អាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែងហាមឲ្យសហគមន៍បញ្ឈប់គូររូបលើផ្ទះដែលលិច
2019.02.24
អាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែងរងការចោទថា បានហាមក្រុមយុវជន និងសហគមន៍ជនជាតិដើមភាគតិចឲ្យបញ្ឈប់សកម្មភាព គូររូបតាមជញ្ជាំងផ្ទះពលរដ្ឋដែលលិចលង់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹក កាលពីចុងឆ្នាំ២០១៧ កន្លងទៅ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការរារាំងនោះថា ជាការរឹតត្បិតសេរីភាពពលរដ្ឋ និងផ្ទុយពីច្បាប់។
ពលរដ្ឋដែលក្រាញននៀលមិនព្រមទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីររស់នៅឃុំក្បាលរមាស (ចាស់) ស្រុកសេសានឲ្យដឹងនៅថ្ងៃទី២៤ មករាអះអាងថា មេឃុំក្បាលរមាស លោក វឿន សម្បត្តិ ថ្មីៗ នេះ បានទូរស័ព្ទប្រាប់អ្នកភូមិឲ្យឈប់គូររូបតាមជញ្ជាំងផ្ទះជាបន្ទាន់ ដោយលោកចាត់ទុកថា គំនូរទាំងនោះជាដើមហេតុនាំឲ្យកើតមានទំនាស់។
ជនជាតិដើមភាគតិចព្នង (ពូនង)លោក គឹម ឌឿង ឲ្យដឹងថា ផ្ទះពលរដ្ឋប្រមាណជាង ៣០ខ្នង បានលិចលង់ជាច្រើនខែមកហើយ បន្ទាប់ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹកជាស្ថាពរ។ លោកចាត់ទុកថា គំនូរទាំងនោះនឹងប្រែក្លាយភូមិកំណើតរបស់ពួកគាត់ឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរ ក៏ប៉ុន្តែអាជ្ញាធរឃុំបែរជារឹតត្បិត និងហាមឲ្យបញ្ឈប់សកម្មភាពនេះ៖ «»
កាលពីចុងឆ្នាំ២០១៨ ក្រុមយុវជនមកពីរាជធានីភ្នំពេញ និងមួយចំនួនទៀត មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានគូរគំនូរចំនួន ៣ផ្ទាំងនៅតាមជញ្ជាំងផ្ទះពលរដ្ឋនៅភូមិក្បាលរមាសចាស់ ដែលបង្ហាញពីទិដ្ឋភាពផ្ទះរបស់អ្នកភូមិលិចលង់ទឹក ដោយសារការបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជាង ១ឆ្នាំមកហើយ។ ក្រុមយុវជនទាំងនោះមានគម្រោងប្រែក្លាយភូមិរបស់ជនជាតិដើមភាគតិចព្នង ដែលលិចលង់ទាំងនោះជាកន្លែងទាក់ទាញមានសោភ័ណភាព និងភាពច្នៃប្រឌិត។
មេឃុំក្បាលរមាសលោក វឿន សម្បត្តិ បដិសេធមិនអធិប្បាយរឿងនេះប្រាប់អាស៊ីសេរីទេនៅថ្ងៃទី២៤ កុម្ភៈ។
អាស៊ីសេរី ពុំទាន់អាចទាក់ទងអភិបាលស្រុកសេសានស្ដីទីលោក សុវណ្ណ ពិសេដ្ឋ ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេនៅថ្ងៃទី២៤ កុម្ភៈ។
ក្រុមយុវជន និងជាសកម្មជនបរិស្ថាន លោក សាន ម៉ាឡា ប្រាប់អាស៊ីសេរីថា គំនូរទាំងនោះពុំមែនប្រឆាំងគម្រោងអភិវឌ្ឍន៍នោះទេ គ្រាន់តែពួកគេចង់ប្រែក្លាយភូមិជនជាតិដើមភាគតិច ដែលកំពុងលិចលង់ឲ្យក្លាយជាភូមិ ដែលមានសោភ័ណភាពទាក់ទាញសាធារណៈជនទៅកម្សាន្ត បង្កើនចំណូលដល់សហគមន៍។ លោកថា គំនូរតាមជញ្ជាំងទាំងនោះបង្ហាញពីជីវភាពជនជាតិដើមភាគតិច និងរៀបរាប់ពីស្ថានភាពទឹកលិចភូមិកំណើតជនជាតិដើមភាគតិចព្នង បណ្ដាលមកពីទំនប់វារីអគ្គិសនីសេសានក្រោម២៖ «»។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា ពួកគេចាប់ផ្ដើមគូរគំនូរទាំងនោះតាំងពីចុងឆ្នាំ២០១៨ រហូតមកហើយមកទល់ពេលនេះសម្រេចបាន ៣ផ្ទាំងហើយ។ សកម្មភាពគូររូបទាំងនោះពួកគេត្រូវជិះទូក និងឡើងជណ្ដើរខ្ពស់ៗ ដោយត្រូវចំណាយពេលជាច្រើនដង ហើយក្នុងម្តងៗ ប្រើរយៈពេលពី ៥ថ្ងៃ ទៅ ១សប្តាហ៍និងត្រូវសម្រាកនៅទីនោះផង។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់ថា សកម្មភាពគូរគំនូរទាំងនោះ គឺជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលច្បាប់ជាតិ និងអន្តរជាតិបានអនុញ្ញាត ក៏ប៉ុន្តែបើមានការរារាំង និងហាមឃាត់ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិពលរដ្ឋ៖ «»
ក្រុមយុវជនមានគម្រោងគូរគំនូរគ្រប់ជញ្ជាំងផ្ទះជាង ៣០ខ្នង នៅភូមិក្បាលរមាសចាស់ ដែលពលរដ្ឋបានចាកចេញទៅរស់នៅតំបន់ក្បែរនោះៗ ដោយសារភូមិទាំងនោះបានក្លាយជាផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២។ លោកថា ក្រុមយុវជននឹងបន្តសកម្មភាពទាំងនោះ បើទោះបីជាមានការហាមឃាត់ក្ដីព្រោះទំនប់វារីអគ្គិសនីបានសាងសង់រួចហើយ ហើយពួកគេចង់ប្រែក្លាយភូមិទឹកលិចទាំងនោះជាភូមិសិល្បៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។