កូន​ភ្លោះ​ជា​សកម្មជន​បរិស្ថាន​គ្រោង​វិល​មក​កម្ពុជា​វិញ​បន្ទាប់​ពី​ភៀស​ខ្លួន​មួយ​រយៈ

ដោយ តាំង សារ៉ាដា
2016.08.18
ជុំ ហួត ជុំ ហួរ ៨៥៥ ពីរ​នាក់​បង​ប្អូន​ភ្លោះ ឈ្មោះ ជុំ ហួត និង ជុំ ហួរ បង្ហោះ​រូប​នៅ​លើ​យន្តហោះ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៦។
Photo from Facebook

កូន​ភ្លោះ​ពីរ​នាក់​ដែល​ជា​សកម្មជន​បរិស្ថាន និង​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត ដែល​ទើប​បាន​ទទួល​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ទៅ​រស់​នៅ​ប្រទេស​ទី​បី​នោះ អះអាង​ថា ពួកគេ​មាន​គម្រោង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

យុវជន ជុំ ហួរ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​ថា ការ​ដែល​ពួកគេ​ចង់​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ ដោយសារ​ពួកគេ​ចង់​បន្ត​គម្រោង​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ ជាប់​ខេត្ត​ស្ទឹងត្រែង របស់​ខ្មែរ៖ «យើង​ទៅ​ក្រៅ​រយៈពេល​យូរ​ឆ្នាំ។ យើង​មើល​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ បើ​សិន​ខណៈ​នេះ​យើង​អត់​បាន​ជួយ​គាត់​ទេ យើង​មាន​ការ​ឈឺ​ចាប់ សោកស្ដាយ។ យើង​ទៅ​ប្រទេស​ទី​៣ យើង​មាន​ទាំង​ការ​រៀន​សូត្រ ស្នាក់​នៅ មាន​ទាំង​អស់ ប៉ុន្តែ​យើង​មាន​យើង​សេចក្ដី​តែ​ផ្លូវ​កាយ តែ​ចិត្ត​យើង​សោកស្ដាយ មាន​វិបត្តិ​ដែល​មិន​បាន​ជួយ​គាត់ (ពលរដ្ឋ)»

យុវជន ជុំ ហួរ និង ជុំ ហួត ជា​សាក្សី​រស់​ដែល​បាន​ជួប​ជាមួយ​លោក​បណ្ឌិត កែម ឡី មួយ​ថ្ងៃ​មុន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ​ធ្លាប់​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​ក្នុង​ហាង​ស្តារម៉ាត (Star Mart) ក្បែរ​ស្តុប​បូកគោ ទី​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​អំពី​សកម្មភាព​ដែល​ជន​ដៃដល់​ធ្វើ​ការ​បាញ់​ប្រហារ​នេះ។

យុវជន​ទាំង​ពីរ​នាក់​នេះ បាន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ធ្វើ​ឃាត​លោក កែម ឡី ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​ពួកគេ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ដល់​ស្ថានទូត​សហរដ្ឋអាមេរិក រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។