សមត្ថកិច្ច​ថៃ​ឃុំ​ខ្លួន​ជនភៀសខ្លួន​ខ្មែរ​៧​នាក់ ក្រោយ​ពី​ពួកគាត់​ចូលរួម​វគ្គ​សិក្សា​ស្វែង​យល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ម៉ៅ សុធានី
2023.12.30
សមត្ថកិច្ច​ថៃ​ឃុំ​ខ្លួន​ជនភៀសខ្លួន​ខ្មែរ​៧​នាក់ ក្រោយ​ពី​ពួកគាត់​ចូលរួម​វគ្គ​សិក្សា​ស្វែង​យល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស យុវជន​ធ្វើ​ការងារ​សង្គម​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា (រូបស្ដាំ) ចូលរួមជាមួយសកម្មជននយោបាយផ្សេងទៀត និងប្អូនស្រីទាំង២របស់កញ្ញា ក្នុងពិធី​រំលឹក​ខួបឯករាជ្យជាតិកម្ពុជា នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី៩​ ខែ​វិច្ឆិកា​ ២០២៣។
រូប៖ ហ្វេសប៊ុក សូ មេត្តា

គិត​ត្រឹម​ម៉ោង​១១ យប់ ថ្ងៃទី​២៩ ធ្នូ ម្សិលមិញ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ចំនួន​នាក់ ៧​នាក់ ពី​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន យក​ទៅ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ឬ​ហៅថា តម៉សួនភ្លូ ដើម្បី​បន្ត​សាកសួរ អំពី​ការចូលរួម​វគ្គ​សិក្សា​ស្វែងយល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា នៅ​ក្នុង​ទីក្រុង​បាងកក ដែល​មាន​អ្នកចូលរួម​ជាង ៣០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ។

មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា សមត្ថកិច្ច​ថៃ គួរតែ​ដោះលែង​ជនភៀសខ្លួន​ទាំងនោះ​វិញ ព្រោះ​ការ​រៀនសូត្រ​ពី​កិច្ច​ព្រម​ព្រម​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា មិន​ខុសច្បាប់​ប្រទេស​ថៃ​ឡើយ។

ជនភៀសខ្លួន​ទាំង​៧​នាក់​ដែល​សមត្ថកិច្ច​ថៃ​បន្ត​ឃុំខ្លួន​នៅ ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​សួនភ្លូ នោះ រួមមាន សកម្មជន​សង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ លោកស្រី សំ សុខា ដែល​ធ្លាប់​យក​ស្បែកជើង​គប់​រូបថត​លោក ហ៊ុន សែន សកម្មជន​គណបក្ស​សង្គ្រោះជាតិ គណបក្ស​ភ្លើងទៀន រួម​ទាំង​ជនភៀសខ្លួន​ខ្មែរក្រោម​មួយ​ចំនួន​ទៀត។

យុវជន​ធ្វើ​ការងារ​សង្គម​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី២៩ ខែ​ធ្នូ ថា កញ្ញា​និង​បងប្អូន​បង្កើត​២​នាក់ កំពុង​ជាប់ឃុំ និង​អ្នកចូលរួម​ជាច្រើន​នាក់​ទៀត​។ កញ្ញា​បន្ត​ថា មូលហេតុ​ចូលរួម​វគ្គ​សិក្សា​នេះ គឺ​ដើម្បី​ស្វែង​យល់​ឲ្យ​ច្បាប់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា។

កញ្ញា អេង ម៉ាឡៃ៖ «ឥឡូវនេះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពួក​ខ្ញុំ​ទាំង​៨​នាក់ មក​ព.ម៉ស៊ុនភ្លូ គេ​យក​ពួក​ខ្ញុំ​ឃុំ​ហើយ​។ គេ​ចាប់​ទាំងអស់គ្នា ១០​នាក់ តែ​ដោះលែង​២​នាក់ ម្តាយ​និង​កូន ដោយ​កូនស្រី​អាយុ ១៤​ឆ្នាំ​។ គ្រាន់តែ​ថា ពួក​ខ្ញុំ​និង​ក្រុម​ការងារ​បង ស្រ៊ុន ស្រ៊ន បាន​មក​បង្រៀន​ច្បាប់​២៣​តុលា មក​ពួក​ខ្ញុំ និង​ជនភៀសខ្លួន​និង​ពលករ​ឲ្យ​ស្គាល់​ពី​សិទ្ធិ និង​ច្បាប់»

