ជីវប្រវត្តិ​អតីត​បុគ្គលិក​អាស៊ីសេរី​២​នាក់​ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន

ដោយ តាំង សារ៉ាដា
2018-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

មនុស្ស​ភាគច្រើន​ប្រាកដជា​បាន​ស្គាល់ និង​ស្ដាប់​សេចក្ដី​រាយការណ៍ ជាច្រើន​របស់​អតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី​ពីរ​រូប គឺ​លោក យាង សុធារិន្ទ ឬ​ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង អស់​រយៈពេល​ជាង​៦​ខែ មក​ហើយ ដែល​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្ដល់​ព័ត៌មាន​ដែល​អន្តរាយ​សន្តិសុខ​ជាតិ​ដល់​រដ្ឋ​បរទេស។ ទោះជា​យ៉ាងណាក៏ដោយ ពលរដ្ឋ​ទូទៅ​អាច​នៅ​មិន​ទាន់​ស្គាល់​អំពី​ប្រវត្តិ និង​បទពិសោធន៍​ក្នុង​ជីវិត​របស់​អ្នក​ទាំងពីរ​នាក់ នេះ​នៅឡើយ​ទេ។

លោក អ៊ួន ឈិន ជា​មនុស្ស​ស្លូតបូត និង​តែង​ជួយ​យក​អាសា​អ្នក​ដទៃ។ លោក​គឺជា​មនុស្ស​ដែល​យក​ការ​តស៊ូ​ជាធំ ឈឺឆ្អាល បញ្ហា​ក្នុង​សង្គម ជា​មនុស្ស​ដែល​ប្រកាន់​នូវ​សច្ចៈ​យុត្តិធម៌ និង​ស្រឡាញ់​សេរីភាព។

លោក អ៊ួន ឈិន មាន​បងប្អូន​បង្កើត​ចំនួន​៨​នាក់ មាន​ស្រុកកំណើត ក្នុង​ខេត្ត​កំពង់ធំ ជា​កូនកំព្រា​ម្ដាយ​ឪពុក​តាំងពី​កុមារភាព​មក​ម៉្លេះ។ ឪពុក​របស់​លោក​ត្រូវ​បាន​ខ្មែរក្រហម​យក​ទៅ​សម្លាប់​នៅ​អំឡុង ឆ្នាំ​១៩៧៩។ ក្រោយ​របប​ខ្មែរក្រហម​ដួល​រំលំ​ទៅ​លោក អ៊ួន ឈិន ត្រូវ​បាន​បងប្រុស​បង្កើត​យក​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្នុង​ខេត្ត​កំពង់ធំ។ លុះ​ក្រោយ​មក បងប្រុស​របស់​លោក​ម្នាក់​ទៀត​បាន​យក​ទៅ​ចិញ្ចឹម នៅ​ខេត្ត​បាត់ដំបង​ឱ្យ​រៀន​សូត្រ ក្នុង​ខេត្ត​បាត់ដំបង។

ទីនោះ​ហើយ​ដែល​លោក ខិតខំ​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ និង​បាន​ក្លាយ​ជា​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​នៅ​អំឡុង​ឆ្នាំ​១៩៨៤ និង​១៩៨៥ ហើយ​ក្រោយមក​លោក​បាន​បញ្ចប់​វគ្គ​ខ្លី​ជាច្រើន​ទៀត​រួមមាន​ខាង​ផ្នែក​វិជ្ជាពេទ្យ ការ​ប្រគំ​តន្ត្រី និង​ចម្រៀង ព្រមទាំង​កម្មវិធី​កុំព្យូទ័រ​ផង​ដែរ។

ជាពិសេស​ទៅទៀត លោក​បាន​រៀន​ភាសា​អង់គ្លេស និង​ជំនាញ ផ្សេងៗ មួយ​ចំនួន​ទៀត។ លុះដល់​ឆ្នាំ​២០០៣ លោក​បាន​រៀប​ចប់ ថ្នាក់​បរិញ្ញាប័ត្រ​ភាសា​អង់គ្លេស​ពី​សកលវិទ្យាល័យ បៀលប្រាយ (Build Bright) ក្នុង​ទីក្រុង ភ្នំពេញ និង​បាន​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស។ ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​២០០៤ លោក​បាន​បញ្ចប់​ការ​សិក្សា​វគ្គ​សារព័ត៌មាន​នៅ​ឆ្នាំ​២០០៤ នៅ​សាកលវិទ្យា​ភូមិន្ទភ្នំពេញ។

ភរិយា​របស់​លោក អ៊ួន ឈិន អ្នកស្រី ហេង ស៊ីណា និយាយ​ថា លោក អ៊ួន ឈិន ជា​មនុស្ស​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ហើយ​មនុស្ស​ឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ចការ​ផង និង​យកចិត្តទុកដាក់​ដល់​ក្រុម គ្រួសារ​ផង។

អ្នកស្រី​បន្ត​ថា ចាប់​តាំង​ពី​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​នៃ​របប លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នោះ អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ជាប្រចាំ រីឯ​ក្រុម​គ្រួសារ​វិញ​រស់នៅ​ទាំង​ភាព​សោកសង្រេង ជា​ខ្លាំង៖ «សម្រាប់​ខ្ញុំ​ជាមួយ​កូនៗ​សព្វថ្ងៃ​ហ្នឹង​យ៉ាប់​ដែរ តាំងពី​គាត់​ជាប់ពន្ធនាគារ ទៅ។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ភ្លេចភ្លាំង​ច្រើន ភ្លេច​មុខ ភ្លេច​ក្រោយ។ កូនចៅ​ក៏​គ្នា​ខ្វល់ខ្វាយ​លំបាក​ណាស់»

លោក អ៊ួន ឈិន បាន​ចូល​បម្រើការ​ងារ​ឱ្យ​វិទ្យុ​អាស៊ីសេរី​កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៨ ជា​អ្នក​យកព័ត៌មាន និង​ក្រោយ​មក​ជា​អ្នក​ថត និង​ផលិត វីដេអូ។ ប្រិយមិត្ត​អាស៊ីសេរី​ជាច្រើន​ដែល​ស្គាល់​លោក អ៊ួន ឈិន ស្រឡាញ់​រាប់អាន​លោក អ៊ួន ឈិន និង​ពេញចិត្ត​ដល់​ការ​ខិត​ប្រឹង ប្រែង​ផលិត​ព័ត៌មាន​ជា​វីដេអូ​របស់​លោក​ថែម​ទៀត​ផង។

សកម្មជន​តំបន់​បឹងកក់​ម្នាក់ គឺ​អ្នកស្រី ប៊ូវ សោភា ដែល​កោតសរសើរ ស្នាដៃ​នៃ​ការ​យក​ព័ត៌មាន​របស់​លោក អ៊ួន ឈិន នោះ បាន​ប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​មាន​ការ​គោរព​លោក អ៊ួន ឈិន ជា​ខ្លាំង ដោយសារ​លោក​ជា​អ្នកកាសែត​ដ៏​ស្អាតស្អំ ជា​អ្នកកាសែត​ដែល​មាន មនសិការ​ខ្ពស់ និង​ស្រឡាញ់ យុត្តិធម៌​សង្គម៖ «ខ្ញុំ​សរសើរ​គាត់​ត្រង់​ចំណុច​មួយ ទោះ​គាត់​ធ្វើការ​ជាមួយ​សហគមន៍ ដាច់​បាយ ដាច់​ទឹក​យ៉ាងណាក៏ដោយ ពួក​ខ្ញុំ​ហុច​ទឹក​អោយ​គាត់​តែ​មួយ​ដប ក៏​គាត់​អត់​ហូប​ដែរ។ បើ​គាត់​ហូប​ទឹក​របស់​ពួក​ខ្ញុំ បាន​ន័យ គាត់​ទទួល​ការ​ស៊ក​ប៉ាន់​ពី​ពួក​ខ្ញុំ។ អ្វី​ដែល​គាត់​ជួយ​ពី​ពួក​ខ្ញុំ គឺ​ផ្សាយ​ព័ត៌មាន​ពិត»

ទស្សនវិស័យ​របស់​លោក អ៊ួន ឈិន គឺ បន្ត​រក្សា​មុខងារ​ជា​អ្នក​កាសែត​ឯករាជ្យ បន្ត​ផ្តល់​ព័ត៌មាន​ពិត និង​មាន​ប្រយោជន៍​ដល់​សង្គម​កម្ពុជា។ ទោះជា​យ៉ាងណា លោក​ក៏​មាន​គម្រោង​លាឈប់​ពី​អាជីព ជា​អ្នក​សារព័ត៌មាន​នៅ​ពេល​សមស្រប​ណាមួយ ហើយ​ចូល​បម្រើ​កិច្ចការ​ណាមួយ​ដែល​លើកស្ទួយ​ដល់​ផ្នែក​សិល្បៈ និង​វប្បធម៌។

