មន្ត្រី​របប​ភ្នំពេញ​ច្រានចោល​ការ​រក​ឃើញ​របស់​សង្គម​ស៊ីវិល​អំពី​ការ​រឹតត្បិត​លំហ​សេរីភាព​មូលដ្ឋាន

ដោយ មាន ឫទ្ធិ
2019-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។
សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។
Photo Provided

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​របប​ក្រុងភ្នំពេញ ច្រានចោល​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​របស់​សង្គម​ស៊ីវិល ដោយ​សម្អាង​ថា ជា​ការ​សន្និដ្ឋាន​មាន​លក្ខណៈ​ចង្អៀតចង្អល់​ផ្ដោត​តែ​ទៅលើ​ទិដ្ឋភាព​នយោបាយ ចៀស​ជាង​ទិដ្ឋភាព​នៃ​ការអនុវត្ត​ច្បាប់។ ប្រតិកម្ម​នេះ កើត​មាន​ឡើង ក្រោយ​ពេល​សង្គម​ស៊ីវិល​ចំនួន​បី ទើប​បាន​ចេញផ្សាយ​របា​យ​ការណ៍​ឆ្នាំ​ទី​បី នៃ​ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ដោយ​ចាត់ទុកថា​លំហ​សម្រាប់​អនុវត្ត​សេរីភាព​មូលដ្ឋាន នៅតែ​បន្ត​រង​ការ​រឹតត្បិត និង​មានការ​ឃ្លាំមើល​ជា​ប្រព័ន្ធ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ដដែល។

លោក ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា យល់​ថា របាយការណ៍​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​របស់​សង្គម​ស៊ីវិល​នេះ ពុំបាន​ឆ្លុះ​បញ្ចាំ​ពី​ទិដ្ឋភាព​ទូទៅ​នៅ​កម្ពុជា​នោះ​ទេ ដែល​លោក​អះអាង​ថា ពលរដ្ឋ​ទូទៅ​កំពុងតែ​សប្បាយរីករាយ​ក្នុង​ការ​សម្ដែង​មតិ​ទូទៅ និង​ការ​ជួប​ជុំគ្នា​។

ថ្លែងប្រាប់​អាស៊ីសេរី​តាម​ប្រព័ន្ធ WhatsApp កាលពី​ថ្ងៃ​ទី​១៨ កក្កដា លោក​ថា មានតែ​ពលរដ្ឋ​មួយ​ក្រុម​តូច​ទេ ជាពិសេស​គណបក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល បាន​រង​ការ​រឹតត្បិត​នេះ ដោយសារតែ​ពួកគេ​បាន​បំពាន​ច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​នោះ៖ «ជ្រុង​ដែល​គាត់​មើល​ហ្នុង គឺ​ចង្អៀត​មែនទែន ដោយ​មិន​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ការអនុវត្ត​សេរី​ភាពជា​មូលដ្ឋាន​ហ្នឹង​ទេ។ បាន​ន័យថា គាត់​មើល​តែ​ទៅលើ​ទិដ្ឋភាព​នយោបាយ​ទេ​... បាន​ន័យថា​ឱ្យ​តែ​មាន​ការអនុវត្ត​ច្បាប់​ទៅលើ​សកម្មជន​នយោបាយ ឬក៏​សកម្មជន​សិទ្ធិមនុស្ស គាត់​ចាត់ទុកថា​វា​ជា​ការ​រឹតត្បិត​លំហ​នៃ​សេរី​ភាពជា​មូលដ្ឋាន​។ ប៉ុន្តែ​គាត់​ពុំ​បាន​គិត​ទៅលើ​យន្តការ​ច្បាប់​នោះ​ទេ ថា​តើ​សកម្មភាព​ទាំងអស់​នោះ​គឺជា​ការ​បំពាន​ច្បាប់​ដែរ​ឬក៏​អត់​នោះ​ទេ​។ សម្រាប់​រដ្ឋាភិបាល​គឺ​យើង​មើល​ជាទូទៅ»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី ក្នុង​នោះ​រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) ដែល​ធ្វើការ​រួមគ្នា​លើ​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ពួកគេ​រកឃើញ​ថា លំហ​សម្រាប់​ប្រើប្រាស់ សេរីភាព​មូលដ្ឋាន​នៅតែ​បន្ត​រង​ការ​រឹតត្បិត និង​មានការ​ឃ្លាំមើល​ជា​ប្រព័ន្ធ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​។ ;​សង្គម​ស៊ីវិល​ទាំង​បី​នេះ បាន​ឆ្លុះបញ្ចាំង​ការ​រក​ឃើញ​នេះ ទៅ​ក្នុង​របាយការណ៍​ឆ្នាំ​ទី​៣ នៃ​ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា របស់​ខ្លួន​ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា។ សង្គម​ស៊ីវិល​ទាំង​បី​នោះ កត់សម្គាល់​ថា ការ​បន្ត​ការ​រឹតត្បិត​នេះ គឺ​ដោយសារ​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មីៗ បាន​ធ្វើ​ឱ្យ​សេរីភាព​មូលដ្ឋាន​រួម​តូច​ទៅ ការ​បន្ត​អនុវត្ត​ដោយ​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ទាក់ទង​នឹង​សេរីភាព​មូលដ្ឋាន និង​ការ​ធ្លាក់ចុះ​ថែមទៀត​នូវ​លទ្ធភាព​របស់​សាធារណជន​ក្នុង​ការ​អនុវត្ត​សេរី​ភាពជា​មូលដ្ឋាន។

