អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ចាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ

0:00 / 0:00

ចំណាត់ថ្នាក់​កម្ពុជា​ថយ​ចុះ​មួយ​លេខ​ក្នុង​ផ្នែក​សេរីភាព​សារព័ត៌មាន នេះ​បើ​តាម​ចំណាត់ថ្នាក់​ថ្មី ដែល​ចាត់​ថ្នាក់​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​Reporters Without Border នៅ​ក្នុង​ឆ្នាំ​២០២០​នេះ។ អង្គការ​សារព័ត៌មាន​មួយ​នេះ​នៅតែ​ចាត់ទុកថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ដោយ​ការ​គំរាមកំហែង ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​ការ​បង្កើត​ច្បាប់​ថ្មី​ស្ដីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាដើម​។ មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ការ​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​នេះ គឺ​ពុំ​ឈរ​លើ​ការ​ពិត​នៅ​កម្ពុជា​ទេ ហើយ​អះអាង​ថា រាល់​ការ​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នកសារព័ត៌មាន​នា​ពេល​កន្លង​ទៅ​គឺជា​ការ​អនុវត្ត​ច្បាប់។

ក្នុង​របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០​ប្រទេស ដោយ​ទទួល​បាន​ពិន្ទុ​៤៥,៤៦។ ក្នុង​នោះ​បង្ហាញ​ថា ចំណាត់ថ្នាក់​កម្ពុជា​បាន​ថយ​ចុះ​មួយ​លេខ​ពី​លេខ​១៤៣ នៅ​ក្នុង​ការវាយតម្លៃ​កាលពី​ឆ្នាំ​២០១៩ ចំណែក​ពិន្ទុ​ដែល​កម្ពុជា​ទទួល​បាន​ក៏​ថយ​ចុះ​ពី​ឆ្នាំមុន​ដែរ គឺ​ថយ​ចុះ​ចំនួន​០,៤៤ ពិន្ទុ​។ ការ​ដាក់​ចំណាត់ថ្នាក់​ថយ​ចុះ​នេះ​ជា​ការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដែល​បន្ត​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន ដោយ​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ ការ​គំរាមកំហែង និង​ការប្រើប្រាស់​ច្បាប់ ដែល​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ចាត់ទុកថា រឹត​ត្បិត​សេរីភាព​សារព័ត៌មាន។

នៅ​មុន​ពេល​ចេញ​របាយ​ការណ៍​បន្ថយ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ទាមទារ​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កែប្រែ​សេចក្ដីព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដោយ​លុបចោល​ចំណុច​ទី​១០ និង​ទី​១១ នៃ​មាត្រា​៥ នៃ​ច្បាប់​នេះ​ដែល​ចែង​ថា នៅ​ពេល​ប្រទេសជាតិ​ត្រូវ​បាន​ប្រកាស​ដាក់​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់​ចេញ​វិធានការ​ឃ្លាំមើល និង​តាមដាន​គ្រប់​មធ្យោបាយ ដើម្បី​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព ក្នុង​គោលបំណង​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន​។ រដ្ឋាភិបាល​មាន​សិទ្ធិ ហាមឃាត់ ឬ​កម្រិត ការចែក​ចាយ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ឱ្យ​មានការ​ភ័យខ្លាច​ដល់​សាធារណជន ឬ​ចលាចល ឬ​ដែល​នាំ​ឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​អំពី​ស្ថាន​ភាព​អាសន្ន។ បើ​ពុំនោះ​សោត​ច្បាប់​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់ ដើម្បី​រំលោភបំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​នៃ​ការ​ផ្តល់​ព័ត៌មាន និង​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន។

ជាមួយ​គ្នា​នេះ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ​បាន​កត់សម្គាល់​ពី​ការ​ចាប់​ឃុំខ្លួន​នាយក​ការ​ផ្សាយ​ទូរទស្សន៍​ហ្វេសប៊ុកTVFB គឺ​លោក សុវណ្ណ រិទ្ធី ដោយ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ចំពោះ​ការផ្សាយ​ទៅតាម​សម្ដី​របស់​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ។

បើ​តាម​អង្គការ​ដដែល​នេះ​គណបក្ស​កាន់អំណាច​របស់ លោក ហ៊ុន សែន ដែល​ខ្លាច​ចាញ់​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ បាន បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នក​មាន​សំឡេង​មិន​ស្រប​រដ្ឋាភិបាល ហើយ​យុទ្ធនាការ​បង្ក្រាប​នេះ​មិន​បាន​បញ្ចប់​ឡើយ ពោល​គឺ​នៅតែ​បន្ត​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​។ ក្នុង​នោះ​មាន​អង្គការ​ដដែល​នេះ​ថា ពេលនេះ​នៅ​កម្ពុជា​គេ​ទទួល​បាន​ព័ត៌មាន​តែ​ពី​អង្គភាព​Fresh News ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន។

ឆ្លើយ​តប​នឹង​ការ​លើកឡើង​នេះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ចាត់​ទុក​របាយការណ៍​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ថា ពុំបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។ លោក​ថា​វិធានការ​របស់​អាជ្ញាធរ​កន្លងមក​នោះ​គឺជា​ការអនុវត្ត​ច្បាប់​ពុំ​មែន​ជា​យុទ្ធនាការ​បង្ក្រាប​ណាមួយ​ឡើយ​។ ចំពោះ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​វិញ​លោក​ថា គឺ​ការ​ធានា​ស្ថិរភាព​សង្គម និង​អាយុជីវិត​ពលរដ្ឋ​នៅ​ក្នុង​គ្រា​មាន​អាសន្ន ហើយ​បណ្ដា​ប្រទេស​ជាច្រើន​ក៏​គេ​មាន​វិធានការ​មិន​ខុស​ពី​កម្ពុជា​ដែរ៖ «សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខុស​ពី​អ្វី ដែល​គាត់​បាន​លើក​ឡើង គាត់​លើកឡើង​តែ​ពី​គំនិត​តែមួយ​ជ្រុង​តាម​ការវាយតម្លៃ​របស់​គាត់»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ ក្នុង​ពេល​នោះ​កម្ពុជា​បាន​ចំណាត់ថ្នាក់​គឺ​ធ្លាក់​ចុះ​១០​លេខ ពី​ឆ្នាំ​ចាស់​ហើយ​ធ្លាក់​ចុះ ១​លេខ​ទៅ​លេខ​១៤២ ក្នុង​ឆ្នាំ​២០១៨ និង​ទៅ​លេខ​១៤៣ ក្នុង​ឆ្នាំ​២០១៩ ក្នុងចំណោម​ប្រទេស​សរុប​ចំនួន​១៨០​ប្រទេស​។ ក្នុង​រយៈពេល​នោះ​ហើយ​ដែល​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ត្រូវ​គេ​មើល​ឃើញ​ថា បាន​វាយ​បង្ក្រាប​ឥត​ប្រណី និង​ខ្ទប់​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ពី​ដំបូង​បាន​បិទ​ការផ្សាយ​របស់​វិទ្យុ​ផ្សាយ​បន្ត​ជាង ៣០ ដែល​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្រោម​ហេតុផល​ថា ម្ចាស់​ស្ថានីយ​ទាំងនោះ​មិន​គោរព​កិច្ចសន្យា​ជាមួយ​ក្រសួង​។ ក្រោយ​មក​ទៀត របប​នេះ​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ដើមខែ​កញ្ញា ក្រោម​ហេតុផល​ថា កាសែត​នេះ​ជំពាក់​ពន្ធ​រដ្ឋ​ជាង ៦​លាន​ដុល្លារ​អាមេរិក​។ បន្ទាប់​មក​អាស៊ីសេរី​បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​រឿង​បង់ពន្ធ និង​បញ្ហា​អាជ្ញាប័ណ្ណ មានការ​ចាប់​ឃុំ​ខ្លួន​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ក្នុង​សំណុំរឿង​ចោទ​ប្រកាន់​ចារកម្ម​។ ការ​ចាប់​ឃុំខ្លួន​សកម្ម​ជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​RT (Russia Today) ក្នុង​ការផលិត​វីដេអូ​ស៊ើបអង្កេត ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ។ ការ​បន្ត​ចោទប្រកាន់ និង​អូស​បន្លាយ​រឿងក្ដី​ប្រឆាំង​អ្នកសារព័ត៌មាន​២​រូប គឺ លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor)​ពីបទ​ញុះញង់​តាម​ក្រម​ព្រហ្មទណ្ឌ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ចាប់​ខ្លួន​អ្នក​បង្ហោះ​តាម​ហ្វេសប៊ុក