ប៉ុន្តែ​ក្រោយ​ពី​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​បង្ខំចិត្ត​បិទ​ទ្វា​លែង​ដំណើរការ ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​អាជ្ញាប័ណ្ណ និង​ពន្ធដារ​ពី សំណាក់​របប​លោក ហ៊ុន សែន នោះ​មក ការងារ​ជា​អ្នកកាសែត របស់​លោក អ៊ួន ឈិន ក៏​បាន​បញ្ចប់​ជា​ស្ថាពរ​ដែរ។ ដោយ​បញ្ហា​ខ្វះខាត ចំណូល​នៅ​ចំពោះ​មុខ លោក អ៊ួន ឈិន ក៏បាន​សម្រេច​បង្កើត ស្ទូឌីយោ (Studio) ផ្ទាល់ខ្លួន​ក្នុង​បន្ទប់​ជួល​តូច​មួយ​ជា​លក្ខណៈ​គ្រួសារ និង​ដើម្បី​រកស៊ី​ថត​ពិធី​មង្គល​ការ ពិធី​ជប់លៀង និង​ពិធីបុណ្យ ផ្សេងៗ ចិញ្ចឹម​គ្រួសារ។

ប៉ុន្តែ ស្ទូឌីយោ ដែល​លោក​សង្ឃឹមថា ជា​លាភ បាន​ក្លាយ​ទៅ​ជា​គ្រោះ​ចង្រៃ​ទៅវិញ នៅ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​រឹបអូស​យក​សម្ភារៈ ដោយ​ចោទ​ថា ជា​កន្លែង​បញ្ជូន​ព័ត៌មាន​មក​ស្ថាប័ន អាស៊ីសេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទៅវិញ ហើយ​បាន​ចាប់​បញ្ជូន រូបលោក​ទៅ​ឃុំ​តាំង​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​រហូត​មក​ដល់​បច្ចុប្បន្ន។

ចំណែក​វាសនា​របស់​លោក យាង សុធារិន្ទ វិញ​ក៏​មិន​ខុស​ពី​លោក អ៊ួន ឈិន ប៉ុន្មាន​ដែរ។ លោក យាង សុធារិន្ទ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រះត្រពាំង ទឹកដី​កម្ពុជា​ក្រោម។ លោក​បាន​ចាក​ចេញពី​ស្រុកកំណើត របស់​លោក​តាំងពី​វ័យ​កុមារ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ របស់​អាជ្ញាធរ​វៀតណាម​ដែល​តែង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង និង​ដើម្បី​ស្វែងរក​ចំណេះដឹង​សម្រាប់​អនាគត​ថ្មី​ផង។

តាំងពី​កុមារភាព​មក សុធារិន្ទ តែង​រស់នៅ​អាស្រ័យ​ក្នុង​វត្ត​ខ្មែរ ក្នុង​ខេត្ត ព្រះត្រពាំង ទឹកដី​ខ្មែរកម្ពុជា​ក្រោម។ លោក​រៀន​សូត្រ​បាន ដោយសារ ការ​ទំនុកបម្រុង​ពី​ព្រះសង្ឃ​ខ្មែរ​នៅ​ទីនោះ។ ឆ្នាំ​១៩៩៤ ពេល សុធារិន្ទ មាន​អាយុ​ប្រហែល​៨​ឆ្នាំ ឪពុក​ម្ដាយ​របស់​លោក​ដែល​មាន​កូន​ច្រើន ក្នុង​បន្ទុក ក៏​បាន​បញ្ជូន​កូន​របស់​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា ទាំង​បង្ខំចិត្ត ទាំង​ទឹកភ្នែក និង​ទាំង​ក្តី​សង្ឃឹមថា សុធារិន្ទ នឹង​មាន​អនាគត​ល្អ។

ជីវិត​របស់ សុធារិន្ទ ក្នុង​ប្រទេស​កម្ពុជា​ក៏​នៅតែ​ជា​ក្មេង​វត្ត​ដដែល ដោយ​មានការ​ទំនុកបម្រុង​ឱ្យ​រៀន​សូត្រ​ពី​ព្រះសង្ឃ​ជនជាតិ​សិង្ហបុរី​មួយ​អង្គ ដែល​ស្រឡាញ់​ភាព​វ័យ​ឆ្លាត និង​ការ​ខិតខំ​តស៊ូ​រៀន​សូត្រ​របស់ សុធារិន្ទ។ ក្រោយ​ពី​ព្រះសង្ឃ​អង្គ​នោះ​និមន្ត​ត្រឡប់​ទៅ​ប្រទេស​សិង្ហបុរី វិញ ព្រះអង្គ​ក៏បាន​ណែនាំ​មនុស្ស​ចិត្តធម៌​ផ្សេងទៀត​ឱ្យ​ជួយ​ទំនុកបម្រុង ការរៀនសូត្រ​របស់​សុធារិន្ទ រហូតដល់​អាច​បញ្ចប់​ការ​សិក្សា​នៅ ថ្នាក់​បរិញ្ញាបត្រ។

ភរិយា​របស់​លោក យាង សុធារិន្ទ គឺ​អ្នកស្រី ឡាំ ចន្ថា មានប្រសាសន៍ ថា​ប្តី​របស់​អ្នកស្រី​ជា​មនុស្ស​ស្លូតបូត មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​មាន​ការឈឺចាប់​ដោយសារ​ខ្លួន ជា​ឪពុក​ដ៏​ល្អ និង​ជា​មនុស្ស​ដែល​មាន ការ​អំណត់​ព្យាយាម​ខ្ពស់៖ «ប្តី​ខ្ញុំ​គាត់​ជា​មនុស្ស​ល្អ ហើយ​ជា​មនុស្ស​ត្រង់ ហើយ​គាត់​មិនដែល​ចេះ ធ្វើបាប​អ្នកណា​ទេ។ គាត់​ធ្វើ​អ្វី​គឺ​ស្មោះត្រង់។ និយាយ​យ៉ាងម៉េច គឺ​ធ្វើ​អ៊ីចឹង​ហើយ»

ការ​តស៊ូ​រៀន​សូត្រ​របស់ សុធារិន្ទ តែង​លូតលាស់​បន្ត​ទៅ​មុខ​ឥត​ឈប់ឈរ។ នៅ​ឆ្នាំ​២០១០ លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​ទំនាក់ទំនង អន្តរជាតិ​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ។ លោក​ធ្លាប់​ធ្វើ ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ខាង​ប្រឹក្សា អធិការកិច្ច និង​សហជីព នៃ​សមណ​សិស្ស​ខ្មែរ​កម្ពុជា​ក្រោម ដែល​ផ្ដោត ជា​ចម្បង​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដល់​សិស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា តាមរយៈ​ការឧបត្ថម្ភ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពួកគេ​ឱ្យ​បន្ត​ការសិក្សា នៅ​សកល​វិទ្យាល័យ​បន្ត​ទៀត។

លោក យាង សុធារិន្ទ មាន​ជំនាញ​​ច្រើន​មិន​ខុស​ពី​លោក អ៊ួន ឈិន ប៉ុន្មាន​នោះ​ឡើយ លោក​ធ្លាប់​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ជា​គ្រូបង្រៀន​កុំព្យូទ័រ ជា​អ្នក​គ្រប់គ្រង ជា​អ្នក​ជួយ​កិច្ចការ​មនុស្សធម៌ ដល់ កុមារ​ដែល​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ ដែល​រងគ្រោះ​ពី​ជម្លោះ​ប្រដាប់​អាវុធ។ ជា​នេះ​ទៅទៀត​លោក​ក៏​មាន​ជំនាញ​ខាង​ផ្នែក​សិទ្ធិមនុស្ស ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​មាន​ជំនាញ​ខាង​ផ្នែក​កសិកម្ម​ថែមទៀត។

លោក យាង សុធារិន្ទ ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា ការ​អាណិត​អាសូរ​ដល់​អ្នក​ដទៃ ជា​មនុស្ស​ដែល​ស្រឡាញ់​នូវ​យុត្តិធម៌ សច្ចធម៌​និង សេរីភាព។