របាយការណ៍​ឆ្នាំ​ទី​បី​របស់​សង្គម​ស៊ីវិល​ទាំង​បី​នេះ ពិនិត្យមើល​លើ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ពី​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៩ ផ្អែកលើ​ហេតុការណ៍​ជាក់លាក់​សរុប​ចំនួន ៨២៥ ករណី ដែល​ទាក់ទង​នឹង​ការអនុវត្ត​សេរីភាព​មូលដ្ឋាន ក្នុង​នោះ ១៦៧​ករណី ទទួល​បាន​ពី​ការ​រាយការណ៍​ពី​ហេតុការណ៍​របស់​គម្រោង និង ៦៥៨​ករណី​ទៀត តាមរយៈ​ការ​តាមដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រៅពីនោះ របាយការណ៍ ក៏​ផ្អែកលើ​ការស្ទង់មតិ​សាធារណជន​ជិត ១​ពាន់​នាក់ ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល និង​សហជីព​ជាង​២០០​នាក់។

សង្គម​ស៊ីវិល​ទាំង​បី​រក​ឃើញ​ថា ក្នុងចំណោម ៨២៥​ករណី ដែល​ខ្លួន​បាន​កត់សម្គាល់​នេះ មាន ៤៨១​ករណី ត្រូវ​ចាត់ទុកថា​ជា​ការ​រឹតត្បិត​លើ​សេរីភាព​មូលដ្ឋាន ហើយ​ដែល​ក្នុង​ការ​រឹតត្បិត​នេះ​ជាង ៨២% រាប់​ថា ជា​ការ​រំលោភបំពាន ដោយសារតែ​មិនបាន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។ សង្គម​ស៊ីវិល​ដដែល ក៏​រក​ឃើញ​ដែរ​ថា ភាគច្រើន​នៃ​ករណី​រំលោភបំពាន​ទៅលើ​សេរីភាព​មូលដ្ឋាន​នេះ បាន​កើតមានឡើង​នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ព្រឹត្តិការណ៍​រង​ការ​រិះគន់​ថា ជា​ការ​បោះឆ្នោត «​ក្លែងក្លាយ»

របាយការណ៍​កត់សម្គាល់​ថា ក្នុង​សេរីភាព​មូលដ្ឋាន​ដែល​ខ្លួន​បាន​ធ្វើ​ការ​ឃ្លាំមើល​នេះ មាន​សេរីភាព​ខាង​ការ​បង្កើត​សមាគម សេរីភាព​ខាង​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​។ សម្រាប់​សេរីភាព​ខាង​ការ​បង្កើត​សមាគម សង្គម​ស៊ីវិល​ទាំងនេះ​ថា រួម​ទាំង​ឆ្នាំមុន​ផង សេរីភាព​នេះ​នៅតែ​បន្ត​ធ្លាក់​ចុះ​រហូត ហើយ​មូលហេតុ​ចម្បង​គឺ​ដោយសារតែ​មានការ​តាមដាន​ឃ្លាំមើល​យ៉ាង​ហ្មត់ចត់​ជា​ប្រព័ន្ធ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លើ​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​។ ដោយឡែក សម្រាប់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​វិញ សង្គម​ស៊ីវិល​ទាំង​បី​ថា ការ​រឹតត្បិត​កើតមានឡើង​តាមរយៈ​ការ​គំរាមកំហែង​តាម​វិធានការ​ច្បាប់​ថ្មី លើ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​កំណើន​ឡើង​ថែមទៀត​ក្នុង​ការ​កម្រិត​នូវ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​លើ​ខ្លួនឯង​។ ចុងក្រោយ​សម្រាប់​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​វិញ សង្គម​ស៊ីវិល​ទាំង​បី​ថា មានការ​រឹតត្បិត​តាម​អំពើ​ចិត្ត​ទៅលើ​សេរីភាព​ខាង​ការ​ជួប​ប្រជុំ ដោយ​រដ្ឋាភិបាល​បាន​ប្រើ​វិធានការ​ផ្លូវច្បាប់​ជាច្រើន​ប្រឆាំង​នឹង​អ្នកចូលរួម​តវ៉ា​បញ្ហា​ដីធ្លី ខណៈ​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល និង​សហជីព​ជាច្រើន​រាយការណ៍​ថា មិន​មាន​សេរីភាព​ទាល់តែសោះ​ទៅ​លើ​ការ​អនុវត្ត​សេរីភាព​ខាង​ការ​ជួប​ប្រជុំ។

លោក សឹង សែនករុណា អ្នក​នាំ​សមាគម​អាដហុក (Adhoc) ថ្លែងប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ ទី​១៨ កក្កដា ថា សេរីភាព​មូលដ្ឋាន​ដែល​រង​ការ​រឹតត្បិត​ខ្លាំង ជាងគេ គឺ​សេរីភាព​ខាង​ការ ជួប​ប្រជុំ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ផ្អែក​តាម​របាយការណ៍​ដែល​សង្គម​ស៊ីវិល​ទាំង​បី​ប្រមូល​បាន​។ ក៏ប៉ុន្តែ​លោក​ថា ករណី​ជាក់ស្ដែង​អាច​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ដែល​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នេះ មិនបាន​ប្រមូល​គ្រប់​ជ្រុងជ្រោយ​។ ទន្ទឹម​នឹង​នោះ លោក​ថា សេរីភាព​របស់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​វិញ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ជ្រៀតជ្រែក និង​ធ្វើ​សកម្មភាព​រឹតត្បិត​តាម​អំពើ​ចិត្ត មិន​អនុញ្ញាត​ឱ្យ​ពួកគេ​បំពេញការងារ​បាន​ដោយ​សេរី​ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជាមុន​នោះ​ទេ៖ «​មានតែ​លិខិត ក៏ប៉ុន្តែ​យើង​មើល​ឃើញ​ការអនុវត្ត​ជាក់ស្ដែង ក្រុម​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន​ក្តី មន្ត្រី​ដែល​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ជាដើម គឺ​គាត់​តែងតែ​ទៅ​លប​ស្ដាប់ ថត​ពី​វត្តមាន​ទាំង​ដែល​ពួក​យើង​មិនបាន​អញ្ជើញ​ចូលរួម​។ ប្រសិនបើ​ករណី​ខ្លះ បើ​យើង​មានការ​អញ្ជើញ​ចូលរួម អាជ្ញាធរ​ចូលរួម នោះ​វា​មិន​ជា​បញ្ហា​អី​ទេ​។ ប៉ុន្តែ កាយវិការ​ទាំងអស់​នេះ ហាក់​ដូចជា​ទៅ​ជ្រៀតជ្រែក ទៅលើ​កិច្ច​ការងារ សកម្មភាព​របស់​អង្គការ​សមាគម ជាពិសេស​អ្នក​ដែល​គាត់​ធ្វើការ​ទៅលើ​ផ្នែក​សិទ្ធិមនុស្ស ការ​តស៊ូ​មតិ​ជាមួយ​នឹង សកម្មជន​សហគមន៍​នៅ​តាម​មូលដ្ឋាន និង​ខាង​សហជីព​ជាដើម»

លោក សឹង សែនករុណា ចង់​ឃើញ​រដ្ឋាភិបាល ពិនិត្យមើល​ឡើងវិញ និង​កែ​លម្អ​ស្ថានភាព​នៃ​ការ​គោរព​សេរីភាព​មូលដ្ឋាន​ទាំងនេះ ឱ្យ​បាន​ខ្ជាប់ខ្ជួន ស្របតាម​បទដ្ឋាន​អន្តរជាតិ៖ «យើង​ចង់​ស្នើ​ឱ្យ​ការ​រក​ឃើញ​របស់​យើង​ទាំងឡាយ​នៅ​ក្នុង​របាយការណ៍​នេះ ខាង​អាជ្ញាធរ​រដ្ឋាភិបាល គឺ​ធ្វើការ​ពិនិត្យមើល​ឡើងវិញ ធ្វើការ​កែប្រែ​នូវ​រាល់​ឥរិយាបថ​ទាំងអស់​នេះ ដើម្បី​ធ្វើការ​គោរព​ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញមតិ ការ​ជួប​ប្រជុំ ប្រមូល​ផ្តុំ​ទាមទារ​តវ៉ា​អី​ហ្នុង ហើយ​នឹង​ការ​បង្កើត​អង្គការ​សមាគម​ជាដើម»

ការ​រក​ឃើញ​របស់​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​សង្គម​ស៊ីវិល​ទាំង​បី​នេះ គឺ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដែល​បាន​បន្ត​ដាក់​ចំណាត់ថ្នាក់​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​នៅ​ឆ្នាំ​២០១៩​នេះ​។ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏​ធ្លាប់​លើកឡើង​ដែរ​ថា ជា​ការ​គួរ​ឱ្យ​សោកស្ដាយ​ដែល​ការ​បន្ត​ធ្លាក់​ចុះ​សេរីភាព ផ្នែក​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ក្នុង​នោះ​បូករួម​ទាំង​កង្វះ​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រមទាំង​ដំណើរ​ធាក់​ថយក្រោយ​ដ៏​គំហុក​នៃ​វិស័យ​សារព័ត៌មាន​ឯករាជ្យ បាន​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​ដាំ​ក្បាល​ចុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល