មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ថា​មន្ត្រី​យោធា​ជាន់ខ្ពស់​ច្រើន​រូប​ទៀត​នឹង​ចូល​ក្នុង​បញ្ជី​ខ្មៅ

ដោយ មួង ណារ៉េត
2018.06.13
ប្រ៊ែដ អាដាម ហ៊ុន សែន ៨៥៥ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo: RFA

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ថា​ការ​ដាក់​ទណ្ឌកម្ម​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម នៃ​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​មន្ត្រី​ជាន់ខ្ពស់ នៃ​របប​លោក ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ រាប់​ឆ្នាំ​មក​ហើយ។ មន្ត្រី​សិទ្ធិមនុស្ស​ដដែល​បញ្ជាក់​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​ខ្មែរ ជាច្រើន​រូប​ទៀត នឹង​ចូល​បញ្ជី​ខ្មៅ​នេះ​ដែរ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ថា មន្ត្រី​យោធា​ជាន់ខ្ពស់ ដែល​លេចធ្លោ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​អាមេរិក​ត្រូវ​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ គឺ​គ្មាន​នរណា​ក្រៅពី​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន រួមមាន លោក គន់ គីម គឺជា​អគ្គមេបញ្ជាការ​ង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពលខេមរភូមិន្ទ លោក សៅ សុខា បច្ចុប្បន្ន​ជា​មេបញ្ជាការ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ ទើបតែ​ត្រូវ​បាន​តែងតាំង ឲ្យ​ឡើង​ទៅជា​អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ ជំនួស​លោក ប៉ុល សារឿន ដែល​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ លោក មាស សុភា ជា​មេបញ្ជាការ​ស្ដីទី​នៃ​កងទ័ពជើងគោក លោក រ័ត្ន ស្រ៊ាង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក នេត សាវឿន ជា​អគ្គស្នងការ​នគរបាល​ជាតិ និង ម៉ក់ ជីតូ ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ជាដើម៖ «តាមពិត​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចូល​បញ្ជី​ខ្មៅ វា​វែង​ខ្លាំង​ណាស់ រាប់មិនអស់​ទេ។ អ្នក​ទាំងនេះ​សុទ្ធតែ​ជា​មនុស្ស​ដែល​បាន​បង្ក​ភាព​ភ័យខ្លាច ដល់​សាធារណជន​ខ្មែរ តាំងពី​យូរយារ​ណាស់​មក​ហើយ។ អ្នក​ទាំងនេះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ដោយសារតែ​ភាព​ស៊ាំ​នឹង​ការ​ប្រព្រឹត្ត​ល្មើស ហើយ​រួច​ទោស​តែ​រហូត​ក្រោម​វប្បធម៌​និទ្ទណ្ឌភាព​របស់​លោក ហ៊ុន សែន ទើប​ពួកគាត់​មិន​ដែល​ខ្លាចរអា ឬ​រាងចាល លែង​ប្រព្រឹត្ត​ល្មើស​ទាំងនេះ​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ អ្នក​ទាំងអស់​នេះ សុទ្ធ​តែ​ជា​មន្ត្រី​សាធារណៈ ដែល​ជាប់​កាតព្វកិច្ច​បម្រើ​រាស្ត្រ​ទូទៅ ប៉ុន្តែ​ពួកគាត់​បែរ​ជា​យក​តួនាទី​សាធារណៈ ទៅ​បម្រើ​ផលប្រយោជន៍​បក្ស​កាន់អំណាច និង​ថ្លែង​កាន់ជើង​ការពារ​បក្ស​កាន់អំណាច​គ្រប់​ពេល ហើយ​ធ្វើទុក្ខបុកម្នេញ​មនុស្ស​បក្ស​ប្រឆាំង»

