"បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដរាប​ណា​លោក ហ៊ុន សែន នៅ​កាន់​អំណាច"

ដោយ តាំង សារ៉ាដា
2017-03-28
Share
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

អ្នក​តាម​ដាន​អំពី​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស​អះអាង​ថា កម្ពុជា​នឹង​មិន​អាច​ងើប​មុខ​រួច​ខាង​ការ​គោរព​សិទ្ធិមនុស្ស​លើ​ឆាក​អន្តរជាតិ​បាន​ទេ ដរាបណា​កម្ពុជា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា អះអាង​ថា លោក ហ៊ុន សែន គួរ​តែ​ទទួល​បាន​ពានរង្វាន់​ផ្នែក​សិទ្ធិមនុស្ស។

​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ថា​ជា​គណៈកម្មាធិការ​កំប្លុកកំប្លែង​ដើម្បី​ទប់ទល់​នឹង​ការ​រិះគន់​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ។

នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ីសេរី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ជា​គណៈកម្មការ​មួយ​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ជា​ស្ថាប័ន​មិន​មាន​ឯករាជ្យភាព​មិន​មាន​វិជ្ជាជីវៈ និង​មិន​មាន​ស្តង់ដារ​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នោះ​ឡើយ។

លោក ហ្វីល រ៉ូប៊ឺតសុន៖ «គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា គ្មាន​ឯករាជ្យ​ទាល់​តែ​សោះ ហើយ​ស្ថាប័ន​នេះ​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្មាន​អ្នក​ណា​ខ្វល់ និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ឬ​ពី​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ឡើយ។ ស្ថាប័ន​នេះ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​សូម្បី​តែ​ប្រជាពលរដ្ឋ​ក៏​មិន​ពឹង​ពាក់​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ឲ្យ​ពួកគេ​បាន​ដែរ។ ខ្ញុំ​យល់​ថា វា​មិន​មែន​ជា​អង្គការ​ដែល​មាន​អំណាច​នោះ​ទេ តែ​វា​គ្រាន់​តែ​ជា​ស្ថាប័ន​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​ដើរ​ចូលរួម​ប្រជុំ​ពី​នេះ​ពី​នោះ​ប៉ុណ្ណោះ»

ការ​អះអាង​របស់​លោក ហ្វីល រ៉ូប៊ឺតសុន គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា ថា លោក ហ៊ុន សែន មាន​ស្នាដៃ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​ធំធេង​ប៉ុន​មហា​មេឃ តែ​គ្មាន​នរណា​មើល​ឃើញ និង​ផ្ដល់​ពានរង្វាន់​ឡើយ ហើយ​បែរ​ជា​នាំគ្នា​រិះគន់​ទៅ​វិញ។

លោក​បន្ត​ថា លោក ហ៊ុន សែន គួរ​តែ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​ពិភពលោក៖ «ពាន​រង្វាន់​សន្តិភាព​ជូន​គាត់ ឬ​ពាន​រង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ជូន​គាត់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អា​ចំណុច​ពីរ​សំខាន់​នេះ​ត្រូវ​បាន​គេ​បំភ្លេច បង្អាប់ បង្កាច់ បន្ទោស ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​គុណសម្បត្តិ​ស្មើ​មហា​មេឃ​នៅ​ទទួល។ ខ្ញុំ​មិន​ដឹង​ថា តើ​និយាយ​របៀប​ម៉េច»

​ការ​អះអាង​របស់​លោក កែវ រ៉េមី ហាក់​ផ្ទុយ​នៅ​នឹង​ការ​វាយ​តម្លៃ​របស់​អង្គការ​អន្តរជាតិ​ដែល​ឃ្លាំមើល​អំពី​សន្តិភាព សេរីភាព សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា ជំងឺ​ដែល​កម្ពុជា កំពុង​មាន​គឺ​ភាព​អមនុស្សធម៌ អសមធម៌​ក្នុង​សង្គម ការ​បាត់បង់​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ ភាព​ទន់​ខ្សោយ​នៃ​វប្បធម៌​រិះគន់​ដើម្បី​ស្ថាបនា និង​អំពើ​និទណ្ឌភាព​ជាដើម។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ការ​នាំ​ខ្លួន​ជន​ដៃដល់ ឬ​អ្នក​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​ខ្នាត​ធំៗ​ជា​ច្រើន​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ ដូចជា​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ករណី​ឃាតកម្ម​លើ​អ្នក​ឃ្លាំមើល​បរិស្ថាន លោក ឈុត វុទ្ធី ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណារ៉េត និង​ករណី​តារាភាពយន្ត​អ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម។

