សមត្ថកិច្ចថៃចាប់បញ្ជូនជនភៀសខ្លួនខ្មែរជិត១០នាក់ទៅកម្ពុជា
2024.11.26
[អានអត្ថបទជាភាសាអង់គ្លេស៖ Thailand deports 5 Cambodian opposition party activists]
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចថៃបានសម្រេចបញ្ជូនជនភៀសខ្លួននយោបាយខ្មែរ ជិត ១០នាក់ទៅកម្ពុជាវិញ តាមសំណើរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ក្រុមអង្គការសិទ្ធិមនុស្សថ្កោលទោស និងចាត់ទុកទង្វើនេះថា បំពានលើគោលការណ៍ច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស ហើយទាមទារឱ្យរដ្ឋាភិបាលដោះលែងពួកគេដោយឥតលក្ខខណ្ឌ។
ទោះបីជាមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ខិតខំជួយអន្តរាគមន៍ក្តី ក៏អាជ្ញាធរថៃនៅតែបញ្ជូនសកម្មជនបក្សប្រឆាំងទៅកម្ពុជាទាំងបង្ខំ តាមសំណើរបស់អាជ្ញាធរកម្ពុជា។
សកម្មជនបក្សប្រឆាំងដែលជាជនភៀសខ្លួននៅប្រទេសថៃ គឺលោក ជាតិ ខេមរា ប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសអន្តោប្រវេសន៍ថៃម្នាក់នៅខេត្តបទុមថានី (Pathum Thani) ប្រាប់ឱ្យលោកដឹងតាមទូរស័ព្ទថា សមត្ថកិច្ចបានដឹកពួកគេទៅដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជាហើយ នៅវេលាម៉ោង៣ទៀបភ្លឺ នាថ្ងៃទី២៥ ខែវិច្ឆិកា ក្រោយពេលមេប៉ូលិសថៃបានសម្រេចបញ្ជូនសកម្មជនបក្សប្រឆាំងទាំងនោះទៅកម្ពុជាវិញ។ លោកចាត់ទុកការចាប់បញ្ជូនជនភៀសខ្លួនទៅកម្ពុជាវិញ នៅពេលនេះថា ជាការគំរាមកំហែងឆ្លងដែន ដើម្បីបំបិទមាត់អ្នករិះគន់នៅក្រៅប្រទេស ដោយមិនអាចទទួលយកបានទេ។
លោក ជាតិ ខេមរា៖ «គេប្រាប់ថាអ្នកធំនឹងអ្នកធំ គឺគេពិភាក្សាគ្នា មានន័យថាអ្នកធំកម្ពុជានិងអ្នកធំរបស់ថៃថាចាប់(សកម្មជនភៀសខ្លួន)បានត្រូវតែបញ្ជូនទៅខេត្តស្រះកែវដែលគេងាយធ្វើការបញ្ជូនទៅកម្ពុជាវិញ។ ខ្ញុំព្រួយបារម្ភថាលោក ហ៊ុន សែន មិនលើកលែងដល់ពួកគាត់ទេ បើជាប់គុកក៏លក្ខណៈពិបាកជាងគេដែរ»។
ចំណែកតំណាងស្រ្តីថ្ងៃសុក្រលោកស្រី ព្រំ ចាន់ថា ដែលកំពុងឃ្លាំមើលសវនាការប្រធានបក្សកម្លាំងជាតិនៅរសៀសថ្ងៃទី២៥ ខែវិច្ឆិកា ប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសបានប្រាប់លោកស្រីថាសកម្មជនដែលចាប់បញ្ជូនពីថៃបានដឹកមកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរហើយ។ បន្ទាប់មកប៉ូលិសរូបនោះបានហៅទូរស័ព្ទឱ្យលោកស្រីទៅយកចៅប្រុសរបស់លោកស្រី ហុង អាន ត្រឡប់ទៅផ្ទះវិញ។ ទោះយ៉ាងណា លោកស្រីពុំទាន់ដឹងថា តុលាការចោទប្រកាន់សកម្មជនទាំងនោះពាក់ព័ន្ធរឿងអ្វីនៅឡើយទេ។
លោកស្រី ព្រំ ចាន់ថា៖ «អយុត្តិធម៌ណាស់សម្រាប់ពួកគាត់ អត់មានទោសអ្វីទាំងអស់ សមត្ថកិច្ចចាប់ពួកគាត់បញ្ជូនពីថៃមក ថែមទាំងក្មេងអត់គ្រប់អាយុទៀត ប៉ុន្តែសមត្ថកិច្ចបានឱ្យសាច់ញាតិមកទទួលយកទៅផ្ទះជួបម្តាយវិញ ពីព្រោះយាយរបស់ក្មេងនៅក្នុងដៃតុលាការ ប្រហែលអាចបញ្ជូនទៅគុកព្រៃសហើយមើលទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ក៏មិនអាចទាក់ទងបានដែរ។
សមត្ថកិច្ចថៃបានឡោមព័ទ្ធចាប់ខ្លួនសកម្មជននយោបាយ ៧នាក់ដល់ក្នុងបន្ទប់ជួល នៅម្តុំស៊ីមាំមឿង (Si Mum Muang) ខេត្តបទុមថានី (Pathum Thani) កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា។ ជនភៀសខ្លួនដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃ (UNHCR) ទាំងនោះ រួមមានលោក លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយចៅប្រុសអាយុ៧ឆ្នាំ លោក មាន ចាន់ថុន លោកស្រី យ៉ិន ចន្ធូ ព្រមទាំងពលរដ្ឋខ្មែរក្រោមគឺលោកស្រី ស៊ឹង គន្ធា រួមជាមួយកូនស្រីម្នាក់ផងដែរ។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (Australia) លោក ស៊ឹង សែនករុណា មើលឃើញថា ការចាប់សកម្មជននយោបាយដែលជាជនភៀសខ្លួនជាបន្តបន្ទាប់មកនេះ ជាការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងឆ្លងដែន។ លោកបញ្ជាក់ថា សកម្មជននយោបាយបក្សប្រឆាំងទាំងនោះរត់គេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជាទៅជ្រកកោននៅប្រទេសថៃ ដើម្បីរក្សាសុវត្ថិភាពត្រូវតែទទួលបានការពារពារដោយមិនត្រូវចាប់បញ្ជូនពួកគាត់ទាំងតក់ក្រហល់ និងគ្មានឆ្លងកាត់នីតិវិធីផ្លូវច្បាប់ដូច្នេះទេ។ លោកមើលឃើញថា ការនិរទេសពួកគាត់នេះគឺជាទម្រង់គាបសង្កត់ឆ្លងដែន និងរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក ស៊ឹង សែនករុណា៖ «វាជារឿងមួយអមនុស្សធម៌ គ្មានគុណធម៌មែនទែន ដែលប្រទេសថៃបែរជាទៅសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ពលរដ្ឋខ្មែរដែលជាសកម្មជននយោបាយបញ្ជូនត្រឡប់ទៅ ប្រទេសកំណើតវិញ ដោយមិនគោរពសិទ្ធិមនុស្ស សិទ្ធជនភៀសខ្លួនដែលខ្លួនជាសមាជិកអង្គការសហប្រជាជាតិដែរ។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសរដ្ឋាភិបាលថៃ ហើយត្រូវតែបញ្ឈប់ការយាយី ការធ្វើទុក្ខបុកម្នេញ កុំឱ្យក្លាយជារដ្ឋាភិបាលមួយដែលជាដៃជើងបម្រើរបបក្រុងភ្នំពេញដែរ»។
សព្វថ្ងៃមានជនភៀសខ្លួនខ្មែរនៅប្រទេសថៃជិត១០០នាក់។ ពួកគាត់ជាសកម្មជននយោបាយបក្សប្រឆាំង សកម្មជនធ្វើការងារសង្គម និងសកម្មជនដីធ្លីជាដើម។
មន្រ្តីសិទ្ធិមនុស្ស និងគណបក្សប្រឆាំងមើលឃើញថា ជនភៀសខ្លួនបានរងការធ្វើទុក្ខបុកម្នេញ ចាប់ខ្លួនដាក់ពន្ធនាគារ និងបញ្ជូនទៅប្រទេសកម្ពុជាជាបន្តបន្ទាប់។ ពួកគេទាមទារឱ្យរដ្ឋាភិបាលកម្ពុជា និងថៃត្រូវងាកមកគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួនជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។