និង​ការ​គំរាមកំហែង​ជាច្រើន​ទៀត នៅ​ពេល ដែល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ងាក​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​នេះ​ជំនួស​ឱ្យ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​។ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បាន​លើកឡើង​ថា សារព័ត៌មាន​ក្នុងស្រុក​គឺ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​បាន​តស៊ូ​ផ្សព្វផ្សាយ​តាម​អនឡាញ និង​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​រដ្ឋាភិបាល​បិទ​មិន​ឱ្យ​មាន​វិទ្យុ​ផ្សាយ​បន្ត​។ សារព័ត៌មាន​ឯករាជ្យ​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ចុងក្រោយ​ក៏​ត្រូវ​លក់​ទៅ​ឱ្យ​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី ដែល​ស្និត​នឹង​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​បាន​លាលែង​ពី​ការងារ​ដោយសារតែ​ការ​ដាក់កំហិត​សេរីភាព​នៃ​ការ​តែង​និពន្ធ​របស់​ពួកគេ។នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBO-JA) លោក ណុប វី លើកឡើង​ថា មក​ដល់​ពេល​នេះ​គឺ​មាន​ការប្រែប្រួល​ខ្លះ​ដែរ ចំពោះ​ផ្នែក​សេរីភាព​សារព័ត៌មាន​នេះ ដូចជា​ការ​បើក​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​អាច​មាន​ការិយាល័យ​នៅ​កម្ពុជា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​អាច​ផ្សាយ​បន្ត​ទៅ​វិទ្យុ​អេហ្វអឹម ការ​ដោះលែង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាដើម ប៉ុន្តែ​លោក​ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​គឺ​នៅតែ​មិនទាន់​ល្អ​ប្រសើរ​ឡើយ​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​កែ​លម្អ​ទៅតាម​អ្វី​ដែល​ជា​ការ​ចាត់​ថ្នាក់​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​នេះ៖ «គួរតែ​យក​របាយការណ៍​ទាំងអស់​ហ្នឹង​យក​មក​ពិចារណា​ឆ្លុះបញ្ចាំង ពិនិត្យ​មើល​ថា តើ​ចំណុច​អី​ដែល​យើង​គួរតែ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ចំណុច​ណា​ដែល​យើង​គួរតែ​អនុញ្ញាត​ឱ្យ​មាន​ការចូលរួម​ចាប់​ដៃគូ​រវាង​អ្នកសារព័ត៌មាន សមាគម អង្គការ អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ស្ថានភាព​នឹង​វា​បាន​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​យើង»។

​ទាក់ទិន​ដល់​សេចក្ដីព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន លោក ណុប វី ស្នើ​ថា​គួរតែ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ធានា​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​កម្រិត ដែល​ពួកគេ​នៅតែ​អាច​រាយការណ៍​ព័ត៌មាន​ពី​តម្រូវការ​របស់​ពលរដ្ឋ អ្នក​ងាយ​រងគ្រោះ និង​ការរិះគន់​កែ​លម្អ​នានា ដ្បិត​តួនាទី​នេះ​នឹង​ជួយ​ទៅដល់​ការ​ផ្តល់​ព័ត៌មាន និង​ទទួល​បាន​ព័ត៌មាន​ពិត​ក្នុង​សង្គម ហើយ​នឹង​ជួយ​ទៅដល់​ការ​រក្សា​ភាព​នឹងនរ​ក្នុង​សង្គម និង​បញ្ជៀស​ចលាចល​ក្នុង​សង្គម​បាន​ដែរ។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ផ្ដល់​ចំណាត់ថ្នាក់​ឱ្យ​ប្រទេស

ន័រវែស​(Norway) បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​ល្អ​លើ​គេ ហើយ​ប្រទេស​កូរ៉េខាងជើង ស្ថិតនៅ​បាត​តារាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។