សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ជាង ១០​នាក់​ដែល​ចូល​រួម​សិក្សា​ស្វែងយល់​ពី​កិច្ច​ព្រមព្រៀង​២៣តុលា

0:00 / 0:00

សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន ១០នាក់ ក្នុង​ពេល​ពួកគាត់​ចូលរួម​វគ្គ​សិក្សា​ស្វែង​យល់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣តុលា នៅ​ក្នុង​ទីក្រុង​បាងកក​ កាលពី​ព្រឹក​ថ្ងៃ​ទី២៩ ខែធ្នូ។ មន្ត្រី​សិទ្ធិមនុស្ស​លើក​ឡើង​ថា សមត្ថកិច្ច​ថៃ គួរតែ​ដោះ​លែង​ជនភៀសខ្លួន​ទាំង​នោះ​វិញ ព្រោះ​ការ​រៀន​សូត្រ​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣តុលា មិន​ខុស​ច្បាប់​ប្រទេស​ថៃ​ឡើយ។

ជនភៀសខ្លួន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​ទាំង​នោះ រួម​មាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​គណបក្ស​ភ្លើង​ទៀន យុវជន​ធ្វើ​ការងារ​សង្គម​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ជា​អ្នក​តស៊ូ​មតិ​ លោកស្រី សំ សុខា ដែល​ធ្លាប់​យក​ស្បែក​ជើង​គប់​រូបថត​លោក ហ៊ុន សែន រួម​ទាំង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៀត។

refugee1.jpg
សកម្មភាពមន្ត្រី​អន្តោប្រវេសន៍ថៃចុះសាកសួរ និងនាំខ្លួនសកម្មជនភៀសខ្លួនខ្មែរ​ផ្នែកនយោបាយ កំពុងសិក្សា​ពីច្បាប់ស្ដីពី​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីក្រុងបាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី២៩ ធ្នូ ២០២៣។ រូប​៖ វីដេអូ ពី​ហ្វេសប៊ុក សូ មេត្តា

តំណាង​​ជនភៀសខ្លួន ​លោក លឹម សុខា ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី២៩ ខែធ្នូ ថា សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​អ្នក ដែល​រៀន​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ចំពោះ​តែ​អ្នក​ដែល​មាន​កាត់​សម្គាល់​ខ្លួន​ដែល​ផ្ដល់​ឱ្យ​ដោយ​អង្គការ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ចំណែក​ពលករ​ខ្មែរ និង​អ្នក​ចូលរួម​ផ្សេង​ទៀត​ដែល​មាន​លិខិត​ឆ្លងដែន​ស្រប​ច្បាប់ សមត្ថកិច្ច​ថៃ មិន​បាន​ឃាត់​ខ្លួន​ពួក​គេ​ទេ។ លោក​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​ថៃ​កំពុង​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​នោះ ទៅ​ប៉ុស្តិ៍​នគរបាល​​មូលដ្ឋាន​ដើម្បី​សួរនាំ និង​ពិនិត្យ​ឯកសារ​ស្នាក់នៅ​ប្រទេស​ថៃ។ លោក​យល់​ថា ការ​ឃាត់ខ្លួន​នេះ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ និង​ជា​ការ​អនុវត្ត​តាម​ការ​ចង់បាន​របស់​ភាគី​រដ្ឋាភិបាល​កម្ពុជា។

លោក លឹម សុខា៖«ពលករ​ហ្នឹង​គេ(សមត្ថកិច្ច​ថៃ)គេ​អត់​ចាប់​ទេ គេ​ចាប់​តែ​អ្នក ដែល​មាន​កាត​យូអ៊ិន(UN)អ៊ីចឹង​ក្នុង​ករណី​ហ្នឹង បើ​សិន​ជា​គាត់​មាន​ឯកសារ​ជា​កាតUNហើយ​មាន​ន័យ​ថា ពួក​គាត់​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​ជ្រកកោន ដោយ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ទទួល​ខុស​ត្រូវ»។

ការ​បង្រៀន​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ រៀបចំ​ដោយ​ជនភៀសខ្លួន​ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​បង្រៀន​ដោយ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន យល់​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ភៀស​ខ្លួន​នៅ​ពេល​នេះ ព្រោះ​មាន​អ្នក​ញុះញង់​ទៅ​អាជ្ញាធរ​ថៃ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ជួប​ករណី​នេះ​​លោក​បាន​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ហើយ​ពេលនេះ​ UNHCR បាន​បញ្ជូន​មេធាវី​របស់​ខ្លួន ទៅ​ដល់​កន្លែង​ឃុំ​ខ្លួន​ជនភៀសខ្លួន​ទាំង​នោះ​ហើយ។

លោក ស្រ៊ុន ស្រ៊ន៖«មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ដែល​ទៅ​ប្ដឹង​អាជ្ញាធរ​ថៃ។ ជន​ដែល​មាន​កាតUNប្រសិនបើ​ក្នុង​ករណី​ក្នុង​រយៈ​ពេល​ស្អែក​ខាន​ស្អែក ព្រោះ​ខ្ញុំ​ទៅ​បង្រៀន​នៅ​សមុទ្រ​ប្រាកាន​ទៀត ​អ៊ីចឹង បើ​សិន​មាន​ករណី​អ៊ីចឹង​កើត​ឡើង​ទៀត ខ្ញុំ​នឹង​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ។ ឥឡូវ​ខ្ញុំ​ទាក់ទង​ជាមួយ​យូមែន រ៉ៃត៍ វ៉ច្ឆ(HRW)ហើយ»។

បើ​ទោះ​ជា​សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ជនភៀសខ្លួន​ទាំង ១០នាក់​នោះ​ហើយ​ក្ដី តែ​​​សមត្ថកិច្ច​ថៃ មិន​បាន​ហាមឃាត់​លោក ស្រ៊ុន ស្រ៊ន មិន​ឱ្យ​បង្រៀន​ពលករ ​ពី​​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​នេះ​ឡើយ ហើយ​លោក ស្រ៊ុន ស្រ៊ន បាន​បង្រៀន​ដល់​ជនភៀសខ្លួន និង​ពលករ​បន្ត​ទៀត​រហូត​ចប់​កម្មវិធី​ដូច​ការ​គ្រោង​ទុក។

ជន​ភៀសខ្លួន​ម្នាក់​ទៀត លោក ហង្ស ស៊ីសុវត្ថិ ដែល​មក​ចូលរួម​រៀន​ស្វែង​យល់​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ លើកឡើង​ថា ការរៀនសូត្រ​នេះ មិនមែន​រៀន​ពី​របៀប​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ។ លោក ហង្ស ស៊ីសុវត្ថិ មក​ចូលរួម​សិក្សា​ស្វែងយល់​កិច្ច​ព្រមព្រៀង​សន្តិភាព ជាមួយ​ពលករ​ខ្មែរ​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ក្រោយ​ពេល​មាន​ការ​ចាប់​ខ្លួន​ជនភៀសខ្លួន​ទាំង១០ រួច​ហើយ។

លោក ហង្ស ស៊ីសុវត្ថិ៖«ច្បាប់​ជាតិ អន្តរជាតិ​សំខាន់​ណាស់​បើ​យើង​ធ្វើ​ការងារ ឬ​ក៏​យើង​រស់នៅ​ប្រទេស​ណា​ក៏​ដោយ គឺ​យើង​ត្រូវ​យល់ដឹង​អំពី​ច្បាប់​ហ្នឹង​ព្រោះ​ច្បាប់​ហ្នឹង​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​ដើរ​នៅ​ក្នុង​គន្លង​នៃ​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ»។

វិធានការ​របស់​សមត្ថកិច្ច​ថៃ​នៅ​ពេល​នេះ ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​៩ ដែល​ជា​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​កាន់អំណាច និង​អង្គការ​សង្គម​ស៊ីវិល ១៥ផ្សេង​ទៀត ដែល​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ តាមរយៈ​ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ ឱ្យ​ពិនិត្យមើល​សកម្មភាព​របស់​ពួក​គេ និង​ចោទ​ជន​ភៀស​ខ្លួន​ខ្មែរ​ថា យក​ទឹកដី​ប្រទេស​ថៃ សម្រាប់​បណ្ដុះបណ្ដាល​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ប្រទេស​ថៃ មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​ជន​ភៀស​ខ្លួន (UNHCR) ក្នុង​ការ​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​អាច​រស់នៅ​ប្រទេស​នេះ។ ដូច្នេះ លោក​យល់​ថា អាជ្ញាធរ​ថៃ​មិន​គួរ​ឃាត់ខ្លួន​ជនភៀសខ្លួន​ដែល​មាន​ការ​ទទួល​ស្គាល់​ពី UNHCRទេ។ លោក​បន្ត​ថា ប្រទេស​ថៃ ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ ដូច្នេះ​ការ​រៀន​ពី​កិច្ចព្រមព្រៀង​នេះ មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មែន​ជា​សកម្មភាព ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ឡើយ។

លោក អំ សំអាត៖«ថៃ​មិន​គួរ​ណា​នឹង​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ពួកគាត់​ទេ ត្រូវតែ​មាន​ការ​ដោះ​លែង​ឱ្យ​គាត់​មាន​សេរីភាព​ទៅ​តាម ​ការ​ទទួល​ស្គាល់​របស់UNHCRនោះ​បាទ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី គិត​មក​ដល់​ពេល​នេះ ក្រោយ​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​សម្របសម្រួល​រវាង​មន្ត្រី​នៃ​អង្គការ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ជាមួយ​សមត្ថកិច្ច​ថៃ សមត្ថកិច្ចថៃ ​បាន​ដោះលែង​ស្ត្រី​ជនភៀសខ្លួន​ជនភៀសខ្លួន​ពីរ​នាក់​ម្ដាយ​កូន​ព្រោះ​កូនស្រីជនភៀសខ្លួននោះ​ជា​ក្មេង​ស្រី​អាយុ​ក្រោម​១៨​ឆ្នាំ។ ទោះយ៉ាងណា អ្នកការពារសិទ្ធិមនុស្ស​ ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​ដោះលែង​ជនភៀសខ្លួន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​មិនត្រូវ​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។