សហភាព​ការងារ​កម្ពុជា​គ្រោង​ដង្ហែ​ក្បួន​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព​នា​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ

សហភាព​ការងារ​កម្ពុជា (CLC) គ្រោង​ជួបជុំគ្នា​ប្រមាណ ២​ពាន់​នាក់ នៅ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នា​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​១ ឧសភា ខាងមុខ​នេះ។

ការ​ជួប​ជុំគ្នា​នេះ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៦​កន្លះ​ព្រឹក រហូត​ដល់​ម៉ោង ១១​កន្លះ​ថ្ងៃត្រង់ ដោយ​មានការ​ដង្ហែ​ក្បួន​លើកកម្ពស់​សិទ្ធិ​ការងារ និង​សេរីភាព សហជីព ចាប់ពី​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឆ្ពោះទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ រួច​វិល​មក​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​វិញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ មេសា ថា ពិធី​នេះ មាន​ការ​ជួបជុំគ្នា​រវាង​សហជីព និង​កម្មករ​មកពី ៩​វិស័យ​ផ្សេង​គ្នា។

លោក​បន្ត​ថា ការ​ប្រារព្ធ​កម្មវិធី​គំរប់​ខួប​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ គឺ​មាន​គោលបំណង​សំខាន់ ដើម្បី​រំលឹក​ដល់​វីរភាព​អ្នក ដែល​ហ៊ាន​លះបង់​ជីវិត ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ នៃ​ទិវា​ពលកម្ម​អន្តរជាតិ។

ម្យ៉ាងវិញទៀត លោក អាត់ ធន់ អះអាង​ថា សេរីភាព​សហជីព​នៅ​កម្ពុជា គឺ​មាន​ការ​រឹតត្បិត។

លោក អាត់ ធន់៖ «វា​សំខាន់​ណាស់ ដែល​យើង​ត្រូវ​រៀបចំ​ពិធី​នេះ វា​ខុសពី​ថ្ងៃ​ផ្សេងៗ​ទៀត ដែល​ជា សិទ្ធិមនុស្ស​ទូទៅ ឬក៏​សិទ្ធិ​ស្ត្រី ឬក៏​ថ្ងៃ​ផ្សេងៗ​ទៀត ដែល​ជា​ថ្ងៃ​ជាក់លាក់ មិនមែន​ជា​រឿង ថ្ងៃ​សិទ្ធិ​ការងារ​ហ្នឹង ហើយ​ប្រធានបទ ដែល​យើង​ដាក់​ឆ្នាំនេះ គឺ​ដោយសារតែ​យើង​មើលឃើញ​អំពី​ការ​ប្រឈម​ទៅលើ​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព​ហ្នឹង វា​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ឆ្នាំ​២០២៣​ហ្នឹង​បាទ»។

លោក អាត់ ធន់ អំពាវនាវ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព និង​កម្មករ និយោជិក​នានា ចូលរួម​ពិធី​នេះ​ឱ្យ​បាន​ច្រើន​កុះករ នៅ​ថ្ងៃទី​១ ឧសភា ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។