ជនរងគ្រោះ​ឥណ្ឌូណេស៊ី​រង​ការ​ធ្វើ​ទារុណកម្ម​និង​ធ្វើ​ការ​ជា​ទម្ងន់​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2022.08.03
Share on WhatsApp
Share on WhatsApp
ជនរងគ្រោះ​ឥណ្ឌូណេស៊ី​រង​ការ​ធ្វើ​ទារុណកម្ម​និង​ធ្វើ​ការ​ជា​ទម្ងន់​នៅ​កម្ពុជា វីដេអូ​បង្ហាញ​ពី​ជនរងគ្រោះនៃការជួញដូរ​កម្លាំងពលកម្មរបស់ជនជាតិ​ឥណ្ឌុណេស៊ី​ មកធ្វើការ​ឱ្យក្រុមហ៊ុន​អនឡាញ​ចិន នៅ​ប្រទេស​កម្ពុជា។
BenarNews

ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ឥណ្ឌូណេស៊ី​ (Indonesia) ​ឲ្យ​ដឹង​ថា សមាជិកគ្រួសារ​របស់​ពួកគេ បាន​រង​ទារុណកម្ម និង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ច្រើន​ម៉ោង ដោយ​ពុំ​ទទួល​បាន​ប្រាក់កម្រៃ ឬ​ទទួល​បាន​ប្រាក់​បន្តិចបន្តួច នៅ​ប្រទេស​កម្ពុជា​។ ជនរងគ្រោះ​ទាំងនោះ ត្រូវ​បាន​សន្យា​ថា ផ្តល់​ការងារ​ឲ្យ​ធ្វើជា​បុគ្គលិក​កាស៊ីណូ និង​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ប្រាក់បៀវត្ស​ក្នុង​មួយ​ខែ​ចន្លោះ​ពី ១​ពាន់​ដុល្លារ ដល់ ១.១០០ ដុល្លារ ក៏ប៉ុន្តែ​មក​ដល់​កម្ពុជា ពួកគេ​ត្រូវ​បាន​ក្រុម​ជនល្មើស​បង្ខាំង​ទុក និង​បង្ខំ​ឲ្យ​ធ្វើការ​នៅ​កន្លែង​ក្រុមហ៊ុន​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​ម្ចាស់​ជា​ជន​ជាតិចិន​ទៅវិញ។

ការ​បញ្ជាក់​ប្រាប់​នេះ​ធ្វើ​ឡើង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អនឡាញ (Online) ​កាលពី​ថ្ងៃទី​១ ខែ​សីហា រៀបចំឡើង​ដោយ​អង្គការ​តស៊ូ​មតិ​សំរាប់​ជន​ចំណាកស្រុក (Migrant Care) ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដោយ​បាន​បង្ហាញ​រូបភាព​ពី​ស្ត្រី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់ ដែល​ត្រូវ​បាន​គេ​ដាក់ច្រវ៉ាក់​ធ្វើ​បាប ក្រោយពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់​យក​ពួកគេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ក្រុមហ៊ុន​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន នៅ​ខេត្ត​ព្រះសីហនុ។

ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី (Indonesian Foreign Ministry ) ​បាន​ប្រាប់​សារព័ត៌មាន​ BenarNews ​កាល​ពី​ថ្ងៃទី​១ ខែ​សីហា ថា អាជ្ញាធរ​កម្ពុជា បាន​ជួយ​រំដោះ​ជនជាតិ​ឥណ្ឌូណេស៊ី ចំនួន ៦២​នាក់ ចេញពី​អគារ​បង្ខាំង​ពួកគេ​របស់​ក្រុមហ៊ុន​ចិន​រកស៊ី​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ (online) នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា​កន្លង​មក​នេះ​។​

បងប្រុស​របស់​ជនរង​គ្រោះ​ម្នាក់ ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះ​យ៉ាង​ខ្លី​ថា​ Y.T. ​បាន​និយាយ​ថា ប្អូនប្រុស​របស់​ខ្លួន​ដែល​បាន​មក​ដល់​កម្ពុជា កាល​ពី​ដើម​ខែ​កក្កដា ត្រូវ​បាន​ក្រុម​ហ៊ុម​ចិន ចាប់​បង្ខាំង​ទុក ២​ថ្ងៃ ដោយ​គ្មាន​អាហារ​ហូបចុក ដោយសារ​ដេកលក់​នៅ​កន្លែង​ធ្វើ​ការ ព្រោះ​ហត់នឿយ​ខ្លាំង​និង​ធ្លាក់ខ្លួន​ឈឺ ដោយ​ធ្វើ​ការ ១៦​ម៉ោង ក្នុង​មួយថ្ងៃ​។ ចំណែក ជនរងគ្រោះ​ម្នាក់ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បញ្ជូន​ត្រឡប់​ទៅ​ឥណ្ឌូណេស៊ី​វិញ កាល​ពី​ខែ​ឧសភា ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា គ្នា​គាត់​៣​នាក់ ត្រូវ​បាន​គេ​វាយដំ​ឆក់​ខ្សែភ្លើង និង​ដកហូត​លិខិតឆ្លងដែន ដោយសារ​មិន​អាច​បំពេញ​ការងារ តាម​តម្រូវការ​របស់​ក្រុមហ៊ុន​បោកប្រាស់​នោះ​បាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សមត្ថកិច្ច និង​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃទី​១ ខែ​សីហា​។ ស្ថានទូត​ឥណ្ឌូណេស៊ី ឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុង​ឆ្នាំ​២០២១ ស្ថានទូត​បាន​បញ្ជូន​ជនរងគ្រោះ​ឥណ្ឌូណេស៊ី​ចំនួន ១១៩​នាក់ ដែល​ចាញ់បោក​គេ មក​ធ្វើការ​នៅ​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ដើមកំណើត​វិញ។ ប៉ុន្តែ​ក្នុង​អំឡុង​៧ ខែ ដើមឆ្នាំ​២០២២​នេះ ចំនួន​ជនរងគ្រោះ​បាន​កើន​ឡើ​ដល់​ទៅ​ជិត ៣​រយ​នាក់ (២៩១) ក្នុង​នោះ​ជិត ២​រយ​នាក់ បាន​បញ្ជូន​ត្រឡប់​ទៅវិញ​ហើយ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី អ្នកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី គ្រោង​ជួប​ពិភាក្សា​ទ្វេភាគី ស្ដីពី​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ជាមួយ​រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន នៅ​ពេល​អ្នកស្រី​មក​ចូលរួម​កិច្ចប្រជុំ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។