សហភាពសហជីពកម្ពុជាចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដោះស្រាយបញ្ហាជម្លោះរវាងកម្មករ និយោជិត និងថៅកែក្រុមហ៊ុន ណាហ្គាវើលលិ៍ (Naga World) ឲ្យបានឆាប់ និងតម្លាភាព។
សេចក្ដីថ្លែងការណ៍ ដែលចុះហត្ថលេខា ដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កាលពីថ្ងៃទី២៩ ធ្នូ លើកឡើងថា ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់កម្មករ និងយោជិតពីការងារដោយបង្ខំ ទាំងដែលពួកគេមិនបានប្រព្រឹត្តិកំហុសអ្វីនោះ ជាទង្វើរំលោភច្បាប់យ៉ាងកម្មករ ចំពោះកម្មករ និយោជិត។ សេចក្ដីថ្លែងការណ៍បន្តថា និយោជកគេចវេះមិនចូលតុចរចាកន្លងមកនេះ ជាការបង្ហាញអំពីភាពមិនទទួលខុសត្រូវ និងមិនបានឲ្យតម្លៃដល់ក្រសួងការងារ។
សហភាពសហជីពកម្ពុជាចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យរដ្ឋាភិបាល ឬក្រសួងការងារពន្លឿនការដោះស្រាយជូនកម្មករនិយោជិតក្រុមហ៊ុនបនល្បែងនេះ ពីព្រោះក្រុមកម្មករបានធ្វើកូដកម្មអូសបន្លាយចំនួន ១២ថ្ងៃមកហើយ នៅតែមិនទាន់ដំណោះស្រាយនៅឡើយ។
ក្រុមកម្មករណាហ្គាវើលដ៍ជាង ១ពាន់នាក់ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយការងារ នៅខាងមុខអគារទី១ និងអគារទី២ របស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ កាលពីថ្ងៃទី២៩ ធ្នូ។
ការធ្វើកូដកម្មរយៈពេល ១២ថ្ងៃកន្លងមកនេះ ក្រុមបុគ្គលិកមួយចំនួនក្នុងចំណោមបុគ្គលិកជាង៣រយនាក់ នាំគ្នាឈរលើកឡើងពីទុក្ខលំបាក និងបញ្ហាប្រឈមនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រាប់ដល់ភាគីថៅកែថា ការបញ្ឈប់ពួកគាត់ពីការងារនេះ គឺជារឿងអយុត្តិធម៌ និងមិនត្រឹមត្រូវតាមច្បាប់ស្ដីពីការងារនោះទេ។
បុគ្គលិកធ្វើផ្នែកកាស៊ីណូ លោកស្រី សោម សូផា ថ្លែងថា ក្នុងរយៈពេល២៦ឆ្នាំ លោកស្រីធ្វើការឲ្យក្រុមហ៊ុនទៀងទាត់តាមពេលវេលាជានិច្ច ពុំដែលហ៊ានឈប់១ថ្ងៃណាឡើយ មិនគួរក្រុមហ៊ុនបញ្ឈប់លោកស្រីពីការងារឡើយ។ លោកស្រីស្នើឲ្យភាគីក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣រយនាក់ចូលធ្វើការដូចធម្មតាវិញ៖ «ខ្ញុំចង់ឲ្យតំណាងសហជីពខ្ញុំដោះស្រាយ ដែលខ្ញុំមិនមានកំហុសអ្វីទាល់តែសោះ។ តាំងពីខ្ញុំនៅក្មេង រហូតដល់វ័យចំណាស់នេះ តើខ្ញុំទៅរកការងារឯណាបានទៀត។ សូម្បីតែបញ្ឈប់ខ្ញុំ ក៏គុណឲ្យខ្ញុំមិនគ្រប់ដែរ។ ខ្ញុំសួរបងប្អូនទាំងអស់គ្នា ២៦ឆ្នាំ ខ្ញុំបាន៤ពាន់ដុល្លារជាង។ តើត្រឹមត្រូវដែរ ឬអត់ ?»។
សហភាពសហជីពកម្ពុជា យល់ឃើញថា ក្រសួងការងារ មិនត្រូវរារែកចិត្ត និងត្រូវធ្វើការសម្រេច ដោយភាពស្មោះត្រង់ ចំពោះការដោះស្រាយជូនកម្មករនិយោជិត ហើយក៏មិនត្រូវបណ្ដោយឲ្យពេលវេលាអូសបន្លាយ នំាឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករដែរ។ លើសពីនេះទៀត សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា ក្រសួងមិនត្រូវភ្ជាប់កូដកម្មនេះ ទៅនឹងហេតុផលផ្សេង ហើយត្រូវផ្ដោតលើការរកដំណោះស្រាយជូនកម្មករ។
ក្រុមកូដករបញ្ជាក់ជំហរថា ពួកគេនឹងបន្តធ្វើកូដកម្មដោយសន្តិវិធីនេះរហូតដល់ក្រុមហ៊ុនព្រមទទួលយកបុគ្គលិកនិងថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ។
សហភាពសហជីពកម្ពុជាសង្ឃឹមថា ក្រសួងការងារ ឬរដ្ឋាភិបាលនឹងផ្ដល់ដំណោះស្រាយជូនកម្មករ នយោជិតរបស់ក្រុមហ៊ុនបនល្បែងដ៏ធំមួយនេះ ឱ្យបានចូលធ្វើការវិញ នាពេលឆាប់ៗ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
