UNESCO ថ្កោលទោស​ករណី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​លោក ឈឿង ឈឹង

0:00 / 0:00

អគ្គ​នាយិកា​អង្គការ​យូណេស្កូ (UNESCO) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay) ថ្កោលទោស​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​កម្ពុជា​លោក ឈឿង ឈឹង និង​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់​ចំពោះ​រឿង​នេះ ដើម្បី​ធានា​ថា ជន​ប្រព្រឹត្ត​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ក្នុង​សម្រង់​សម្ដី​នៅ​ថ្ងៃ​ទី១១ ធ្នូ​លើ​គេហទំព័រ​របស់​អង្គការ​យូណេស្កូ អ្នកស្រី អូដ្រេ អាហ្សូឡេ មាន​ប្រសាសន៍​បន្ថែម​ថា អ្នក​រាយការណ៍​ព័ត៌មាន​ពី​បញ្ហា​បរិស្ថាន មាន​សារៈសំខាន់​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន​ដល់​សហគមន៍​ទាំងឡាយ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ផ្សេង​ទៀត ហើយ​ពួកគេ​ត្រូវតែ​ទទួល​បាន​ការ​ការពារ។

ប្រតិកម្ម​របស់​អង្គការ​យូណេស្កូ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ្នកសារព័ត៌មាន​មួយ​រូប​នៃ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍​នៅ​ខេត្ត​សៀមរាប លោក ឈឿង ឈឹង បាន​បាត់បង់​ជីវិត ដោយសារ​រង​របួស​ធ្ងន់ធ្ងរ​ពេក បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​ប្រើ​កាំភ្លើង​ច្នៃ​បាញ់​ប្រហារ​រូប​លោក ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ កាល​ពី​ថ្ងៃ​ទី៤ ធ្នូ នៅ​ដែន​ជម្រក​សត្វព្រៃ​បឹងបែរ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

Chhoeurng_Chhoeng_being_saved_by_doctor_120424_LICADHO_1.jpg
(ឆ្វេង) លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​មួយ​រូប​នៃ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍​នៅ​ខេត្ត​សៀមរាប ពេល​រាយការណ៍​ព័ត៌មានអំពី​ការ​កាប់​ទន្ទ្រាន​ដីព្រៃមួយ​កន្លែង និង​ (ស្ដាំ) ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ក្រោយ​ពេល​លោកត្រូវ​របួស​ដោយ​គ្រាប់​កាំភ្លើង​គេ​លប​បាញ់ កាល​ពី​ថ្ងៃ​ទី៤ ធ្នូ នៅ​ដែន​ជម្រក​សត្វព្រៃ​បឹងបែរ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ រូប​ពី​ហ្វេសប៊ុក

ក្រោយ​កើត​ហេតុ ប៉ូលិស​ខេត្ត​សៀមរាប​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ី លឿយ ហើយ​ប៉ូលិស​បាន​អះអាង​ថា ជន​នេះ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​ប្រហារ​លោក ឈឿង ឈឹង ដោយសារ​គំនុំ​បុគ្គល។ តុលាការ​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ស៊ី លឿយ ពី​បទ «ប៉ុនប៉ង​ឃាតកម្ម» និង​បាន​បញ្ជូន​ជន​នេះ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

ទោះជាយ៉ាងណាក្ដី និង​មិត្ត​រួម​អាជីព​របស់​លោក ឈឿង ឈឹង បាន​បដិសេធ​មិន​ទទួល​យក​ការ​បកស្រាយ​នេះ​ឡើយ ហើយ​ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម​ទៀត ព្រោះ​លោក ឈឿង ឈឹង មិន​ដែល​មាន​គំនុំ​ជាមួយ​បុគ្គល​ណា​ឡើយ ក្រៅតែ​ពី​ការងារ​ចុះ​យក​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​រឿង​នេះ​ជា​បន្ទាន់ និង​ប្រកប​ដោយ​តម្លាភាព ខណៈ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ បាន​ប្រកាស​ថា ក្រសួង​ត្រៀមខ្លួន​ជួយ​ជ្រោមជ្រែង​ក្នុង​ដំណើរការ​អនុវត្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ​ក្នុង​សំណុំរឿង​នេះ។

តុលាការ​ខេត្តសៀមរាប​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី ១៣ ធ្នូ វេលា​ម៉ោង ៣ រសៀល អំពី​ករណី​ឃាតកម្ម​មួយ​នេះ៕

https://fb.watch/wqS_vyg5Li/

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។