​យ៉ាង​ហោច​ណាស់​មាន​អ្នក​នយោបាយ​ចំនួន​ជិត ៣០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្រោម​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ។ អ្នក​ទាំង​នោះ​រួមមាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន​រូប​ទៀត។

​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​បដិសេធ​ថា កម្ពុជា​គ្មាន​អ្នក​​ទោស​នយោបាយ​នោះ​ឡើយ ប៉ុន្តែ​មាន​តែ​អ្នក​នយោបាយជាប់ទោសដោយសារ​​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ទល់​ឆ្នាំ​២០១៧ នេះ អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក បាន​បន្ត​អោយ​ពិន្ទុ​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​បាត​តារាង​រហូត​ហើយ​ផ្ដល់​ចំណាត់​ថ្នាក់​ដល់​កម្ពុជា ជា​ប្រទេស​ដែល​គ្មាន​សេរីភាព ដោយសារ​មាន​ការ​គាប រឹតត្បិត​លំហ​សេរីភាព​របស់​សង្គម​ស៊ីវិល និង​ការ​យាយី​លើ​គណបក្ស​ប្រឆាំង។

​ទោះជា​យ៉ាង​ណា​ក៏ដោយ សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ហាក់​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ម្នាក់ ដែល​តែង​អះអាង​ថា ខ្លួន​គឺ​ជា​អ្នក​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ ថា​តើ​ប្រទេស​អាច​មាន​ស្ថិរភាព ឬ​អាច​មាន​សង្គ្រាម​ទៅ​បាន​នោះ។

​កាល​ពី​ចុង​ខែ​កុម្ភៈ លោក ហ៊ុន សែន គំរាម​រួច​ជា​ស្រេច​ទៅ​ហើយ ក្នុង​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​ណា​ដែល​ហ៊ាន​ចេញ​មុខ​ប្ដូរ​របប​ដឹកនាំ​របស់​លោក៖ «ដោយ​តម្លៃ​ណា​ក៏ដោយ អ្នក​ត្រូវ​យល់​ឲ្យ​បាន​ថា សន្តិភាព​ពិបាក​ណាស់។ ទម្រាំ​រក​បាន​ប្រើ​មនុស្ស​រាប់​ជំនាន់ ហើយ​អស់​ជីវិត​មនុស្ស​ច្រើន​ណាស់។ ជំនាន់​អាមេរិកាំង អស់​មនុស្ស​ជាង​កន្លះ​លាន​នាក់ ជំនាន់ ប៉ុល ពត អស់​មនុស្ស បី​លាន​នាក់។ ចង់​សម្លាប់ ហ៊ុន សែន មួយ ចង់​ផ្ដួល ហ៊ុន សែន មួយ តើ​នឹង​មាន​ស្អី​នៅ​ពេល​ខាង​មុខ? នេះ​ជា​ចំណុច​ដាក់​ជា​សំណួរ​តើ​ខ្លួន​នឹង​នៅ​មាន​ស្ថិរភាព​អង្គុយ​របៀប​ហ្នឹង​ទេ?»

​ការ​គំរាម​របស់​លោក ហ៊ុន សែន ភាគ​ច្រើន​គេ​ឃើញ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ម្តងៗ។ ​បញ្ហា​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​សមាជិកសភា​អាស៊ាន​មួយ​ក្រុម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា បាន​ចាត់​ទុក​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា ស្ថិត​នៅ​ច្រក​ទ្វារ​មរណៈ។

ក្រុម​នេះ​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ចងក្រង និង​វិភាគ​លើ​ការ​វាយ​ប្រហារ​សមាជិក​សភា ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​អភ័យឯកសិទ្ធិ​សភា ការ​បំពាន​លើ​រូបរាងកាយ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក ហ្វីល រ៉ូប៊ឺតសុន លើក​ឡើង​បន្ត​ទៀត​ថា ប្រសិនបើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ ធ្វើ​ឡើង​ដោយ​ទាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ មែន នោះ​កម្ពុជា នឹង​ជួប​មហា​វិបត្តិ​ដ៏​ធំ​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ថ្កោលទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ហើយ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​អាច​ដើរ​ចេញ​ពី​កម្ពុជា តាម​រយៈ​ការ​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ដល់​កម្ពុជា។ លោក​បន្ត​ថា ពេល​នោះ​កម្ពុជា នឹង​ជួប​នូវ​ភាព​វឹកវរ​ចលាចល​ពេញ​ផ្ទៃ​ប្រទេស ហើយ​នាំ​ឲ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ជួប​គ្រោះ​មហន្តរាយ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល