅ​អាស៊ីសេរី​រួច​អស់​ទៅ​ហើយ​ក្ដី​។ បន្ថែម​ពីលើ​នេះ នៅ​កៀក​នឹង​ការបោះឆ្នោត អាជ្ញាធរ​បាន​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន និង​គេហទំព័រ​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ទៀត ដើម្បី​កុំ​ឱ្យ​ផ្សព្វផ្សាយ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត។

អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) លោក ស៊ុន ណារិន ថ្លែង​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បាន​បង្ក​ជា​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ លោក​កត់សម្គាល់​ថា អ្នកសារព័ត៌មាន​ឯករាជ្យ​ជាច្រើន​ត្រូវ​បាត់បង់​ការងារ ខ្លះ​ត្រូវ​រត់​ទៅ​ជ្រក​នៅ​ក្រោម​ស្ថាប័ន ដែល​មិន​សូវ​មាន​វិជ្ជាជីវៈ និង​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​។ លោក​បន្ត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​នៅ​សេសសល់ ត្រូវ​រង​ការចោទប្រកាន់ និង​រើសអើង​ថា ជា​ក្រុម​ប្រឆាំង ឬ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ជាដើម​។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កែ​ប្រែ​​ស្ថានភាព​នេះ ឱ្យ​បាន​ល្អ​ឡើងវិញ​៖ «ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​បាត់បង់​ព័ត៌មាន​ច្រើន​ណាស់ អ៊ីចឹង​វា​ជា​រឿង​សោកស្ដាយ​មួយ​។ ត្រូវ​មាន​ការ​គិត​ឡើងវិញ​ដែរ ព្រោះ​មិនមែន​តែ​ពលរដ្ឋ​បាត់បង់​ទេ ខ្ញុំ​គិត​ថា មន្ត្រី​ថ្នាក់ក្រោម​ក៏​គាត់​បាត់បង់​ព័ត៌មាន ដែល​គាត់​គិត​ថា ជា​ព័ត៌មាន​មានតម្លៃ​សម្រាប់​ពួកគាត់​ដែរ​។ អ៊ីចឹង​យក​ល្អ គឺថា​មានការ​បើកទូលាយ​ឡើងវិញ បន្ទាប់មក​គឺ​ឱ្យ​ស្ថាប័ន​អស់ហ្នឹង​វិលត្រឡប់​មកវិញ អ៊ីចឹង​យើង​កាន់​តែ​មាន​អ្នកកាសែត​ច្រើន ប្រជាជន​កាន់តែ​ទទួល​បាន​ព័ត៌មាន​អស់ហ្នឹង»

ក្រោយ​ការ​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​លើ​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​របស់​កម្ពុជា​។ គណបក្ស​ដែល​មាន​ឫសគល់​ចេញពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​របស់​វៀតណាម​នេះ បាន​ប្រមូល​យក​អាសនៈ​ទាំង ១២៥ ក្នុង​រដ្ឋសភា មកកាន់​កាប់​តែម្នាក់​ឯង។

ទោះជា​យ៉ាងណា ជោគជ័យ​នេះ​បាន នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​សម្រាប់​ជាតិ​។ កម្ពុជា​បាន​ក្លាយ​ជា​របប​ដឹកនាំ​បក្ស​តែមួយ ឬ​ឯក​បក្ស​ប្រាស​ចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​ធ្លាប់តែ​ជួយ​ជ្រោមជ្រែង​កម្ពុជា​លើ​ផ្នែក​អភិបាលកិច្ច ការ​អភិវឌ្ឍ និង​សេដ្ឋកិច្ច​នោះ បាន​នាំគ្នា​កាត់បន្ថយ​ជំនួយ និង​ព្រមាន​ឈប់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ចំពោះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​លក់​លើ​ទីផ្សារ​របស់​ពួកគេ​ថែមទៀត។

