ប្រវត្តិ​លោក សៅ សុខា ដែល​HRW​ចាត់​ទុក​ជា​មនុស្ស​បាត​ដៃ​កខ្វក់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់

ដោយ យន់ សាមៀន
2018-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA

អតីត​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល ស្មោះត្រង់​នឹង​លោក ហ៊ុន សែន រហូត​ទទួល​បាន​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងរាជអាវុធហត្ថ ហើយ​ចុងក្រោយ​បាន​ក្លាយទៅជា​មេដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា ជា​ឧត្ដមសេនីយ៍ មាន​បាតដៃ​កង្វក់ រំលោភ​សិទ្ធិ សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ព្យាយាម​ប្រើប្រាស់​កម្លាំង​កងទ័ព​ដើម្បី​ការពារ លោក ហ៊ុន សែន ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​យោធា។ តើ​ឧត្ដមសេនីយ៍​នោះ​មាន​ប្រវត្តិ​បែប​ណា?

ឧត្ដមសេនីយ៍​មួយ​រូប​ក្នុងចំណោម ១២ រូប​ដែល​គេ​ចាត់ទុកថា មាន​បាតដៃ​កខ្វក់​នោះ គឺ អគ្គមេបញ្ជាការ​ស្ដីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ សៅ សុខា កើត​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៦១ នៅ​ខេត្ត​ស្វាយរៀង។ លោក​មាន​បងប្អូន​បង្កើត​ចំនួន ៥​នាក់ ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរក្រហម​សម្លាប់​ទាំងអស់។ របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ផ្សាយ​កាលពី​ចុងខែ​មិថុនា ឲ្យ​ដឹង​ថា ក្រោយ​ការ​បោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត កាលពី​ឆ្នាំ១៩៩៣ លោក សៅ សុខា ត្រូវ​បាន​ផ្ដល់​តំណែង​ឲ្យ​គ្រប់គ្រង កងរាជអាវុធហត្ថ​ដែល​ទើបបាន​បង្កើត​ឡើង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣។ លោក សៅ សុខា ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​កុម្មុយនិស្ត វៀតណាម ត្រូវ​បាន​ក្លាយ​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ក្រោយពេល​លោក សៅ សុខា បាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​គម្រោង​ផ្ដួល​រំលំ​លោក ហ៊ុន សែន។ ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​ពី​ឆ្នាំ១៩៩៤ ដល់​១៩៩៦ អង្គការសហប្រជាជាតិ បាន​រក​ឃើញ​ថា កងកម្លាំង រាជ​អាវុធហត្ថ​ដឹកនាំ​ដោយ លោក សៅ សុខា ត្រូវ​ជាប់​ពាក់ព័ន្ធ​ចាប់​តាំង​ពី​ការ​រត់ពន្ធ​មនុស្ស រហូតដល់​លក់​គ្រឿងញៀន។ លោក សៅ សុខា ក៏​ត្រូវ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​៥ និង​៦​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​ដណ្ដើម​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ កាលណោះ លោក សៅ សុខា បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ដណ្ដើម​ជ័យជំនះ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក្រោយ​កងទ័ព​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​បាក់​ទ័ព លោក សៅ សុខា បាន​ឲ្យ​បញ្ជា​កងកម្លាំង​ធ្វើ​រដ្ឋប្រហារ​របស់​លោក តាម​បោសសំអាត​នឹង​កម្ចាត់ កងទ័ព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ភាសា​បោសសំអាត​និង​កម្ចាត់​នេះ ជា​ភាសា​របស់​ខ្មែរក្រហម ចូលចិត្ត​ប្រើប្រាស់​ដែល​មាន​ន័យថា សម្លាប់។ ក្រោយពី​ជ័យជំនះ​របស់​លោក ហ៊ុន សែន មក ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បូជាសព ដោយ​គ្មាន​អត្តសញ្ញាណ បាន​បង្កើត​ឲ្យ​មានការ​សង្ស័យ​ជាច្រើន ការ​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ឃុំខ្លួន​បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា លោក សៅ សុខា បាន​ប្រើប្រាស់​ស្នាក់​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​កន្លែង​សម្រាប់​ធ្វើ​ទារុណកម្ម។ ក្រោយ​រដ្ឋប្រហារ លោក សៅ សុខា ត្រូវ​បាន​ដំឡើង​តួនាទី ជាទី​ប្រឹក្សា លោក ហ៊ុន សែន។ ដោយសារតែ​ព័ត៌មាន​នៃ​ការរំលោភ​សិទ្ធិមនុស្ស តំណាង​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៅ​ពេល​នោះ រំលាយ​កងរាជអាវុធហត្ថ​នេះ​ចោល។

របាយការណ៍​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បង្ហាញ​ថា រយៈពេល​នៃ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជាង​៣០​មកនេះ អង្គការ​សិទ្ធិមនុស្ស​នេះ បាន​រក​ឃើញ​ថា លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​យ៉ាង​អាក្រក់​បំផុត។ អ្នកមាន​និន្នាការ​ប្រឆាំង អ្នកកាសែត មេដឹកនាំ​សហជីព រាប់​រយ​នាក់ ត្រូវ​បាន​សម្លាប់​ដោយសារតែ​ជាប់​ពាក់ព័ន្ធ នឹង​ករណី​នយោបាយ ហើយ​រាល់​ករណី​សម្លាប់​ពាក់ព័ន្ធ​នយោបាយ​មិន​ត្រូវ​បាន​ស៊ើបអង្កេត កាត់ទោស និង​ផ្ដន្ទាទោស​នោះ​ទេ។ បន្ថែម​លើ​នេះ​ទៅ​ទៀត​ថា អ្នក​រិះគន់​របប​លោក ហ៊ុន សែន កម្មករ សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​សហជីព ត្រូវ​រង​ការ​គំរាមកំហែង ចាប់ខ្លួន វាយ​ដុំ និង​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារតែ​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង។ អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា ការ​បន្ត​កាន់កាប់​អំណាច និង​គាបសង្កត់​របស់​លោក ហ៊ុន សែន បាន​អស់​ជាង​បី​ទសវត្សរ៍​នេះ ដោយសារ​តែ​មាន​កង​ប្រដាប់​អាវុធ​ដែល​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន រួមមាន​លោក សៅ សុខា ម្នាក់​ដែរ។ លោក សៅ សុខា មិន​បញ្ឈប់​ក្រោយ​ការ​ដឹកនាំ​កម្លាំង​ស្មោះ​នឹង​លោក ហ៊ុន សែន ដណ្ដើម​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​ឆ្នាំ​១៩៩៧ នោះទេ លោក សៅ សុខា កាល​ពី​ពេល​បោះឆ្នោត​១៩៩៨ កងរាជអាវុធហត្ថ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​គណបក្សប្រឆាំង និង​ការ​តវ៉ា​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ។ ក្នុង​ការ​បង្ក្រាប​នោះ កងរាជអាវុធហត្ថ​និង​ជន​ប្រដាប់​អាវុធ​ផ្សេងទៀត បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន ២១​នាក់។ ក្នុង​កំឡុង​ពេល​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៨ កងរាជអាវុធហត្ថ​ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​ដែរ។ បន្ថែម​លើ​នេះ​ទៅ​ទៀត មន្ត្រី​កងរាជអាវុធហត្ថ​ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​ផង​ដែរ។ តំណាងរាស្ត្រ​អតីត​គណបក្ស សម រង្ស៊ី លោក ជាម ចន្នី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្កើត​កងកម្លាំង​ខុសច្បាប់ ហើយ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ ដោយសារតែ​លោក​បាន​ស្រាវជ្រាវ​ករណី​កងរាជអាវុធហត្ថ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​ខុសច្បាប់។ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ លោក សៅ សុខា បន្ត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ កាល​ដើម​ឆ្នាំ២០១៤ ពេល​កម្មករ​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ​នោះ កងរាជអាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​អាវុធ​ពិត​បាញ់​ទៅលើ​កម្មករ បណ្ដាល​ឲ្យ​កម្មករ​៥​នាក់​ស្លាប់ និង ១០​នាក់​ទៀត ត្រូវ​ចាប់​ឃុំ​ខ្លួន។ ហើយ​កម្មករ​ម្នាក់​បាន​ស្លាប់ ដោយសារតែ​រង​របួស​ពី​ការវាយប្រហារ​ដោយ​ក្រុម​កងរាជអាវុធហត្ថ។ កាលពី​ខែ​មករា ឆ្នាំ​២០១៥ លោក សៅ សុខា ការពារ​កា​បង្ក្រាប​បង្ហូរ​ឈាម កាល​ពី​ដើមឆ្នាំ ២០១៤ ថា ជា​ការ​ចាំបាច់ ដើម្បី​ដោះស្រាយ​នឹង​បាតុករ​គាំទ្រ​គណបក្សប្រឆាំង។ លោក សៅ សុខា អួតអាង​ថា ការអនុវត្ត​ការងារ​របស់​លោក លោក​រៀន​សូត្រ​តាម​អតីត​មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ គឺ​លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) ដោយ​ប្រើប្រាស់​កងកម្លាំង​ដ៏​ច្រើន​ដើម្បី​កម្ចាត់​កងកម្លាំង​តូចៗ។ អាស៊ី​សេរី មិនទាន់​អាច​ទាក់ទង​លោក សៅ សុខា ដើម្បី​បកស្រាយ​នឹង​របាយការណ៍​សិទ្ធិមនុស្ស Human Rights Watch បានទេ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា។

ក្រសួងការពារជាតិ កាលពី​ចុងខែ​មិថុនា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ការ​រក​ឃើញ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ លោក សៅ សុខា។ ក្រសួងការពារជាតិ​ចាត់​ទុក​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​ថា ជា​របាយការណ៍​ញុះញង់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល មក​លើ​មន្ត្រី​ជាន់ខ្ពស់ ១២​រូប នៃ​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា។ ក្រសួង​ការពារ​ចាត់​ទុក​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស ជា​របាយការណ៍​ឆ្កួត​លីលា។ ចំណែក លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ការពារ លោក សៅ សុខា និង​មន្ត្រី​បាតដៃ​កខ្វក់​មួយ​ចំនួន​ទៀត​ថា ការចោទប្រកាន់​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ​ជា “នយោបាយ​ទុច្ចរិត” ហើយ​ក្រសួង​នឹង​មិន​ស៊ើបអង្កេត​ពី​ការ​រក​ឃើញ​អំពី​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​បាតដៃ​កង្វក់​ទាំង​នោះ​ទេ៖ «វា​មិន​ចាំបាច់​ទៅ​ស៊ើបអង្កេត​ទេ។ នយោបាយ​ទុច្ចរិត​របស់​គេ តែងតែ​រក​វិធី​ចោទប្រកាន់ មក​លើ​មន្ត្រី​ដូចជា​អ្នក​ដែល​បម្រើ​ជាតិ​មាតុភូមិ»

មិន​ខុស​ពី​លោក ទៀ បាញ់ នោះ​ទេ លោកនាយក​រដ្ឋមន្ត្រី ជា​ចៅហ្វាយ​ផ្ទាល់​របស់ លោក សៅ សុខា ថ្លែង​ការពារ​លោក​ថា កងកម្លាំង​ប្រដាប់អាវុធ ជា​ឧបករណ៍​បម្រើ​ឲ្យ​របប​លោក ហើយ​របប​លោក​នឹង​មិន​ធ្វើការ​ស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​នោះ​ទេ។

របាយការណ៍​អង្គការ​ការពារ​សិទិ្ធមនុស្ស​អន្តរជាតិ Human Rights Watch ឲ្យ​ដឹង​ថា​ទៀត​ថា ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៦ លោក សៅ សុខា បន្ត​ធ្វើ​សកម្មភាព​ប្រមូលផ្ដុំ​ពង្រឹង​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​នៅ​តាម​មូលដ្ឋាន រហូតដល់​ប្រដូច​របប​លោក ហ៊ុន សែន ទៅ​នឹង​សម័យ​អង្គរ ហើយ​គំរាម​ថា ប្រសិនបើ​មាន​ការ​ផ្លាស់ប្ដូរ​រលោក ហ៊ុន សែន នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​បន​ប្រល័យ​ពូជសាសន៍​ឡើងវិញ​ជាមិនខាន។ កាលពី​ឆ្នាំ២០១៧ លោក សៅ សុខា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ឃាត់ខ្លួន​លោក កឹម សុខា ហើយ​បន្ត​ចោទប្រកាន់​ទាំង​ខុស​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង​ដោយ​យក​លេស​ថា គណបក្សប្រឆាំង​មានបំណង​ដឹកនាំ​បដិវត្តន៍​ក្បត់ជាតិ។ លោក សៅ សុខា ថែមទាំង​ប្ដេជ្ញា​ថា កង​អាវុធហត្ថ​ទាំងអស់​នឹង​ស្មោះ​នឹង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

comrade S.Dara was Hussein's henchman

Comrade S.Sokha was Hussein's left-wing radical"serial killer" and a horrible man who claimed himself ones time as Hitler's radical student with read a lots of Hitler's psychos books"killing machine psychos strategy to wipe out Jews pple from the world map".Big ass war criminal likes comradeships Hussein,T.Banh,P.Saroeun,N.Savoeun,K.Kim,S.Dara,P.Pot and others"the world most wanted"and war crime against humanity.Those war criminal were still at large in Hussein mafia govm't and those try to get away from the criminal justice system by Hussein protecting them.

Jul 25, 2018 02:13 PM

គេហទំព័រ​ទាំងមូល