សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​ពុំ​បាន​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​តាម​អនុសាសន៍​របស់​អ.ស.ប

សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ពុំបាន​អនុវត្ត​តាម​គោលការណ៍​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​ឡើយ។ ការ​លើកឡើង​នេះ ស្របពេល​ក្រុម​អង្គការ​សង្គម​ស៊ីវិល ត្រៀម​ធ្វើ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​អន្តរជាតិ​ពិនិត្យ​នៅ​ឆ្នាំ​២០២៤។

រៀងរាល់​ជាង ៤​ឆ្នាំ​ម្ដង ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​នៃ​ប្រទេស​ជា​សមាជិក ខណៈ​កម្ពុជា នឹង​ឈាន​ដល់​ជុំ​ទី​៤​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់ (UPR) នេះ នៅ​ខែ​ឧសភា ឆ្នាំ​២០២៤ ខណៈ​ការពិនិត្យ​ជុំ​ទី​៣ បាន​ធ្វើ​ឡើង​តាំងពី​ខែ​មករា​ឆ្នាំ​២០១៩។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក​(Adhoc)​លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី​ថា ទោះបីជា​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ តែង​ផ្ដល់​អនុសាសន៍​ឱ្យ​កម្ពុជា​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ល្អ​ប្រសើរ ជាពិសេស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ប៉ុន្តែ​អ្វី​ដែល​គេ​សង្កេតឃើញ កម្ពុជា​ពុំ​ទាន់​បាន​អនុវត្ត​សិទ្ធិ​ទាំងនេះ​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ។ លោក​បន្ត​ថា សកម្មជន​នយោបាយ និង​អ្នក​ធ្វើ​ការងារ​សង្គម នៅតែ​រង​ការ​រំលោភបំពាន​សិទ្ធិ និង​រង​អំពើ​ហិង្សា ជាក់ស្ដែង មាន​សកម្មជន​នយោបាយ​ជា​បន្តបន្ទាប់ នៅតែ​រង​ការចោទប្រកាន់ ចាប់​ដាក់​ពន្ធនាគារ និង​ការ​វាយ​ដំ​ពី​ជន​មិន​ស្គាល់​មុខ​ជាដើម។

​លោក ស៊ឹង សែនករុណា៖ «ចំណុច​ទាំងអស់​នេះ សុំ​ទទូច​សុំ​ឱ្យ​មានការ​ត្រួតពិនិត្យ​មើល​ឡើង​អំពី​អ្វី ដែល​ជា​កំហុសឆ្គង ជា​ការ​ទទូច​ឱ្យ​មាន​ការ​កែប្រែ ជាជាង​យើង​ចេះតែ​បដិសេធ ចេះតែ​ដោះសា ដោយ​បញ្ហា​ទាំងអស់​នោះ កំពុង​កើត​មាន​ឡើង នៅ​ក្នុង​សង្គម​កម្ពុជា​យើង។ អ៊ីចឹង​!ជា​ផលប្រយោជន៍​ទៅ​ដល់​ប្រទេស​ជាតិ ផលប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​ហ្នឹង គប្បី​យើង​ងាក​ទៅដល់​អ្វី ដែល​ជា​ការ​ស្នើ​សុំ​ហ្នឹង ធ្វើ​ឱ្យ​មាន​ការ​កែប្រែ កែទម្រង់ ឱ្យ​វា​មាន​ភាព​ល្អ​ប្រសើរ​ទៅ ផល​ចំណេញ​ហ្នឹង នឹង​បាន​មកដល់​ប្រទេសជាតិ​យើង និង​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា»។

ការ​លើកឡើង​ពី​អ្នកការពារ​សិទ្ធិមនុស្ស​នេះ ធ្វើឡើង​ស្របពេល​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៣ កក្កដា ដើម្បី​ប្រមូល​ធាតុ​ចូល​ធ្វើ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដាក់​ទៅ​អង្គការ​សហប្រជាជាតិ សម្រាប់​ការ​ត្រួតពិនិត្យ​ជា​សាកល​តាម​កាលកំណត់​ជុំ​ទី​៤ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី សិទ្ធិ​ជន​មាន​ពិការភាព សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​សិទ្ធិ​កុមារ ត្រៀម​ធ្វើ​របាយការណ៍​រួមគ្នា ប៉ុន្តែ​អង្គការ​ខ្លះ​ត្រៀម​ធ្វើ​របាយការណ៍​ដាច់ដោយឡែក តាម​វិស័យ​ការងារ​ដែល​ខ្លួន​តាម​ឃ្លាំមើល ដើម្បី​បញ្ជូន​របាយការណ៍​នេះ ទៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ឱ្យ​បាន​មុន​ថ្ងៃទី​២៨​ខែ​កញ្ញា ឆ្នាំ​២០២៣។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ដែល​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ លើកឡើង​ថា ជា​ការ​កត់សម្គាល់ អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ឱ្យ​កម្ពុជា ពន្លឿន​ដោះស្រាយ​ដីធ្លី​បញ្ចប់​ដោយ​តម្លាភាព ប៉ុន្តែ​រដ្ឋាភិបាល​ដោះស្រាយ​បាន​មួយចំនួន​តូច​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ក្រៅពី​នៅ​សេសសល់​បញ្ហា​ដីធ្លី​ជាច្រើន​ទៀត​មិន​ទាន់​ដោះស្រាយ បញ្ហា​ដីធ្លី​ថ្មីៗ ជាច្រើន​ករណី​ទៀត បាន​កើត​ឡើង ដោយសារ​ការសាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ការ​អភិវឌ្ឍ​នៅ​បឹងតាមោក និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅតែ​ត្រូវ​បាន​រំលោភបំពាន​ដីធ្លី​ជា​បន្តបន្ទាប់​។ លើស​ពី​នេះ ក៏​មាន​ការ​ចាប់ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ថែមទៀត។

លោក វណ្ណ សុផាត៖ «យើង​ចេះ​តែ​មាន​ការ​ព្រួយបារម្ភ​ថា អនុសាសន៍​ហ្នឹង នឹង​មិន​ត្រូវ​បាន​យកចិត្តទុកដាក់ និង​អនុវត្ត ទៅតាម​អនុសាសន៍​ហ្នឹង​។ អ៊ីចឹង​ហើយ​បាន​ថា ឥឡូវនេះ យើង​កំពុងតែ​ធ្វើ​ម៉េច​និយាយ​ជាមួយ ឬ​ពិភាក្សា​ជាមួយ​ក្រុម​អង្គការ​ដៃគូ​ហ្នឹង ដើម្បី​ធ្វើជា​របាយការណ៍ និង​ធ្វើ​អនុសាសន៍​យ៉ាងម៉េច ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ហ្នឹង ងាក​មក​ចាប់អារម្មណ៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ឡើងវិញ»។

កម្ពុជា​បាន​យល់ព្រម​ទទួលយក​អនុសាសន៍​ចំនួន​១៧៣ ក្នុងចំណោម​អនុសាសន៍​១៩៨ ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ មក​អនុវត្ត​ដើម្បី​កែលំអ ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​របស់​ខ្លួន ក្រោយ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់​ជុំ​ទី​៣ ក្នុង​ឆ្នាំ​២០១៩។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា​លោក កត្តា អ៊ន បានទេ​នៅ​ថ្ងៃទី​១៣ កក្កដា នេះ។ ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៩ មិថុនា ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលឃើ ធើក (Volker Türk) បាន​លើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខ្លី​មួយ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​នៅមុន​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ​នេះ ដែល​រដ្ឋាភិបាល​កម្ពុជា មិនបាន​បើក​ឱ្យ​មាន​បរិយាកាស​ចំហ​សម្រាប់​ពហុ​និយម ដែល​ធានា​ពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​យោបល់ សេរីភាព​នៃ​ការ​ជួបជុំ និង​អង្គការ​សមាគម។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏​លើកឡើង​ពី​ការរារាំង​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត និង​ការ​ចាប់​អ្នកនយោបាយ​ប្រឆាំង​ដាក់​ពន្ធនាគារ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​យ៉ាង​តក់ក្រហល់ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដើម្បី​រារាំង​អ្នក​នយោបាយ​ប្រឆាំង​មិន​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​នៅ​ពេល​បោះឆ្នោត​ក្រោយៗ​ទៀត និង​ការ​ប្រើប្រាស់​ទណ្ឌកម្ម​ផ្លូវច្បាប់​ប្រឆាំង​លើ​អ្នកការពារ​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​នយោបាយ ដោយសារតែ​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី ដែល​ធានា​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន​យក​មក​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩២។

ប៉ុន្តែ ការ​លើកឡើង​ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលឃើ ធើក នោះ ត្រូវ​បាន​ច្រានចោល​ជាថ្មី ពី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ដោយ​អះអាង​ថា ជា​ការ​លើកឡើង​តែមួយ​ជ្រុង ឬ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ក្រុម​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល។

ទោះបីជា​មានការ​បដិសេធ​ជា​បន្ត​បន្ទាប់ ពី​ភាគី​កម្ពុជា​ក្ដី ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ជា​អ្នក​ធានា​សន្តិភាព វិបុលភាព និង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​បើក​ឲ្យ​មាន​សង្គម​ស៊ីវិល​រស់​រវើក​មួយ ជា​កន្លែង​សម្រាប់​ការពិភាក្សា​ដោយ​ចំហ​មួយ និង​ការ​គោរព​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។