សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​គ្រោង​រៀប​ចំ​ខួប​៧៤ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០២២​នៅ​ខេត្ត​មួយ​ចំនួន​

សមាគម​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា គ្រោងរៀបចំខួប៧៤ឆ្នាំ នៃ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០២២​ នៅ​ទីតាំង​ចំនួន ៨ខេត្តនៅ​ទូទាំង​ប្រទេស​។ ​ពិធី​នេះ​ធ្វើ​ឡើង​ ដើម្បី​ឱ្យ​មាន​វេទិកា​ពិភាក្សា​រវាង​អាជ្ញាធរ​មូលដ្ឋាន កម្មករ​ រួមគ្នា​ដោះស្រាយ​បញ្ហា​ ក្ដី​កង្វល់​ និង​តម្រូវការ​របស់​កសិករ​ កម្មករ​នៅ​តាម​សហគមន៍​។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​លើកឡើង ​របស់​ពលរដ្ឋ​នៅ​តាម​តំបន់​ដែល​ជួប​ប្រទះ​ការរំលោភ​សិទ្ធិ​មនុស្ស​ ដោយ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​កិច្ច​គាំពារ​សង្គម​​។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា(CCFC) ​​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការ​រៀប​ចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​ ៧៤ ឆ្នាំ ២០២២ នៅតាមបណ្តាខេត្តចំនួន៨ រួម​មាន​ខេត្ត​កោះកុង កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ កំពត ព្រះវិហារ និង​ខេត្ត​សៀមរាប ដែល​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៦ពាន់នាក់(៦,០០០)មក​ពី​តាម​សហគមន៍​ចំនួន​១៤ ខេត្ត​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ដល់​ថ្ងៃ​ទី ១០ ខែ​ធ្នូ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សម្របសម្រួល​សហគមន៍​​ នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) លោក ញ៉ិល ភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ថ្ងៃទី៥ ខែវិច្ឆិកា​ថា ​ការ​ប្រារព្ធ​ទិវា​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស តែង​ធ្វើ​រាល់​ឆ្នាំ​ ហើយ​ការ​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស ​លើកទី៧៤ នេះ​ក្នុង​គោល​បំណង ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ប្រជា​សហគមន៍​លើកឡើង​ពី​បញ្ហា​ប្រឈម និង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ បញ្ហា​ជម្លោះ​ដីធ្លី​ ការរើសអើង​ពេល​ទទួល​សេវា​សង្គម​ ការ​បញ្ចេញ​មតិ​ និង​ស្នើ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ មក​លើ​សកម្មជន​ដីធ្លី​ និង​សហគមន៍​ការពារ​ព្រៃឈើ ​និង​ធនធាន​ធម្មជាតិ​។ លោក ញ៉ិល សុភាព បញ្ជាក់​ថា នៅ​ថ្ងៃទី៦ ខែវិច្ឆិកា​ ពិធី និង​ចាប់​ផ្ដើម​ប្រារព្ធ​នៅ​ខេត្ត​កោះកុង​មុន​គេ​ ហើយ​និង​បន្ត​ធ្វើ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត​ ដែល​មាន​ការ​ចូលរួម​ពី​ប្រជា​សហគមន៍​នៅ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​ និង​​អាជ្ញាធរ​មូលដ្ឋាន​៖

«នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​របស់​យើង​ហ្នឹង​ សកម្មជន​សិទ្ធិ​មនុស្ស​ ដែល​ហ៊ាន​បញ្ចេញ​មតិ​ចេញ​តវ៉ា​នៅ​ក្នុង​សកម្មភាព​ទាមទារ​សិទ្ធិ​ផល​ប្រយោជន៍​ស្រប​ច្បាប់​ហ្នឹង​ ត្រូវ​បាន​គេ​រារាំង​ ត្រូវ​បាន​គេ​ចាប់ខ្លួន​ ត្រូវ​បាន​គេ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​អី​ រឹតត្បិត​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង​។ អ៊ីចឹង​យើង​រំពឹង​ទុក​ថា​ប្រជាពលរដ្ឋ​ និង​បាន​សម្ដែង​សារ​ សម្ដែង​ទុក​កង្វល់​ និង​ចេញ​សារ​រួម​មួយ​ទៅ​កាន់​រាជ​រដ្ឋាភិបាល​ អោយ​ធ្វើការ​គោរព​ទៅ​លើ​សិទ្ធិ​ ជួយ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ ហើយ​ធ្វើ​យ៉ាង​ណា​អោយ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ហ្នឹង​ មិន​មាន​ការ​រើសអើង​ មិន​មាន​ការ​លាប​ពណ៌​ មិន​មាន​ការ​ចោទ​ប្រកាន់​ ហើយ​គាត់​ទទួល​បាន​សេវា​កិច្ច​គាំ​ពារ​សង្គម​ហ្នឹង​ដោយ​ស្មើ​ភាព​គ្នា​»។

ចំណែក តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ អ្នកស្រី ផាវ ញើង ថ្លែង​ថា​​សហគមន៍​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​ កំពុង​រៀប​ចំ​រៀប​រោង​​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប៧៤ ដែល​គាំទ្រ​ដោយ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​មាន​ការ​ចូលរួម​ពី​ប្រជា​សហគមន៍​ដីធ្លី​មក​ពី​តាម​បណ្ដា​ស្រុក​នា​នា​ក្នុង​ខេត្ត​កោះកុង​ចូលរួមជាង១ពាន់នាក់ (១,១២៣) ​និង​​អាជ្ញាធរ​ចូលរួម​​នៅ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ។ អ្នក​ស្រី​បន្ត​ថា​ ពិធី​នេះ​ធ្វើឡើង​ ដើម្បី​អោយ​ប្រជា​សហគមន៍​ បង្ហាញ​ពី​បញ្ហា​ប្រឈម​ ការ​រំលោភ​សិទ្ធិមនុស្ស​ ភាព​យុត្តិធម៌​សង្គម​ និង​កិច្ច​គាំពារ​សង្គម​ ក្នុង​ជីវភាព​រស់​នៅ​​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ អ្នក​ស្រី​ បន្ថែម​ថា សហគមន៍​ចង់​ឃើញ​បរិយាកាស​ជជែក​ពិភាក្សា​រវាង​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​ រួមគ្នា​ដោះស្រាយ​បញ្ហា​នៅ​តាម​សហគមន៍​៖

«នេះ​ពួក​យើង​កំពុង​តែ​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហ្នឹង​ហើយ​ស្អែក​នេះ​ កំពុង​ដំឡើង​រោង​ដំ​ឡើង​អី​។ ដែល​គោល​បំណង​អោយ​មាន​ការ​ផ្សព្វផ្សាយ​ ឬ​ជំរុញ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ទាក់ទង​ទៅ​ហ្នឹង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដែល​គាត់​ជា​ជនរងគ្រោះ​ក្ដី​ ជា​ប្រជាពលរដ្ឋ​ធម្មតា​ជា​កសិករ​ក្ដី​។ យើង​ទាមទារ​អោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ដោយ​មិន​រើសអើង​ ហើយ​ជា​ពិសេស​អោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​។ បង​បាន​ប្ដេជ្ញា​ចិត្ត​ហើយ​ថា​ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ទោះ​បី​ជា​មាន​រឿង​ប្រឈម​ ឬ​ក៏​មាន​បញ្ហា​អ្វី​កើត​ឡើង​ ដូច​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ពី​បទ​អ្វី​ក៏ដោយ​ក៏​បង​នៅ​តែ​មិន​រុញរា​ដែរ​។ បង​នៅ​តែ​បន្ត​ធ្វើ​ការងារ​នេះ​ ដើម្បី​អោយ​ប្រទេស​ជាតិ​យើង​ សង្គម​ខ្មែរ​យើង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន និង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​ថ្ងៃ​ទី​ ៥ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

ជុំវិញ​រឿង​នេះ ​នាយក​ផ្នែក​ស៊ើបអង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក អុំ សំអាត មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ១០​ធ្នូ​ ដែល​ជ្រើសរើស​ប្រធាន​បទ​ សាមគ្គីភាព​ប្រជាពលរដ្ឋ​ដើម្បី​យុត្តិធម៌​ សិទ្ធិមនុស្ស​ ​និង​កិច្ច​គាំពារ​សង្គម គឺ​ជា​រឿង​ប្រសើរ​ ព្រោះ​ពលរដ្ឋ​នៅ​តាម​សហគមន៍​ ​សកម្មជន​ដី​ធ្លី​ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​មួយ​ចំនួន​នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅ​តាម​សហគមន៍​ពួកគាត់​នៅ​ឡើយ​។ លោក​បន្ត​ថា ពលរដ្ឋ​សហគមន៍​ និង​តំណាង​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​អយុត្តិធម៌​​។ លោក​បន្ថែម​ថា​ ការ​ធ្វើ​យក​ប្រព័ន្ធ​ច្បាប់​ ឬ​ប្រព័ន្ធ​តុលាការ​មក​ប្រើប្រាស់​ក្នុង​ការ​ប្ដឹង​ផ្ដល់​ទៅ​លើ​តំណាង​សហគមន៍​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​ ការ​បំភិតបំភ័យ​ និង​រំលោភ​សិទ្ធិមនុស្ស​៖

«ទាល់​តែ​មាន​ភាព​យុត្តិធម៌​ទើប​ពួកគាត់​អាច​ជៀស​ផុត​អំពី​ការ​គំរាមកំហែង​ និង​ការ​បំភិតបំភ័យ​តាម​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​បាទ​ ពី​ព្រោះ​សកម្មភាព​ដែល​គាត់​ធ្វើ​នៅ​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ផល​ប្រយោជន៍​សង្គម​ ផល​ប្រយោជន៍​រួម​ ប៉ុន្តែ​ត្រូវ​បាន​រង​នូវ​ការ​គំរាមកំហែង​ អា​ហ្នឹង​វា​ជា​ការ​បំភិតបំភ័យ​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​បរិស្ថាន​ សកម្មជន​ដីធ្លី​ ក៏​ដូច​ជា​សកម្មជន​ការងារ​សង្គម​បាទ​។ អ៊ីចឹង​ហើយ​បាន​យើង​ទាមទារ​អោយ​មាន​ការ​គោរព​សិទ្ធិ​ និង​កិច្ច​ការពារ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ ឬ​ក៏​យុត្តិធម៌​នៅ​ក្នុង​សង្គម​ហ្នឹង​»។

កន្លងមក នៅ​ពេល​ប្រជា​ពលរដ្ឋ​ ប្រារព្ធ​ពិធី ឬ​វេទិកា​សាធារណៈ​សម្ដែង​មតិ​ និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ តែង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ ដែល​ធ្វើ​អោយ​អង្គការ​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ធ្វើការ​រិះគន់​ថា​នៅ​កម្ពុជា​​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ប៉ុន្តែ​រដ្ឋាភិបាល​តែង​​បដិសេធ​ និង​ច្រានចោល​ព័ត៌មាន​ទាំង​នោះ​។

តំណាង​សហគមន៍​ និង​សង្គម​ស៊ីវិល​ អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជាតិ អន្តរជាតិ ចូលរួម​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ និង​ទប់ស្កាត់​ការ​រើសអើង​ពលរដ្ឋ​ ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​ពលរដ្ឋ ដោយ​រួមគ្នា​អនុវត្ត​ច្បាប់​ និង​លុប​បំបាត់​អំពើ​ពុករលួយ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។