មន្ត្រី​​សិទ្ធិមនុស្ស​ អ.ស.ប​ ហៅ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឱ្យ​បិទ VOD ថា ធ្វើ​តាម «ទំនើងចិត្ត»

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ហៅ​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ថា ទំនង​ជា​ធ្វើ​ឡើង​តាម «ទំនើង​ចិត្ត»។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលឃើ ធើក (Volker Türk) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​​ផ្សាយ​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​បែបនេះ។

លោក​ព្រួយបារម្ភ​ដែល​ថា ការ​សម្រេចចិត្ត​បែបនេះ​ទំនងជា​ធ្វើឡើង​តាម​«ទំនើងចិត្ត» ដោយសារ​តែ​ការសម្រេចចិត្ត​បែបនេះ​មិន​ត្រូវ​បាន​ធ្វើឡើង​តាម​ដំណើរការ​មួយ​ប្រកប​ដោយ​ភាព​ហ្មត់ចត់ និង​តម្លាភាព ដូចដែល​តម្រូវ​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ គូសបញ្ជាក់​ថា ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន បែបនេះ គឺ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ភាព​ស្របច្បាប់​ភាព​ចាំបាច់ និង​ភាព​សមាមាត្រ ដូច​ដែល​​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​តម្រូវ ចំពោះ​ការ​រឹត​បន្តឹង​ណាមួយ​ដែល​អាច​ត្រូវ​បាន​អនុញ្ញាត​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​លុបចោល​នូវ​សេចក្តី​សម្រេចចិត្ត​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​នេះ។ លោក​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​ត្រូវ​ធានា​ឱ្យ​មាន​នូវ​បរិយាកាស​អំណោយផល​សម្រាប់​សង្គម​ស៊ីវិល រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។