លោក ប្រ៊ែដ អាដាម អះអាង​បន្ថែម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង ក៏​គេច​មិន​ផុត​ពី​ទណ្ឌកម្ម​នេះ នោះ​ដែរ ដោយសារ​លោក ហ៊ុន សែន មានអំណាច​បញ្ជា​ផ្ទាល់​លើ​មន្ត្រី​ទាំងនេះ។ ទោះជា​យ៉ាង​នេះ​ក្តី លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន គួរ​ភ្ញាក់​រលឹក នឹង​ឆ្លៀត​យក​ឱកាស​នេះ ចាត់​វិធានការ​ស៊ើបអង្កេត ស៊ីជម្រៅ និង​ច្បាស់លាស់ ទៅលើ​មន្ត្រី​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​ជម្រះ​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​លោក។ លោក ប្រ៊ែដ អាដាម បន្ត​ទៀត​ថា បើសិនជា​លោក ហ៊ុន សែន ជាម​ដឹកនាំ​ម្នាក់ ដែល​ចេះ​ភ្ញាក់ខ្លួន និង កែ​ខ្លួន​នោះ​លោក ហ៊ុន សែន ច្បាស់​ជា​ធ្វើ​ដូច្នេះ។

ប៉ុន្តែ លោក ប្រ៊ែដ អាដាម គ្មាន​សង្ឃឹម ថា​លោក ហ៊ុន សែន នឹង​កែខ្លួន​ទេ៖ «គាត់​នឹង​មិន​ស៊ើបអង្កេត​លើ​មន្ត្រី​គាត់​ទេ ព្រោះ​បើ​គាត់​ស៊ើបអង្កេត​ករណី​លោក ហ៊ីង ប៊ុនហៀ​ង ច្បាស់​ណាស់ គាត់​ក៏​នឹង​ជាប់​វ័ណ្ឌក​ខ្លួនឯង​ដែរ ព្រោះ​លោក ហ៊ីង ប៊ុនហៀ​ង ប្រាប់​ជា​សាធារណៈ​ហើយ ថា​គាត់​ធ្វើ​តាមតែ​បញ្ជា​លោក ហ៊ុន សែន ប៉ុណ្ណោះ។ គាត់​ថា គាត់​មិនដែល​ហ៊ាន​ធ្វើ​អ្វី ដោយ​គ្មាន​បញ្ជា​ពី​លោក ហ៊ុន សែន នោះ​ទេ»

របប​លោក ហ៊ុន សែន និង​ស្ថាប័ន​ចំណុះ​របប​នេះ​ជាច្រើន​ផ្សេងទៀត នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ស្រុះគ្នា​ចេញ​សេចក្ដីថ្លែងការណ៍ ការពារ​លោក ហ៊ីង ប៊ុនហៀង និង​វាយ​បក​ទៅ​សហរដ្ឋអាមេរិក យ៉ាង​ចាស់ដៃ​វិញ។ ស្ថាប័ន​ដែល​ចេញ​សេចក្ដីថ្លែងការណ៍ មិន​ពេញចិត្ត​ទៅ​នឹង​ទណ្ឌកម្ម​នេះ រួមមាន​កងយោធពលខេមរភូមិន្ទ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រាជបណ្ឌិត្យសភាកម្ពុជា និង ក្រសួងការបរទេស។ ខ្លឹមសារ​រួម បើ​ទោះ​បីជា​ចេញ​ដោយ​ស្ថាប័ន​ខុសគ្នា គឺ​ជំទាស់​ទៅ​នឹង​ចំណាត់ការ​របស់​សហរដ្ឋអាមេរិក ចាត់​ទុក​ការ​ធ្វើ​ដូច្នេះ​ជា​អំពើ​អយុត្តិធម៌​បំផុត និង​ថា​លោក ហ៊ីង ប៊ុនហៀង ជា​មនុស្ស​ស្អាតស្អំ បរិសុទ្ធ មិនដែល​ចេះ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ម្ដង​ណា​ជាដើម។

តប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​ទាំងនេះ លោក ប្រ៊ែដ អាដាម ថ្លែង​ទាំងអស់​សំណើច ទៅ​នឹង​ការណ៍​ដែល​របប​លោក ហ៊ុន សែន ខំប្រឹង​ការពារ​មន្ត្រី​ដែល​ប្រព្រឹត្ត​ល្មើស​ធ្ងន់ធ្ងរ​បែបនេះ​ទៅ​រួច។ លោក​បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​មិន​ចាត់ការ​លើ​មន្ត្រី​របស់​ខ្លួន និង​មិន​ព្រម​ស្ដារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ដូច​សព្វថ្ងៃ​នេះ ឡើងវិញ នោះ​របប​លោក នឹង​មិន​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​បាន​ឡើយ ហើយ​ទណ្ឌកម្ម​នឹង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទៀត ដោយ​ចៀស​មិន​ផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។