រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដីពី​ភតិសន្យា​ឬ​កិច្ចសន្យា​ផ្ទះ​ជួល​ជា​ស្ថាពរ

0:00 / 0:00

រដ្ឋសភា បាន​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ភតិសន្យា ឬ​ហៅ​ថា​ច្បាប់​ស្ដីពី​កិច្ចសន្យា​ផ្ទះ​ជួល​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា ទាំង​មាន​សំឡេង​ស្រែក​តវ៉ា​នៅ​ខាង​ក្រៅ​រដ្ឋសភា ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ពី​ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ។

តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​បង្កើត​ច្បាប់​កិច្ចសន្យា​ផ្ទះ​ជួល​នេះ ព្រោះ​ជួយ​ការពារ​ផល​ប្រយោជន៍​ទាំង​ម្ចាស់​ផ្ទះ​ជួល និង​អ្នក​ជួល​ផ្ទះ ជាពិសេស​ច្បាប់​នេះ មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​នោះ​ទេ។ ទន្ទឹម​នឹង​នេះ សហជីព និង​កម្មករ​មួយ​ចំនួន ស្វាគមន៍ ហើយ​សង្ឃឹម​ថា ច្បាប់​នេះ​នឹង​អាច​សម្រាល​បន្ទុក​នៃ​ការ​ចំណាយ​របស់​ពួក​គេ​បាន​ខ្លះ។

ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​ជួល​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន ជាពិសេស​កម្មករ​កាត់​ដេរ សិស្ស និស្សិត នឹង​ពុំ​ត្រូវ​បាន​រំលោភ​សិទ្ធិ​ពី​ម្ចាស់​ផ្ទះ​ជួល​តាម​អំពើ​ចិត្ត​ទៀត​ឡើយ ក្រោយ​រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ភតិសន្យា​ពិសេស ឬ​កិច្ចសន្យា​ជួល​ផ្ទះ​ជា​ធរមាន នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ដែល​មាន​សំឡេង​គាំទ្រ ១០២​សំឡេង​ក្នុង​ចំណោម ១០៤​សំឡេង។

លោក សម រង្ស៊ី ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​មតិ​គាំទ្រ​ចំពោះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ថា វា​នឹង​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា ប្រកប​ដោយ​ចីរភាព យុត្តិធម៌ និង​សមធម៌​សង្គម​ផង។ លោក​បញ្ជាក់​ថា កិច្ចសន្យា​ជួល​ផ្ទះ ឬ​ហៅ​ថា​ភតិសន្យា​នេះ មាន​សារសំខាន់​ខ្លាំង​ណាស់ ហើយ​ភាគី​ទាំង​សង​ខាង គឺ​ទាំង​ម្ចាស់​ផ្ទះ​ជួល ឬ​ហៅ​ថា​ភតិបតី និង​អ្នក​ជួល ឬ​ហៅ​ថា​ភតិកៈ ដែល​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​នោះ ត្រូវ​គោរព​ទៅ​តាម​ពាក្យ​សម្ដី​ដែល​មាន​សរសេរ ឬ​ចែង​នៅ​ក្នុង​កិច្ចសន្យា ពោល គឺ​មិន​អាច​រំលោភ​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ​ក្នុង​រយៈកាល​កំណត់​ពីរ​ឆ្នាំ៖ «ច្បាប់​នេះ គឺ​ម្ចាស់​ផ្ទះ​គ្មាន​សិទ្ធិ​ដេញ​កម្មករ អ្នក​ជួល​ដោយ​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ​ក្នុង​រយៈពេល ២​ឆ្នាំ​យ៉ាង​តិច។ ហើយ​ទន្ទឹម​នឹង​នោះ ម្ចាស់​ផ្ទះ​គ្មាន​សិទ្ធិ​ដំឡើង​ថ្លៃ​ផ្ទះ​ទេ​ក្នុង​រយៈពេល ២​ឆ្នាំ ទោះ​កម្មករ​ត្រូវ​បាន​ដំឡើង​ប្រាក់​ឈ្នួល​ក៏ដោយ»

កន្លង​មក សហជីព និង​កម្មករ​កាត់​ដេរ រអ៊ូរទាំ​ថា ម្ចាស់​ផ្ទះ​ភាគ​ច្រើន​បាន​បង្កើន​ថ្លៃ​ឈ្នួល​ជា​ប្រចាំ​តាម​អំពើ​ចិត្ត ខណៈ​ដែល​កម្មករ​កាត់​ដេរ​ចាប់​ផ្ដើម​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​មួយ​កម្រិត​នោះ។

ប៉ុន្តែ​ទោះ​ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​គាំទ្រ និង​លើក​ដៃ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​ក្ដី ក៏​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅ​ក្នុង​រដ្ឋសភា នា​សម័យ​ប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៥ ថ្ងៃ​ទី​៦ កក្កដា នេះ​ដែរ។

លោក សុន ឆ័យ លើក​ឡើង​ថា ការ​ដែល​ម្ចាស់​ផ្ទះ​ជួល​ដំឡើង​ថ្លៃ​ឈ្នួល​ជា​ហូរហែ​នោះ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន តែង​តែ​យក​តម្លៃ​សេវា​ពី​ម្ចាស់​ផ្ទះ​ជួល នៅ​ពេល​ពួក​គាត់​ទៅ​ពឹងពាក់​ម្តងៗ។ លោក​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ណែនាំ​មេ​ឃុំ ឬ​ចៅ​សង្កាត់ ឲ្យ​បញ្ឈប់​ទង្វើ​បែប​នេះ៖ «ជាទូទៅ​នៅ​ពេល​ទៅ​សុំ​ការ​បញ្ជាក់​អី​ពី​មេ​ឃុំ ឬ​ចៅ​សង្កាត់ មិន​ដែល​ធ្វើ​ដោយ​អត់​យក​លុយ​ទេ ហើយ​កាល​ណា​អាជ្ញាធរ​យក​លុយ​ទៅ បែរ​ជា​ម្ចាស់​ផ្ទះ​ជួល​យក​អា​បន្ទុក​នោះ​ទៅ​បូក​ជាមួយ​កម្មករ សិស្ស និស្សិត ដែល​ជួល​ផ្ទះ​វិញ»

តំណាង​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ បុរីកីឡា ៣​មករា និង​សហគមន៍​ព្រលាន​យន្តហោះ (SOS) ប្រមូល​ផ្ដុំ​នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៥។
តំណាង​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ បុរីកីឡា ៣​មករា និង​សហគមន៍​ព្រលាន​យន្តហោះ (SOS) ប្រមូល​ផ្ដុំ​នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Uon Chhin)

ជា​ការ​ឆ្លើយ​តប ប្រធាន​ក្រុម​មតិ​ភាគ​ច្រើន​ក្នុង​រដ្ឋសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទទួល​ស្គាល់​ថា អាច​មាន​មន្ត្រី​នៅ​មូលដ្ឋាន​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​ដូច្នេះ​មែន ប៉ុន្តែ​មិន​អសកម្ម​ទាំងអស់​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ ក៏​បាន​ប្រកាស​ដល់​អន្តរ​ក្រសួង​រួច​ហើយ​ដែរ ក្នុង​ការ​កំណត់​តម្លៃ​សេវា​រដ្ឋបាល​នេះ៖ «ប្រហែល​ជា​ឯកឧត្តម សុន ឆ័យ មិន​បាន​មើល​អស់​ទេ ព្រោះ​មាន​អស់​ហើយ​ការ​កំណត់​តម្លៃ​សេវា​រដ្ឋបាល ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ប្រកាស​អន្តរ​ក្រសួង ហើយ​ក្រសួង​មហាផ្ទៃ ធ្វើ​រួច​រាល់​ហើយ​ដែរ»

យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​សហជីព និង​កម្មករ​មួយ​ចំនួន សង្ឃឹម​ថា ច្បាប់​ភតិសន្យា​ពិសេស​នេះ​នឹង​រួម​ចំណែក​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួក​គេ​បាន​ខ្លះ។ សព្វថ្ងៃ​នេះ កម្មករ​ភាគ​ច្រើន​បង់​ប្រាក់​ពី ៣០​ដុល្លារ​ទៅ​ជាង ៥០​ដុល្លារ សម្រាប់​បន្ទប់​ជួល​គ្មាន​ស្តង់ដារ ដែល​រស់នៅ​ជាមួយ​គ្នា​ពី ៣ ទៅ ៥​នាក់។

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ស្វាគមន៍​ចំពោះ​ច្បាប់​ដែល​មាន​ប្រយោជន៍​សម្រាប់​កម្មករ និង​សិស្ស​និស្សិត​ក្រីក្រ​ដែល​មក​ពី​ខេត្ត​ឆ្ងាយៗ​នេះ​ដែរ។

សេចក្តី​ស្នើ​ច្បាប់​ភតិសន្យា​ពិសេស ដែល​រៀបចំ​ឡើង​ដោយ​តំណាង​រាស្ត្រ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នេះ មាន ៤​ជំពូក និង​ចែក​ចេញ​ជា ១១​មាត្រា។ មាត្រា​ទី​១ ចែង​ថា ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ម្ចាស់​ផ្ទះ​ជួល និង​អ្នក​ជួល​ផ្ទះ ដើម្បី​ស្ថិរភាព​ក្នុង​ជីវភាព​រស់នៅ សណ្ដាប់ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ ចៀសវាង​ការ​កើត​មាន​ទំនាស់​រវាង​ម្ចាស់​ផ្ទះ​ជួល និង​អ្នក​ជួល។

ដោយឡែក​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ប្រជុំ និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​នៅ​ក្នុង​រដ្ឋសភា រីឯ​នៅ​ខាង​ក្រៅ​រដ្ឋសភា​វិញ គឺ​មាន​សំឡេង​ស្រែក​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ពី​សំណាក់​ពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ប្រមាណ ៤០​នាក់ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) ដែល​ពួក​គេ​ព្រួយ​បារម្ភ​ថា រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​រឹតត្បិត​នេះ។

ក្រុម​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំង​នោះ អ្នក​ខ្លះ​បាន​ឡើង​អង្គុយ​នៅ​លើ​របង​នៅ​ខាង​មុខ​រដ្ឋសភា ដោយ​ស្រែក​ទាមទារ​រដ្ឋសភា និង​រដ្ឋាភិបាល​នីតិកាល​ទី​៥ ទម្លាក់​ចោល​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ ហើយ​ងាក​មក​ចំណាយ​ពេល និង​ថវិកា​របស់​ជាតិ ព្រម​ទាំង​ប្រាក់​កម្ចី​ពី​បរទេស ដើម្បី​កសាង​ជាតិ និង​ការពារ​ជាតិ។ ទន្ទឹម​នឹង​នោះ ពួក​គេ​ទាមទារ​ឲ្យ​គិតគូរ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​បឹងកក់ បុរីកីឡា សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែល​នៅ​សេសសល់។

កៅ​ពី​នេះ​ទៀត ក្រុម​កម្មករ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់នៅ​ផ្ទះ​ជួល នឹង​រង់ចាំ​មើល​ការ​អនុវត្ត​ច្បាប់​នេះ​ពី​ម្ចាស់​ផ្ទះ​ជួល និង​អាជ្ញាធរ​ពាក់ព័ន្ធ ថា​តើ​ពួក​គេ​នឹង​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។