បន្ទាប់ពី​ទទួល​ក្ដាប់​អំណាច​ណែន​ក្នុង​ដៃ​ហើយ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​រៀបចំ​តាក់តែង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឧក្រិដ្ឋកម្ម​លើ​បច្ចេកវិទ្យា ដោយ​លោក​អះអាង​ថា ដើម្បី​ថែរក្សា​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ក៏ប៉ុន្តែ​អ្នក​ជំនាញ​បារម្ភ​ថា របប​ក្រុងភ្នំពេញ​អាច​នឹង​ប្រើ​ច្បាប់​នេះ ដើម្បី​បំបិទមាត់​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​តាម​បណ្ដាញ​សង្គម ពីព្រោះ​ច្បាប់​មិនទាន់​ចេញ​ជា​រូបរាង​ផង សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រួចស្រេច​ទៅ​ហើយ ក្រោម​បទ​ចោទ​ដ៏​ពេញ​និយម គឺ​ការ​ញុះញង់។

ស្រប​ពេល​នៃ​ការ​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​​មួយ​ឆ្នាំ​ម្ដង​ផង​ដែរ​។ ក្នុង​ជំនួប​រាល់​លើក លោក​តែងតែ​ណែនាំ​ឱ្យ​អ្នកសារព័ត៌មាន​គោរព​វិជ្ជាជីវៈ រាយការណ៍​ព័ត៌មាន​ពិត និង​ចៀសវាង​ផ្សាយ​ព័ត៌មាន ដែល​មាន​ចរិត​ជា​ការ​ញុះញង់ អុជអាល និង​បញ្ឆេះ​កំហឹង ខណៈ​រូបលោក​ផ្ទាល់ គឺជា​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម ដែល​តែង​ប្រើប្រាស់​វេទិកា​សាធារណៈ ជេរ​ប្រមាថ​កាតទាន និង​គំរាមកំហែង​អ្នក​ដទៃ។

ក្នុង​ពិធី​ជួបជុំ​នោះ លោក ហ៊ុន សែន មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​អ្នកសារព័ត៌មាន​បាន​លើក​ឡើង​ពី​កង្វល់ និង​សំណូមពរ​របស់​ពួកគេ​ឡើយ ដោយ​លោក​គ្រាន់តែ​ថ្លែង​សុន្ទរកថា ចប់ ហើយក៏​ចុះ​ពី​ឆាក​វិញ ដើម្បី​ទទួលទាន​អាហារ​ជុំ​គ្នា​។ អ្នកសារព័ត៌មាន​មួយ​ចំនួន ដែល​គាំទ្រ​បក្ស​កាន់អំណាច និង​តោង​កាលីប​អ្នកធំ បាន​បង្ហាញ​ការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ជាមួយ​អាហារ​មួយ​ពេល​នោះ ហើយ​ពួកគេ​បាន​បង្ហោះ​រូប និង​សារ​ព្រោងព្រាត​លើ​ហ្វេសប៊ុក (Facebook) ដោយ​ចាត់ទុកថា ព្រឹត្តិការណ៍​នោះ ជា​ផ្នែក​មួយ​នៃ​ការ​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​ស្រុក​ខ្មែរ​។ ក៏ប៉ុន្តែ សម្រាប់​អ្នក​សារព័ត៌មាន​ឯករាជ្យ​វិញ កម្មវិធី​នេះ​គ្មាន​បាន​ផល​អ្វី​ឡើយ ក្រៅ​តែ​ពី​ការ​ផឹកស៊ី​រាំរែក។

ជុំវិញ​បញ្ហា​សេរីភាព​សារព័ត៌មាន​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​លើកស្ទួយ​សិទ្ធិ​សេរីភាព​នេះ តាមរយៈ​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របប​សារព័ត៌មាន ការអនុញ្ញាត​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់រយ​ស្ថាប័ន និង​វិសាលភាព​ផ្សព្វផ្សាយ​ធំ​ទូលាយ និង​ទាំង​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រាប់ពាន់​នាក់ បំពេញការងារ​នៅ​ក្នុង​ប្រទេស​។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​កំពុង​តាក់តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នឹង​ជួយ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​បន្ថែម​ទៀត​។ លោក​ថា រដ្ឋាភិបាល​មិនបាន​រឹតត្បិត យាយី ឬ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ ហើយ​លោក​ថា ចំណាត់​ការ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នកកាសែត​នា​ពេល​កន្លងមក គឺជា​ការអនុវត្ត​ច្បាប់៖ «ការវាយតម្លៃ និង​ការយល់ឃើញ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន ឬ​អ្នកសារព័ត៌មាន​មួយ​ចំនួន​ហ្នឹង គឺជា​ការវាយតម្លៃ​ដោយ​ផ្អែក​ទៅ​លើ​ព័ត៌មាន​តែមួយ​ផ្នែក មិនបាន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​គ្រប់​ជ្រុងជ្រោយ អំពី​ស្ថានភាព និង​បរិយាកាស​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ទេ​។ យើង​កត់សម្គាល់​ឃើញ​ថា មក​ដល់​ពេលនេះ សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​គោរព និង​លើកកម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ហើយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ទាំង​វិសាលភាព និង​មធ្យោបាយ​ផ្សព្វផ្សាយ គឺ​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់»

ទោះជា​មានការ​បកស្រាយ​ពី​តំណាង​ក្រសួង​ព័ត៌មាន​បែបនេះ​ក្តី ក៏​របាយការណ៍​នានា បង្ហាញ​ថា កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​យ៉ាង​គំហុក​ផ្នែក​សេរីភាព​សារព័ត៌មាន​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ដែល​ចេញផ្សាយ​ដោយ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​ជាប់​លេខ ១៤៣ ខណៈ​សន្ទស្សន៍​ឆ្នាំ​២០១៧ កម្ពុជា​ជាប់​លេខ​១៣២។ ចំណាត់ថ្នាក់​នេះ​មាន​ន័យ​ថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។

និពន្ធ​នាយក​កាសែត​ខ្មែរថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា ទទួល​ស្គាល់​ថា កម្ពុជា​មាន​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​មែន ប៉ុន្តែ​នៅ​ខ្វះ​គុណភាព​នៅឡើយ​។ ក្នុង​បរិបទ​បែបនេះ លោក​ថា ចំនួន​ស្ថាប័ន​ព័ត៌មាន​តែមួយ​មុខ មិនមែន​ជា​កត្តា​កំណត់​អំពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ និង​បញ្ឈប់​ការ​យាយី​លើ​អ្នកសារព័ត៌មាន​តទៅទៀត៖ «បរិមាណ​មាន​វា​ច្រើន​មែន​សម្រាប់​សារព័ត៌មាន​នៅ​កម្ពុជា​យើង ប៉ុន្តែ​សម្រាប់​គុណភាព​វា​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​មានតែ​បរិមាណ អ៊ីចឹង​យើង​គួរតែ​បើកចំហ​បន្តិចទៀត​សម្រាប់​អ្នកសារព័ត៌មាន ដែល​គាត់​បម្រើការ​វិជ្ជាជីវៈ​ឯករាជ្យ ដើម្បី​ឱ្យ​គាត់​បាន​ធ្វើ​ការ​ជា​បន្ត​ទៀត។ យើង​មើល​ទៅ​ថា តើ​លំហ​ជើងមេឃ​នៅ​កន្លែង​ណា បើ​២ នាក់ អតីត​​អាស៊ីសេរី​នៅតែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​តុលាការ​ដដែល​។ អ៊ីចឹង​យើង​នៅតែ​ទទូច​ថា សូម​ឱ្យ​លោក​ពិចារណា​ទម្លាក់​បទ​ចោទ​លើ​អាស៊ីសេរី ២​នាក់​ទៅ ដើម្បី​ជា​ការ​បើកចំហ​ជើងមេឃ​ឱ្យ​ឃើញ​ថា អ្នកសារព័ត៌មាន​នឹង​ធ្វើ​ការ​ដោយ​ពុំ​មាន​ការភ័យខ្លាច និង​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​របស់​គាត់»

អង្គការ​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ជាទូទៅ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​ចាប់ពី​ចុង​ឆ្នាំ​២០១៧ រហូត​មក ពោល គឺ​នៅ​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​កើន​ឡើង​ខ្លាំង ដែល​ជា​ការ​គំរាមកំហែង​ដល់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​គូសបញ្ជាក់​ថា ដោយ​មើល​ឃើញ​ពី​ស្ថានភាព​បែបនេះ លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​មធ្យោបាយ ដូចជា អំពើ​ហិង្សា ការ​បំភិតបំភ័យ និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន ក្នុង​គោល​ដៅ​​ខ្ទប់​មាត់​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់ ដើម្បី​ធានា​ថា លោក​នឹង​បន្ត​កាន់អំណាច​ផ្ដាច់ការ​នៅ​កម្ពុ​ជាត​ទៅ​មុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល