អ្នកវិភាគ​ថា មន្ត្រី​សមត្ថកិច្ច​រដ្ឋ​គួរ​ឈប់​អនុវត្ត​បញ្ជា​តាម​ខ្សែ​រយៈ​បក្ស​ដែល​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

0:00 / 0:00

អ្នកវិភាគ​ថា មន្ត្រី​សមត្ថកិច្ច​រដ្ឋ​គួរ​ឈប់​អនុវត្ត​បញ្ជា​តាម​ខ្សែរយៈ​បក្ស ដែល​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​។ ប្រតិកម្ម​នេះ នេះ​ធ្វើឡើង​ក្រោយ​មន្ត្រី​ប៉ូលិស ស្រុកស្រែ​អំបិល ខេត្ត​កោះកុង អុកឡុក​រំខាន​ដល់​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ពេល​ពួកគាត់ ចុះ​អង្កេត​បញ្ហា​ប្រជាពលរដ្ឋ មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី៣១ ខែ​កក្កដា។

អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ ថា មកដល់​សម័យនេះ​ទៅ​ហើយ មិន​គួរ​ណា​ឡើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅ​មូលដ្ឋាន នៃ​របប​លោក ហ៊ុន សែន នៅតែ​អនុវត្ត​តាម​ទម្លាប់​ចាស់​គំរឹល ក្នុង​ការ​អនុវត្ត​របៀប​របប​ធ្វើការ ដែល​ខ្វះ​ភាព​ស៊ី​សង្វាក់​គ្នា​បែបនេះ​តទៅទៀត​សោះ។ លោក​បន្ត​ថា​ លំហូរ​នៃ​ព័ត៌មាន​ដើម្បី​ការទាក់ទង​គ្នា​​ខ្សែ​បណ្ដោយ​ពីលើ​ចុះទៅ​ក្រោម ​គឺ​នៅតែ​អត់​រលូន ព្រោះ​នៅ​ជាប់​កម្អែល​ទម្លាប់​ចាស់ តាំង​ពី​ដើម​រៀងមក ដែល​ធ្វើ​ឱ្យ​ថ្នាក់ក្រោម​មិន​ជ្រាប​ព័ត៌មាន​ពី​ថ្នាក់លើ។

លោក​លើកឡើង​បន្ថែម​ថា បញ្ជា​ធំ​បំផុត​មួយទៀត គឺ​ការណ៍​ដែល​មន្ត្រី​មូលដ្ឋាន នៅតែ​នាំគ្នា​បន្ត​អនុវត្ត​បទបញ្ជា​តាម​ខ្សែរយៈ​របស់​បក្ស​នេះឯង​។ លោក​ស្នើ​ឱ្យ​កែទម្រង់​របៀបរបប​ធ្វើការ​បែបនេះ​ចេញ ដោយ​ផ្ដើម​ពី​ការអនុវត្ត​វិធានការ​វិន័យ និង​ចាត់ការ​មន្ត្រី​ដែល​ប្រព្រឹត្ត​បំពាន​ទាំងនោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​អំពី​គំរូ​នៃ​របៀបរបប​ធ្វើការ​កាលពី​ជំនាន់​សង្គមរាស្ត្រនិយម ដែល​មាន​ប្រសិទ្ធភាព ដែល​មន្ត្រី​គ្រប់​ជាន់ថ្នាក់ មិន​អាច​យក​លេស​ណាមួយ ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​របស់​ខ្លួន​បាន​ទេ ប្រសិន​ករណី​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​ណែនាំ ឬ​បទបញ្ជា​ពី​ថ្នាក់លើ​បែបនេះ​នោះ​៖ «ពី​ដើម​ដើម្បី​ឱ្យ​ដឹង​ថា​ដល់ គេ​មាន​ប្រព័ន្ធ​ត្រួតត្រា ថា​អាហ្នឹង​វា​ដល់​អត់​ឬទេ ហើយ​អនុវត្ត​ដែរ​ឬ​អត់​ទេ​ ? ហើយ​បើ​បាន​មាន​ប្រតិកម្ម​មកវិញ គេ​ចាត់ការ​បន្ថែម​ទៀត ហើយ​គេ​ឱ្យ​ជូនដំណឹង​ផ្លូវ​ការណ៍​អ៊ីចឹងៗ ត្រូវ​ចុះ​ក្នុង​ព្រះរាជ​កិច្ច។ ដូច្នេះ​មន្ត្រី​ជាន់​ក្រោមៗ ថា​អត់​ដឹង​អត់​បាន​ទេ»។

ការ​អនុវត្ត​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​ផ្ទុយ​ទៅ​នឹង​បញ្ជា​ថ្នាក់លើ​នេះ កើត​មាន​ជា​ហូរហែ មក​ហើយ​ដូច​ក្នុង​ករណី​នៃ​ការ​ហាមឃាត់​ពលរដ្ឋ មិន​ឱ្យ​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ជាដើម​។ ព្រឹត្តិការណ៍​ថ្មីៗ​បំផុត គឺ​កើតឡើង​នៅ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ដោយសារ​មន្ត្រី​ប៉ូលិស ២​នាក់ នៅ​ស្រុក​ស្រែអំបិល បាន​ទៅ​អុកឡុក​រំខាន​ដល់​ការ​បំពេញ​ការងារ​របស់​មន្ត្រី​សមាគម ​អាដហុក នៅ​ពេល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ចុះ​ជួប​សម្ភាសន៍​ប្រជាពលរដ្ឋ​នៅ​ភូមិ​តានី ឃុំ​ជីខលើ ពាក់ព័ន្ធ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ។

មន្ត្រី​សមាគម​ អាដហុក លោក ស៊ឹង សែនករុណា ដែល​បាន​ចុះ​ផ្ទាល់​ក្នុង​ហេតុការណ៍​នោះ​រៀបរាប់​ថា មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន បាន​សួរ​ឈ្មោះ និង​គោលបំណង​នៃ​ការ​ជួប​ប្រជាពលរដ្ឋ និង​ថត​ប័ណ្ណ​ការងារ​ពួកគាត់ រួចហើយ​នៅ​មិន​ចេញ​ទៅ​ណា​ទេ នៅ​ថតរូប ថត​វីដេអូ និង​តាម​ឃ្លាំមើល ចាំ​ស្ដាប់​ការ​និយាយ​គ្នា​របស់​ពលរដ្ឋ។ លោក​ចោទ​ជា​សំណួរ​ថា តើ​ឱ្យ​ពលរដ្ឋ​ហ៊ាន​ប្រាប់​រឿងរ៉ាវ​ពួកគាត់​យ៉ាងម៉េច​ទៅ​កើត​? នេះ​ហើយ​សេរីភាព​សង្គម​ស៊ីវិល ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ៖ «ពលរដ្ឋ​មានការ​ភ័យខ្លាច នៅ​ពេល​ដែល​ពួកគាត់​រាយការណ៍ អំពី​សកម្មភាព​របស់​ក្រុម​អាជ្ញាធរ នៅ​ក្នុង​តំបន់​នោះ ជា​ពិសេស​សមត្ថកិច្ច​ហ្នឹង ព្រោះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ពលរដ្ឋ មិនមែន​មានតែ​វត្តមាន​ពួក​ខ្ញុំ​នៅ​ទី​នោះ​ទេ គឺ​ការ​ជួបជុំ​របស់​ពួកគាត់ ដែល​ជា​ពលរដ្ឋ​សាមញ្ញ ក្នុង​ការ​ជជែក​គ្នា ក្នុង​រឿង​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​នៅ​តំបន់​ហ្នឹង ក៏​អាជ្ញាធរ​ប៉ូលិស តែងតែ​ចុះទៅ​ញឹកញាប់ ដែល​រារាំង​ដល់​សកម្មភាព​របស់​ជនរងគ្រោះ ក្នុង​ការ​ជជែក​រក​ដំណោះស្រាយ»។

ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​មូលដ្ឋាន​ផ្ទុយ​នឹង​សេចក្ដី​ណែនាំ​របស់​ថ្នាក់លើ​បែប​នេះ ធ្វើ​ឱ្យ​សមាគម​អាដហុក អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​មហាផ្ទៃ អន្តរាគមន៍ និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ជាក់ស្តែង ចំពោះ​សមត្ថកិច្ច​ណា ដែល​មិន​បាន​គោរព និង​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ ជុំវិញ​សិទ្ធិ​សេរីភាព​របស់​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល។

សេចក្ដី​ណែនាំ​របស់​ថ្នាក់លើ​នេះ គឺ​សំដៅ​លើ​សេចក្ដី​ជូនដំណឹង​លេខ ២០០៦ ស.ជ.ណ ចុះ​ថ្ងៃ​​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ របស់​ក្រសួងមហាផ្ទៃ ដែល​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ថា សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ព្រមទាំង​សហគមន៍​មូលដ្ឋាន មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដោយ​មិន​ចាំបាច់​ជូនដំណឹង​អាជ្ញាធរ​មូលដ្ឋាន មុន​ពេល​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ដូច​មុន​នោះ​ឡើយ។

ទោះ​ជា​មាន​សេចក្ដី​ជូនដំណឹង​នេះ​ក្ដី ក៏​មន្ត្រី​មូលដ្ឋាន នៅតែ​ប្រព្រឹត្ត​ផ្ទុយ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ និង អង្គការ​សង្គម​ស៊ីវិល​ដដែល។ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ក៏​យល់ស្រប​ថា អាជ្ញា​មូលដ្ឋាន មិន​ត្រូវ​ប្រព្រឹត្ត​ផ្ទុយ​នឹង​សេចក្ដី​ណែ​នេះ​នោះ​ដែរ៖ «រាជរដ្ឋាភិបាល​មិនមែន​គ្រាន់តែ​ហាម​ទេ គឺ​មាន​ចេញ​ជា​សំបុត្រ​ផង។ ការណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ប្រាប់​យ៉ាង​ច្បាស់​លាស់ មិន​ឱ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ណាមួយ​ទេ​បាទ​។ ចំពោះ​ជន​ណា​ដែល​ធ្វើ​អ៊ីចឹង គឺ​ខុសច្បាប់ និង​ទទួល​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល។ សុំ​អំពាវនាវ​តាម​ណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង គឺ​លោក​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​បែបនេះ​ទេ»។

ទោះជា​យ៉ាង​នេះ​ក្តី អធិការ​នគរបាល​ស្រុកស្រែ​អំបិល លោក ម៉ា ទី ចាត់​ទុក​ថា ការ​ចុះ​ទៅតាម​សួរនាំ និង​បន្ត​ចាំ​ស្ដាប់​ការ​និយាយ​គ្នា​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ​ថា​ ជា​រឿង​​ដែល​ត្រូវ​ធ្វើជា​ទម្លាប់​ធម្មតា និង​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​។ លោក​ប្រាប់​អាស៊ីសេរី ថា​សកម្មភាព​របស់​ប៉ូលិស​បែបនេះ មិនមែន​ទៅ​រំខាន​ការងារ របស់​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ គឺ​ទៅ​សាកសួរ​នេះ ដើម្បី​ការពារ​ដល់​សន្តិសុខ​សង្គម នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ចោទសួរ​អំពី​ភាព​មិន​ស្មោះត្រង់ របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ជួប​ជុំ​គ្នា​នោះ ថាបើ​គ្មាន​រឿង​អ្វី​លាក់បាំង ហេតុអ្វី​ខ្លាច​វត្តមាន​មន្ត្រី​សមត្ថកិច្ច «រាជរដ្ឋាភិបាល​មិន​មែនគ្រាន់តែហាមទេ គឺមានចេញ​ជាសំបុត្រ​ផង។ ការ​ណែនាំរ​បស់​សម្តេចក្រឡាហោម​ ស ខេង បាន​ប្រាប់​យ៉ាង​ច្បាស់លាស់ មិន​ឲ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ​​ណាមួយទេបាទ។ ចំពោះ​ជនណា​ដែលធ្វើអ៊‍ីចឹង គឺខុសច្បាប់ និងទទួលទណ្ឌកម្ម​ផ្នែករដ្ឋាបាល។​ សុំអំពាវនាវតាម​ណែនាំ​របស់​សម្តេច​ក្រឡា​​ហោម ស​ ខេង គឺលោក​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​បែបនេះទេ»។

អធិការ​នគរបាល​ស្រុកស្រែ​អំបិល​ដដែល អះអាង​ថា មន្ត្រី​មូលដ្ឋាន​របស់​លោក អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រូវ​តាមច្បាប់ និង​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ទើប​បាន​ជា​ធ្វើ​ដូច្នេះ ព្រោះ​សេចក្ដី​ណែនាំ​របស់​ក្រសួង កំណត់​ច្បាស់​អំពី​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​សមាគម និង​សហគមន៍​​ដែល​​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​គ្មាន​បាន​ចុះបញ្ជី​ជា​ក្រុម ឬ សហគមន៍​បែបនេះ សមត្ថកិច្ច​ត្រូវតែ​តាមដាន៖ «សមត្ថកិច្ច​ដែល​នៅ​គឺជា​រឿង​ធម្មតា ដើម្បី​ចង់​ដឹង​ថា​ ​តើ​ប្រជាពលរដ្ឋ​ជួប​ខាង​អាដហុក​ហ្នឹង​ជួប​រឿង​អ្វី។ បើ​គាត់​មនុស្ស​ដែល​ត្រង់ មនុស្ស​ដែល​ពិតប្រាកដ ចង់បាន​អ្វី​ពិតប្រាកដ មានរឿង​អ្វី​ដែល​ខ្លាច​ឱ្យ​សមត្ថកិច្ច​ដឹង​ ? យើង​និយាយ​ត្រង់​ទៅ​ខ្លាច​អ្វី​គេ​ឮ​ ? ខ្លាច​អ្វី​គេ​ដឹង​ ? បើ​យើង​ខ្លាច​គេ​ឮ ខ្លាច​គេ​ដឹង មានតែ​យើង​មានរឿង​មិន​ច្បាស់លាស់»។

ការ​តាម​ស្ដាប់ និង​យកការណ៍​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ជីវភាព​ឯកជន​បែបនេះ កើតមានឡើង​ជាប្រចាំ​ក្នុង​របប​ខ្មែរក្រហម ដែល​កងឈ្លប​ខ្មែរក្រហម​លប​ស្ដាប់ និង​តាមដាន​គ្រប់​សកម្មភាព​របស់​ប្រជាជន ជាពិសេស​ប្រជាជន​ថ្មី ដែល​របប​នេះ ចាត់ទុកជា​ខ្មាំង​របស់​បដិវត្តន៍​។ សូម្បីតែ​ការ​រួម​មេត្រី​រវាង​ប្ដី​ប្រពន្ធ​ថ្មោងថ្មី ក៏​កងឈ្លប​ខ្មែរក្រហម​ត្រូវ​តាមដាន​ជាប្រចាំ​ដែរ។

លោក ស៊ឹង សែនករុណា មិន​នឹក​ស្មាន​ថា លោក​អធិការ​នគរបាល​ស្រុកស្រែ​អំបិល រក​នឹក​បកស្រាយ​បែប​ផ្ទុយ ទៅ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​បែបនេះ​ទៅ​រួច ព្រោះ​គ្មាន​ច្បាប់​ឯណា​ហាមឃាត់​សិទ្ធិ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ម្ចាស់​ប្រទេស មិន​ឱ្យ​ជួបជុំគ្នា ដើម្បី​បញ្ចេញ​មតិ ឬ​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​របស់​ខ្លួន​នោះ​ទេ៖ «ការ​លើកឡើង​របស់​គាត់ អំពី​ការណ៍​ប្រជាពលរដ្ឋ​អត់​មាន​ចុះបញ្ជី​ហ្នឹង គឺជា​រឿង​មួយ​ដែល​យើង​ហួសចិត្ត​ដែរ​។ វា​ជា​ការ​យល់​ច្រឡំ​មួយ​ដ៏​ធ្ងន់។ គួរតែ​មាន​ការ​គិត​ឡើងវិញ។ អង្គការ​សង្គម​ស៊ីវិល បើ​មិន​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ដែល​រួមចំណែក​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល តើ​ឱ្យ​យើង​ធ្វើការ​ជាមួយ​អ្នកណា​ ? ហើយ​បញ្ហា​ជា​បញ្ហា​របស់​អ្នកណា​ ? ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជាមួយ​ពលរដ្ឋ»។

សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ចាត់​ទុក​សកម្មភាព​ទាំងនេះ​ថា ជា​ផ្នែក​មួយ​នៃ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ។ អង្គការ​នេះ​រក​ឃើញ​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៩ អាជ្ញាធរ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​របស់​ពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ចំនួន ៧១​ករណី។ ការ​រឹតត្បិត និង​ការ​គំរាមកំហែង​ទាំងនោះ​រួមមាន មន្ត្រី​ប៉ូលិស​បាន​ចូល​មក ថត​រូប​ភាព សកម្មភាព​ពេល​ជួប​ប្រជុំ ស្រង់​ឈ្មោះ ឬ​ថត​បញ្ជី​ឈ្មោះ​អ្នកចូលរួម ការ​ដាក់​កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ចូល​ស្ដាប់​ការប្រជុំ ការរៀនសូត្រ​របស់​សហគមន៍​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។