តំណាង​ជនភៀសខ្លួន នៅ​ប្រទេស​ថៃ លោក លឹម សុខា ដែល​កំពុង​តាមដាន​រឿង​នេះ បញ្ជាក់​បន្ថែម​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា ក្រោយ​ការ​ចាប់ខ្លួន​ភ្លាមៗ សមត្ថកិច្ច​ថៃ​សម្រេច​ដោះលែង​វិញ​តែ​២​នាក់​ម្តាយកូន​ទេ តែ​ម្តុំ​ម៉ោង​១១ យប់​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​ថៃ​សម្រេច​ដោះលែង​មួយ​រូប​ទៀត តែ​លោក​មិនទាន់​ដឹង​អត្តសញ្ញាណ​អ្នក​ទី​៣​នោះ​ថា ជា​អ្នកណា​ឲ្យ​ប្រាកដ ហើយ​តើ​ហេតុអ្វី​បានជា​ថៃ​ដោះលែង​វិញ​នោះ​ទេ។

ចំណែក​អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ លោកស្រី សំ សុខា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ ពី​បទ​យក​ស្បែកជើង​គប់​រូបថត​លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​ថា លោកស្រី​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​និង​កូនៗ ក្រោយ​ពី​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ម្តង​ទៀត។

លោកស្រី សំ សុខា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ដោយសារតែ​ខ្ញុំ​ធ្លាប់​ជួបប្រទះ​បញ្ហា​អ៊ីចឹង​ពីមុន​ហើយ តែ​ខ្ញុំ​ត្រូវ​បង្ហាញ​ជំហរ​រឹងមាំ​។ បារម្ភ​ពី​ខ្លួនឯង​និង​កូនៗ កាល​ចាប់​លើក​មុន ខ្ញុំ​ខូចអនាគត​ខ្លួនឯង​និង​កូនៗ​។ ទើបបាន​ចូលរួម​រៀន​ទេ ព្រោះ​ចង់​ដឹង​ច្បាប់​២៣ តុលា​ហ្នឹង​។ ពួក​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​អ្វី​ទេ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​រៀន គឺ​មិន​ប៉ះពាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទេ»

លោក លឹម សុខា ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន ចំពោះ​អ្នក​ដែល​មាន​កត់សម្គាល់​ខ្លួន ផ្ដល់​ឱ្យ​ដោយ​អង្គការ​ប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR)​។ ចំណែក​ពលករ​ខ្មែរ និង​អ្នកចូលរួម​ផ្សេងទៀត​ដែល​មាន​លិខិតឆ្លងដែន​ស្របច្បាប់ សមត្ថកិច្ច​ថៃ​មិន​បាន​ឃាត់ខ្លួន​ពួកគេ​ទេ។

លោក លឹម សុខា៖ «ពលករ​ហ្នឹង​គេ​(​សមត្ថកិច្ច​ថៃ​) គេ​អត់​ចាប់​ទេ គេ​ចាប់​តែ​អ្នក​ដែល​មាន​កាត​យូអ៊ិន(UN) អ៊ីចឹង​ក្នុងករណី​ហ្នឹង​បើសិនជា​គាត់​មាន​ឯកសារ​ជា​កាត​UN​ហើយ​មាន​ន័យថា ពួកគាត់​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​ជ្រកកោន​ដោយ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ទទួលខុសត្រូវ»

ការ​បង្រៀន​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ រៀបចំ​ដោយ​ជនភៀសខ្លួន និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​បង្រៀន​ដោយ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន យល់​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនភៀសខ្លួន​នៅ​ពេល​នេះ ព្រោះ​មាន​អ្នក​ញុះញង់​ទៅ​អាជ្ញាធរ​ថៃ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ជួប​ករណី​នេះ​លោក​បាន​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR) និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ហើយ​ពេលនេះ​UNHCR បាន​បញ្ជូន​មេធាវី​របស់​ខ្លួន ទៅដល់​កន្លែង​ឃុំខ្លួន​ជនភៀសខ្លួន​ទាំងនោះ​ហើយ។

លោក ស្រ៊ុន ស្រ៊ន៖ «មិនមែន​ជា​មនុស្ស​ធម្ម​តា​ទេ ដែល​ទៅ​ប្ដឹង​អាជ្ញាធរ​ថៃ ជន​ដែល​មាន​កាត​UN ប្រសិនបើ​ក្នុង​ករណី​ក្នុង​រយៈពេល​ស្អែក​ខាន​ស្អែក ព្រោះ​ខ្ញុំ​ទៅ​បង្រៀន​នៅ​សមុទ្រ​ប្រាកាន​ទៀត អ៊ីចឹង​បើសិន​មាន​ករណី​អ៊ីចឹង​កើត​ឡើង​ទៀត ខ្ញុំ​នឹង​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ឥឡូវ​ខ្ញុំ​ទាក់ទង​ជាមួយ​យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ហើយ»

ទោះបីជា​សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ជនភៀសខ្លួន​ទាំងនោះ​ក្តី ប៉ុន្តែ​សមត្ថកិច្ច​ថៃ មិន​បាន​ហាមឃាត់​លោក ស្រ៊ុន ស្រ៊ន មិន​ឱ្យ​បង្រៀន​ពលករ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ឡើយ ហើយ​លោក​ក៏​បាន​បង្រៀន រហូត​ចប់​កម្មវិធី​ដូច​ការ​គ្រោងទុក។

ជនភៀសខ្លួន​ម្នាក់ទៀត លោក ហង្ស ស៊ីសុវត្ថិ ដែល​មក​ចូលរួម​រៀន​ស្វែងយល់​កិច្ចព្រមព្រៀង​សន្តិភាព​នេះ លើកឡើង​ថា ការ​រៀនសូត្រ​នេះ មិនមែន​រៀន​ពី​របៀប​ផ្ដួលរំលំ​រដ្ឋាភិបាល​ឡើយ។

លោក ហង្ស ស៊ីសុវត្ថិ៖ «ច្បាប់​ជាតិ អន្តរជាតិ​សំខាន់​ណាស់​បើ​យើង​ធ្វើ​ការងារ​ឬក៏​យើង​រស់នៅ​ប្រទេស​ណាក៏ដោយ​គឺ​យើង​ត្រូវ​យល់ដឹង​អំពី​ច្បាប់​ហ្នឹង​ព្រោះ​ច្បាប់​ហ្នឹង​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​ដើរ​នៅក្នុង​គន្លង​នៃ​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ»

វិធានការ​របស់​សមត្ថកិច្ច​ថៃ​នៅ​ពេល​នេះ ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​៩ ដែល​ជា​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​គណបក្សកាន់អំណាច និង​អង្គការ​សង្គម​ស៊ីវិល​១៥ ផ្សេងទៀត​ដែល​លម្អៀង​ទៅកាន់​គណបក្សកាន់អំណាច កាលពី​ថ្ងៃទី​២៨ ខែធ្នូ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ តាមរយៈ​ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ ឱ្យ​ពិនិត្យមើល​សកម្មភាព​របស់​ពួកគេ និង​ចោទ​ប្រកាន់​ថា ជនភៀសខ្លួន​ខ្មែរ​យក​ទឹកដី​ប្រទេស​ថៃ សម្រាប់​បណ្ដុះ​បណ្ដាល​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ថៃ មាន​កិច្ចព្រមព្រៀង​ជាមួយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​ជនភៀសខ្លួន​( UNHCR) ក្នុង​ការ​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​អាច​រស់នៅ​ប្រទេស​នេះ ដូច្នេះ​លោក​យល់​ថា អាជ្ញាធរ​ថៃ​មិន​គួរ​ឃាត់ខ្លួន​ជនភៀសខ្លួន​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​UNHCR​ទេ​។ លោក​បន្ត​ថា ប្រទេស​ថៃ ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ ដូច្នេះ​ការ​រៀន​ពី​កិច្ចព្រមព្រៀង​នេះ មិនមែន​ជា​សកម្មភាព ខុសច្បាប់​នៅ​ប្រទេស​ថៃ​ឡើយ។

លោក អំ សំអាត៖ «ថៃ​មិន​គួរ​ណា​នឹង​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ពួកគាត់​ទេ ត្រូវតែ​មាន​ការ​ដោះលែង​ឱ្យ​គាត់​មាន​សេរីភាព​ទៅ​តាម​ការ​ទទួលស្គាល់​របស់​UNHCR នោះ​បាទ»

មន្ត្រី​និង​មេធាវី​របស់​អង្គការ​ប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន កំពុង​ធ្វើការ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ថៃ ឲ្យ​ដោះលែង​ជនភៀសខ្លួន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ត្រូវ​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។