ការ​តស៊ូ​រៀន​សូត្រ​របស់​លោក យាង សុធារិន្ទ មិន​ដែល​ថយក្រោយ​នោះ​ឡើយ​ នៅ​ខែ​សីហា ឆ្នាំ​២០១៣ ក្រោយ​ពេល​ការ​បោះឆ្នោត​ជាតិ​ទើប​បាន​បញ្ចប់​ទៅ សុធារិន្ទ បាន​ចូល​បម្រើការ​ជា​អ្នកយកព័ត៌មាន​អោយ វិទ្យុ​អាស៊ីសេរី ក្រោយពី​លោក​ទទួល​ការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក សារព័ត៌មាន​ពី​ស្ថាប័ន​វិទ្យុ​អាស៊ីសេរី នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ក្នុង​ទីក្រុង​ភ្នំពេញ។

សុធារិន្ទ​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ប្រុស​ម្នាក់ ស្រី​ម្នាក់។ កូនប្រុស​របស់ សុធារិន្ទ ឈ្មោះ យាង សុមេត្តា អាយុ​៩​ឆ្នាំ ហើយ​កូនស្រី​ឈ្មោះ យាង សុជាតា អាយុ ៨​ឆ្នាំ។ លោក យាង សុធារិន្ទ បាន​យក​ឈ្មោះ​កូន​របស់​លោក​ទាំងពីរ​នាក់​នេះ​ច្របាច់​បញ្ចូល​គ្នា បាន​ឈ្មោះ យាង សុជាមេត្តា ដើម្បី​ដាក់​ឈ្មោះ​លើ​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី។

អតីត​អ្នកយកព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជាមួយ​អតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី​ម្នាក់ទៀត គឺ​លោក អ៊ួន ឈិន។ អាជ្ញាធរ​បាន​បន្ត​ឃុំខ្លួន​បណ្ដោះអាសន្ន​អ្នក​ទាំងពីរ​រហូតដល់​បច្ចុប្បន្ន។ ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ។

រហូត​មក​ទល់​ពេលនេះ​គឺ​មាន​រយៈពេល​ជាង​៦​ខែ​ហើយ​ដែល លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ អតីត​អ្នកយកព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី កំពុង​បន្ត​ជាប់ឃុំ​ឃាំង​ក្នុង​បន្ទប់​ណែន​តាន់តាប់​ដ៏​តូច ចង្អៀត នៃ​ពន្ធនាគារ​ព្រៃស ពីបទ​ចារកម្ម ដែល​ស្ថាប័ន​ជាតិ និង​អន្តជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ថា ជា​ការ​ចោទប្រកាន់​ប្រឌិត​មួលបង្កាច់ ដើម្បី​បំបិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ​របស់​របប​លោក​ហ៊ុន សែន។

អ្នកស្រី ឡាំ ចន្ថា មាន​ប្រសាសន៍ថា ចាប់​តាំង​ពី​វិទ្យុ​អាស៊ី​សេរី​បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០១៧ នៅ​ពេល​នោះ ការងារ​របស់​លោក យាង សុធារិន្ទ ក៏​ត្រូវ​បាន​បញ្ចប់​ដែរ។ អ្នកស្រី​បាន​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ដោះលែង​ប្ដី​របស់​អ្នកស្រី ឱ្យ​មាន​សេរីភាព​ឡើងវិញ​ពីព្រោះ​ប្ដី​របស់​អ្នកស្រី​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «បើ​ប្តី​ខ្ញុំ​គាត់​មាន​កំហុស​មែន គាត់​គេច​បាត់​ហើយ មិនមែន​គាត់​សុខ ចិត្ត​នៅ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ទេ»

លោក កែវ វន្នី មេធាវី​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​រូប​នេះ តែង​អះអាង​ថា​កូនក្ដី​របស់​លោក​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នេះ​ឡើយ ហើយ​ថា​តុលា​ការគួរ​ដោះលែង​ពួកគេ​ឱ្យ​ទៅ ជួបជុំ​ក្រុម​គ្រួសារ​វិញ។

ទាំង​ភរិយា​របស់​លោក អ៊ួន ឈិន គឺ​អ្នកស្រី ហេង ស៊ីណា និង​ភរិយា​របស់​លោក យាង សុធារិន្ទ គឺ​អ្នកស្រី ឡាំ ចន្ថា បាន​និយាយ​ដូចៗ​គ្នា ថា​ស្វាមី​របស់​ពួកគេ​ជា​មនុស្ស​ស្អាតស្អំ ជា​មនុស្ស​គ្មាន​កំហុស និង​ពុំបាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​សមត្ថកិច្ច​ចោទប្រកាន់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល