កញ្ញា ឈឹម ស៊ីថរ មិន​ខ្លាច​ជាប់គុក​ដោយសារ​ទាមទារ​ឲ្យ​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព

ដោយ សេក បណ្ឌិត
2023.02.04
Share on WhatsApp
Share on WhatsApp
កញ្ញា ឈឹម ស៊ីថរ មិន​ខ្លាច​ជាប់គុក​ដោយសារ​ទាមទារ​ឲ្យ​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព កញ្ញា ឈឹម ស៊ីថរ (អាវក្រហមខាងមុខ) ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld)។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហរដ្ឋអាមេរិក ផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស ដល់​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស។

តើ​កញ្ញា ឈឹម ស៊ីថរ បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ការពារ​អត្ថប្រយោជន៍​បុគ្គលិក និង​ថា​តើ​មូលហេតុ​អ្វី​បានជា​ស្ត្រី​វ័យក្មេង​រូប​នេះ ជ្រើសរើស​តួនាទី​ជា​ប្រធាន​សហជីព ដែល​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ ជា​លើក​ទី​២?

កញ្ញា ឈឹម ស៊ីថរ កាន់​ក្បាល​មេក្រូ ស្រែក​ក្នុងចំណោម​អ្នក​តវ៉ា ទៅកាន់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ឲ្យ​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​ពួកគេ។

រូបរាង​តូច​ល្អិត សម្បុរ​ស កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ នាង​បាន​តាំងចិត្ត​រួមសុខទុក្ខ​ទាមទារ​ដំណោះស្រាយ​ការងារ​ជាមួយ​កូដករ​រាប់ពាន់​នាក់ ទៅ​បង្ហាញមុខ​នៅ​កន្លែង​ធ្វើ​កូដកម្ម គ្រា​ដែល​ថ្នាក់​ដឹកនាំ​សហជីព និង​សហការី​ជាច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ បើ​ទោះ​បី​ជា​នាង​ដឹង​មុន​ថា អាជ្ញាធរ​ប្រកាស​ស្វែង​រកមុខ​និង​ចាប់ខ្លួន​ក្ដី។

ទៅ​បំផុត​ទៅ កាលពី​ថ្ងៃទី​៤ មករា នាង​ត្រូវ​បាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ជាច្រើន មាន​មាឌធំៗ ឡោមព័ទ្ធ​ចាប់ខ្លួន​ភ្លាមៗ នៅពេល​នាង​ចុះ​ពី​រថយន្ត ដើរចូល​ទៅ​ក្នុង​ហ្វូង​កូដ​ករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះស្រាយ​វិវាទ​ការងារ យក​ថ្នាក់ដឹកនាំ​សហជីព​រួម​ទាំង​បុគ្គលិក​ចំនួន ៣៦៥​នាក់ ចូលធ្វើ​ការ​វិញ និង​បញ្ឈប់​ការរើសអើង​សហជីព។

មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់ កញ្ញា ឈឹម ស៊ីថរ ពេក​ទេ ព្រោះ​នាង​បាន​សន្និដ្ឋាន​រួច​ហើយ​ថា នឹង​មាន​ថ្ងៃនេះ គឺ​នាង​នឹង​ជាប់​ពន្ធនាគារ។ ស៊ីថរ បាន​ត្រៀមខ្លួន​រួចជាស្រេច​។ នាង​កាត់សក់​ខ្លី ឈរ​ថតរូប​កាន់​បដា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ចាប់ខ្លួន ដោយ​សរសេរ​ថា ខ្ញុំ​ជាប់គុក​ដោយសារ​ទាមទារ​ឲ្យ​ណាហ្គាវើលដ៍ គោរព​សិទ្ធិ​សហជីព។

ព្រោះតែ​ភាព​អង់អាច​ក្លាហាន​របស់ កញ្ញា ឈឹម ស៊ីថរ នេះ​ហើយ ធ្វើ​ឲ្យ​សាធារណជន អ្នក​ធ្វើ​ការងារ​សង្គម អ្នកធ្វើការ​ក្នុង​វិស័យ​ការងារ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ផង យល់​ថា នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី និង​ធានា​ដោយ​ច្បាប់ មិនមែន​​ជា​បទល្មើស​នោះ​ទេ។

ចាប់​តាំង​ពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៤ មករា ឆ្នាំ​២០២២ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​កូដករ សកម្មជន​សហជីព និង​ថ្នាក់ដឹកនាំ​សហជីព​សរុប​ចំនួន ២៩​នាក់ ក្នុង​នោះ​មាន​អ្នក​រត់​ម៉ូតូ​កង់​បី និង​ស្ត្រី​មាន​ផ្ទៃពោះ​ផង​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ដោះលែង​មនុស្ស ២០​នាក់​វិញ ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​តវ៉ា និង​ខ្លះ​ដាក់​ឲ្យ​ស្ថិត​ការ​ត្រួតពិនិត្យ​របស់​តុលាការ។

ប៉ុន្តែ​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព ៧​នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ចោទប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​។ មុន​ពេល​ចាប់ខ្លួន អាជ្ញាធរ​បាន​ប្រកាស​ថា ពួកគេ​គឺជា​មេខ្លោង​កូដកម្ម​ខុសច្បាប់ និង​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​អង្គការ​ក្រៅរដ្ឋាភិបាល ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​។ ឯ​មន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ បាន​ចោទ​ថា កូដកម្ម​នេះ​ធ្វើឡើង​ដោយ​ប្រើប្រាស់​អនីតិជន ពិសេស​ស្ត្រី​មានកូន​ខ្ចី ឬ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចូលរួម​ការ​តវ៉ា​អ្វីមួយ ជា​តិចនិក(Tactic) មួយ ដែល​មាន​សរសេរ​នៅក្នុង​ក្បួន​របស់​អ្នក​រៀបចំ​ចលនា​បដិវត្ត​ពណ៌​នៅ​ប្រទេស​ណាមួយ ហើយ​អ្នក​រៀបចំ​ផែនការ​តែងតែ​បន់ស្រន់​ឱ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណាមួយ​កើត​ឡើងលើ​អនីតិជន ឬ​លើ​ស្ត្រី ដើម្បី​ទាក់ទាញ​សមានចិត្ត និង​បញ្ឆេះ​កំហឹង​មហាជន។

បញ្ហា​នេះ នាំ​ឱ្យ​សហគមន៍​ជាតិ អន្តរជាតិ ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ថា​បាន​រំលោភសិទ្ធិ​មនុស្ស និង​រំលោភ​សិទ្ធ​ការងារ​ធ្ងន់ធ្ងរ ដែល​បញ្ហា​គឺ​ផ្ដើម​ចេញពី​ជម្លោះ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ និង​ក្រុម​កម្មករនិយោជិត មិន​ត្រូវ​បាន​លើក​មក​ដោះស្រាយ។ ប៉ុន្តែ​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រដ្ឋាភិបាល ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​ថា ជា​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន យល់​ថា ការ​ដែល​ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​បុគ្គលិក​ណាហ្គាវើលដ៍ ទៅ​ដោះស្រាយ​វិវាទ ក្រោយ​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​មេដឹកនាំ​សហជីព​នោះ គឺជា​រឿង​មិន​សម​ហេតុផល ខណៈ​ពួកគេ​ធ្វើ​តាម​នីតិវិធី​ជាង ៨​ខែ តែ​គ្មាន​ដំណោះស្រាយ។

4.jpeg
ទីប្រឹក្សា​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ចូលហែក្បួនធម្មយាត្រា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នំ​២០២៣។ ​រូប៖​ ពលរដ្ឋផ្ដល់ឱ្យ

លោក រ៉ុង ឈុន៖ «អ្វី​ដែល​ទើបតែ​ចេញ​លិខិត​កោះ​អញ្ជើញ​តំណាង​ទៅ​ចរចា ឥឡូវនេះ​តំណាង​របស់​ពួកគាត់​ជាប់​ពន្ធនាគារ​ហើយ អ៊ីចឹង​មានតែ​ត្រូវ​ដោះលែង​ពួកគាត់ ហៅ​ពួកគាត់​ទៅ​ចរចា​ជជែក​គ្នា​ទៅ រក​ដំណោះស្រាយ​ទៅ​ទើប​ជា​ការ​ល្អ​ប្រសើរ»

កញ្ញា ស៊ីថរ មាន​ស្រុកកំណើត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ហើយ​បាន​មក​ធំធាត់​ក្នុង​ក្រុងភ្នំពេញ នៅ​ពេល​ឪពុកម្ដាយ ដែល​ជា​អ្នក​រកស៊ី​បាន​ផ្លាស់​ទីលំនៅ​ចេញពី​ខេត្តព្រៃវែង​។ ស៊ីថរ​ធ្លាប់​ជា​សិស្ស​ក្នុង​ថ្នាក់​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ នាង​បាន​អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច និង​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ នាង​ចេះ​ភាសា​អង់គ្លេស និង​ចិន យ៉ាង​ស្ទាត់ជំនាញ និង​ចេះ​ភាសា​ថៃ​អាច​ទំនាក់ទំនង​បាន។

កញ្ញា ឈឹម ស៊ីថរ បាន​ប្រឡូក​ការងារ​សហជីព​ដោយ​ចាប់ផ្ដើម​ពី​សមាជិក​ធម្មតា​នៅ​ក្នុង​ឆ្នាំ​២០០៧ គឺ​នៅ​មួយ​ឆ្នាំ​ក្រោយ​ពេល​នាង​បាន​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

ស៊ីថរ ធ្លាប់​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ថា នាង​ឈឺចាប់​នៅ​ពេល​ដែល​នាង​ឃើញ​សហជីព​ជំនាន់​មុន​នាង​នៅ​ក្រុមហ៊ុន​នេះ ត្រូវ​បញ្ឈប់​ពី​ការងារ​ទាំង​គ្មាន​កំហុស នៅពេល​ពួកគេ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក​។ ដោយមាន​ចិត្ត​ចង់​ជួយ​បុគ្គលិក​គ្នាឯង និង​សង្កេតឃើញ​ភាព​អយុត្តិធម៌​នេះ ទើប​ជំរុញ​ទឹកចិត្ត​ឱ្យ​នាង​ប្រឹងប្រែង​ក្នុង​តួនាទី​សហជីព​នេះ​រហូត​មក។

sithar281222.JPG
មេដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ពេលមកតុលាការ កាលពីថ្ងៃទី២៨ ខែ​មករា ឆ្នាំ​២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ភាព​អយុត្តិធម៌​នេះ បាន​ធ្លាក់​ដល់​កញ្ញា ឈឹម ស៊ីថរ មែន។ កាលពី​យប់​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​សម្រេច​ព្យួរការងារ​កញ្ញា ឈឹម ស៊ីថរ ដែល​កាលណោះ​នាង​បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​ដកហូត​អាវយឺត ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន​បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។ ក្រុមហ៊ុន​ចោទ​ថា កញ្ញា​ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

ក្រោយ​ក្រសួង​ការងារ​ផ្សះផ្សា​ជាមួយ​តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព ក្រុមហ៊ុន​នេះ​មិន​បាន​ទទួល​យក កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ​ឡើយ។

ក្រៅ​ពី​នេះ កញ្ញា ឈឹម ស៊ីថរ ក៏​ធ្លាប់​ជាប់​បណ្ដឹង​រដ្ឋប្បវេណី​មួយ​នៅ​តុលាការ ដោយ​ក្រុមហ៊ុន​ប្ដឹង​ទាមទារ​សំណង​ចំនួន ១​លាន ៧​សែន​ដុល្លារ ដោយសារតែ​ការដឹកនាំ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៣ ក្នុង​យុទ្ធនាការ​ទាមទារ​លក្ខខណ្ឌ​ការងារ ជាពិសេស គឺ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ។

ប៉ុណ្ណេះ​ហើយ ស៊ីថរ មិន​បាន​រាថយ​ទេ​!

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា អ្នកស្រី​ស្ញប់ស្ញែង​ចំពោះ​ឆន្ទៈ និង​ការ​លះបង់​សេរីភាព​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​ពេល​នេះ​។ អ្នកស្រី អ៊ូ ទេពផល្លីន ដែល​ជា​ដៃគូ​ការងារ ជា​រៀមច្បង និង​ជា​មិត្តភ័ក្ដិ​ជិតដិត​ជាមួយ​កញ្ញា ឈឹម ស៊ីថរ សង្កេត​ឃើញ​ថា ស៊ីថរ គឺជា​មនុស្ស​មាន​ទឹក​ចិត្ត​មុត​ស្រួច ម៉ឺងមាត់ និង​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ហើយ​ឈឺឆ្អាល​បញ្ហា​សង្គម មិន​ដែល​ត្អូញត្អែរ ធ្វើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ប្រាក់​ខែ​ឡើយ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «គាត់​យល់​ថា ការងារ​សហជីព​មួយ​គត់ ជា​ការងារ​ដែល​បាន​ធ្វើ​បុណ្យ​ជាមួយ​មនុស្ស​រស់ ទាមទារ​អត្ថប្រយោជន៍​ពី​ថៅកែ​អីហ្នឹង បាន​ប្រយោជន៍​ពី​កម្មករ​និយោជិក​ហើយ​មនុស្ស​ទាំងអស់​ហ្នឹង​គឺ សម​ទទួល​បាន​អ្វី​ដែល​ពួកគាត់​ប្រឹងប្រែង​។ ទៅណា​ក៏ដោយ​ស៊ីថរ អត់​ដែល​បំភ្លេច​ចោល​និយាយ​រឿង​សង្គម​ទេ ទោះជា​ឥឡូវ​យើង​គិត​ថា ជា​ពេល​ឈប់សម្រាក​យើង​អត់​ចង់​និយាយ​រឿង​ណា​ដែល​ធ្វើ​ឲ្យ​តានតឹង​អារម្មណ៍ និង​ផ្លូវចិត្ត​ទេ ប៉ុន្តែ ស៊ីថរ នៅតែ​និយាយ​រហូត​។ ទៅដល់​ខេត្ត​ណា កន្លែង​ណា តែង​មើលឃើញ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ទូទៅ​ដោយសារតែ​អយុត្តិធម៌​សង្គម ធ្វើ​ឲ្យ​ក្មេងៗ​បាត់បង់​ការ​សិក្សា ធ្វើ​ឲ្យ​មនុស្ស​គេង​នៅ​តាម​ផ្លូវ និង​អយុត្តិធម៌​សង្គម ដោយសារតែ​ប្រជាពលរដ្ឋ​គ្មាន​អំណាច ហើយ​យក​រស់​រៀងៗ​ខ្លួន អ៊ីចឹង​បាន​គាត់​យល់​ឃើញ​ថា ការ​ធ្វើ​ការងារ​សហជីព​នេះ ជា​រឿង​មួយ​ដែល​យើង​ទាំងអស់​គ្នា​គួរ​ដណ្ដើម​គ្នា​ធ្វើ»

រីឯ​បងប្រុស​កញ្ញា ឈឹម ស៊ីថរ គឺ​លោក ឈឹម យៀក អះអាង​ថា លោក​ជា​អ្នកផ្គត់ផ្គង់​ឲ្យ​ស៊ីថរ បាន​រៀនសូត្រ​រហូត​មក ក្នុង​ចំណោម​សមាជិក​ក្នុង​គ្រួសារ ស៊ីថរ បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ហើយ​នាង​មាន​ភាព​អំណត់​ជាងគេ​។ លោក​ថា ស៊ីថរ អាយុ ៣៧​ឆ្នាំ​ហើយ នាង​មិនដែល​នឹកភ្នក​ចង់បាន​រក​គូស្រករ​ឡើយ នាង​ស្រលាញ់​តែ​ការងារ​សង្គម​រហូត​ដល់​ជាប់​ពន្ធនាគារ​។ ប៉ុន្តែ​លោក​មាន​មោទនភាព​ចំពោះ​ប្អូនស្រី ដែល​ជា​មនុស្ស​ស្រលាញ់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌៖

លោក ឈឹម យៀក៖ «ខ្ញុំ​សប្បាយចិត្ត​មួយ​ដែល​គាត់​ហ៊ាន​លះបង់​សម្រាប់​ក្រុមការងារ​របស់​គាត់ គាត់​ស្រលាញ់​បុគ្គលិក​របស់​គាត់ ក្រុម​ការងារ​របស់​គាត់ ដែល​គាត់​ខំតស៊ូ​មតិ ដើម្បី​ឆ្នាំង​បាយ​ក្រុមហ៊ុន​របស់​គាត់​ទេ។ ខ្ញុំ​មាន​មោទនភាព​ដែរ ដែល​ប្អូន​តស៊ូ​សម្រាប់​ការងារ​របស់​គាត់ ហើយ​បង្វែរ​គាត់​ទៅជា​រឿង​ផ្សេង​ខ្ញុំ​អត់​សូវ​សប្បាយចិត្ត​ទេ»

ណាហ្គា​វើលដ៍ ជា​ក្រុមហ៊ុន ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​។ ក្រុមហ៊ុន​នេះ មាន​មណ្ឌល​កម្សាន្ត សណ្ឋាគារ និង​កាស៊ីណូ ឬ​បន​ល្បែង ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រកស៊ី​រយៈពេល ៧០​ឆ្នាំ​នៅ​កម្ពុជា​។ នៅក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែកធ្លាយ​កាលពី​ឆ្នាំ​២០១៧ បង្ហាញថា ម្ចាស់​កាស៊ីណូ​ណាហ្គា មាន​ទំនាក់ទំនង​ជាមួយ​ភរិយា និង​កូនលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កូន​លោក សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​។ កូនៗ លោក ហ៊ុន សែន ទាំង ៤​នាក់ ដែល​សារ​បែកធ្លាយ​បង្ហាញ​ថា មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ ណាហ្គាវើលដ៍ រួមមាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

hunsen_kids.jpg
កូនៗលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo Courtesy

នៅក្នុង​ប្រវត្តិ​នៃ​ការ​ទាមទារ​របស់​សហជីព​នៅ​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​នេះ ថ្នាក់​ដឹកនាំ​សហជីព​តែង​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ការ​ព្យួរ​ការងារ ជាប់​បណ្ដឹង​តុលាការ និង​ចុងក្រោយ​គឺ​បណ្ដេញ​ចេញ​ពី​ការងារ។

ករណី​នេះ ស៊ីថរ ធ្លាប់​បាន​អះអាង​ថា នាង​បាន​ត្រៀមខ្លួន​ទុកជាមុន​រួចហើយ​ថា នាង​នឹង​ជួប​រឿងរ៉ាវ​ទាំងនេះ នៅ​ពេល​ដែល​សេរីភាព​សហជីព​នៅ​កម្ពុជា មិន​ត្រូវ​បាន​ធានា​ឱ្យ​ពេញលេញ​នៅឡើយ។

កញ្ញា​បន្ត​ថា ក្នុង​នាម​សហជីព ការពារ​ប្រយោជន៍​បុគ្គលិក​នាង​មិន​រាថយ​ឡើយ គឺ​ថែមទាំង​ចង់​បង្ហាញ ទៅ​មនុស្ស​ជំនាន់​ក្រោយ​ថា ត្រូវ​រឹងមាំ​ប្រឈមមុខ​នឹង​បញ្ហា ដែល​កើតឡើង​នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ ដើម្បី​ការពារ​យុត្តិធម៌​។ នាង​ថា មានតែ​អ្នក​ដែល​រង​ភាព​អយុត្តិធម៌​ទេ ដែល​យល់​ច្បាស់។ កញ្ញា ស៊ីថរ តែង​បណ្ដុះ​គំនិត ឲ្យ​សមាជិក​សហជីព​ចេះ​ឈឺឆ្អាល និង​រួមគ្នា​ការពារ​សិទ្ធិ និង​ប្រឆាំង​ភាព​អយុត្តិធម៌ កុំ​ចាំតែ​ដល់​ភាព​រងគ្រោះ​ធ្លាក់​មកដល់​ខ្លួន​ទើប​ងើបឡើង​គឺ​យឺត​ពេល​ទៅ​ហើយ។

កញ្ញា ឈឹម ស៊ីថរ៖ «យើង​រស់នៅ​ក្បែរ​គាត់​ដែរ តើ​នៅ​ពេល​ដែល​ភ្លើង​ឆេះ​ផ្ទះ​ក្រុម​ការងារ​យើង​អស់​ហើយ បន្ទាប់​មក​ឆេះ​ផ្ទះ​នរណា​គេ​? ផ្ទះ​យើង​ហ្នឹងឯង​។ ដូច្នេះហើយ​យើង​ត្រូវ​ការពារ​សិទ្ធិ ការពារ​ប្រយោជន៍​និង​ការពារ​រក​យុត្តិធម៌​ឲ្យ​ពួក​យើង​ទាំងអស់គ្នា​ហ្នឹងឯង»

កញ្ញា ឈឹម ស៊ីថរ បាន​ផ្ដល់​សម្ភាសន៍​មុន​ពេល​អាជ្ញាធរ​ចាប់ខ្លួន​ថា ដើម្បី​បញ្ឈប់​ការ​តវ៉ា​ពេល​នេះ លុះត្រាតែ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​ពួកគេ ឈប់​រើសអើង​សហជីព ហើយ​ភាគី​ក្រុមហ៊ុន​ត្រូវ​ចូល​តុ​ចរចា​ជាមួយ​សហជីព​ប្រកបដោយ​ភាពស្មោះត្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។