អង្គការសិទ្ធិមនុស្ស​រកឃើញ​ថា​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​​មាន​ការរំលោភ​សិទ្ធិ​មនុស្ស

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រក​ឃើញ​ថា ការអភិវឌ្ឍន៍​ដោយ​បង្កើត​អោយ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​ការរំលោភ​សិទ្ធិម​នុស្ស ដែល​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កែលម្អ ដើម្បី​ធានា​ថា​ប្រយោជន៍ ដែល​បាន​ពី​ការអភិវឌ្ឍន៍ បាន​ដល់​ពលរដ្ឋ​ពិត​ប្រាកដ។

កម្រង​ឯកសារ​ស្ដីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​ចេញ​ផ្សាយ​សម្រាប់​ខែ កញ្ញារបស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រក​ឃើញបញ្ហា​ចំនួន​ ៤​ទាក់ទង​ដល់​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​​មាន​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ក្នុង​​នោះ​ រួម​មាន ខ្វះ​តម្លាភាព និង​ការ​ផ្សព្វផ្សាយ ដែល​​នាំ​ឲ្យ​​សហគមន៍​​ទទួល​​រង​​ផល​​ប៉ះពាល់​ មិន​​បាន​​ទទួល​​ព័ត៌មាន​​ពី​ការ​អភិវឌ្ឍន៍​​តំបន់​​​ពួក​​គេ​​រស់​​​នៅ។ ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​តែង​តែ​កើត​ឡើង​នៅ​ពេល ​ដែល​​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ដំណើរ​ការ​​​ដោយ​​​ពុំ​​​មាន​​​យុត្តិធម៌ ដោយ​មិន​បាន​​ពិគ្រោះ​​យោបល់​​ជា​មុន និង​​​សំណង​​​ត្រឹមត្រូវ។ មួយទៀត គឺអ្នក​ដែល​បម្រើការក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​បាន​​ប្រាក់​ឈ្នួលទាប និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ ​ក្នុង​នោះ​បណ្ដាល​ពី​ការមិន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​ការកេងប្រវញ្ច​កម្លាំង​ពលកម្ម។ ព្រមជាមួយ​​គ្នា​​នេះ ​​ក៏​​មាន​​ការ​​រឹត​​បន្តឹង​​ធ្ងន់ធ្ងរ​​លើ​​សេរី​ភាព​​បញ្ចេញ​​មតិ និង​​ជួប​​ប្រជុំ និង​​សមាគម ដោយ​ការ​រើសអើង ការបំភិតបំភ័យ ហើយ​​ជួន​​កាល​ក៏​​មាន​​អំពើ​​ហិង្សា ការ​​រំខាន​​យាយី​​ពី​​ប្រព័ន្ធ​តុលាការ​ផង។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទទួល​ស្គាល់​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ជួយ​ច្រើន​ទៅ​ដល់​សេដ្ឋកិច្ច​ជាតិ និង​ផ្ដល់​ការងារ​ច្រើន​ដល់​ពលរដ្ឋ​ជាពិសេស​គឺ​ក្រុម​ស្រ្ដី​ ប៉ុន្តែ​ផលប៉ះពាល់​ក៏​ធ្ងន់ធ្ងរ​ដែរ​ទៅ​លើ​សិទ្ធិ​មូលដ្ឋាន​សហគមន៍ ប្រសិន​​បើ​​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ទាំង​​នោះ​​បង្កើត​ឡើង​​ដោយ​​មិន​​ផ្សា​ភ្ជាប់​​នឹង​​គោល​ការណ៍​​គោរព​​សិទ្ធិ​​មនុស្ស។ លោក​ថា ដើម្បី​​ធានា​​នូវ​ផល​​វិជ្ជមាន​ ដែល​​​ទទួល​​​បាន​ពី​​​ការ​​អភិវឌ្ឍ​នេះ​អាជ្ញាធរ​ត្រូវ​កែ​លំអ​ចំនួន ៥​ចំណុច៖ ពិភាក្សា​ជាមួយ​សហគមន៍​ជាពិសេស​តំបន់ ​ដែល​​មាន​​ជន​​ជាតិ​​ដើម​​ភាគ​​តិច ពិចារណា​​អនុវត្ត​​សិទ្ធិមនុស្ស និង​​គោល​ការណ៍​​វិនិយោគ​​ប្រកប​​ដោយ​សក្ដានុពល​ដក​ចេញ​​វិនិយោគិន ​ដែល​​​មិន​​​ល្អ វាយ​​តម្លៃ​​ផល​​ប៉ះពាល់​​បរិស្ថាន និង​​សង្គម ធ្វើ​​កំណែ​​ទម្រង់​​របប​​ច្បាប់​​គ្រប់គ្រង​​តំបន់​​សេដ្ឋកិច្ច​​ពិសេស កំណត់​​ព្រំប្រទល់​​ច្បាស់លាស់ ធានា​សេរីភាព​ខាង​សមាគម បង្កើត​អោយ​មាន​យន្តការបណ្ដឹង​ឯករាជ្យ មាន​ប្រសិទ្ធភាព៖ « រឹតបន្តឹង​ក្នុង​​ការ​​គ្រប់គ្រង​​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ឲ្យ​​មាន​​ការ​​គោរព​​សិទ្ធិ​មនុស្ស​​របស់​​កម្មករ គឺ​​មាន​​ន័យ​ថា ឈាន​​ទៅ​​ដល់​​គោលដៅ​​មួយ​របស់​​រដ្ឋាភិបាល គឺ​ការអភិវឌ្ឍន​ប្រកបដោយ​និរន្តរភាព មាន​ន័យ​ថា​មាន​ការ​អភិវឌ្ឍ​កុំ​​ឲ្យ​​មាន​​ផល​​ប៉ះពាល់។ អ្នក​ដែល​ជាម្ចាស់​ក្រុមហ៊ុន និង​​​រដ្ឋាភិបាល​​អត់​​មាន​​ការ​ភ័យ​​បារម្ភ​​អត់​​មាន​​ការ​តវ៉ា​​បពី​ពលរដ្ឋ​ ពី​​កម្មករ ហើយ​​ការ​អភិវឌ្ឍ​ន៍​​ទៅ​​ដោយ​​រលូន »

របាយការណ៍​ស្រាវជ្រាវ​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទូទាំង​អាស៊ី​បង្ហាញ​ថា កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣៨​ គិត​ត្រឹម​ឆ្នាំ​២០១៦។ ចំណែក​ឯកសារផ្លូវការរបស់​រដ្ឋាភិបាលវិញ​អោយ​ដឹង​ថា​ត្រឹម​ឆ្នាំ​២០១៣​ កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន​៣០ ​ក្នុង​នោះ​មាន ​៩​កន្លែង​បាន​ប្រតិបត្តិការ ៤​កន្លែង​កំពុង​ដំណើរ​ការ​សាងសង់ ៧​កន្លែង​កំពុង​ដំណើការ និង​ ១០កន្លែង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​តែ​អសកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។