ចំនួនអ្នកសារព័ត៌មានជាស្រ្ដីនៅកម្ពុជា នៅតែមានចំនួនតិចតួចនៅឡើយទោះបីជាមានការអះអាងថា មានចំនួនកើនឡើង បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុនក្ដី។ ការសង្គមស៊ីវិលសង្កេតឃើញថា អ្នកសារព័ត៌មានស្រ្តី មានបញ្ហាប្រឈមមួយចំនួន ដែលជាកត្តាធ្វើអោយចំនួនស្ត្រីក្នុងវិស័យសារព័ត៌មាននៅតែមានចំនួនតិច។
តើស្ត្រីជាអ្នកសារព័ត៌មាន ជួប្រទះបញ្ហាអ្វីខ្លះដែរ ?
ការងារក្នុងវិស័យសារព័ត៌មាននៅតែមានគ្រោះថ្នាក់សម្រាប់ស្រ្តី ដោយសារតែអ្នកធ្វើការក្នុងវិស័យនេះងាយរងគ្រោះដោយសារចាប់ដាក់ពន្ធនាគារ ការរំលោភបំពាន និងការគំរាមកំហែង លើសពីនេះស្ត្រីនៅតែជួបការរើសអើងមិនផ្ដល់តម្លៃពីសង្គម និងពីគ្រួសារ។
អ្នកសារព័ត៌មានសេរី កញ្ញា កាន់ វិច្ឆិកា ដែលបានចូលប្រឡូកក្នុងការងារនេះបាន ៦ឆ្នាំនិយាយថាចំនួនស្ត្រីក្នុងវិស័យនេះបានកើនឡើងជាងមុនដែរ ប៉ុន្តែនៅមានតិចតួចណាស់ ដែលហ៊ានចេញមុខទៅយកព័ត៌មានក្ដៅៗ ឬព័ត៌មាន ដែលប្រឈមមុខនឹងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកមានអំណាចមានឥទ្ធិពលក្នុងសង្គម។ កញ្ញាមើលឃើញថានេះបណ្ដាលមកពីការងារជាអ្នកយកព័ត៌មាននៅតែប្រឈមនឹងការធ្វើបាបការចាប់ដាក់ពន្ធនាគារ។ លើសពីនេះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការបិទទ្វារស្ថាប័នព័ត៌មាន ដែលចាត់ទុកថា មានភាពឯករាជនោះ ក៏រឹតតែធ្វើអោយចំនួនអ្នកសារព័ត៌មានជាស្ត្រីថយចុះ៖ « ពេលខ្ញុំចុះទៅយកព័ត៌មានឥឡូវឃើញមានតែខ្ញុំម្នាក់ឯង យ៉ាងច្រើនណាស់ ២នាក់អីទេ ហើយអ្នកដែលគាត់អាចសួរសំណួរអីហ្នឹងអាចថា មានត្រឹមម្នាក់ ២នាក់អី ហើយសំណួររបស់គាត់ក៏បញ្ជាក់ថា មានកម្រិត ដែលមិនមែនជាសំណួរដូចកាលពីជំនាន់នៅមានស្ត្រី ដែលគាត់នៅធ្វើការអោយសារព័ត៌មានឯករាជ្យ និងមានវិជ្ជាជីវៈដូចកាលមុនទេ គឺរាងថយមែនទែន សូម្បីតែថូន (tone) សូម្បីតែរបៀបការសួររបស់ពួកគាត់»។
ចាប់តាំងពីឆ្នាំ២០១៧ មក រដ្ឋាភិបាលទីក្រុងភ្នំពេញបានបង្ក្រាបឥតប្រណី និងខ្ទប់មាត់ប្រព័ន្ធផ្សព្វផ្សាយពីដំបូងបានបិទការផ្សាយរបស់វិទ្យុផ្សាយបន្តជាង៣០ ដែលផ្សាយកម្មវិធីព័ត៌មានរបស់អាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។ ក្រោយមកទៀត របបនេះបានបិទកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សំអាងថា កាសែតនេះជំពាក់ពន្ធរដ្ឋ។ រីឯអាស៊ីសេរីបានបង្ខំចិត្តបិទការិយាល័យនៅភ្នំពេញ ដោយសារការធ្វើទុក្ខបុកម្នេញរឿងបង់ពន្ធ និងបញ្ហាអាជ្ញាប័ណ្ណ។ អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវចាប់ឃុំខ្លួនពីបទចារកម្ម។ លោក រ៉ាត់ រត្នមុនី អ្នកបកប្រែអោយសារព័ត៌មានRT(Russia Today)ក្នុងការផលិតវីដេអូស៊ើបអង្កេត ម្ដាយខ្ញុំលក់ខ្ញុំ ក៏ត្រូវចាប់ខ្លួន ពីបទធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។ ជាមួយគ្នានេះក៏មានអ្នកសារព័ត៌មានជាច្រើននាក់ជាប់ចោទពីបទព្រហ្មទណ្ឌ។ សារព័ត៌មានឯករាជ្យភ្នំពេញប៉ុស្តិ៍ជាចុងក្រោយក៏ត្រូវលក់ទៅអោយអ្នកជំនួញជនជាតិម៉ាឡេស៊ី ដែលស្និទ្ធនឹងមេដឹកនាំរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី យុន ស៊ីនាថ ដែលធ្លាប់បំពេញការងារឱ្យកាសែតភ្នំពេញប៉ុស្តិ៍ បានលាឈប់ពីកាសែតនេះនៅពេលដែលសេរីភាពក្នុងការបំពេញការងារលែងដូចមុនទៀត។ អ្នកស្រីថាស្ត្រីក៏នៅតែជួបការរើសអើងពីសង្គម និងគ្រួសារដែរព្រោះគេនៅតែគិតថា ការងារនេះមិនសមនឹងស្រ្តី។ ជាមួយគ្នានេះការបៀតបៀន ការលូកលាន់រាងកាយពេលយកព័ត៌មានដែលមានការប្រមូលផ្ដុំការប្រជ្រៀតគ្នាខ្លាំង ការគំរាមកំហែងស្ត្រីនៅតែកើតមាន៖ « ទី១ត្រូវទៅហាលថ្ងៃអីអ៊ីចឹងទៅ ត្រូវទៅកាត់ព្រៃ កាត់វាល ត្រូវចុះខេត្ត ត្រូវទៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលអាចថា មានគ្រោះថ្នាក់ តំបន់ដែលមិនសូវមានសុវត្ថិភាព ឱពុកម្ដាយភាគច្រើនគាត់មិនចង់ឱ្យកូនទៅធ្វើការបែបហ្នឹងទេ។ ពាក់ព័ន្ធនឹងរឿងសម្រស់រឿងអីវិញធ្វើឱ្យស្បែកខ្មៅធ្វើឱ្យអ៊ីចឹងទៅ។ មួយវិញទៀតពីសង្គមក៏នៅតែមានផ្នត់គំនិតស្ត្រីមិនមានលទ្ធភាព ឬមិនមានសមនឹងការងារបែបហ្នឹងទេ ការងារហ្នឹងសមតែជាការងាររបស់បុរស នៅមិនទទួលស្គាល់តម្លៃរបស់ស្រ្តី ទោះបីជាស្ត្រីគាត់មានសមត្ថភាពក៏ដោយ»។
ការគំរាមកំហែងលើអ្នកកាសែតជាស្រ្តីពេលខ្លះចេញពីមាត់ប្រមុខដឹកនាំកំពូលទៀតផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលមានវិបត្តិកូវីដ-១៩នេះបានគំហកដាក់ស្ត្រី ២រូប គឺកញ្ញា ញឹក ស្រីលក្ខណ៍ នៅសារព័ត៌មានថ្មីៗ និងកញ្ញា កាន់ វិច្ឆិកា៖ « លោក ហ៊ុន សែន៖ ច្បាស់ជាសំណួរចេញមកពីអាជ្រុងហ្នឹង មើលក្មួយឯងហ៊ានស្បថឱ្យងាប់ទេ ? បើក្មួយឯងមិនមានគេបោះប្រ៊ុយយ៉ុងពីខាងក្រោយអោយសួរអាសំណួរបែបហ្នឹង ? វិច្ឆិកា៖ក្មួយបានឃើញក្នុងសេចក្ដីព្រាងច្បាប់ដែលគេបង្ហោះតាមបណ្ដាញសង្គម ហើយក្មួយធ្វើការងារក្នុងផ្នែកហ្នឹង។ លោក ហ៊ុន សែន៖ អ៊ីចឹងហ៊ានស្បថអត់ ? ហ៊ានស្បថគ្រាន់បើ ប៉ុន្តែសំនួរនេះជាសំណួរចាក់ដោត»។
អ្នកធ្វើការងារការពារអ្នកសារព័ត៌មាន និងសិទ្ធិស្រ្តីចាត់ទុកការវាយប្រហារអ្នកសារព័ត៌មានជាសាធារណៈនេះ គឺជាផ្នែកមួយ ដែលនឹងធ្វើអោយចំនួនស្រ្តីអាចនឹងកាត់បន្ថយថែមទៀត។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CAMBOJA) លោក ណុប វី មានប្រសាសន៍ថា ការគំរាមកំហែងជាសាធារណៈបែបនេះពិតជាមានឥទ្ធិពលមិនល្អទៅវិជ្ជាជីវៈសារព័ត៌មាន ពិសេសស្ត្រីវ័យក្មេង ដោយសារតែការភ័យខ្លាចពីសុវត្ថិភាពត្រូវប្រឈមនឹងមន្ត្រី អ្នកមានអំណាច និងអ្នកមានឥទ្ធិពលបែបនេះ។
បើទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចិន្តា មិនបានចាត់ទុកទង្វើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាធ្វើអោយបន្ទច់បង្អាក់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យសារព័ត៌មានឡើយ។ ជាមួយគ្នានេះអ្នកស្រីបានប្រាប់តាមបណ្ដាញតេឡេក្រាម (Telegram) ថា ក្រសួងកិច្ចការនារីបានចេញនូវគោលនយោបាយជាច្រើនធ្វើយ៉ាងណា បង្កើនចំនួនស្ត្រីក្នុងគ្រប់វិស័យ គឺធ្វើយ៉ាងណាអោយមានចំនួនស្ត្រីប្រហាក់ប្រហែលនឹងបុរស។
បើទោះជាយ៉ាងណាទាំងក្រសួងកិច្ចការនារីទាំងក្រសួងព័ត៌មានមិនទាន់មានតួលេខពីចំនួនស្រ្តីជាអ្នកសារព័ត៌មាននៅឡើយទេ។ ក្រសួងកិច្ចការនារីបានបង្ហាញថា នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ដែលមាន ១៩ជំនាន់នោះ មាននារីចំនួន ២៧១នាក់ ក្នុងចំណោមនិស្សិតសរុប៤៧៦នាក់។
នាយកប្រតិបត្តិ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព រំពឹងថាប្រសិនបើរដ្ឋាភិបាលចង់បង្កើនចំនួនស្ត្រីក្នុងវិស័យព័ត៌មានមានគឺត្រូវធានាកាត់បន្ថយការរើសអើងយេនឌ័រ និងធានាអោយមានយុត្តិធម៌ពិតប្រាកដ ដោយការអនុវត្តច្បាប់ត្រឹមត្រូវ និងស្មើភាព។
បើទោះបីជាពុំទាន់មានការអនុវត្តច្បាប់ត្រឹមត្រូវ និងការធានារបស់អាជ្ញាធររដ្ឋ ដើម្បីកែប្រែស្ថានភាពបច្ចុប្បន្នក្តីអ្នកកាសែតជាស្ត្រីលើកទឹកចិត្តអោយក្មេងស្រីអាចចូលរួមកិច្ចការនេះ ដោយត្រូវត្រៀមខ្លួនទុកជាមុនជានិច្ចប្រឈមនឹងបញ្ហា និងត្រូវតម្កល់ប្រយោជន៍ស្ត្រីជាធំ។
កញ្ញា កាន់ វិច្ឆិកា ប្រាប់ទៅស្ត្រីវ័យក្មេង ដែលចង់ធ្វើជាអ្នកយកព័ត៌មានថា ត្រូវតែមានមោទនភាព ដែលបានចាប់យកអាជីពដែលខ្លួនស្រឡាញ់ និងប្រឹងប្រែងបង្ហាញថាស្ត្រីមានសមត្ថភាព៖ « ខ្ញុំគិតថាខ្ញុំមានមោទនភាពដោយសារខ្ញុំ គឺជាស្រ្តី ដែលមិនមានមនុស្សច្រើនទេធ្វើការងារហ្នឹង។ ខ្ញុំលើកទឹកចិត្តឱ្យស្ត្រីត្រូវដឹងថា តើនៅពេលដែលយើងធ្វើជាអ្នកសារព័ត៌មានជាស្រ្តីយើងត្រូវប្រឈមអីខ្លះ ? នៅពេលដឹងបញ្ហាប្រឈមទាំងអស់ហ្នឹងហើយ យើងនឹងដឹងថាដោះស្រាយវាយ៉ាងម៉េច » ។
ក្រៅពីមានមោទនភាពជាអ្នកសារព័ត៌មាន អ្នកស្រី យុន ស៊ីនាថ បញ្ជាក់ដែរថា ស្ត្រីអាចយល់ដឹងពីបញ្ហារបស់ស្រ្តីច្រើនជាងបុរស ដែលងាយស្រួលជួយដល់ប្រភពជាស្ត្រីដូចគ្នា៖ « យើងនឹងយល់ថា យើងពិតជាបានជួយសង្គមមួយនេះ ជាពិសេស គឺជួយស្ត្រីជាអ្នករងគ្រោះ ឬជាប្រជាពលរដ្ឋទូទៅក៏ដោយ យើងបានបញ្ជាក់ថា យើងជាស្ត្រីក៏អាចធ្វើបានដូចជាបុរសដែរ » ។
ពិតមែនថាអ្នកកំពុងបំពេញការងារក្នុងវិស័យនេះមានមធ្យោបាយ លើកទឹកចិត្តខ្លួនឯង និងកាត់បន្ថយគ្រោះថ្នាក់ក្ដីក៏ពួកគេនៅតែចង់ឱ្យក្រសួងពាក់ព័ន្ធផ្ដល់អាទិភាពដល់អ្នកសារព័ត៌មានជាស្រ្តី បញ្ឈប់ការ ការរារាំង ការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួនអ្នកសារព័ត៌មានតាមអំពើចិត្ត និងទទួលយកបញ្ហាស្ត្រីទៅដោះស្រាយរាប់តាំងពីការបៀតបៀនពាក្យសម្ដី រាងកាយ និងផ្លូវចិត្តរួមទាំងការប្រើពាក្យគំរាមគំហករបស់លោក នាយករដ្ឋមន្ត្រីនោះផង ព្រោះការបន្តរក្សាភាពស្ងៀមស្ងាត់ក្នុងរឿងទាំងនេះ នឹងនៅតែមិនអាចដោះស្រាយបញ្ហាជួយដល់ស្ត្រីបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។