លោក ស៊ូប៊ែឌី សន្យា​លើក​សំណើ​របស់​សហជីព​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល

អ្នក​រាយការណ៍​ពិសេស​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​ផ្នែក​គោរព​សិទ្ធិ​មនុស្ស។ ជាង​នេះ​ទៀត អ្នក​រាយការណ៍​ពិសេស​រូប​នេះ ក៏​គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា និង​មន្ត្រី​រដ្ឋាភិបាល​ដែរ។
ដោយ ម៉ម មុនីរតន៍
2014-01-13
Share
សុរិយា ស៊ូប៊ែឌី ៦១០ អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចេញ​មក​ទទួល​ញត្តិ​របស់​សហជីព​នៅ​ខាង​មុខ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០១៤។
RFA/Morm Moniroth

ការ​បំពេញ​ទស្សនកិច្ច​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នេះ ធ្វើ​ឡើយ​រយៈពេល ១០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​ការ​ចាប់​ខ្លួន​មនុស្ស ២៣​នាក់ ដាក់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។

លោក សុរិយា ស៊ូប៊ែឌី ដែល​បាន​ចេញ​មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់​ពី​ក្រុម​សហជីព និង​បណ្ដាញ​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​នៅ​ថ្ងៃ​ទី​១៣ មករា បាន​សន្យា​ថា នឹង​យក​សំណើ​ទាំង​នេះ​ទៅ​ពិនិត្យ​ដោយ​ល្អិតល្អន់ មុន​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ដៃគូ​ពិគ្រោះ​យោបល់ និង​រដ្ឋាភិបាល​ក្នុង​ដំណើរ​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​ជា​ថ្មី​ម្ដង​ទៀត​នេះ។

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​ជាង ១០០​នាក់ នៅ​ខាង​មុខ​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី អះអាង​ថា លោក​នឹង​យក​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​សហជីព និង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ និង​បុរីកីឡា ដែល​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ២៣​នាក់​នេះ ទៅ​ពិនិត្យ​ជា​មុន​សិន មុន​នឹង​ត្រូវ​ពិភាក្សា​បន្ត​ជាមួយ​រដ្ឋាភិបាល។

ក្រុម​អ្នក​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ២៣​នាក់ នៅ​ខាង​មុខ​ការិយាល័យ អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០១៤។
ក្រុម​អ្នក​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ២៣​នាក់ នៅ​ខាង​មុខ​ការិយាល័យ អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០១៤។
RFA/Uon Chhin

 

លោក ស៊ូប៊ែឌី ដែល​ជា​ញឹកញាប់​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ចំអក​ថា ជា​អ្នក​រាយការណ៍​ឲ្យ​បក្ស​ប្រឆាំង​ថ្លែង​ថា លោក​បាន​ដឹង​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា សព្វគ្រប់​​ហើយ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។ បើ​ទោះ​ជា​បែប​ណា លោក​បញ្ជាក់​ថា នឹង​នៅ​តែ​បន្ត​ឃ្លាំមើល​ការវិវត្តន៍​ស្ថានការណ៍​​នេះ​បន្ត​ទៀត។

លោក សុរិយា ស៊ូប៊ែឌី៖ «ខ្ញុំ​នឹង​អាន​ញត្តិ​ដែល​បាន​ដាក់​ជូន​ខ្ញុំ​នៅ​ពេល​នេះ ហើយ​ក៏​អរគុណ​ដែល​អស់​លោក លោកស្រី​បាន​មក​ជួប​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ជួប​ប្រជុំ​ជាមួយ​តួអង្គ​សំខាន់ៗ ដែល​ពាក់ព័ន្ធ ក៏​ដូច​រដ្ឋាភិបាល​ដែរ។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ចំពោះ​កង្វល់​ទាំង​នេះ របស់​លោក លោកស្រី ជាមួយ​ដៃគូ​ដែល​ខ្ញុំ​នឹង​ជួប»

ញត្តិ​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​សហជីព​យ៉ាង​តិច ៧ និង​សហគមន៍​ពីរ គឺ​តំបន់​បឹងកក់ និង​បុរីកីឡា ដែល​ដាក់​ជូន​លោក ស៊ូប៊ែឌី នៅ​ថ្ងៃ​ទី​១៣ មករា គឺ​បំណង​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ២៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ទីតាំង​ខុសៗ​គ្នា ក្នុង​អំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា កន្លង​​ទៅ​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា កម្លាំង​សមត្ថកិច្ច​បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង រារាំង​សហគមន៍​បឹងកក់ ដែល​មាន​បំណង​ចូល​រួម​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មករា ចំណែក​កម្លាំង​បង្កប់​ដែល​មាន​ឯកសណ្ឋាន​ស៊ីវិល​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​ដាក់​ឲ្យ​​តាម​ដាន និង​ឃ្លាំមើល​ជា​ការ​ជួបជុំ​របស់​សហជីព​ជាមួយ​លោក សុរិយា ស៊ូប៊ែឌី ថែម​ទៀត​ផង។

ក្រៅ​ពី​នេះ នៅ​ផ្លូវ​វ៉េងស្រេង ឯ​ណេះ​វិញ កម្លាំង​យោធា​នៅ​តែ​បន្ត​ឈរ​ជើង​នៅ​ឡើយ គិត​ចាប់​ពី​មាន​ការ​បង្ក្រាប​ក្រោយ​ថ្ងៃ​ទី​៣ មករា រួច​មក។

សម្រាប់​លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ព្រមាន​ទៅ​រដ្ឋាភិបាល​ថា គប្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ បើ​ពុំ​ដូច្នោះ​ទេ ការ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​​ចាប់​ខ្លួន​នេះ នឹង​រឹត​តែ​បង្កើន​សន្ទុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

លោក​បន្ត​ថា៖ «ក្រុម​ការងារ​របស់​យើង​គឺ​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ហើយ យើង​ឥត​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចាប់​ខ្លួន ឬ​ក៏​ស្អី​ទេ គឺ​យើង​នៅ​តែ​បន្ត លុះ​ត្រា​តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ ហើយ​យើង​នៅ​តែ​បន្ត​យុទ្ធនាការ​របស់​យើង​ទៅ​ដល់​អន្តរជាតិ»

ដោយ​ឡែក​ភរិយា​របស់​លោក វន់ ពៅ គឺ​លោកស្រី ប្រាក់ សុវណ្ណារី ដែល​បាន​ចូល​រួម​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មករា ដែរ និយាយ​ថា គ្រួសារ​របស់​លោកស្រី​នៅ​ពេល​នេះ ស្ថានភាព​ជំងឺ​ចាស់​បាន​ចាប់​ផ្ដើម​រើ​ឡើង​វិញ ដោយ​ការ​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ក្នុង​ការ​បង្ក្រាប កាល​ពី​ថ្ងៃ​ទី​២ មករា ដោយ​ក្រុម​ទាហាន​ឆត្រយោង ៩១១។ លោកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល គប្បី​ពិនិត្យ​ឲ្យ​ប្ដី​លោកស្រី​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ពិនិត្យ​ជំងឺ និង​ព្យាបាល​សុខភាព។

របាយការណ៍​របស់​សហភាព​ការងារ​កម្ពុជា របស់​លោក អាត់ ធន់ បាន​រក​ឃើញ​ថា មនុស្ស ៤​នាក់ បាន​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប ៣​នាក់​បាត់​ខ្លួន និង​ច្រើន​ជាង ៤០​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១៣ មករា នេះ ដោយសារ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) កត់​សំគាល់​ថា មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន គប្បី​ដោះលែង​ឲ្យ​មាន​សេរីភាព។ លោក​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ២៣​នាក់​របស់​ស្ថាប័ន​រដ្ឋ​នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​គោលការណ៍​ច្បាប់។ ចំណែក​ការ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ការ​ឃុំ​ខ្លួន​នេះ គឺ​ជា​សិទ្ធិ និង​កាតព្វកិច្ច​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

លោក អំ សំអាត៖ «ក្នុង​រយៈពេល ១​អាទិត្យ​នៃ​ការ​ឃុំ​ខ្លួន មិន​បាន​បង្ហាញ​អំពី​ទី​កន្លែង​ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា។ នេះ​បើ​មើល​ទៅ​លើ​ច្បាប់​អន្តរជាតិ​វា​ខុស ដោយ​សារ​អី? ទោះ​បី​ជា​គាត់​ជា​ជន​ជាប់​ចោទ​ក៏ដោយ គាត់​ត្រូវ​តែ​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ក្រុម​គ្រួសារ ជាមួយ​នឹង​មេធាវី ជាមួយ​នឹង​សាច់ញាតិ ឬ​ក៏​មិត្តភ័ក្ដិ​របស់​គាត់ មិន​អាច​អត់​បាន​ទេ ព្រោះ​គាត់​ជា​ជនសង្ស័យ​ទៀត កុំ​ថា​ឡើយ​ដល់​ជន​សង្ស័យ ទោះ​បី​ជា​ទណ្ឌិត ក៏​គាត់​ត្រូវ​តែ​មាន​សិទ្ធិ​ទាំង​អស់​នេះ​ផង​ដែរ»

គិត​មក​ដល់​ពេល​នេះ មាន​ប្រទេស​យ៉ាង​តិច ១៣ ហើយ និង​សហព័ន្ធ​សហជីព​អន្តរជាតិ​ធំៗ​មួយ​ចំនួន រួម​ទាំង​អ្នក​បញ្ជា​ទិញ​ដ៏​មាន​ឥទ្ធិពល​ពី​កម្ពុជា​ផង បាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ជាពិសេស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​ស្លាប់​កម្មករ និង​ត្រូវ​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល