សិទ្ធិ​នយោបាយនៅកម្ពុជា​​កាន់​តែ​​ដុនដាប​​នៅ​ក្នុង​​ឆ្នាំ២០២១

0:00 / 0:00

ក្នុង​ឆ្នាំ២០២១ ដែលជិតផុតទៅហើយនេះ សិទ្ធិសេរីភាពពលរដ្ឋ​នៅ​​តែ​​ស្ថិត​​ក្រោម​​ការ​រឹតត្បិត​​ពី​​សំណាក់​​អាជ្ញាធរ​​រដ្ឋាភិបាល​​ឯកបក្ស។ ក្រុម​អ្នក​សិទ្ធិមនុស្ស​ជាតិ ​អន្តរជាតិ​អ្នកវិភាគ​នយោបាយ និង​អ្នក​សកម្មការងារ​សង្គម​មើល​​ឃើញ​​ថា ​សិទ្ធិ​ចូលរួម​​នយោបាយ​​របស់​​ពលរដ្ឋបាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង ដែល​សូម្បី​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ក៏​ត្រូវ​ចាត់​ទុក​ជា​គោលដៅ​ក្នុងការ​ធ្វើទុក្ខ​​បុក​ម្នេញ ដោយ​សារ​តែកា​រ​អនុវត្ត​សិទ្ធិសេរីភាព ដែល​ធានា​ដោយ​ច្បាប់​បន្ថែម​ទៀត។

មក​​ដល់​​ចុង​ឆ្នាំ​២០២១​​នេះ ព្រះសង្ឃ​ក្នុង​​ព្រះពុទ្ធសាសនា​​បាន​​ក្លាយ​ជា​​ផ្ទាំង​​ស៊ីប​ថ្មី​សម្រាប់​​អាជ្ញាធរ​របប​​ឯកបក្ស ចាត់វិធានការ ចោទប្រកាន់​​តាម​​ផ្លូវ​​តុលាការ និង​​តាម​​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ចូលរួម​សកម្មភាព​សង្គម ការពារ​បរិស្ថាន និង​នយោបាយ។

Bor Bet Monk arrested in Thailand on 01-12-2021.jpg
ព្រះតេជគុណ បូរ បេត នៅពេលដែលអាជ្ញាធរថៃឃាត់ព្រះកាយត្រៀមបញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១ ខែធ្ន ឆ្នាំ២០២១។ (ទូរទស្សន៍ព្រះអាទិត្យ)

ព្រះតេជព្រះគុណ បូរ បេត កំពុង​ភៀស​ព្រះកាយ​នៅ​ប្រទេស​ស្វីស (Switzerland) ព្រះអង្គ​មាន​ថេរដីកា​ថា សកម្មជន​សង្គម និង​នយោបាយ ដែល​ភៀសខ្លួន​ទៅ​ដល់​​ក្រៅ​ប្រទេស​ហើយ ​ក៏​នៅ​តែ​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ទទួល​ទោស​នៅ​កម្ពុជា​វិញ។ ព្រះតេជព្រះគុណ​បន្ត​ថា សម្រាប់ព្រះអង្គផ្ទាល់ អាជ្ញាធរ​ថៃ​បាន​ឃាត់​ព្រះកាយ​ព្រះអង្គ​ដោះ​ស្បង់​ចីវរ បំណង​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ​ដែរ៖ «គឺអាត្មាតែងរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើរដល់​បន្ទាត់ក្រហម ធ្វើ​អោយ​សង្គម​កាន់តែអាក្រក់ទៅៗ។ បិទសិទ្ធិ​នយោបាយ បិទ​សិទ្ធិពលរដ្ឋ ក្នុង​ការសម្រេចចិត្ត​ធ្វើ​នយោបាយ​ពិសេសទាក់ទិននឹង​ព្រះសង្ឃ ចាប់ព្រះសង្ឃដាក់ពន្ធនាគារ ផ្សឹកព្រះសង្ឃ ព្រមាន​ព្រះសង្ឃ ចង់ឱ្យ​​លោក ហ៊ុន សែន ដើរ​ទៅតាមបន្ទាត់​មួយ​តាម​ព្រះពុទ្ធសាសនា ដែល​ជាទ្រឹស្ដីល្អ​ហ្នឹង​ គាត់អត់អាច​​ធ្វើ​តាម​ឱវាទ ដែល​​ព្រះសង្ឃបាន​ជួយ​ណែនាំ​ទេ បែរ​ទៅជាគាត់​ថា​ យើង​ហ្នឹង​ជាអ្នករិះគន់​ទៅវិញ រហូត​ដល់​គាត់​ក៏​ប្ដឹង​ទៅ​អាជ្ញាធរ ឱ្យ​អាជ្ញាធរ​ថៃ​ចាប់ចង់​បញ្ជូន​អាត្មាទៅស្រុកខ្មែរវិញ»។

ព្រះតេជព្រះគុណ បូរ បេត មាន​ព្រះជន្ម​ ៣៥ វស្សា បាន​បួស​រៀន​បម្រើ​ព្រះពុទ្ធ​សាសនា​តាំង​ពី​ព្រះជន្ម​ ១៣ ​វស្សា។ ជា​កូន​កសិករ​ក្រីក្រ​នៅ​ខេត្តកំពង់ធំ ក្នុង​ភូមិ​ដាច់​​ស្រយាល​ជាប់​តំបន់​ព្រៃឡង់ និង​ធ្លាប់​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ បាន​ជំរុញ​ទឹក​ចិត្ត​ព្រះសង្ឃ​អង្គ​នេះ​ឱ្យ​ឈឺឆ្អាល​ការងារ​ការពារ​ធនធាន​ធម្មជាតិ ទាមទារ​យុត្តិធម៌​សង្គម និង​សកម្មភាព​នយោបាយ​នានា ដោយ​រំពឹង​ថា ​នឹង​មាន​ការផ្លាស់ប្ដូរ ដែលអាច​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ និង​គ្រួសារ​ព្រះតេជគុណ​បាន​គ្រាន់បើ​ជាង​ពេល​បច្ចុប្បន្ន។ ការចូលរួម​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែងលោក រ៉ុង ឈុន ដែល​ជាប់​ឃុំ​ព្រោះ​ឈឺឆ្អាល​រឿង​ព្រំដែន​បាន​ក្លាយ​ជាដើម​ចម​ដែល​អាជ្ញាធរ​តាម​ចាប់​ព្រះកាយ​ព្រះអង្គ។ ព្រះតេជព្រះគុណ​បាន​គេច​ព្រះកាយ​ទៅ​ប្រទេស​ថៃ និង​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀសខ្លួន​ទទួល​ស្គាល់​ដោយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិជន​ភៀសខ្លួន (UNHCR)។

Bor Bet Monk arrived Swizerland on 13_12_2021.jpg
ព្រះតេជគុណ បូរ បេត នៅពេលនិមន្តទៅដល់​ប្រទេស​ស្វីស (Switzerland) កាលពីថ្ងៃទី១៣ ខែធ្ន ឆ្នាំ២០២១។ (ហ្វេសប៊ុកព្រះតេជគុណ បូរ បេត)

មិន​ខុស​គ្នា​នេះ​ទេ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ៤ នាក់​ត្រូវ​អាជ្ញាធរ​ខ្មែរ និង​ថៃ​សហការ​គ្នា​ចាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ព្រៃស ក្នុង​នោះ​រួម​មាន លោក វឿន សំណាង ហៅគ្រញូង​ព្រៃឡង់ លោក វឿង សំណាង លោកស្រី ឡាញ់ ថាវរី និង​លោក ម៉ិច ហ៊ាង ដែល​អ្នក​ទាំង​នោះ​ជា​ជន​ភៀស​ខ្លួន​ទទួលស្គាល់​ដោយUNHCR។

រឿងរ៉ាវ​ទាំង​នេះ កើតឡើង​នៅ​ពេល​ដែល​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ និង​អង្គការ​សហ​ប្រជាជាតិ​ចង់​ឃើញ​កម្ពុជា​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឡើងវិញ ​នៅ​មុន​ការបោះឆ្នោត។ កិច្ចពិភាក្សា​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិលោក វីទិត មុនតាប៊ន កាលពី​ពេល​ថ្មីៗ​នេះ តំណាង​​ប្រទេស​ប្រជាធិបតេយ្យ​មាន​ទាំង​អឺរ៉ុប អាមេរិក និង​អូស្ត្រាលី​បាន​លើកឡើង​ពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល ការ​បង្ក្រាប​មក​លើ​គណបក្ស​ប្រឆាំង ការ​បង្កើន​ការឈ្លបយកការណ៍​តាម​អនឡាញ កង្វះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រឹតត្បិត​មក​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី នៅកម្ពុជា។ ពួកគេ​ខ្វល់ខ្វាយ​ពីការ​បន្ត​ផ្ដន្ទាទោស​លោក កឹម សុខា ដំណើរការ​សវនាការ​កាត់​ក្ដី​មនុស្ស​ទាំងហ្វូង និង​ការ​កាត់​ទោស​សមាជិក​ដទៃ​ទៀត​មកពី​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ ព្រមទាំង​ការ​បន្ត​ការ​រឹតត្បិត​សកម្មភាព​ចូលរួម​ផ្នែក​នយោបាយ​នៅមុន​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២​ និង​២០២៣ ​ខាង​មុខ។ ពួកគេ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ​បញ្ឈប់​ការ​ដាក់​គោលដៅ​កម្ចាត់​ក្រុម​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ប្រឆាំង និង​បើក​ឱ្យ​គ្រប់​ភាគី​នយោបាយ​ចូលរួម​ការបោះឆ្នោត​ដូច​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

CNRP_Activist_Lagn Thavary_thailand_arrested_on_19_11_2021.jpg
លោកស្រី ឡាញ់ ថាវរី មន្ត្រីបក្សប្រឆាំងជាប់ឆ្នោត ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ (សកម្មជនបក្សប្រឆាំង)

យ៉ាងនេះ​ក៏ដោយ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ២០២១​នេះ នៅ​តែ​មិន​បន្ធូរ​ដៃ​ឡើយ លោក​ប្រកាស​ជា​សាធារណៈ ដដែល​ថា​ នឹង​តាមកម្ចាត់​ ​ក្រុម​ប្រឆាំង​ដល់​ជីវិត​ចុង​ក្រោយ៖ «អ៊ីចឹង​ទុក​ឲ្យ​ខ្ញុំ​លេង​អា​ពួក​ជ្រុល​និយម​ការពារ​សន្តិភាព​នេះ ខ្ញុំ​លេង​ពួក​លោក​ឯង​ឲ្យ​ចប់​សិន ដើម្បី​ខ្ញុំ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្មេង​ជាន់​ក្រោយ ​ខ្ញុំ​ដាក់​កម្មវិធី​ចេញ​ដំណើរ​ បន្ទាប់​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​លើ​ករណី​កូវីដ»

លោក ហ៊ុន សែន ថែមទាំង​បាន​ប្រកាស​គាំទ្រ​ឱ្យកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក ដែល​នាំ​ឱ្យ​មាន​ការរិះគន់​ថា ​លោក ហ៊ុន សែន ប៉ុនប៉ង​នាំ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ផ្ដាច់​ការ​បែប​តវង្ស​ត្រកូល។

លើស​ពី​នេះ​លោក ហ៊ុន សែន ក៏អះអាងដែរថា​ មិន​ឱន​ក្បាល​ចំពោះ​ការ​គាប​សង្កត់​​​ពី​បរទេស ដែល​លោក​សំដៅ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នោះ​ឡើយ៖ « អ៊ីចឹង​បាន​លើក​នេះ​អត់​ទេ​សុំ​បញ្ជាក់​ឲ្យ​ហើយ​ តម្លៃ​ណា​មួយ​ក៏​ដោយ ហ៊ុន សែន មិន​អាច​ឱន​ក្បាល​ទទួល​យក​ការ​គាប​សង្កត់​ណា​មួយ ដែល​នាំ​ទៅ​ដល់​អស្ថិរភាព និង​បាត់​សន្តិភាព​ប្រទេស»

មកដល់ត្រឹមចុងឆ្នាំ២០២១​នេះ មាន​សកម្មជន​សង្គម និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​ នាក់​ត្រូវចោទប្រកាន់ និង​ចាប់ដាក់​ពន្ធនាគារ ហើយ​អ្នកខ្លះ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​នៅ​ជាប់​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ជាមួយគ្នា​នេះ​មាន​មនុស្ស​ជាង ​៣០ នាក់​ទៀត ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ព្រឹត្តទាំង​នោះ​បាន​នៅ​ឡើយ​ទេ។ ចំណែក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ិន ខុន អាយុ ៣១ ឆ្នាំ​ត្រូវ​​សម្លាប់ ដោយ​កាប់​ច្រើន​កាំបិត​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា។ ដោយឡែក នៅ​មាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត រួម​ទាំង​លោក កឹម សុខា ប្រធាន​​គណបក្ស និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ តុលាការ​ក្រុងភ្នំពេញ​នៅតែ​បន្ត​កោះហៅ​មនុស្ស​ទាំង​ក្រុមៗ​ចូល​សវនាការ​ទាក់ទង​នឹង​ការចោទប្រកាន់​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ទាក់ទង​នឹង​ការ​គាំទ្រ​ផែនការ​វិល​ចូល​ស្រុក​របស់លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ បន្ទាប់​ពី​បាន​ផ្អាក​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ។ សវនាការ​កាល​ពី​ថ្ងៃ​ទី៧ ខែធ្នូ មាន​ជន​ជាប់ចោទ​ចំនួន​ ៤២ នាក់ ក្នុង​នោះ​មាន​ទាំង​លោក សម រង្ស៊ី​លោក អេង ឆៃអ៊ាង​ និង​អ្នកស្រី ​មូរ ​សុខហួរ ​ជាដើម។ បើ​ទោះ​ជា​ក្រុម​មេដឹកនាំ​ និង​សកម្មជន​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស អះអាង​ថា​ គេ​មាន​បំណង​ចូលទៅតតាំង​ក្តី​ក្នុង​តុលាការ​កម្ពុជា ក៏​រដ្ឋាភិបាល​បាន​ប្រើ​គ្រប់​វិធី​ដើម្បី​​​រារាំង​ពួកគេ។ តាម​គម្រោង​សវនាការ​នេះ​នឹង​បន្ត​ទៅ​ថ្ងៃទី២៨ ខែ​ធ្នូ ដើម្បី​បន្ត​សាកសួរ​ជន​ជាប់​ចោទ​បន្ថែម​ទៀត​រួម​ទាំង កញ្ញា សេង ធារី ខ្មែរ​អាមេរិកាំង ដែល​ជា​អ្នកច្បាប់ និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_01.jpg
សពលោក ស៊ិន ខុន ដែលត្រូវបានឃាតករកាប់ជាច្រើនកំាបិតបណ្តាលឱ្យស្លាប់កាលពីពាក់កណ្តាលយប់រំលងអាធ្រាត្រថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ទាក់ទង​នឹង​រឿង​នេះ អ្នកវិភាគ​នយោបាយ ដែល​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាងឡង់​ ​(Finland) លោក គឹម សុខ មើលឃើញ​ថា លោក ហ៊ុន សែន នឹង​ធ្វើតាម​អ្វី​ដែល​លោក​បាន​និយាយ​ដដែលៗ​នោះ គឺ​មិន​បន្ធូរ​ដៃ​ដល់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ណា​​ដែល​មាន​ឥទ្ធិពល ឬ​មាន​កម្លាំង​គ្រប់គ្រាន់​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច និង​បន្ត​តំណែង​តវង្ស​ត្រកូល​ទៅ​ឱ្យ​អ្នក​ជំនាន់​ក្រោយ៖ « រឿងទី១​ គាត់ខ្លួនឯង​ ត្រូវ​ឈរជើងឱ្យ​ហ្នឹង​ គឺ​លោក ហ៊ុន សែន ហ្នឹង។ រឿងទី២ កុំឱ្យ​បរិយាកាស​ណាមួយ ដែល​អាចទៅ​គំរាម​កំហែង​ផែនការ​ផ្ទេអំណាច​បីគាត់​ទៅ​កូនគាត់ ព្រោះ​​គាត់​បារម្ភ​ថា​អាច​មាន​កម្លាំង​របស់​គណបក្សផ្សេងៗ កម្លាំង​​ប្រជាធិបតេយ្យ ដែល​ជាកម្លាំង​បង្ក​ឱ្យផែនការ​របស់គាត់​ទៅជា​វិនាស។ ពីថ្ងៃនេះទៅ​លោក ហ៊ុន សែន គ្មាន​បន្ធូរបន្ថយ​ដើម្បី​ស្ដារប្រជាធិបតេយ្យទេ មានតែ​តាក់ទិច​​បន្ធូរ​បន្តិចបន្ទួច​ឱ្យ​យើង​ភ្លេចខ្លួន ដើម្បីគា់អនុវត្តផែនការអំណាច​របស់​គាត់ តែ​ប៉ុណ្ណឹង​ទេ»

យ៉ាង​នេះ​ក្ដី ​តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិលោក អាន សុខឃឿន ធ្លាប់​បាន​ចោទ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​លោក​ខាង​លិច ថា បាន «បិទ​ភ្នែក​ធ្វើ​មិន​ឃើញ» ការ​បើក​ចំហ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ខណៈ​អតីត​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជិត​ ៣០ នាក់ បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ក្នុង​ចំណោម​នោះ អ្នក​ទាំង​នោះ​ខ្លះ​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ចំនួន ៦ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ខាងមុខ។

បើ​ទោះ​ជា​យ៉ាង​ណា ​ព្រះតេជព្រះគុណ បូរ បេត មើលឃើញ​ដែរ​ថា តទៅមុខ​ទៀត​ការ​រិត​បន្ដឹង​នឹង​មិន​ថមថយ​ដែរ នៅពេលដែល​អាជ្ញាធរ​រដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ច្បាប់​ដាក់កំហិត បុព្វជិត​សាសនា រួម​ទាំង​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ថា​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ ប្រសិន​បើ​ចូលរួម​ការ​តវ៉ា ដែល​អាជ្ញាធរ​ចាត់ទុក​ថា​មាន​ចរិត​ប្រឆាំង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិនាម​ព្រះសង្ឃ និង​សណ្ដាប់​ធ្នាប់​សាធារណៈ៖ « ប្រហែល​ជាពិបាក​ក្នុង​ការចូលរួម​របស់​ព្រះសង្ឃ​ដោយសារ​លោក​មានការភ័យព្រួយ​នឹង​ច្បាប់ ដែល​គណសង្ឃនាយក និង​ក្រសួង​ធម្មការ និង​សាសនា​បាន​ចែង រិតត្បិតសិទ្ធិ​ព្រះសង្ឃមិនឱ្យ​ចូលរួម សូម្បីតែ​គិត​ក៏អាចមានទោសដែរ ប្រសិនបើមាន​ចេតនា​ចូលរួម​នយោបាយ ចូលរួម​ធ្វើបាតុកម្ម ការពារ​ធនធាន​ធម្មជាតិ​អី​ហ្នឹង គឺ​អាច​មាន​ទោស​ មាន​ការចាប់ផ្សឹក​ចាប់ងីថែមទៀត»

ស្របពេលដែល​ក្រសួង​ធម្មការ និង​សាសនា​ កំពុង​រៀបចំ​ច្បាប់​ដាក់​គុក​ព្រះសង្ឃ​នេះ មហាសន្និបាត​មន្ត្រី​​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៩ ​កាលពី​ថ្ងៃទី​២០ ដល់​ទី​២១ ខែធ្នូ ឆ្នាំ​ ២០២១ បានសម្រេច​ដាក់ចេញ​នូវ​សង្ឃប្រកាស​ដែលលើកឡើងថា ព្រះសង្ឃមិនត្រូវ​ធ្វើ​ ឬ​ចូលរួម​ដង្ហែ​ជា​ក្បួន​បាតុកម្ម កូដកម្ម កុបកម្ម ក្នុង​ទីសាធារណៈ ដែលជា​ហេតុ​​នាំឱ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ ភេទ​ជា​អ្នកបួស ប៉ះពាល់ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ប្រកាស​នោះ​បញ្ជាក់​ថា ក្នុងករណី​​មិន​ស្តាប់​ឱវាទ និង​ប្រមាថ​កាត​ទាន​ដល់​ប្រមុខ​ដឹកនាំ​សង្ឃ​នោះ ភិក្ខុ សាមណេរ​រូប​នោះនឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ក្រៅ​សង្វាស និង​សហគមន៍​សង្ឃ។

CNRP_Activists_Women_Friday_protest.jpg
ក្រុមស្ត្រីថ្ងៃសុក្រតវ៉ាទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងស្វាមីជាសកម្មជននយោបាយបក្សប្រឆាំងនាពេលកន្លងមក។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ព្រះសង្ឃ បូរ បេត ដែល​សោកស្ដាយ​ចំពោះ​វិធានការ​នេះ មាន​ថេរដីកា​ថា ព្រះសង្ឃ​កំពុង​ត្រូវ​ដាក់​ឱ្យ​នៅ​ឆ្ងាយ​ពី​កិច្ចការ​សង្គម។ ព្រះតេជ​គុណ​លើក​ទឹក​ចិត្ត​ដល់​ព្រះសង្ឃ ដែល​ស្រឡាញ់ សេរីភាព ចូលចិត្ត​កិច្ចការ​សង្គម​រួមគ្នា​តវ៉ា ជំទាស់​នឹង​ការ​ការសម្រេច​ទាំង​នេះ។

យ៉ាងនេះ​ក្ដី​ព្រះតេជព្រះគុណ​មិន​រំពឹង​ថា​មេដឹកនាំ​បច្ចុប្បន្ន​នេះ និង​មេដឹកនាំ​តវង្ស​ត្រកូល​អាច​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ លុះត្រា​តែ​មាន​មេដឹកនាំ​ថ្មី ដែល​ជា​មនុស្ស​ស្អាតស្អំ ជា​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ « មាន​បុគ្គលណាហ៊ានងើប​ក៏ ហ៊ុន សែន សម្លាប់​ចោល​ ឬក៏ចាប់ដាក់គុក អត់ស្ដាយ ព្រោះរបប​កុម្មុយនីស្ដ ហ៊ុន​​ សែន នេះ​គឺ​មនុស្ស​គ្មាន​មេត្តាធម៌​ទេ ពួកមនុស្ស​ធ្វើទៅតាម​អំណាច​ ដែល​ខ្លួនឯងមាន ដែល​ខ្លួន​ធ្លាប់ធ្វើពីមុនមក»

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​ Freedom House បន្ត​ចាត់​ថ្នាក់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១​ថា​ជា​ប្រទេស « មិន​សេរី » ដោយ​បញ្ជាក់​ថា​សិទ្ធិ​នយោបាយ​​របស់​​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​ស្ទើ​តែ​ដល់​កម្រិត​សូន្យ។

ស្របគ្នា​នេះ អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK) នៅឆ្នាំ២០២១ បាន​ដាក់កម្ពុជា​ចូលជា​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» ដោយសារតែ​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បន្ត​​ដាំ​ក្បាល​ចុះ​រហូត​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ។ ចំណាត់ថ្នាក់​នេះ ធ្វើ​ឡើង​ផ្អែក​លើ​សូចនាករ​សំខាន់ៗ ចំនួន ៥ ក្នុង​នោះ​រួមមាន ដំណើរ​ការ​បោះ​ឆ្នោត និង​ពហុបក្ស ដំណើរការ​រដ្ឋាភិបាល ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ វប្បធម៌​នយោបាយ និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ជាដើម។

បើ​ទោះ​ជា​យ៉ាងណា​សម្រាប់​អ្នករាយការណ៍​របស់​អង្គការ​សហប្រជាជាតិលោក វិទិត មុនតាប៊ន វិញ ​លោក​នៅ​តែ​ទទូច​ឱ្យ​មេដឹកនាំ​បច្ចុប្បន្ន​បើក​​លំហ​​ដើម្បី​ឱ្យ​មាន​កិច្ច​សន្ទនា ការ​ផ្សះផ្សា​ជាតិ និង​ការ​ស្តា​ស្ថាប័ន​ជាតិ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។